លិច​​ទូក​​ដឹក​ជន​ភៀសខ្លួន​​ជួយសង្គ្រោះ​​បាន​​៤០០​នាក់​​បាត់​​ខ្លួន​​២០០​នាក់គ្មាន​​សង្ឃឹម​ថា​នៅ​រស់​

06-08-2015 4:08 pm 1519

​ក្រុម​ជួយសង្គ្រោះ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​និយាយថា ពួក​គេ​គ្មាន​សង្ឃឹមថា​អាច​ស្វែងរក​អ្នក​នៅ​រស់ នៅក្នុង​ហេតុការណ៍​លិច​ទូក​ដឹក​ជនភៀសខ្លួន​ទៀត​នោះទេ​។ ដំបូង​ឡើយ​ក្រុមមន្ត្រី​មាន​ការភ័យខ្លាច​ថា​មនុស្ស​នៅក្នុង​ទូក​ដឹក​ជនភៀសខ្លួន​រាប់រយ​នាក់​ទាំង​នោះ​ប្រហែលជា​ត្រូវ​លង់ទឹក​សមុទ្រ​ស្លាប់​ទាំងអស់​។ ប៉ុន្តែ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា (UNHCR) បាន​និយាយថា មនុស្ស​៤០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ក្នុងចំណោម​ជនភៀសខ្លួន​ប្រមាណ​៦០០​នាក់​នៅក្នុង​ទូក​ដែល​លិច​។​

ឆ្មាំ​សមុទ្រ​អ៊ីតាលី​និយាយថា សាកសព​ចំនួន​២៥​ត្រូវបាន​រកឃើញ ប៉ុន្តែ​នៅ​មិន​ច្បាស់​ទេ​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​បាត់​ខ្លួន​នៅក្នុង​ហេតុការណ៍​លិច​ទូក​ដឹក​ជនភៀសខ្លួន​នេះ​។ ទើបតែ​បាន​ពាក់​កណ្តាល​​​ឆ្នាំ​២០១៥ ជនភៀសខ្លួន​ចំនួន​ជាង​២០០០​នាក់​បាន​ស្លាប់ នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ បន្ទាប់ពី​ពួកគេ​ព្យាយាម​ធ្វើ​ដំណើរឆ្លងកាត់​តាម​សមុទ្រមេឌី​ទែ​រ៉ាណេ ដើម្បី​ឆ្ពោះ​ទៅ​ទឹកដី​អឺរ៉ុប​។​

ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​ពុធ​ទី​០៥​សីហា បាន​កើតឡើង​ពេលដែល​ទូក​នេសាទ​ដឹក​ជនភៀសខ្លួន​រាប់រយ​នាក់ បាន​លិច​ដោយសារតែ​ផ្ទុក​មនុស្ស​លើស​ទម្ងន់​ផង និង​ដោយសារ​បញ្ហា​អាកាសធាតុ​ផង​។ ទូក​ដែល​​លិច​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ឆ្នេរសមុទ្រ​ប្រទេសលីប៊ី​។ ក្នុង​ហេតុការណ៍​លិច​ទូក​ដឹក​ជនភៀសខ្លួន នាវា​ល្បាត​របស់​កងទ័ពជើងទឹក​អៀរ​ឡង់ បាន​ធ្វើដំណើរ​ទៅដល់​កន្លែង​កើត​ហេតុ​មុនគេ​។ ក្រុម​ជួយសង្គ្រោះ​បាន​ឃើញ​ទិដ្ឋភាព​គួរ​ឲ្យ​ខ្លោចផ្សា ខណៈ​ទូក​បាន​លិច​យ៉ាង​ឆាប់រហ័ស​បំផុត ហើយ​ជនភៀសខ្លួន​បាន​ស្រវេ​ស្រវា​តោង​ពោងសង្រ្គោះ​ដែល​ពួកគេ​បោះ​ទម្លាក់​ទៅក្នុង​ទឹកសមុទ្រ។​

 

​ក្រុម​អ្នក​រួច​ជីវិត​ពី​ការស្លាប់​បាន​និយាយថា ពេល​ទូក​ផ្អៀង​ហៀបនឹង​លិច ក្រុម​ជនភៀសខ្លួន​បាន​នាំ​គ្នា​ស្រែក​និង​រត់​ប្រមូលផ្តុំ​ទៅ​ចំហៀង​ទូក អ្នកខ្លះ​បាន​លោត​ទៅ​ក្នុង​ទឹកសមុទ្រ​មុនទូក​លិច​។ ជន​ភៀស​ខ្លួន​​​មួយចំនួន​បាន​លង់ទឹក​ស្លាប់​ភ្លាមៗ អ្នកខ្លះ​បាន​ជួយសង្គ្រោះ​​ទាន់ពេលវេលា​។ នៅ​ក្នុង​ប្រតិបត្តិការ​ស្វែងរក មាន​ការប្រើប្រាស់​កប៉ាល់​ចំនួន​៧​គ្រឿង​និងឧ​ទ្ធម្ភា​គចក្រ​ផងដែរ​។​

សមុទ្រ​មេឌី​ទែ​រ៉ាណេ​គឺជាស​មុទ្រដែល​បាន​សម្លាប់​ជនភៀសខ្លួន​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ កាលពីដើម​ស​បាហ៍​នេះ អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​(IOM) បាន​ព្រមាន​ថា​ចំនួន​ជន​ចំណាកស្រុក​ដែល​ប៉ុនប៉ង​ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​មេឌី​ទែ​រ៉ាណេ មាន​ការកើនឡើង​ខ្ពស់​បើ​ធៀប​ជាមួយ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤​។ នាយក​នៃ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​(IOM)​លោក​William Lacy Swing​និ​យាយ​​ក្នុង​សេចក្តីថ្លែងការណ៍​ថា វា​ជា​រឿង​ដែល​មិន​អាច​ទទួលយកបាន នៅក្នុង​សតវត្សរ៍​ទី​២១ ប្រជាជន​ដែល​ធ្វើ​ចំណាកស្រុក​គេច​ពី​ជម្លោះ គេច​ពី​ភាពក្រីក្រ ទីបំផុត​បាន​មក​ស្លាប់នៅ​ច្រកទ្វារ​អឺរ៉ុប​បែបនេះ​៕

(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត