លោក​អាបេ​​​ប្ដេជ្ញា​​​មិនឲ្យ​​មាន​​អាវុធ​​នុយក្លេអ៊ែ​រ​​នៅលើ​ទឹកដី​​​ជប៉ុន​​​ជាដាច់ខាត​

10-08-2015 10:14 am 977
លោកអាបេកាន់កម្រងផ្កាចូលរួមពិធីរម្លឹកខួប៧០ឆ្នាំនៃការទម្លាក់គ្រាប់បែកនៅណាហ្គាសាគី

កាលពី​ថ្ងៃ​ទី​០៩​សីហា​នេះ ប្រទេស​ជប៉ុន​បាន​ប្រារព្ធ​ខួប​ទី​៧០​នៃ​ការទម្លាក់​គ្រាប់បែកបរមាណូ​ទៅលើ​ទីក្រុង​Nagasaki ដែល​សម្លាប់​មនុស្ស​ជាង​៧៤,០០០​នាក់​។ នៅក្នុង​ពិធី​មាន​មន្ដ្រី​អ្នកមុខអ្នកការ​ចូលរួម​ជាច្រើន ហើយ​មាន​ទាំង​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ផង ជាពិសេស​គឺ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​លោក​ស្រី​Caroline Kennedy​ក៏​មាន​វត្ដ​មាន​ដែរ​។ លោកស្រី​ជា​ឯកអគ្គរដ្ឋទូត​តំណាង​ឲ្យ​អាមេរិក ជា​អ្នក​ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​ជប៉ុន​ផ្ទាល់​តែម្ដង​នៅក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​។


​នៅ​ពេល​ប្រារព្ធ​ពិធី សំឡេង​កណ្ដឹង​បាន​រោទ៍ មនុស្ស​រាប់ពាន់​នាក់​ដែល​ចូលរួម​នាំគ្នា​ស្ងប់ស្ងាត់​បួងសួង​ដល់​អ្នក​ដែល​ស្លាប់​ប្រមាណ​ជា​១​នាទី គឺ​នៅ​ម៉ោង​១១​និង​២​នាទី​ព្រឹក​ថ្ងៃទី​០៩​សីហា​។ បន្ទាប់មក​លោក​អាបេ​បាន​ដាក់​កម្រងផ្កា​នៅ​កន្លែង​ប្រារព្ធ​ពិធី ដើម្បី​រម្លឹក​ដល់​អ្នក​ដែល​ស្លាប់ ក្រោម​វត្ដ​មាន​ចូលរួម​ពី​អ្នកតំណាង​៧៥​ប្រទេស​។ ពេល​ថ្លែង​សុន្ទរកថា លោក​អាបេ​នាយករដ្ឋមន្ដ្រីជ​ប៉ុននិ​យាយថា “​ខ្ញុំ​សូម​ប្ដេជ្ញា​ជា​ថ្មី ដើម្បី​ដឹកនាំ​ពិភពលោ​កឲ្យប្រឹងប្រែង​ទាំងអស់គ្នា ចំពោះ​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ ហើយ​ធ្វើឲ្យ​ប្រជាជន​ក្នុង​ពិភពលោក​ទាំងមូ​លរស់​នៅ​ដោយ​គ្មាន​អាវុធ​ប្រភេទ​នេះ​ទៀត​ទេ​”​។​លោក​សន្យាថា ជប៉ុន​នឹង​បន្ដ​គោរព​គោលការណ៍​របស់​ជប៉ុន មិន​ផលិត​និង​មិន​អនុញ្ញាត​ឲ្យមាន​អាវុធ​នុយក្លេអ៊ែ​រនៅលើ​ទឹកដី​ជប៉ុន​ជាដាច់ខាត​។


