អ្នកសារព័ត៌មាន​​នៅ​ម៉ាឡេស៊ី​​តវ៉ា​ជា​ថ្មី​​ទាមទារ​សិទ្ធិ​​សេរីភាព​​សារព័ត៌មាន​

09-08-2015 10:27 am 992
ក្រុម​អ្នកកាសែត​កំពុងតវ៉ា

​សមាជិក​នៃ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ រួម​ទាំង​សាធារណជន ក្រុម​សកម្មជន និង​អ្នកនយោបាយ​មួយចំនួន​ផង បាន​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​លើ​ដងផ្លូវ​ក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ​កាលពី​ថ្ងៃ​ទី​០៨​សីហា ទាមទារ​ឲ្យមាន​សេរីភាព​សារព័ត៌មាន​ឡើងវិញ​។ ការតវ៉ា​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បិទ​មិនឲ្យ​បណ្ដាញសារព័ត៌មាន​ពីរ​ចេញផ្សាយ​រយៈពេល​បី​ខែ ក្រោយ​សារព័ត៌មាន​ទាំងពីរ​នេះ បាន​ចុះផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​នៃ​ក្រុមហ៊ុន​រដ្ឋ​ម៉ាឡេស៊ី​មួយ​ឈ្មោះ​1MDB​។


​កាសែត​The  Edge Weekly និង​The Edge Financial Daily ត្រូវ​ហាម​មិនឲ្យ​ចេញផ្សាយ​ព័ត៌មា​ន​ចាប់ពី​ថ្ងៃ​ទី​២៤​កក្កដា​តទៅ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចោទ​ថា​ផ្សាយ​ព័ត៌មាន​មិន​បាន​ផ្ទៀងផ្ទាត់​ជាមុន​។ ជាពិសេស​គឺ​ព័ត៌មាន​ទាក់ទង​នឹង​រឿង​អាស្រូវ​ដែល​ថា ក្រុមហ៊ុន​រដ្ឋ​ម៉ាឡេស៊ី​1MDB​ជំពាក់​បំណុល​ជា​ច្រើន​លាន​ដុល្លារ​។ ទង្វើ​នេះ​ត្រូវ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថា​អាច​ធ្វើឲ្យ​ខូច​ប្រយោជន៍​សាធារណៈ និង​ប្រយោជន៍​ជាតិ​ទាំងមូល​។


​ប៉ុន្ដែ​ការ​ដែល​រដ្ឋាភិបាល​បិទ​មិនឲ្យ​បណ្ដាញ​សារព័ត៌មាន​ខាង​លើ​ចេញផ្សាយ ក្រុម​អ្នកសារព័ត៌មាន​ជាតិ​និង​អន្ដរជាតិ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ខឹង​យ៉ាងខ្លាំង ហើយ​លើកឡើងថា រដ្ឋាភិបាល​បាន​បិទ​សិទ្ធិ​សេរីភាព​របស់​អ្នកសារព័ត៌មាន​។ ដូច្នេះ​ពួកគេ​ទាមទារ​ឲ្យមាន​ឡើងវិញ​នូវ​សិទ្ធិ​ចេញ​ផ្សាយ​ព័ត៌មាន និង​ធ្វើ​ព័ត៌មាន​។​


​សម្រាប់​ក្រុម​ចូលរួម​បាន​បញ្ជាក់ថា ពួកគេ​មិន​ពេញចិត្ដ​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ទេ​។ ការផ្សាយ​ព័ត៌មាន​របស់​បណ្ដាញ​សារ​ព័ត៌មាន​The  Edge Weekly និង​The Edge Financial Daily មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួកគេ ព្រោះ​ពួកគេ​អាច​ទទួលបាន​ព័ត៌មាន​ពី​ក្រុមហ៊ុន​1MDB ថា​មាន​អ្វី​កើត​ឡើង​ឲ្យ​ពិតប្រាកដ​ក្នុង​ក្រុមហ៊ុន​។ ប៉ុន្ដែ​បើ​បិទ​សិទ្ធិ​ផ្សាយ​ព័ត៌មាន ដូចជា​បិទ​មិន​ឲ្យ​ពួកគេ​ជា​ប្រជាជន មាន​សិទ្ធិ​ដឹងលឺ​ពី​សកម្មភាព​របស់​រដ្ឋាភិបាល ជាពិសេស​គឺ​ការចំណាយ​ប្រាក់​ខុស​ប្រក្រតី​៕​​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត