កូរ៉េខាងត្បូង​​៖​កូរ៉េខាងជើង​​ជីក​រូង​ថ្មី​​ដើម្បី​​ធ្វើ​តេស្ត​​នុយក្លេអ៊ែ​រ​​

30-10-2015 2:49 pm 1126

បើ​តាម​សារព័ត៌មាន​យុន​ហាប់​របស់​កូរ៉េខាងត្បូង​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០​តុលា​ថា កូរ៉េ​ខាងជើង​បាន​ជីក​រូង​ថ្មី ដើម្បី​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​ជាមួយនឹង​ការ​ធ្វើ​តេស្ត​ឧបករណ៍​បរិ​មាណូ​របស់ខ្លួន​។ កាសែត​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា តាមពិត​ទៅ​កូរ៉េខាងជើង​កំពុង​ជីក​រូង ក្នុង​ការបង្ហាញ​បំណង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែ​រ​។

 

យ៉ាងណា​ក៏​ដោយ​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​លោក​Jeong Joon-hee​បានបញ្ជាក់​ថា កូរ៉េ​ខាងត្បូង​និង​អាមេរិក​កំពុង​តាមដាន​សកម្មភាព​របស់​កូរ៉េ​ខាងជើង​ក្នុង​ការជីក​រូង​ធ្វើតេស្ត​នុយក្លេអ៊ែរ​នេះ​។ លោក​Jeong Joon-hee​បាន​អះអាង​ដែរ​ថា របាយការណ៍​បញ្ជាក់​ថា​កូរ៉េខាងជើង​ជីក​រូង​ធ្វើតេស្ត​នុយក្លេអ៊ែរ គឺមុន​កូរ៉េខាងត្បូង ជប៉ុន ចិន ប្រកាស​បើក​កិច្ច​ជំនួប​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ទី​៣១​តុលា ដើម្បី​បង្កើន​ទំនាក់ទំនង​ត្រីភាគី ព្រមទាំង​បង្កើន​ស្ថេរភាព​នៅក្នុង​តំបន់​អាស៊ី​ភាគ​ឦសាន​ផងដែរ​។  


​ក្រៅពី​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក​Ashton Carter​បានប្រកាសថា លោក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​សេ​អូ​ល ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៣១​ខែតុលា​ដែរ ក្នុង​គោលបំណង​ពិភាក្សា​ការឆ្លើយតប​មី​ស៊ី​កូរ៉េខាងជើង​ដែល​គំរាមកំហែង​ទៅ​កូរ៉េខាងត្បូង​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់លោក​Jeong Joon-hee​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​។​


​គួរបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​បាន​៣​លើក ហើយ​លើកចុងក្រោយ​កាលពី​ឆ្នាំ​២០១៣​។ កាលណោះ សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង គឺ​ចិន និង​អង្គការ​សហប្រជាជាតិ​បានប្រកាស​ថ្កោលទោស​ធ្ងន់ធ្ងរ​ទៅ​កូរ៉េខាងជើង​។ កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​៤ មុនពេល​​ធ្វើ​កិច្ចចរចា​បញ្ចប់​ភាព​តានតឹងដែល​កើតឡើង​ជា​ថ្មីកាលពីខែសីហា​​។ យ៉ាងណាក៏ដោយ គឺ​គ្មាន​ភស្តុតាង​ជាក់លាក់​ណាមួយ​ថា កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​៤​នោះទេ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត