ក្រោយ​​បញ្ចប់​​កិច្ចប្រជុំ​​នៅ​ម៉ាឡេស៊ី​​ចិន​ប្ដេជ្ញា​​នៅតែ​បន្ដ​​រក្សា​​សន្ដិភាព​​ក្នុង​សមុទ្រ​ចិន​​ខាងត្បូង​

08-08-2015 12:13 pm 693
លោកស្រីHua Chunying​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី​Hua Chunying បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​០៧​សីហា​ថា ចិន​នៅ​តែ​ប្ដេជ្ញា​ជា​និច្ច​ចូលរួម​ជាមួយ​អាស៊ាន​ដើម្បី​រក្សា​សន្ដិភាព ស្ថេរភាព​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ ធ្វើឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​អាស៊ាន​លើក​ទី​៤៨​ទើបតែ​បិទ​បញ្ចប់​។ នៅក្នុង​កិច្ចប្រជុំ​ភាគី​ចូលរួម​ក៏​បាន​ប្ដេជ្ញា​រួម​គ្នា​រក្សា​សន្ដិភាព​នៅ​ដែនសមុទ្រ​កំពុងមាន​ជម្លោះ​នេះ​ដែរ ជាពិសេស​គឺ​ហាមឃាត់​រាល់​សកម្មភាព​បង្ក​ភាព​តានតឹង និង​ភាពផុយស្រួយ​។


​លោកស្រី​Hua​បាន​បញ្ជាក់ទៀតថា ចិន​តែងតែ​កត់ចំណាំ​ចំពោះ​ការចេញ​សេចក្ដីថ្លែងការណ៍ ទាក់ទង​បញ្ហា​ដែល​បាន​កើតឡើង ហើយ​លោក​រដ្ឋមន្ដ្រី​ការបរទេស​Wang Yi​ក៏​បាន​បកស្រាយ​រួចរាល់​ហើយ​ដែរ ពី​ជំហរ​របស់​ចិន​នៅ​ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​អាស៊ាន​ស្ដី​ពី​កិច្ចសហប្រតិបត្ដិកា​រអា​ស៊ី​ខាងកើត​។ ចិន​តែងតែ​ប្ដេជ្ញា​ក្នុង​ការដោះស្រាយ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​ការចរចា​និង​ការពិគ្រោះ​យោបល់​ជាមួយ​បណ្ដា​ប្រទេស​ដែល​ព្រួយបារម្ភ​ដោយផ្ទាល់ នៅលើ​មូលដ្ឋាន​នៃ​អង្គហេតុ​ជា​ប្រវត្ដិសាស្ដ្រ និង​អនុលោម​ទៅតាម​ច្បាប់​អន្ដរជាតិ​។ លោកស្រី Hua Chunying​លើកឡើង​ទៀត​ថា ចិន​មាន​ឆន្ទះ​ធ្វើការ​ជាមួយ​អាស៊ាន ដើម្បី​កសាង​ការឯកភាព​គ្នា ការពង្រឹង​កិច្ចសហប្រតិបត្ដិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ការគ្រប់គ្រង​ភាព​ខ្វែងគំនិត​គ្នា និង​បាន​ធ្វើឲ្យ​សមុទ្រចិន​ខាងត្បូង​ក្លាយជា​តំបន់​សន្ដិភាព ជា​តំបន់​មិត្ដភាព និង​តំបន់​មាន​កិច្ចសហប្រតិបត្ដិការ​ផងដែរ​។


​ពាក់ព័ន្ធ​នឹង​ភាពចម្រូងចម្រាស​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​នេះ ចិន​ក៏​ធ្លាប់​បន្ទោស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្ដរជាតិ​មួយចំនួន​ដែរ ដែល​បាន​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​បំផ្លើសការពិត ពី​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​។ ចិន​បញ្ជាក់ថា ការធ្វើ​បែប​នេះ​មិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​អ្វី​ទេ តែ​ផ្ទុយទៅវិញ​មានតែ​បន្ថែម​ភាព​តានតឹង​ប៉ុណ្ណោះ​។ ចិន​ក៏​ធ្លាប់​ព្រមាន​ដល់​ភាគី​មិន​ពាក់ព័ន្ធ​កុំឲ្យ​លូកដៃ​ចូល​បញ្ហា​នេះ ទុក​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ជា​អ្នកដោះស្រាយ​វិញ​។ សម្ដី​បែបនេះ​ចិន​បាន​ផ្ដោត​ទៅលើ​អាមេរិក​រួចមកហើយ ដែល​កន្លង​មក​អាមេរិក​បាន​ឈឺឆ្អាល​នឹង​បញ្ហា​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែរ​។ ប៉ុន្ដែ​បើ​តាម​ការបកស្រាយ​របស់​អាមេរិក អាមេរិក​ថា​សកម្មភាព​របស់​ខ្លួន​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង គ្រាន់តែ​ចង់​ឲ្យ​ដែន​សមុទ្រ​មួយ​នេះ​មាន​សេរីភាព​ពេញលេញ​សម្រាប់​ប្រទេស​ដទៃ​ធ្វើចរាចរ ទាំង​នៅ​តាម​ជើង​ទឹក​និង​ជើង​អាកាស ព្រោះ​វា​ជា​ដែន​ធ្វើ​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​អន្ដរជាតិ​។ មួយវិញទៀត​អាមេរិក​ក៏​ចង់ឲ្យ​មាន​ស្ថេរភាព សន្ដិភាព​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត