ជន​ចំណាកស្រុក​​ឆ្លងកាត់​​សមុទ្រ​​មេ​ឌី​ទែ​រ៉ាណេ​​មានជាង​២​សែន​នាក់​​ក្នុងពេល​៧​ខែ​​ឆ្នាំ​២០១៥

07-08-2015 10:18 am 1024
ប្រជាជន​ធ្វើចំណាកស្រុក​ក​ន្លងមក

​តាម​ការបញ្ជាក់​ពី​អង្គការសហប្រជាជាតិ មាន​ជន​ចំណាកស្រុក​និង​ជនភៀសខ្លួន​ប្រមាណ​២២៤,០០០​នាក់ បាន​ឆ្លងកាត់​តាម​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​ឆ្ពោះទៅ​តំបន់​អឺរ៉ុប បើ​គិត​ចាប់តាំងពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ខែ​កក្កដា​ឆ្នាំ​២០១៥​នេះ​។ ការប្រកាស​របស់​អង្គការសហប្រជាជាតិ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ទូក​ដឹក​ជន​ចំណាកស្រុក​មួយគ្រឿង​លិច​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ សង្ស័យ​សម្លាប់​មនុស្ស​ជាង​២០០​នាក់​។ ជន​ចំណាកស្រុក​និង​ជនភៀសខ្លួន​ទាំងអស់នេះ បាន​ទៅ​ដល់​តំបន់​អឺរ៉ុប​ឆ្លងកាត់​តាម​សមុទ្រ​ដោយ​ជិះទូក​ប្រកបដោយ​គ្រោះថ្នាក់​បំផុត ហើយ​ចំនួន​នេះ​ច្រើន​ជាង​ចំនួន​ជនភៀសខ្លួន​សរុប​ក្នុង​ឆ្នាំ​២០១៤​ទៅទៀត​។ ឆ្នាំ​២០១៤​មាន​ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក​ទៅ​តំបន់​អឺរ៉ុប​តែ​២១៩,០០០​នាក់​ប៉ុណ្ណោះ​។ ដូច្នេះ​ចំនួន​ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក​ទៅ​តំបន់​អឺរ៉ុប​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០១៥ កំពុង​ស្ថិត​ក្នុង​កំណត់ត្រា​ខ្ពស់បំផុត​។


​ចំពោះ​ជនភៀសខ្លួន​ដែល​ឆ្លងកាត់​តាម​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​នេះ ជា​ញឹកញាប់​ត្រូវ​គ្រោះ​ដោយសារ​ការ​ធ្វើ​ដំណើរ​ក្នុង​ទូក​តូចៗ​និង​ចាស់ៗ រួម​ទាំង​ត្រូវ​រងគ្រោះ​ដោយសារ​ការជួញដូរ​ផង​។ ទូក​ដឹកជន​ចំណាក​ស្រុក​ក៏​បាន​ចូល​ចត​នៅ​ក្នុង​ប្រទេសក្រិក និង​ប្រទេស​អ៊ីតាលី​ផងដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​។


​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៥​សីហា មាន​ឧបទ្ទវហេតុ​មួយ​បាន​កើតឡើង គឺ​ទូក​នេសាទ​ដឹក​ជនភៀសខ្លួន​រាប់រយ​នាក់ បាន​លិច​ដោយសារតែ​ផ្ទុក​មនុស្ស​លើស​ទម្ងន់​ផង និង​ដោយសារ​បញ្ហា​អាកាសធាតុ​ផង​។ ទូក​ដែល​លិច​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ឆ្នេរសមុទ្រ​ប្រទេស​លីប៊ី​។ ក្នុង​ហេតុការណ៍​លិច​ទូក​ដឹក​ជនភៀសខ្លួន នាវា​ល្បាត​របស់​កងទ័ពជើងទឹក​អៀរ​ឡង់ បាន​ធ្វើដំណើរ​ទៅដល់​កន្លែងកើតហេតុ​មុនគេ​។ ក្រុម​ជួយសង្គ្រោះ​បាន​ឃើញ​ទិដ្ឋភាព​គួរ​ឲ្យ​ខ្លោចផ្សា ខណៈ​ទូក​បាន​លិច​យ៉ាង​ឆាប់រហ័ស​បំផុត ហើយ​ជនភៀសខ្លួន​បាន​ស្រវេ​ស្រវា​តោង​ពោងស​ង្គ្រោះ​ដែល​ពួកគេ​បោះ​ទម្លាក់ ទៅក្នុង​ទឹកសមុទ្រ​។​


​ក្រុម​ជួយសង្គ្រោះ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​និយាយថា ពួក​គេ​គ្មាន​សង្ឃឹមថា​អាច​ស្វែងរក​អ្នក​នៅ​រស់ នៅក្នុង​ហេតុការណ៍​លិច​ទូក​ដឹក​ជនភៀសខ្លួន​ទៀត​នោះទេ​។ ដំបូង​ឡើយ​ក្រុមមន្ត្រី​មាន​ការភ័យខ្លាច​ថា​មនុស្ស​នៅក្នុង​ទូក​ដឹក ជនភៀសខ្លួន​រាប់រយ​នាក់​ទាំង​នោះ​ប្រហែលជា​ត្រូវ​លង់ទឹក​សមុទ្រ​ស្លាប់​ទាំងអស់​។ ប៉ុន្តែ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​និយាយថា មនុស្ស​៤០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ក្នុងចំណោម​ជនភៀសខ្លួន​ប្រមាណ​៦០០ នាក់​នៅក្នុង​ទូក​ដែល​លិច​៕​​ដោយ​ពេញ ផេង​

ព័ត៌មានផ្សេងទៀត