ពិធីចេញម្លប់នេះមានលក្ខណៈពិធីច្រើនយ៉ាងណាស់ខុសពីពិធី ចូលម្លប់ ។ ប៉ុន្តែវត្ថុបំណងគឺបំពេញលក្ខណ៍គម្រប់ឲ្យកូនស្រី ។ ឆ្លងតាមរយៈកាលបញ្ចូលម្លប់គ្រប់តាមកាលកំណត់ហើយ មាតា បិតា នៃកូនស្រី បានរើសរកពេលវេលាសម្រាប់បញ្ចេញម្លប់កូនស្រី ។ ពេលដឹងថ្ងៃជោគសិរីមង្គលហើយ គ្រួសារទាំងអស់រវល់ដើររកភស្តុភារ និងអញ្ជើញញាតិមិត្តដូចរៀបមង្គលការដែរ ។ កម្មវិធីនៃដំណើរការនេះមានរយៈពេលពីរថ្ងៃមួយយប់។ ជាបន្តសូមស្តាប់គួន សំបូរ ដូចតទៅ៖
ពិធីចេញម្លប់នេះធ្វើឡើងក្នុងកម្មវត្ថុបំណងដូចគ្នាទៅនិងពិធីចូលម្លប់ គឺបំពេញលក្ខណ៍គម្រប់ឲ្យកូនស្រី ។ ប៉ុន្តែគ្រាន់តែពិធីចេញពីម្លប់នេះមានលក្ខណៈពិធីច្រើនយ៉ាងណាស់ខុសពីពិធី ចូលម្លប់។ ពិធីចេញម្លប់ នៅថ្ងៃដំណើរការដំបូងចាប់ពីពេលព្រឹករហូតដល់ថ្ងៃត្រង់ មានតែការទទួលញាតិមិត្តជិតខាងនិងការលៀងភោជនាហារប៉ុណ្ណោះ ។ ប៉ុន្តែចាប់ពីពេលរសៀលទៅមានពិធីជាហូរហែបន្តបន្ទាប់ដូចជា ៖
ពិធីកាត់សក់ ៖ ជាលើកដំបូងបំផុត គឺត្រូវបញ្ចេញកូនស្រីមកកាត់សក់ គឺចេញពីបន្ទប់នៅក្នុងផ្ទះដែលចូលម្លប់ ។ បន្ទាប់ពីការកាត់សក់លាបប្រេងម្សៅហើយ នាងត្រូវវិលចូលទៅក្នុងបន្ទប់វិញ ។ ពេលកាត់សក់ភ្លេងកំដរ នូវបទសារិកាកែវ ។
ពិធីសូត្រមន្ត ៖ សាច់ញាតិជាស្ត្រីភេទម្នាក់ ដែលត្រូវបានទទួលស្គាល់ថា ខ្ពង់ខ្ពស់មានចរិយាសម្បត្តិល្អ ត្រូវទៅបន្ទាបដឹកដៃនាងឲ្យចេញមកទទួលទឹកមន្ត និងធម៌លើករាសីពីព្រះសង្ឃ ។
ពិធីសែនព្រេន ៖ នៅពេលព្រលប់រៀបចំពិធីសែនដូនតាម្ចាស់ទឹកម្ចាស់ដី ។
ពិធីបុកល័ក្ត ៖ ពិធីនេះគេធ្វើនៅពេលយប់ បន្ទាប់ពីការពិសារអារហារហើយ ដែលប្រកបដោយពិធីជា
ហូរហែបន្តបន្ទាប់ទៀត ។
ពិធីទៅរកល័ក្ត ៖ ពិធីនេះដំណើរការដោយអ្នកភ្លេងជារបៀបកំប្លែងធ្វើជាទៅរកល័ក្ត ក្នុងព្រៃជួបសត្វតាឱដេញទិចស្ទុះរត់ច្រឡោតជាន់គ្នារញ៉េរញ៉ៃ ។
ពិធីកាត់ត្បាល់ ៖ ពិធីនេះដំណើរការដោយអ្នកភ្លេងដែរ គេធ្វើជាទៅក្នុងព្រៃរកឈើល្អមកធ្វើត្បាល់ថ្មី ស្របតាមកូនស្រីដែលចេញពីម្លប់ដែរ ។
ពិធីបុកល័ក្ត ៖ ពិធីនេះធ្វើឡើងដើម្បីយកល័ក្តមកធ្វើធ្មេញបំពេញលក្ខណ៍ឲ្យកូនស្រី ។ គេឲ្យកុមារីព្រហ្មចារី ៤ នាក់ មកបកក្រមរល័ក្តចេញពីមែកឈើ រួចប្រគល់ជូនតាអាចារ្យទៅដាក់ក្នុងត្បាល់ ហើយអ្នកភ្លេងជាអ្នកដើរតួបុកល័ក្តរហូតដល់ល្អិត ទើបកាយដាក់ផ្តិលប្រគល់ជូនតាអាចារ្យវិញ ។
ពិធីធ្វើធ្មេញ ៖ តាអាចារ្យយកល័ក្តទៅដាំស្ងោរនៅកណ្តាលផ្ទះជាមួយសម្បកស្បែង និងផ្លែសំបួរមាស ។ ស្ងោរ ដោយឆ្នាំងថ្មី ចង្ក្រានថ្មី ដោយរម្ងាស់ចេញជាតិពណ៌ក្រហមស្រស់ បានយកទៅឲ្យសាមីខ្លួនស្រីបៀម ។ នៅពេលមានចំហាយទឹកអាចារ្យយកសំឡីផ្តិតចំហាយទឹកស្ងោរល័ក្តមកលាប ធ្មេញឲ្យកូនស្រីដែលចេញពីម្លប់ ដោយប្រសិទ្ធពរឲ្យទឹកល័ក្តនេះ ធ្វើឲ្យនាងក្លាយជាស្រីគ្រប់លក្ខណ៍ពេញបរិបូណ៌…។ អ្នកទីទ័លក្រ មិនមានលទ្ធភាពរៀបពិធីចេញម្លប់ ឲ្យកូនស្រីអាចយកកូនស្រីខ្លួនមកចូលរួមធ្វើធ្មេញបំពេញលក្ខណ៍ ជាមួយកូនស្រីអ្នកមានដែលចេញពីម្លប់តាមការយល់ព្រម ។
ពិធីដេកអង្កររាប ៖ ពិធីនេះមានលក្ខណៈដូចពិធីកោរជុកដែរ ប្រសិនបើមានរៀបចំពិធីកោរជុកហើយនោះមិនបាច់ក៏បានដែរ តែត្រូវភ្ញាក់ពេលទៀបភ្លឺរង់ចាំទទួលពេលា ដើម្បីសំពះព្រះអាទិត្យ ។ នៅមុនពេលនាងចេញពីបន្ទប់នោះមកកាន់កន្លែងពិធី ត្រូវស្លៀកពាក់ដូចកូនក្រមុំពេលរៀបមង្គលការ ដៃកាន់បាយព្រលឹងមកអង្គុយលើកម្រាលព្រំ ដែលមានញាតិមិត្តរង់ចាំឲ្យពរជ័យ ។ អាចារ្យសូត្រប្រកាសបួងសួងហើយចាប់ផ្តើមបង្វិលពពិលចំនួន ១៩ ជុំ ញាតិសណ្តាននាំគ្នាចងដៃដោយអំបោះ ព្រមទាំងប្រាក់កាស មាស… ដើម្បីជូនពរ និងភ្ជាប់ព្រលឹងឲ្យនាង ។ លុះចប់ ហើយញាតិមិត្តដឹកដៃកូនស្រីទៅក្នុងបន្ទប់វិញ ។
ពិធីសាកន្ទេលនិងលក់កន្ទេល ៖ អ្នកភ្លេងច្រៀងរាំបណ្តើរឆ្កឹះរមូរកន្ទេលដែលកូនស្រីអង្គុយសំពះ បង្វិលពពិលនោះបណ្តើរ ហើយយកដាក់លើស្មា ។ គេច្រៀងលក់កន្ទេលរៀបរាប់ថាលក់ឲ្យចំពោះតែអ្នកមាននិស្ស័យ និងអានុភាព ។ អ្នកមានវាសនា ពេលយកទៅក្រាលដេកកើតមាសកើតប្រាក់ ទ្រព្យសម្បត្តិ…។ ពេលនោះសាមីខ្លួនត្រូវចេញមកសុំទិញហើយសន្មតថា ចប់ពិធីលក់កន្ទេល ។ គេយកល័ក្តដែលបារទុកខ្លះពីការធ្វើធ្មេញនោះ ឲ្យកូនស្រីយកទៅកប់នឹងចបជីកថ្មីនៅលើដីភូមិណាដែលឪពុកម្តាយ បម្រុងចែកឲ្យជាកេរ្តិ៍ និងដាំដើមចេក ដើមអំពៅមួយដើមៗពីលើ ដើម្បីជានិមិត្តរូបថា ជីវិត និងការរស់នៅក្នុងសុភមង្គលផ្អែមដូចផ្លែចេកនិងដើមអំពៅដែរ ។ ចាប់ពីពេលនេះទៅនាងអាចដើរចេញក្រៅបន្ទប់ទៅ ណាមកណាបានដោយសេរីហើយ ៕
(ដោយ៖គួន សំបូរ)