ប្រពៃណី នៃពិធី​​ចូល​​ម្លប់​​​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​

14-06-2015 11:24 am 6651

​ពិធី​ចូល និង​ចេញ​ម្លប់​កាលពី​សម័យ​ដើម​ត្រូវ​បាន​ចាត់​ថា ជា​មង្គល​មួយ​យ៉ាង​សំខាន់​សម្រាប់​ស្ត្រី​ខ្មែរ ។ បុព្វបុរស​ខ្មែរ​យើង​បាន​បង្កើត​ពិធី​នេះ​ឡើង សម្រាប់ឲ្យ​កូនស្រី​ចាប់អារម្មណ៍ ពី​លំដាប់ថ្នាក់​ប្រចាំ​ជីវិត ដែល​ត្រូវ​ឈានឡើង ដោយ​ឲ្យ​ប្រឹងប្រែង​តស៊ូ​ជានិច្ច ដើម្បី​វឌ្ឍនភាព ។ ប៉ុន្តែ​ជំនាន់​ក្រោយៗ​មក ពិធី​ចូល​ម្លប់​ចេញ​ម្លប់​លែង​មាន​ន័យ​អ្វី​ទៀត​ហើយ ។ គេ​កម្រ​ឃើញ​គ្រួសារ​ណាមួយ នៅ​ប្រកាន់​ទំនៀមទម្លាប់​នេះ​ទៀត​ណាស់ ទោះ​ជា​ខ្មែរ​នៅ​ស្រុក​សៀម ឬ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ក៏​ដោយ ព្រោះ​វា​ហួស​សម័យ​ទៅហើយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ពិធី​ចូល​ម្លប់​ត្រូវបាន​ដូនតា​យើង​គោរព​ប្រតិបត្តិ មិន​ដែល​ខាន​ពេល​ដែល​កូនស្រី​របស់​ខ្លួន​ចូល​វ័យ​ក្រមុំ ។ តើ​ពិធី​នេះ​ប្រព្រឹត្តទៅ​យ៉ាងណា​ខ្លះ​នោះ​ជា​បន្ត សូម​ស្តាប់​គួន សំបូរ រៀបរាប់​ដូចតទៅ ៖

 

​តាម​ការកំណត់​របស់​សង្គម​ខ្មែរ ការឆ្លង​ពី​ថ្នាក់​កុមារី​ចូល​ដល់​វ័យ​ពេញក្រមុំ គឺ​នៅ​ត្រង់​កូនស្រី​ចាប់​មាន​រដូវ​ជា​លើកទីមួយ ដែល​គេ​និយម​ហៅ​ថា “​គ្រប់​ការ​” ។ ពេលនេះ​ជា​ពេល​កំពុង​ឈានឡើង​នាង​មាន​លក្ខណៈ​ប្លែក គឺ​អត្តចរិត​ជួន​ឆាប់​ខឹង ជួន​អៀនខ្មាស ជួន​ចូលចិត្ត​ស្ងប់ស្ងាត់​នៅ​តែ​ម្នាក់ឯង ឬ​ព្រួយចិត្ត​ដោយ​ឥត​មូលហេតុ​អ្វី​មួយ ។ នាង​នឹង​មាន​ការភិតភ័យ​ណាស់ ប្រសិនបើ​ពុំ​មាន​នរណា​ម្នាក់​បាន​ពន្យល់​ប្រាប់​ជាមុន​ពី​ហេតុការណ៍ ធម្មជាតិ ដែល​នឹង​ត្រូវ​កើតឡើង​ចំពោះ​នាង ។ នា​ទីនេះ គឺ​អ្នក​ម្តាយ​តែង​ឃ្លាំមើល​ឥរិយាបថ​របស់​កូនស្រី ដើម្បី​ពន្យល់ និង​ជួយ​រៀបចំ​គ្រឿង​ស្លៀកពាក់​ផ្សេងៗ​សម្រាប់​កូន ។ មិន​ចំពោះតែ​អ្នក​ម្តាយ​ទេ គឺ​ក្នុង​គ្រួសារ​ទាំងមូល​ត្រូវ​ជួយ​ជ្រោមជ្រែង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត សម្រាប់​ឲ្យ​នាង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ពេល​ខាង មុខ ។ នាង​នឹង​ត្រូវបំពេញ​តួនាទី​ជា​ភរិយា និង​ជា​ម្តាយ​ដ៏​ល្អ​សម្រាប់​សង្គម ។ ហេតុ ដូច្នេះហើយ បានជា​គេ​រៀបចំ​ពិធី​ចូល​ម្លប់ ដើម្បី​បំពាក់បំប៉ន​ដល់​កូនស្រី​របស់​គេ មុន​នឹង​ឈាន​ចូល​ទៅ​បំពេញ​តួនាទី​ដ៏​ចម្បង​នេះ ។

​ចូល​ម្លប់
​គេ​បញ្ចូល​ម្លប់​កូនស្រី​មិន​មើល​ពេលវេលា​ទេ គឺ​សម្រេច​យក​ថ្ងៃ​ណា​មួយ ដែល​នាង​មក​រដូវ​ជា​លើកទីមួយ ។ ចំណែក​ពិធី​ក៏​មិន​មាន​រៀបចំ​អ្វី​ធំដុំ​ទេ គឺ​គ្រាន់តែ​ឲ្យ​ឪពុក​ម្តាយ​នាង​ជម្រាប​ដល់​សាច់ញាតិ​ជិតដិត ឲ្យបាន​ដឹង​ថា​កូនស្រី​ឈ្មោះ​នេះ​បាន​បញ្ចូល​ម្លប់​នៅថ្ងៃនេះ ថ្ងៃ​នោះ​ជាកា​ស្រេច ។
​នៅ​ថ្ងៃ​បញ្ចូល​គេ​រៀបចំ​សែនព្រេន​អុជ​ធូប​ទៀន​ជម្រាប​ដូនតា និង​ប្រកាស​ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ​ឲ្យបាន​ដឹង​ឮ អំពី​ការចូល​ម្លប់​របស់​កូនស្រី និង​សុំ​សេចក្តីសុខ​សប្បាយ ។ ប្រការ​សំខាន់​ត្រូវ​គិតគូរ​ពី​អ្នក​ជួយ​បម្រើ​សេចក្តីត្រូវការ​របស់​នា​ង និង​ជួយ​បណ្តុះ បណ្តាល​នាង ។ សំខាន់​មួយទៀត​ត្រូវ​ត្រៀម​លក្ខណៈ​សម្រាប់​ថ្ងៃ​បញ្ចេញ​ម្លប់ ដោយ​មាន​បម្រុង​គ្រឿង​ហូបចុក សម្រាប់​លៀងភ្ញៀវ​ដែល​ត្រូវ​មក​ចូលរួម​ពិធី ។

 

ការត្រៀម​លក្ខណៈ​នេះ ស្រុក​ខ្លះ​គេ​ដាំ​ចេកណាំវ៉ា​ជា​និមិត្តរូប គឺ​ប្រារព្ធ​ពិធី​បញ្ចេញ​ម្លប់​នៅពេល​ផ្លែ​ចេក​ទុំ ខ្លះទៀត​គេ​ចិញ្ចិម​មាន់ ទា​ជាដើម​ទៅតាម​លទ្ធភាព​ក្នុង​គ្រួសារ ។ ពេលវេលា​នៃ​ការចូល​ម្លប់​មិនមាន​កំណត់​ទេ គឺ​យោង​ទៅតាម​ធនធាន​នៃ​គ្រួសារ អ្នក​ខ្លះ​ចូល​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ខ្លះ​ទៀត​រហូតដល់​មួយ​ឆ្នាំ​ក៏មានដែរ ។

 

