ការដោះលែង​សកម្មជន​ជាប់ឃុំ នៅតែ​ជា​សំណើរ​ដែល​សង្គ្រោះ​ជាតិ​សុំ​គណបក្ស​ប្រជាជន​

10-10-2015 7:14 pm 1148

​ជា​ការអំពាវនាវ​មួយ​របស់​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​គឺ លោក សម រង្ស៊ី ផ្ញើ​តាមរយៈ​លោក​ស ខេង​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​សុំឲ្យ​មាន​ការ ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១៦​នាក់ ដែល​កំពុង​ជាប់​ឃុំ អាច​មាន​ឳ​កាស បាន​ជួបជុំ​គ្រួសារ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។​

 

​សំឡេង​លោក​សម រង្ស៊ី​៖

 

​យ៉ាងណាក្តី​សំណើរ​នេះ​ត្រូវបាន​លោក​ស ខេង បញ្ជាក់​ដោយ​ខ្លី​ថា ការដោះលែង រឺ​ចាប់ឃុំ សកម្មជន​ទាំងនោះ គឺ​ស្ថិតនៅលើ​គោលការណ៍​ច្បាប់​។​

 

​សំឡេង​លោក​ស ខេង​៖

 

​គួរបញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១៦​នាក់ ត្រូវបាន​តុលាការ​ឃុំខ្លួន​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​លោកមា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​ផ្សេងទៀត ក្រោម​បទ​ចោទ​ដឹកនាំ​កូប​កម្ម និង​ចូល​រូ​ម​ក្នុង​អំពើ​កូប​កម្ម​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​មួយ នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។ បន្តបន្ទាប់​លោក​ហុង សុខ​ហួរ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​ក៏​ត្រូវ​តុលាការ​សម្រេច​​ឃុំ​ខ្លួន​ដោយ​ចោទប្រកាន់ថា បាន​ក្លែង​ឯកសារ​សាធារណៈ​ពាក់ព័ន្ធ​សន្ធិសញ្ញ​ ព្រំដែន​កម្ពុជា​-​វៀតណាម​ជា​ដើម​។

 

ការចាប់ខ្លួន​សកម្មជន​ទាំងនេះ​ថ្វី​ត្បិត តែ​គណបក្ស​ប្រជាជន រឺ​មន្ត្រី​រដ្ឋាភិបាល​អះអាងថា ជា​និតិ​វិធី​ច្បាប់​លើ​បុគ្គល​ដែល​ប្រព្រឹត្តិ​ខុស​ក្តី ក៏ប៉ុន្តែ​អ្នកតាមដាន​បញ្ហានយោបាយ មួយចំនួន នៅតែ​គិតថា មក​ពី​ស្ថានភាព​នយោបាយ​ប្រែប្រួល​ទឹកឃ្មុំ​ផ្អែម ប្រែ​ល្វីង នាំឲ្យ​ទំនាក់ទំនង​របស់​គណបក្ស​ទាំងពី​រ ផ្តើមឡើង​កំដៅ​ជាថ្មី ក្រោម​ព្យុះ​សង្គ្រាម​ពាក្យសម្តី នៃ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ​។ រហូតមកដល់​ពេល​នេះ​ទោះជា​មាន​ជំនួប​រវាង​ថ្នាក់ដឹកនាំ និង​ថ្នាក់ដឹកនាំ​ក្តី​ក៏​ជំនួប​ទាំងនោះ​គ្រាន់តែ​ពិភាក្សា​លើ​បញ្ហា​ការបោះឆ្នោត និង​ការតាក់តែង​ច្បាប់​។

 

មិន​មាន​ឡើយ​សញ្ញា​ថ្មី​ណាមួយ រឺ​សកម្មភាព​ណា​ថា​នឹង​ធ្វើឲ្យ​ទំនាក់ទំនង គណបក្ស​ទាំង​ពីរ​ប្រែប្រួល​។ មួយវិញទៀត​ការដោះលែង អាច​នឹង​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ ចង់​មិន​ចង់​គណបក្ស​ប្រជាជន​នៅតែ​អះអាងថា​និតិ​វិធី​ច្បាប់​គ្របដណ្តប់​លើ​រឿងនេះ​មិនមែន​ស្ថិត​លើ​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ឡើយ៕

ព័ត៌មានផ្សេងទៀត