​នាយករដ្ឋមន្ដ្រី​ជាតិ​និយម​របស់​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ បាន​ថ្លែង​ពី​ភាពឈឺចាប់​របស់​ប្រជាជន​ជប៉ុន​នៅក្រោយពេល​ទម្លាក់​គ្រាប់ ប៉ុន្ដែ​មាន​ចំណុច​សំខាន់ៗ​បី​ចំណុច ដែល​លោក​អាបេ​មិន​បាន​និយាយ​ហើយ​ក៏​ត្រូវ​រង​ការរិះគន់​ផងដែរ​។ បី​ចំណុច​នោះ​មិន​ត្រូវ​បាន​បញ្ជាក់​ទេ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​មួយ​គឺ​ការព្យាយាម​របស់​លោកនាយ​ក​រដ្ឋ​មន្ដ្រី​រូប​នេះ ដែល​ចង់​បង្កើត​ច្បាប់​សន្ដិសុខ​ថ្មី ជំរុញ​ឲ្យ​កងទ័ព​ជប៉ុន​ពង្រីក​អានុភាព​បាន​ខ្លាំងក្លា​ជាង​មុន​។


​ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​នេះ ប្រជាជន​ជប៉ុន​រាប់​ម៉ឺន​នាក់​បាន​តវ៉ា​ប្រឆាំង​។ អ្នក​រស់​ជីវិត​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង Nagasaki​វ័យ​៨៦​ឆ្នាំ​ម្នាក់​បាន​លើកឡើង​ថា រដ្ឋាភិបាល​របស់​លោក​អាបេ កំពុង​តែ​ព្យាយាម​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្ដិភាព​និយម​របស់​ជប៉ុន​ហើយ ហើយ​លោក​បាន​បញ្ជាក់ថា​លោក​អាបេ​កំពុង​ដឹកនាំ​ប្រទេស​ជប៉ុន​ទៅ​រក​ស្ថានភាព​ដូច​មុន​បញ្ចប់សង្គ្រាម​លោក​លើក​ទី​ពីរ​អញ្ជឹង​។​លោក​បន្ថែម​ទាំង​សំឡេងញ័​រថា លោក​ល​មិន​គាំទ្រ​លើ​សេចក្ដីព្រាងច្បាប់​នេះ​ទេ​។ ដោយឡែក​អភិបាលក្រុង Nagasaki ក៏​រិះគន់​ដល់​រដ្ឋាភិបាល​លោក​អាបេ​ដែរ​។ លោក​ថា​ក្ដីបារម្ភ​នាពេល​នេះ​បាន​រីក​រាលដាល​កាន់តែខ្លាំង ដែល​ខ្លាច​ថា​សេចក្ដីព្រាងច្បាប់​អាច​នាំឲ្យ​មាន​សង្គ្រាមដូច​កាលពី​៧០​ឆ្នាំមុន​។​ម្យ៉ាងវិញទៀត វា​ធ្វើឲ្យប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​សន្ដិ​ភាពនិយមរ​បស់​ជប៉ុន​ផង​។


​គួរ​រម្លឹក​បន្ដិច​ពាក់​ព័ន្ធ​នឹង​ការទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ទីក្រុង Nagasaki​នៅថ្ងៃទី០៩​សីហា​ឆ្នាំ​១៩៤៥ ធ្វើឡើង​បន្ទាប់​ពី​អាមេរិក​បាន​ទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ទីក្រុង​Hiroshimaនៅថ្ងៃទី០៦​សីហា​ឆ្នាំ​១៩៤៥ សម្លាប់​មនុស្ស​ប្រមាណ​ជា​១៤​ម៉ឺន​នាក់​ផងដែរ​។ ក្រោយ​ការទម្លាក់​គ្រាប់​ទាំង​ពីរ​លើក​នេះ នៅ​ទីបំផុត​អធិរាជ​ជប៉ុន​បាន​សម្រេច​ចុះចាញ់​សង្គ្រាមលោកលើកទីពីរ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​១៩៤៥ ហើយ​សង្គ្រាមលោក​លើក​ទី​ពីរ​ក៏​ត្រូវ​បញ្ចប់​ដែរ​៕​​ដោយ៖ពេញ ផេង​


ព័ត៌មានផ្សេងទៀត