លោកហ៊ីង​​ ប៊ុនហៀង បដិសេធថា​​គ្មាន​កង​ទ័ព​​ធ្វើបាតុកម្ម​​ប្រឆាំង​លោក​​កឹម​​ សុខាទេ​​​​

28-10-2015 6:55 pm 11826

​បន្ថែម​ពីលើ​ការតវ៉ា នៅ​មុខ​រដ្ឋសភា ក្នុង​ការទម្លាក់​លោក​កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា នា​ថ្ងៃ​ទី​២៦ តុលា ញត្តិ​តំណាងឲ្យ ទាហាន នាយទាហាន អគ្គមេបញ្ជាការ​រង លោក​គន់ គីម ក៏​បាន​ធ្វើ​ញត្តិ​សុំ​ដក លោក​កឹម សុខា​ចេញពី​តំណែង​ផងដែរ​។ ជាមួយគ្នានេះ ក៏​មាន​ការលិចលឺ​ដែរ​ថា មាន​កង​ទាហាន​ជាច្រើ​នាក់ បាន​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​លោក​កឹម សុខា​ផងដែរ​។​

 

​លោក​អ៊ូ វីរៈ ​អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា បានបញ្ជាក់​ថា សកម្មភាព​របស់​កង​យោធា​បែបនេះ នឹង​ធ្វើឲ្យ​កម្ពុជា វិល​ទៅ​រក​គន្លង​ចាស់ ដូច​ក្នុង​អំឡុង​ទស្សវត្សរ៍​ឆ្នាំ​៩០ ដែល​កើត​មាន​សង្គ្រាម​ផ្ទៃក្នុង​រ៉ាំរ៉ៃ​។ លោក​បន្តថា យោធា​ត្រូវតែ​ឯករាជ្យ អព្យាក្រឹត្យ និង​មិនមែន​ជា​របស់​បក្ស​នោះទេ​។​

សម្លេង​លោក​អ៊ូ វីរៈ

 

​សម្រាប់​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់ឃើញថា ជា​ទង្វើ​ដែល​ខុសឆ្គង​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ថា កងកម្លាំង​គ្រប់​ប្រភេទ​ស្ថិតនៅ​អព្យាក្រឹត្យ​។ ប៉ុន្តែ​លោក​យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ដក​តំណែង​លោក​កឹម សុខា មែន​នោះ គឺ​គណបក្ស​មួយ​នេះ​មាន​សម្លេង​គ្រប់គ្រាន់​ដោយ​ត្រូវការ​តែ​៦២​សម្លេង​ប៉ុណ្ណោះ តែ​នេះ​ជា​ការបង្កើត​ព្រឹត្តិការណ៍​ដើម្បី​គំរាមកំហែង​។​

សម្លេង​លោក​យឹម សុវណ្ណ​

 

​យ៉ាងណាក៏ដោយ លោក​អ៊ូ វីរៈ បាន​សង្កេតឃើញថា ស្ថានការណ៍​នយោបាយ​នាពេល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ភាព​តាង​តឹង​មួយ ដោយសារតែ​មាន​ការគៀបសង្កត់ លើ​ទៅ​សិទ្ធិ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​។​

សម្លេង​លោក​អ៊ូ វីរៈ​

 

​ដោយឡែក បើ​និយាយ​ពី​បញ្ហា​នៃ​ការទាមទារ​ទម្លាក់​លោក​កឹម សុខា ពី​តំណែង ពី​សំណាក់​កងកម្លាំង​យោធា​មួយចំនួន​វិញ ត្រូវបាន​លោក​ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​បដិសេធថា មិន​មាន​ការដឹកជញ្ជូន​កង​ទាហាន ដើម្បី​តវ៉ា​ប្រឆាំង​ទម្លាក់​តំណែង​លោក​កឹម សុខា​ទេ​។ លោក​អះអាង​ថា កងទ័ព​មាន​តួនាទី​ការពារ​សន្តិសុខ​ជាតិ រឿង​បាតុកម្ម​គ្មានទេ​។ លោក​ហ៊ីង ប៊ុន​ហៀ​ង បញ្ជាក់​ដូច្នេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា​នេះ​។ ប្រភព​ពី​វិទ្យុ​អាស៊ីសេរី​។​

សម្លេង​លោក​ហ៊ីង ប៊ុន​ហៀ​ង​​


ព័ត៌មានផ្សេងទៀត