​ភារកិច្ច​នៅ​ពេល​ចូល​ម្លប់
​ពេល​ចូល​ម្លប់ គឺជា​ពេល​ដែល​កូនស្រី​ខ្មែរ​ត្រូវ​ទទួល​ការសិក្សា​ពី​ក្បួនច្បាប់​ទូន្មាន​ល្អៗ ជាពិសេស​ច្បាប់​ទូន្មាន​ស្រី ។ ច្បាប់​នេះ​ចែង​ពី​តួនាទី​របស់​ស្រី​ក្នុង​ការរស់នៅ ។ ច្បាប់​ចែង​ថា​សេចក្តីសុខ និង​សុភមង្គល​ក្នុង​គ្រួសារ​មួយ​ភាគ​ធំ​ស្ថិតនៅ លើ​ស្រី​ជា​អ្នក​កំណត់ ។ ដូច្នេះ​គេ​ត្រូវ​ឲ្យ​នាង​ទន្ទេញ​ចាំ​ស្ទាត់ ដើម្បី​ទុក​អនុវត្ត​តាម​លំ​អាន​ដែល​ក្បួន​បាន​ចែង ។ ក្រៅ​ពី​ការសិក្សា​ក្បួនច្បាប់​នាង​ត្រូវ​រៀន​ធម៌ ។ ប្រសិនបើ​សុខភាព​នាង​ធានា​ត្រូវ​កាន់សីល ១០ ដើម្បី​កាន់​ចិត្ត​អំណត់ ខន្តី​ដូច​ដូនជី​ដែរ ។ ក្នុង​ជីវភាព​ដូនជី​នាង​ត្រូវ​ហូបចុក​ម្ហូប​បួស ហើយ​កំណត់ពេល​ម៉ោង​ដូច​ព្រះសង្ឃ​ដែរ ។ នាង​មាន​តំណម​លើស​ដូនជី ដោយ​មិន​ត្រឹមតែ​មិន​ឲ្យ​ប្រុសៗ​ឃើញ​ប៉ុណ្ណោះ​ទេ គឺ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ឆ្លើយឆ្លង​រក​ប្រុស​ទៀត ។ នាង​ត្រូវ​តស៊ូ​សម្ងំ​នៅ​តែ​ក្នុង​បន្ទប់​ពិសេស​មួយ ដើម្បី​ត្រង​ស្តាប់​នូវ​វិជ្ជា​មេផ្ទះ ស្តី​ពី​ការរស់នៅ​ក្នុង​គ្រួសារ ចំពោះ​សាច់ញាតិ​ផ្ទាល់ ឬ​ញាតិ​ជិតខាង ពិសេស​អាកប្បកិរិយា​ចំពោះ​ប្តី ។ ជាមួយគ្នា​នោះ​ក៏​ត្រូវ​រៀន​វិជ្ជា​ធ្វើ​ម្ហូប វិជ្ជា​តម្បាញ ការរៀបចំ​ផ្ទះ សម្បែង និង​ការអប់រំ​កូនចៅ​ជាដើម ។ ភារកិច្ច​ម្យ៉ាងទៀត​ត្រូវ​ថែទាំ​សាច់ ដោយ​ត្រូវ​លា​បរមៀត​សព្វ​ខ្លួនប្រាណ ដៃជើង​ឲ្យមាន​សម្បុរលឿង​ស្រស់​ផូរផង់ ។​

 

​សូម​ស្លេះ​តែត្រឹម​នេះ​សិន សប្តាហ៍​ក្រោយ​ខ្ញុំ​និង​លើកយក នៅ​ពិធី​ចេញពី​ម្លប់ ពិធី​ចេញ​ម្លប់​នេះ​មាន​លក្ខណៈ​ពិធី​ច្រើនយ៉ាង​ណាស់​ខុសពី​ពិធី ចូល​ម្លប់ ជា​បន្ត​ទៀត​។​

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត