ចិន​-​អាល្លឺម៉ង់​​​យល់ស្រប​ថា​​​ស៊ី​រី​​​ចាំបាច់​​​ត្រូវការ​​​ដំណោះស្រាយ​​​​​ការទូត​​​​មក​​បញ្ចប់​​​ជម្លោះ​

29-10-2015 1:37 pm 867
លោកនាយករដ្ឋមន្ដ្រីចិន​និងលោកស្រីអធិការបតីអាល្លឺម៉ង់

​ស្របពេល​ដែល​រុស្ស៊ី​និង​អាមេរិក​កំពុង​វាយប្រហារ​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី នាយករដ្ឋមន្ដ្រី​ចិន​លោក​Li Keqiang​និង​អធិការបតី​អាល្លឺម៉ង់​លោកស្រី​Angela Merkel បានបញ្ជាក់​ជំហរ​ឯកភាព​គ្នា​ថា វិបត្ដិ​នៅ​ស៊ី​រី​ចាំបាច់​ត្រូវតែ​មាន​ដំណោះស្រាយ​ផ្នែក​ការទូត​។ ចិន​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត ប្រឆាំង​នឹង​ការប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ដោះស្រាយ​បញ្ហា មានតែ​ការជជែក​គ្នា​តាម​ផ្លូវ​ការទូត​តែមួយ​គត់​អាច​ជា​វិធីសាស្ដ្រ​ល្អ​បំផុត​។ លោក​Li​បាន​បន្ដទៀតថា រឿង​ដែល​សំខាន់​នៅ​ពេល​នេះ គឺ​ជំរុញ​ឲ្យ​អន្ដរជាតិ​អនុវត្ដ​ផែនការ​នយោបាយ​ដោយ​ស្មើភាព ដើម្បី​បើក​កិច្ចពិភាក្សា ហើយ​មេដឹកនាំ​ពិភពលោក​ត្រូវ​ស្នើសុំ​ពី​វិធីសាស្ដ្រ​ដើម្បី​ដោះស្រាយ​វិបត្ដិ​នេះ​។


​ចំពោះ​លោក​ស្រី Angela Merkel​វិញ លោកស្រី​ក៏​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ ក្រៅ​តែ​ពី​ជួយ​រក​ដំណោះស្រាយ​ជួយ​ស៊ី​រី លោកស្រី​នៅ​ធ្វើការ​លើ​បញ្ហា​ជនភៀសខ្លួន​ស៊ី​រី​រាប់ម៉ឺន​នាក់ ដែល​បាន​ធ្វើដំណើរ​ចាក​ចេញពី​ស៊ី​រី​ទៅ​តំបន់​អឺរ៉ុប​។ បច្ចុប្បន្ន សហភាព​អឺរ៉ុប​និង​អាល្លឺម៉ង់​កំពុង​តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​ស៊ី​រី ក្រោម​ការជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្ដរជាតិ​។ ចំពោះ​អាល្លឺម៉ង់​រំពឹងថា អាច​មាន​ជនភៀសខ្លួន​ស៊ី​រី​ចន្លោះ​ពី​៨​សែន​នាក់​ដល់​មួយ​លាន​នាក់​ទៅ​ដល់​អាល្លឺម៉ង់​ក្នុង​ឆ្នាំនេះ ដែល​វា​ជា​ចំនួន​កើនឡើង​ទ្វេរ​ដង​បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុនៗ​។​


​សូមជម្រាបថា ពាក់ព័ន្ធ​នឹង​វិបត្ដិ​នៅក្នុង​ប្រទេស​ស៊ី​រី​នេះ រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ដ​របស់​ស៊ីរី បាន​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ជើង​អាកាស ជួយ​ស៊ី​រី​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​តាំងពី​ថ្ងៃ​ទី​៣០​កញ្ញា​មក​ម្លេះ ទោះ​ជា​អន្ដរជាតិ​រិះគន់​យ៉ាង​ណា​ក៏​ដោយ​។ យុទ្ធនាការ​រុស្ស៊ី គឺ​ក្នុងន័យ​មួយ​ជួយ​ឲ្យ​ស៊ីរីអា​ចរកច្រក​ចេញពី​សង្គ្រា​ម​ជា​មួយ​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​ក៏​ក្នុង​ន័យ​ស្ដារ​ស្ថានការណ៍​ឡើងវិញ​ដែរ​។


​ដោយឡែក​អាមេរិក​វិញ ក៏​បាន​សហការ​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​ស៊ី​រី និង​បាន​ដឹកនាំ​ក្រុម​សម្ព័ន្ធ​អន្ដរជាតិ​វាយប្រហារ​តាម​ជើង​អាកាស​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​តាំងពី​ឆ្នាំ​២០១៤ ដើម្បី​លុបបំបាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ប៉ុន្ដែ​យុទ្ធនាការ​នេះ​មិនសូវ​ទទួលបាន​ប្រសិទ្ធភាព​ទេ​។ ថ្មីៗ​នេះ រុស្ស៊ី​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​ប្រទេស​ជា​មិត្ដ​និង​ប្រទេសជិតខាង​ត្រូវ​ជួបពិភាក្សា ដើម្បី​រក​មធ្យោបាយ​បញ្ចប់​ជម្លោះ​នៅ​ស៊ី​រី ក្រៅ​តែ​ពី​ការប្រើប្រាស់​កម្លាំង​ទ័ព។ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា ការប្រយុទ្ធ​ប្រឆាំង​សកម្មភាព​ភេរវកម្ម ចាំបាច់​​គួរតែ​ត្រូវ​ធ្វើ​ដដែល​ មុនពេល​មាន​កិច្ច​ពិភាក្សា​​ចាប់ផ្ដើម​៕​​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត