មេដឹកនាំ​​ជា​តួអង្គ​​សំខាន់ៗ​​ជួប​គ្នា​​នៅ​ទីក្រុង​​វី​យែន​​រក​ដំណោះស្រាយ​​បញ្ចប់​វិបត្ដិ​ស៊ី​រី​

30-10-2015 9:33 am 903
វត្ដមាន​មេដឹកនាំ​​ដែលចូលរួម​​ក្នុងកិច្ច​ពិភាក្សា

​មេដឹកនាំ​ពិភពលោក​ដែល​ដើរតួ​យ៉ាសំខាន់ៗ​ក្នុង​ការជួយ​រក​ដំណោះស្រាយ បញ្ចប់វិបត្ដិ​នៅ​ស៊ី​រី បាន​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​វី​យែន​នៃ​ប្រទេស​អូទ្រីស​កាលពី​ថ្ងៃ​ទី​២៩​តុលា​។ ដំណើរ​ទៅ​ដល់​ទីក្រុង​វី​យែន​របស់​មេដឹកនាំ មាន​ទាំង​មេដឹកនាំ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដ៏​សំខាន់​មួយ​រូប​គឺ​រដ្ឋមន្ដ្រី​ការបរទេស​អ៊ីរ៉ង់​លោក​Mohammad-Javad Zarif ដើម្បី​ឈាន​ទៅ​បើក​កិច្ចប្រជុំ​ធំ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៣០​តុលា​នេះ​។ វត្ដ​មាន​អ៊ីរ៉ង់​ក្នុង​កិច្ចប្រជុំ​ពហុភាគី គឺជា​លើក​ទី​មួយ​ហើយ​បន្ទាប់​ពី​មាន​ការអញ្ជើញ​ពី​រុស្ស៊ី​និង​អាមេរិក​។


​ក្រោយ​ពេល​ទៅដល់​ទីក្រុង​វី​យែន​នៃ​ប្រទេស​អូទ្រីស រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់​បាន​ជួប​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក និង​ជួប​ជាមួយ​ប្រធាន​គោលនយោបាយ​សហភាព​អឺរ៉ុប​ផង​ដែរ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​បាន​ដកស្រង់​សម្ដី​លោក Zarif ថា វា​មិន​អាច​ទៅ​រួច​ឡើយ ដែល​ចង់​ឈាន​ដល់​ដំណោះស្រាយ​ពិតប្រាកដ​សម្រាប់​ស៊ី​រី ដោយ​គ្មាន​វត្ដ​មាន​អ៊ីរ៉ង់​ចូលរួម​ក្នុង​កិច្ចពិភាក្សា​។


​បន្ទាប់ពី​បាន​ជួប​ជាមួយ​អ៊ីរ៉ង់ ប្រធាន​គោលនយោបាយ​សហភាព​អឺរ៉ុប​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ភាគី​ទាំងអស់​បាន​បង្ហាញ​ពី​ការសម្របសម្រួល​របស់​ខ្លួន​ជុំវិញ​បញ្ហា​នៅ​ស៊ី​រី ហើយ​ឥលូវ​នេះ​អាច​អង្គុយ​តុ​ជាមួយ​គ្នា​ដើម្បី​ស្វែងរក​ភាព​ចន្លោះប្រហោង ប៉ុន្ដែ​លោកស្រី​បញ្ជាក់ថា នេះ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​នៃ​កិច្ចពិភាក្សា​ការទូត​ប៉ុណ្ណោះ​។


​សូម​បញ្ជាក់​ជា​ថ្មី​ថា កិច្ចពិភាក្សា​ពហុភាគី​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៣០​តុលា​នេះ ដោយ​មាន​ភាគី​ថ្មីៗ​ជាច្រើន​ត្រូវ​រំពឹងថា​នឹង​មាន​វត្ដ​មាន គឺ​មាន​ទាំង​មេដឹកនាំ​ពិភពលោក​និង​មេដឹកនាំ​ក្នុង​តំបន់​។ បញ្ហា​មួយ​សំខាន់​ដែរ​ក្រៅ​ពី​វិបត្ដិ​នៅ​ស៊ី​រី ហើយ​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា គឺ​ការ​អនាគត​ប្រធានាធិបតី​ស៊ី​រី​លោក​Bashar al-Assad​។


​ដោយសារ​តែ​វិបត្ដិ​នៅក្នុង​ប្រទេស​ស៊ី​រី បាន​បង្ក​ឲ្យ​មនុស្ស​រាប់លាន​នាក់​ជម្លៀស​ខ្លួន​ចេញពី​ប្រទេស​ឆ្ពោះទៅ​រក​កន្លែង​ជ្រកកោន​នៅ​ក្នុង​តំបន់​អឺរ៉ុប ដែល​បញ្ហា​នេះ​បាន​ធ្វើឲ្យ​មាន​វិបត្ដិ​ជនភៀសខ្លួន​កើ​តឡើង​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់​អឺរ៉ុប​។ ក្រៅពី​មាន​ជនភៀសខ្លួន ក៏​មាន​អ្នកស្លាប់​និង​របួស​ជាច្រើន​នាក់​ផង​ដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត