ឧបនាយករដ្ឋមន្ត្រីកូរ៉េខាងជើងលោក Choe Yong-gon បានប្រហារជីវិតហើយ កាលពីខែឧសភាឆ្នាំ២០១៥កន្លងទៅ។ មូលហេតុប្រហារជីវិត ដោយសារលោកគីម ជុងអ៊ុន ចោទប្រកាន់លោកពីបទប្រឆាំងគោលនយោបាយរបស់កូរ៉េខាងជើង។ នេះបើតាមសារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងចេញផ្សាយកាលពីថ្ងៃទី១២សីហា។ សារព័ត៌មានយ៉ុបហាប់របស់កូរ៉េខាងត្បូងបានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង ក៏ត្រូវបានប្រហារជីវិតដែរតាំងពីខែមេសា ឆ្នាំ២០១៥ពីបទប្រមូលផ្ដុំ ប្រឆាំងនឹងគោលនយោបាយរបស់លោក គីម ជុងអ៊ុន ។
ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបានអះអាងថា កាលពីខែមេសាកន្លងទៅ លោកគីម ជុងអ៊ុន បានបញ្ជាឱ្យប្រហារជីវិតមន្ដ្រីជាច្រើនរូប រួមទាំងពូបង្កើតផងដែរ ក្រោយពីលោកគីមឡើងកាន់តំណែងជាប្រធានាធិបតី បន្ទាប់ពីលោកគីម ជុងអ៊ីលស្លាប់កាលពីខែធ្នូឆ្នាំ២០១១។ លោកគីមបានបញ្ជាឱ្យប្រហារជីវិតពូបង្កើតរបស់ខ្លួន កាលឆ្នាំ២០១៣ ពីបទក្បត់ជាតិនិងប្រព្រឹត្តអំពើពុករលួយ។ ចាប់តាំងពីលោកគីម ជុងអ៊ុន ឡើងកាន់តំណែងក្នុងវ័យជាង៣០ឆ្នាំ លោកបានរុះរើមន្ត្រីកងទ័ពជាច្រើនលើកជាច្រើនសារហើយ ក្នុងគោលបំណងបង្ខំឱ្យមន្ត្រីកងទ័ពទាំងនោះស្មោះស្ម័គ្រមកលើខ្លួន។
លោកគីម ជុងអ៊ុន បានចែងច្បាប់ហើយថា អ្នកណាហ៊ានប្រឆាំងគោលនយោបាយខ្លួន អ្នកនោះនឹងត្រូវប្រហារជីវិតមិនខាន។ រាជ្យវង្សគីម បានគ្រងរាជ្យនៅភាគខាងជើងនៃឧបទ្វីបកូរ៉េជា៦ទស្សវត្សមកហើយ ដោយប្រើកណ្ដាប់ដៃដែក។ នេះបើតាមសារព័ត៌មានយ៉ុបហាប់របស់កូរ៉េខាងត្បូងបញ្ជាក់បន្ថែម។ សារព័ត៌មានយ៉ុបហាប់ថា កាលពីទស្សវត្សឆ្នាំ២០០០ លោកChoe Yong-gon បានធ្វើទស្សនកិច្ចទៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាខាងវិស័យពាណិជ្ជកម្ម ដើម្បីផ្ដល់ផលប្រយោជន៍រវាងប្រទេសកូរ៉េខាងត្បូងនិងកូរ៉េខាងជើង។
គួរបញ្ជាក់ថា លោក Choe Yong-gon បានតស៊ូគ្រប់ឧបសគ្គ ដើម្បីបម្រើផលប្រយោជន៍ក្នុងប្រទេសកូរ៉េខាងជើង។ នៅឆ្នាំ១៩៤៨-១៩៥០លោក Choe Yong-gon ជាមេបញ្ជាការកងទ័ពនៅកូរ៉េខាងជើង ហើយនៅឆ្នាំ១៩៤៨-១៩៥៧ លោកឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងនៅឆ្នាំ១៩៥៧-១៩៧២ លោកឡើងតំណែងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលកូរ៉េខាងជើង៕(ដោយ៖លាង ធីតា)