សមាជិក​ព្រឹទ្ធសភា​​អាមេរិក​​ជំរុញ​ឲ្យ​​លោក​អូបា​ម៉ា​ដាក់​សម្ពាធ​​លើ​ចិន​​រឿង​សិទ្ធិមនុស្ស​

12-08-2015 1:53 pm 928
លោកបារ៉ាក់ អូបាម៉ា(ឆ្វេង)​និងលោកស៊ី ជីនពីង

សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយចំនួន​កាលពី​ថ្ងៃ​ទី​១១​សីហា បាន​ជំរុញ​ឲ្យ​លោក​អូបា​ម៉ានិយាយ​ជាមួយ​លោកប្រ​ធានា​ធិបតី​ចិន​ស៊ី ជីន​ពីង ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន​។ ការជំរុញ​នេះ គឺ​ចង់​ឲ្យ​លោក​អូបា​ម៉ានិយាយ​នៅ​ពេល​លោក​ស៊ី​ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​នៅ​ខែក្រោយ​។​សមាជិក​ព្រឹទ្ធសភា​អាមេរិក​១០​រូប ដឹកនាំ​ដោយ​លោក​Ben Cardin និង​លោក​John McCain បាន​និយាយថា លោក​អូ​បា​ម៉ា​គួរតែ​លើកយក​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ពិភាក្សា​ជាមួយ​លោក​ស៊ី​។


​តាម​លិខិត​ដែល​ផ្ញើ​ទៅ​លោក​បា​រ៉ាក់ អូ​បា​ម៉ា សមាជិក​ព្រឹទ្ធសភា​ទាំងអស់នេះ​បាន​និយាយថា ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​លោក​ស៊ី ជីន​ពីង មាន​ការរំលោភបំពាន​យ៉ាងខ្លាំង​ទៅលើ​នីតិរដ្ឋ និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​ចិន​។ ក្នុងនោះ​មាន​ការ​ឃុំឃាំង​និង​ការបំពាន​ទៅលើ​មេធាវី​និង​ក្រុម​សកម្មជន​ជាង​២៥០​នាក់ តាំងពី​ថ្ងៃ​ទី​០៩​កក្កដា​។ សមាជិក​ព្រឹទ្ធសភា​ក៏​រិះគន់​ដល់​សេចក្ដីព្រាង​ច្បាប់​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​អន្ដរជាតិ​របស់​លោក​ស៊ី​ផងដែរ ព្រោះ​វា​អាច​បង្ខំ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថាន​អប់រំ និង​វិទ្យាស្ថាន​វប្បធម៌​មួយចំនួន​របស់​អាមេរិក ត្រូវ​ដកចេញ​ពី​ប្រទេស​ចិន​។


​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ក៏​សង្ឃឹម​ដែរ​ថា លោក​អូ​បា​ម៉ា​អាចដាក់​សម្ពាធ​លើ​ចិន ឲ្យ​គោរព​សេរីភាព​នៃ​ជំនឿ​សាសនា និង​ត្រូវ​ប្រគល់​ពានរង្វាន់​ណូបែល​សន្ដិភាព​ដល់​លោក​លីវ ស៊ា​វ​ប៉ូ និង​ជន​នយោបាយ​ជាប់​ឃុំ​មួយចំនួន​ទៀត​ផង​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត