ការហៅ​​ទឹកភ្លៀង​​ជា​ផ្នែក​​មួយ​នៃ​​ទំនៀម​​របស់​​អ្នក​ស្រុក​​អង្គរ​​

ដោយ៖ Vayofm Teams 28-06-2015 4:16 pm 13260

​អ្នកស្រុក​អង្គរ​នៅតែ​ជា​ឃ្លាំង​ផ្ទុក​នូវ​មត៌ក​វប្បធម៌​ដូនតា​ខ្មែរ ដ៏​គួរឲ្យ​ចាប់អារម្មណ៍ បើ​ទោះ​ជា​បាន​ឆ្លងកាត់​ដំណាក់កាល​វិវត្តន៍​ជាច្រើន​ជំនាន់​មនុស្ស​មក​ហើយ​ក្តី​។ ជា​ស្តែង​ដូច​ជា​ពិធី​ហៅ​ទឹកភ្លៀង​ក៏​ជា​កិច្ច​ពិធី​មួយ​ដែល​អ្នក​ឃុំ​លាងដៃ ក្នុង​តំបន់ រមណីយដ្ឋាន​អង្គរ តែង​ធ្វើ​ឡើង​ដើម្បី​សុំ​ទឹកភ្លៀង​សម្រាប់​ការងារ កសិកម្ម និង​ការដាំដុះ​ផ្សេងៗ​។​តើ​កម្ម​ពិធី​ហៅ​ទឹកភ្លៀង​នេះ​ប្រព្រឹត្តិ​ទៅ​យ៉ាងណា​នោះ​ជា​បន្ត​សូម​ស្គាប់​គួន សំបូរ​ដូចតទៅ​៖

សម្លេង៖

 

​បើទោះបី​ប្រត្តិសាស្ត្ររប​ស់​ប្រទេស​កម្ពុជា​យើង​បាន​ឆ្លងកាត់​ដំណាក់កាល​វិវត្តន៍​ជា​ច្រើន​ជំនាន់​មនុស្ស​មក​ហើយ​ក្តី ក៏​មត៌ក​វប្បធម៌​ដូនតា​ខ្មែរ​នៅតែ​ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ គោរពបូជា​និង​ប្រតិបត្តិ​នៅ​តាម ស្រុក​ភូមិ​មួយ​ចំនួន​។ ជាក់ស្តែង​អ្នកស្រុក​អង្គរ​បាន​ធ្វើ​កម្ម​ពិធី​ហៅ​ទឹកភ្លៀង ដែល​មត៌ក​វប្បធម៌​ដូនតា​ខ្មែរ ដ៏​គួរឲ្យ​ចាប់អារម្មណ៍​។ បន្ថែម​ពី​លើ​កម្ម​ពិធី​ហៅ​ទឹកភ្លៀង​នេះ​នៅ​មាន​ពិធី​សាសនា ទំនៀមទម្លាប់​ប្រចាំថ្ងៃ​និង​កិច្ច​ពិធី​ផ្សេងៗ​ជាច្រើន​ទៀត ដែល​អ្នកស្រុក​អង្គរ​កំពុង​បន្ត​ប្រតិបត្តិ​គឺជា​សញ្ញាណ​នៃ​ព្រលឹង​ជាតិ​អង្គរ ដែល​ជា​កេរដំណែល​របស់​ដូនតា ខ្មែរ​សម័យ​អតីតកាល​។​

 

ការ​ហៅ​ទឹកភ្លៀង ក៏​ជា​កិច្ច​ពិធី​មួយ​ដែល​អ្នក​ឃុំ​លាងដៃ ក្នុង​តំបន់ រមណីយដ្ឋាន​អង្គរ តែង​ធ្វើ​ឡើង​ដើម្បី​សុំ​ទឹកភ្លៀង​សម្រាប់​ការងារ កសិកម្ម និង​ការដាំដុះ​ផ្សេងៗ​។​ពិធី​នេះ ត្រូវបាន​អ្នកភូមិ​រក្សា​តៗ​គ្នា ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​រហូត​មិន​អាច​ដឹង​បាន​ថា វា​មាន​ដើម កំណើត​ពី​ពេល​ណា​ហើយ​អ្នកណា​ជា​អ្នក​ផ្តួចផ្តើម​មុន​គេ​នោះ​ឡើយ​។​ចម្លើយ​ដែល​តប​នឹង​សំណួរ​ថា​តើ​វា​បាន​កើតឡើង​ពី​ពេលណា​នោះ គ្មានអ្វី​ក្រៅពី​ពាក្យ​ថា​ដូនតាៗ​នាំគ្នា​ធ្វើ​តៗ​មក​នោះ​ឡើយ​។​

 

​បើតាម​ចុះផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី កន្លងទៅនេះ​ថា ពិធី​ហៅ​ទឹកភ្លៀង​ត្រូវបាន អ្នក​ឃុំ​លាងដៃ​រួមគ្នា​ប្រារព្ធ​ឡើង​នៅ​ប្រាសាទនាគព័ន្ធ ជា​ប្រាសាទ ដែល​អ្នកស្រុក​ជឿជាក់ថា​អាច​ផ្តល់​នូវ​ទឹកភ្លៀង​តាម​ការស្នើសុំ របស់​ពួកគេ​បាន​។ តាម​ការសង្កេត​ពិធី​នេះ​ធ្វើឡើង​លាយ​ចម្រុះ​គ្នា រវាង​ពិធី​សាសនា​និង​ទំនៀម​អ្នកស្រុក​ដែល​ចេះ​ចាំ​តៗ​គ្នា​មក​។ គេ​ធ្វើ​ពិធី​នេះ​រយៈពេល​២​ថ្ងៃ​ដោយ​ថ្ងៃ​ដំបូង​គេ​រៀបចំ​ពិធី​ប្រុង​ពលី ប្រកាស​បួងសួង និង​សែន​គ្រឿង​សំណែន​ផ្សេងៗ​ក្នុង​គោលបំណង សុំ​ទឹកភ្លៀង​។​

 

ពិធី​ជា​បន្ត​គឺ​ការ​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​ប​រិត្ត​។​ព្រះសង្ឃ​ជាង​២០​អង្គ​ស្វាធ្យាយ​នូវ​ព្រះ​បរិត្ត​ផ្សេងៗ តែ​មាន​ព្រះ​បរិត្ត​មួយ​ដែល​អាចារ្យ​អ្នក​រៀបចំ​កម្មវិធី​តែង​អារាធនា ដើម្បី​ឲ្យ​ព្រះសង្ឃ​ស្វាធ្យាយ​មិន​ដែល​ខាន​នោះ​គឺ ធម៌​មហាមេឃ​។ តាម​ការសាកសួរ ពួកគាត់ បញ្ជាក់​ថា​កាលណា​ព្រះសង្ឃ​សូត្រធម៌​នេះ មហាមេឃ​នឹង​បង្អុ​ល​ភ្លៀង ចុះ​មក​មិន​ខាន​។ មាន​ពិធី​មួយទៀត​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​បន្ទាប់ពី ចម្រើន​ព្រះ​បរិត្ត​ហើយ នោះ​គឺ​ពិធី​ចូល​រូប​។​

 

​ពិធី​បញ្ចូល​រូប ដែល​នឹង​មាន រូប​ជា​ច្រើន​ចូលមក​ក្នុង​រូប​មេមត់​នោះ​ដូចជា លោកតា​រាជ (​នៅ​អង្គរវត្ត​) លោកតា​ខួច (​នៅ​ប្រាសាទប្រែរូប​) តា​សុខ តា​សៅ តា​ដំបង​ដែកតា​ដំបង​គ្រញូង នាង​ផាត់​សមុទ្ទ នាង​ខ្មៅ អង្គទ​ស្វា​ជាដើម​។ រូបនោះ​មាន​ច្រើន​ហើយ​សុទ្ធសឹង​ជា​មនុស្ស​ស្រី​។ ពេល​មក​ចូល​មក ផ្តើម​លាបម្សៅ ហូប​គ្រឿង​ស្រវឹង​ផ្សេងៗ​រាំ​ពត់​ពែន​ទៅតាម ចង្វាក់ភ្លេង​។ ក្នុង​ឆ្នាំ​នេះ​មាន​រូប​ចំនួន​៤​បាន​មក​សណ្ឋិត​គឺ​តា​ដំបង​ដែក ជម្ពូ​ទ្វីប សំពៅ​មាស និង​ភុជង្គនាគ​។​ក្នុងចំណោម​រូប​សណ្ឋិត​ទាំងនោះ ជម្ពូទ្វីប​ហាក់​ខឹងសម្បារ​ជាងគេ​។​ក្រោយ​ពី​រាំ​ពត់​ពែន​តាម​ចង្វាក់ភ្លេង ហើយ​ក៏​បែរ​ជា​បង្ហាញ​ទឹក​មុខមាំ​ក្រ​ញ៉ូវ​ស្តីបន្ទោស​ខ្លាំងៗ ដល់​អ្នក ដែល​អង្គុយ​ក្បែរ​ដែល​ហៅ​ខ្លួនឯង​ថា​ជា​កូនចៅ​ចាំ​សាកសួរ​សំណួរ ផ្សេងៗ​។​ពាក្យ​បន្ទោស​ទាំងនោះ​សង្កត់ធ្ងន់​ទៅលើ ការបំផ្លិចបំផ្លាញ ធម្មជាតិ​ជាហេតុ​ធ្វើឲ្យ​មហាមេឃ​បង្អុល​ភ្លៀង​មិនបាន​ល្អ និង​ត្រូវ រដូវ​កាល​។​ក្រោយ​ពី​កូនចៅ​អង្វរករ​ជាច្រើន​រួចមក ទើប​ជម្ពូទ្វីប ស្រាកស្រាន្ត​បន្តិច​ហើយ​និយាយ​សម្តី​រាង​ស្រទន់​ជាង​មុន​។​

 

​បើ​តាម​ការចុះផ្សាយ​របស់របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តថា អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ​នៅ​ពេល​ព្រះសង្ឃ​កំពុងតែ​សូត្រធម៌ មហាមេឃ​ក៏​បង្អុ​ល​ភ្លៀង​ចុះ​មក​បន្តិច​ម្តងៗ​ស្ទើរតែ​បញ្ចប់​មិនទាន់​។ តែ​ទោះជា​យ៉ាង​ណា​ព្រះសង្ឃ​គ្រប់​អង្គ​សូត្រធម៌​បណ្តើ​របាំង​ភ្លៀង បណ្តើរ​រហូតដល់​ចប់សព្វគ្រប់​។ ពេល​ព្រឹក​ឡើង​គេ​និមន្ត​ព្រះសង្ឃ​ឆាន់ យា​គូ និង​រាប់បាត្រ​ព្រះសង្ឃ​តាម​ទំនៀម​ព្រះពុទ្ធសាសនា​។​

 

​មុននឹង បញ្ចប់​កម្មវិធី អាចារ្យ​នាំ​អ្នកស្រុក​ដើរ​ប្រទក្សិណ​ប្រាសាទនាគព័ន្ធ​៣​ជុំ ដោយ​ចាក់​ទឹក​លើ​ក្បាល​ទ (​ដែល​អ្នកស្រុក​ហៅថា រន្ធ​រា​ហ៊ូ​)​ដែលមាន​ចម្លាក់​រូបសំណាក់​នៅតាម​ទិស​ទាំង​បួន​។ មិន​តែ​ប៉ុណ្ណោះ​​អ្នកស្រុក​ក្មេង​ចាស់​លេង​ជះ​ទឹក​ដាក់​គ្នា​ទៅវិញទៅមក ខ្លះ​ច្រៀង ខ្លះ​រាំ​សប្បាយ​ក្អាកក្អាយ ហាក់ដូចជា​កំពុង​ភ្លៀង​ធ្លាក់​មក​មែនទែន​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត