ប្រវត្តិ​​នៃ​ព្រះបរម​រាជវាំង​​កម្ពុជា​​

07-06-2015 2:31 pm 11665

​ការស្ថាបនា​ព្រះបរមរាជវាំង​ចុងក្រោយ​បាន​រៀបចំ​ឡើង​នៅ​ភ្នំពេញ ចំនួន​២​លើក គឺ​លើក​ទី​១ ក្នុង​ឆ្នាំ​១៤៣៤ ក្នុង​រជ្ជកាល​ព្រះបាទ​ពញាយ៉ាត និង​លើក​ទី​២ ក្នុង​ឆ្នាំ​១៨៦៦ ក្នុង​រាជ្យ​ព្រះបាទ​នរោត្ដ​ម​និង​ត្រូវ​រុះរើ​សាងសង់​ជា​ថ្មី នៅ​ឆ្នាំ ១៩១៣ ក្នុង​រាជ្យ ព្រះបាទ​ស៊ីសុវត្ថិ​រហូតមកដល់​សព្វថ្ងៃ ដែល​មានឈ្មោះ​ថា ព្រះបរមរាជវាំង​ចតុមុខ​មង្គល​ដោយ​ស្ថិតនៅត្រង់​ចំណុចប្រសព្វ​នៃ​ទន្លេ​ទាំង​បួន មាន​ទន្លេ​មេគង្គ​លើ​ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប​។ ព្រះបរមរាជវាំង​សាងសង់​បែរមុខ​ទៅ​ទិសខាងកើត គឺ​បែរ​ទៅរក​ទន្លេចតុមុខ​។​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ប្រវត្តិ​នៃ​ព្រះបរមរាជវាំង​កម្ពុជា​នេះ​ជា​បន្ត​សូម​ស្តាប់​គួន សំបូ​ដូចតទៅ​៖

 

​ព្រះបរមរាជវាំង​មាន​កំពែង ព័ទ្ធជុំវិញ​ប្រវែង ១៧៧២​ម ដោយ កំពែង​ខាងកើត​ប្រវែង​៤២១​ម៉ែត ខាង​លិច​ប្រវែង ៤៣៥​​ម៉ែត ខាងជើង​ប្រវែង ៤៨៤​ម៉ែត និង​ខាងត្បូង​ប្រវែង ៤៣២​ម៉ែត។​កំពែង​ថ្ម​រឹងមាំ​ទាំងនោះ លំអ​ទៅ​ដោយ​សន្លឹក​សីមា​នៅខាងមុខ ត្រូវបាន​កសាង​ឡើង​នៅ​ឆ្នាំ​១៨៦៦ - ១៨៧០ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្ដម​។​ព្រះបរមរាជវាំង​កសាង​តាម​រចនាបថ​បាយ័ន ដែល​មាន​ក្លោងទ្វារ​ចេញ​ចូល ចំនួន​៥​ហើយ​ទ្វា​រទាំង​៥​នោះ ត្រូវបាន​គេ​សង់​មិន​ឲ្យ​ចាក់​ចំ​គ្នា​ឡើយ​។

 

​នៅ​ប្រាសាទ​បាយ័ន​ទ្វារ​ជ័យ​និង ទ្វារ​ខ្មោច​ស្ថិត​នៅ​ទិស​ខាងកើត ហើយ​ទ្វារ​ខ្មោច ស្ថិត​នៅ​ខាងស្តាំ​ដៃ​ទ្វារ​ជ័យ​។ ចំណែកឯ​ព្រះបរមរាជវាំង​វិញ ទ្វារ​ជ័យ​ស្ថិត​នៅ​ទិស​ខាងកើត ដែរ​តែ​ទ្វារ​ខ្មោច​វិញ​ស្ថិត​នៅ​​ឯ​​ទិស​ខាងជើង​ទៅវិញ​។ ទ្វារ​ខ្មោច​នេះ​ត្រូវបាន​គេ​អនុញ្ញាតិ​អោយ​ប្រើ​តែ​ពេល​ណា​មាន​ព្រះមហាក្សត្រ​ចូល​ទីវង្គត​ដើម្បី​ដង្ហែ​ព្រះ​សព ទៅ​ធ្វើ​ឈាបនកិច្ច​នៅ​ឯ​ទី​វាលមេរុ​។​សំណង់​ទាំងឡាយ​ក្នុង​ព្រះបរមរាជវាំង ត្រូវបាន​គេ​កសាង​ឡើង​ទៅ​តាម ស្ថាបត្យកម្ម​ប្រពៃណីជាតិ​ដោយ​អ្នកឧកញ៉ា​ទេព​និម្មិត ម៉ក់ ជា​ស្ថាបត្យករ​ដ៏​ឆ្នើម​។ ប្រាសាទ​ជាច្រើន​មាន​រាង​បង្អួត​សង្ហារ ទៅតាម​ក្បូរ​ក្បាច់រចនា មាន​ដំបូល​ច្រើន​ជាន់​ប្រក់​ក្បឿង​ពណ៌​មាស និង​មាន​ប្រាង្គ​កណ្ដាល​សារពើ​សូត្រ កំពូល​ស្រួច​បាញ់​ទៅលើ​ដែល​ជា​និមិត្តរូប​នៃ ការរីកចម្រើន​មិន​ចេះ​ចប់​។​

 

​ព្រះបរមរាជវាំង ត្រូវបាន​ចាត់ទុក​ជា​តំណាង​ប្រទេសជាតិ​ទាំងមូល​ហើយ​រាល់​សំណង់​ប្រាសាទ នៅក្នុង​ព្រះបរមរាជវាំង ត្រូវបាន​គេ​លាប​លំអ ដោយ​ពណ៌​លឿង​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា និង​ពណ៌​ស តំណាង​ឲ្យ​ព្រហ្មញ្ញសាសនា ក្នុង​រួមមាន​៖

 

​ប្រាសាទ​ទេវាវិនិច្ឆ័យ​ សាងសង់​ក្នុង​រាជ​ព្រះបាទ​ស៊ី​សុវត្ថិ ក្នុង​ឆ្នាំ ១៩១៣ -១៩១៧ ហើយ​ធ្វើ​ពិធី​សម្ពោធ នៅ​ថ្ងៃ ទី ១៦ មិថុនា ១៩១៩​។​ទំហំ​ប្រាសាទ បណ្តោយ​៦០​ម ទទឹង ៣០​ម និង​មាន​កំពូល​ស្រួច​កំពស់ ៥៩​ម ជា​ព្រះទីនាំង សម្រាប់ធ្វើ​៖

 

* ពិធី​រាជាភិសេក ព្រះមហាក្សត្រ​ឡើង​សោយរាជ្យ​
* ព្រះរាជ​ពិធី​បុណ្យ​ទ្វារទសមាស​
* ព្រះរាជសា​វនា​ការថ្វាយ​ការតាំង​
* ពិធី​សច្ចាប្រណិធាន​
* ព្រះរាជ​បដិសណ្ឋារកិច្ច ចំពោះ​ភ្ញៀវ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ​។​

 

​ក្នុង​ប្រាសាទ​ទេវាវិនិច្ឆ័យ ចែកចេញ​ជា ព្រះទីនាំង​ស្វេត​ឆ័ត្រ ហោ​រាជបណ្ឌិត​ហោព្រះ​អ​ដ្តិ ព្រះទីនាំង​ក្សិណ ព្រះទីនាំង​បុស្បុក ព្រះទីនាំង​មហា​មន្ទីរ​ព្រះទីនាំង​នារីរ័ត្ន​សោភា ព្រះទីនាំង​ចក្រពត្តិ និង​ព្រះទីនាំង​ព្រះស្ងោ​យ​។​នៅលើ​កំពូល​ស្រួច មាន​រូប​ព្រះ​ភក្ត្រ​ព្រះព្រហ្ម មុខ​៤​ដែល​បែរ​ព្រះ​ភក្ត្រ​ទៅរក​ទិស​ទាំង​៤​។​

 

​ប្រាសាទ​ខេមរិន្ទ ស្ថិតនៅ​ខាងលិច ឈៀង​ខាងជើង ប្រាសាទ​ទេវាវិនិច្ឆ័យ​ក​សាង​ក្នុង​ឆ្នាំ ១៩២៧ - ១៩៣០ ដោយ​អ្នកឧកញ៉ា​ទេព​និម្មិត ខៀវ ក្នុង​រជ្ជកាល [[​ស៊ីសុវត្ថិ​មុនី​វង្ស​|​ព្រះបាទ​ស៊ី​សុវត្ថិ​មុនី​វង្ស​។​បច្ចុប្បន្ន​ជា​ព្រះរាជដំណាក់ ដែល​ព្រះមហាក្សត្រ​គង់នៅ​ជា​អចិន្ត្រៃយ៍​។​ប្រាសាទ​នេះ ត្រូវបាន​ព្រះមហាក្សត្រ​ប្រើប្រាស់ សំរាប់​ទទួល​ភ្ញៀវ​កិត្តិយស​ធំៗ បណ្ដា​ប្រមុខរដ្ឋ​បរទេស​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្នាក់អាស្រ័យ ដូចជា​លោក​ប្រធានាធិបតី​បារាំង សាល​ដឺ​ហ្គោល ជាដើម​។​

 

ប្រាសាទ​សហ​មេត្រី ស្ថិតនៅ​ខាងជើង​ហោ​សម្រាន្ត​ភិរម្យ​ក្បែរ​កំពែង​ព្រះបរមរាជវាំង​ខាងជើង កសាង​ឡើង​នៅ​ឆ្នាំ ១៩៥០​ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្ដម​សីហនុ ជា​ព្រះរាជដំណាក់​ថ្មី​សម្រាប់​ព្រះមហា ក្សត្រី​ស៊ីសុវត្ថិ​កុសុមៈ​នារីរ័ត្ន ជា​ព្រះវររាជ​មាតា​របស់​ព្រះអង្គ​តាំង​ឧបោសថ​សិល នៅ​ទីនោះ ក្រោយពេល​ដែល​ព្រះ​ស្វាមី​ព្រះបាទ​នរោត្តម​សុរាម្រិត បាន​ចូល​ទិវង្គត​។​ពីមុន​ជា​កន្លែង​សំរាប់​ជួបជុំ​នាយទាហាន​ការពារ​ព្រះបរមរាជវាំង ហើយ​ក្រោយមក​ទៀត​ត្រូវបាន​ប្រើប្រាស់​ជា​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​។​

 

​ប្រាសាទ​ហោ​សំរាន្ត​ភិរម្យ​ ស្ថិតនៅ​ខាងជើង​ប្រាសាទ​ទេវាវិនិច្ឆ័យ​ក​សា​ង​ឡើង​ក្នុង​ឆ្នាំ ១៩១៥ - ១៩១៧​ក្នុង​រាជ្យ​ព្រះបាទ​ស៊ី​សុវត្ថិ​ជា​កន្លែង​សម្រាប់​ទុក​ឧបករណ៍​តន្ត្រីបុរាណ និង​ប្រពៃណី​ខ្មែរ ព្រមទាំង​ត្រៀម​ប្រដាប់ប្រដា​សម្រាប់ ព្រះរាជ​ពិធី​ហែ​ក្បួន​ផ្សេងៗ ។ នៅ​ជាន់​ខាងលើ​ជា​បន្ទប់​សម្រាប់​ព្រះមហាក្សត្រ​ទ្រង់​សំរួល​ព្រះកាយ មុន​និង​ក្រោយ​ពេល​ព្រះអង្គ​ទ្រង់​គង់ និង​ចុះ​ពី​គជេន្ទ្រ នៅ​ពេល​ត្រលប់​ពី​បរបាញ់​សត្វ​។​ប្រាសាទ​នេះ​បាន​ក្លាយទៅជា​សារមន្ទីរ​ព្រះសីហនុ ដែល​មាន​តម្កល់ទុក​វត្ថុ​អនុស្សាវរីយ៍ ដ៏​មាន​តម្លៃ ដែល​មហា​អគ្គបុរស​រដ្ឋ​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ថ្វាយ​ដល់ ព្រះមហាក្សត្រ​។ ក្រោយមក​សារមន្ទីរ​នេះ​ត្រូវបាន​រើ​ទៅ​ដាក់​នៅ​ថែវ​ខាង​មុខ​ប្រាសាទ​ភោជនីយ​វិញ នៅ​ឆ្នាំ ២០០៥​រហូត​ដល់​សព្វថ្ងៃ​។​

 

​ប្រាសាទ​ច័ន្ទ​ឆាយា ស្ថិតនៅ​ជាប់​កំពែង​ខាង​មុខ​ឈៀង​ខាងជើង​នៃ​ព្រះបរមរាជវាំង កសាង​ឡើង​នា​ឆ្នាំ ១៩១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។​សំណង់​ស្ថាបត្យកម្ម មាន​រាង​ខ្ពស់​ស្រលះ គ្មាន​ជញ្ជាំង​ដើម្បី​ឲ្យ​ព្រះច័ន្ទចាំ​ង​រស្មី​ទៅ​ខាង​ក្នុង ផ្នែក​ខាងលើ​នៃ​ប្រាសាទ​នេះ​គ្មាន​បន្ទប់​ទេ គឺជា​ធ្លា​សម្រាប់​រាំក្បាច់​របាំ ដើម្បី​សម្ដែង​ទស្សនីយភាព​និង ព្រះរាជ​ពិធី​លៀង​សាយ​ភោជន៍ ជូន​ភ្ញៀវ​ជាន់ខ្ពស់​។​បច្ចុប្បន្ន ប្រាសាទ​នេះ​គឺ​សំរាប់​ជា​វេទិកា​កិត្តិយស ដែល​ព្រះមហាក្សត្រ​ទ្រង់​ទត​ការហែក្បួន​ព្យុហយាត្រា នៃ​ថ្ងៃ​បុណ្យ​កងទ័ព​ជាតិ និង​ជា​វេទិកា​កិត្តិយស​ពេល​ដែល​ព្រះមហាក្សត្រ ទ្រង់​ថ្លែង​សុន្ទ​រក ថា​ទៅ​កាន់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​នៅពេល​មាន​ពិធីបុណ្យ​សំខាន់ៗ ផ្សេងៗ​។​

 

ព្រះទីនាំង​ភោជនីយ កសាង​ឡើង​នៅ​ឆ្នាំ ១៩១៣ - ១៩១៧​សំរាប់​ប្រើប្រាស់​ក្នុង​ពិធី​លៀង​សាយភោជន ក្នុង​ពិធី​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ និង​សំរាប់​ការសំដែង​សិល្បៈ ឬ ផ្ទាំង​ទស្សនីយភាព ភាពយន្ត​ជូន​ដល់​ភ្ញៀវ​កិត្តិយស​ជាន់ខ្ពស់ របស់​ព្រះមហាក្សត្រ​។ នៅក្នុង​ពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​ជា​ទូទៅ​ប្រព្រឹត្ត​ទៅ​មាន​រយៈពេល​៥​ថ្ងៃ (​លើកលែង​តែ​ឆ្នាំ​ដែល​មាន​ឈ្មោះ​សត្វ ត្រូវ​គ្នា​នឹង​កំណើត​ព្រះអង្គ​គឺ​មាន​រយៈពេល​១​សប្តាហ៍​។​នៅពេលនេះ​ហើយ​ដែល​នាម៉ឺនា​សព្វ​មុខមន្ត្រី​បាន​រៀបចំដាក់តាំងផ​លិត​ផល​ដ៏​មាន​តំលៃ​ផ្សេងៗ នៅ​លើ​តុ​ដែល​គេ​រៀបចំ​នៅ​តាម​ថែវ​ខាងកើត និង​ខាងត្បូង​នៃ​ព្រះទីនាំង​ភោជនីយ ដែល​គេ​អោយឈ្មោះ​ថា​បុណ្យ​តាំង​តុ​។​

 

​វិមាន​ស្តេច​ណាប៉ូឡេអុង​ទី​៣ កសាងឡើង​ដោយ​ដែក មាន​លំអ​ដោយ​រូប​នាឡិកា​១​ដ៏​ធំ​សំរាប់​រាជ​នី​ជា ព្រះ​ជាយា​របស់ ព្រះ​ចៅ​អធិរាជ​ណាប៉ូឡេអុង​ទី​៣​ព្រះនាម ព្រះ​អធិរាជ​នី​អី​ហ្ស៊េ​នី ត្រូវបាន​បើក​សម្ពោធ នៅ​ឆ្នាំ ១៨៦៩​។​បន្ទាប់​មក​ព្រះ​ចៅ​អធិរាជ​ណាប៉ូឡេអុង​ទី​៣​បាន​ថ្វាយ​ជា​អនុស្សាវរីយ៍​ដល់​ព្រះបាទ​នរោត្តម ក្នុង​ឆ្នាំ​១៨៧០​ដើម្បី​ជា​ចំណង​មិត្តភាព​បារាំង​-​ខ្មែរ​យូរអង្វែង ហើយ​ប្រាសាទ​នេះ​ត្រូវបាន​រៀបចំ​ដំឡើង​ឡើងវិញ តាម​គំរូ​ដើម​ទាំង​អស់ ក្នុង​ឆ្នាំ ១៨៧៦​។​វិមាន​នេះ​ត្រូវបាន​ធ្វើ​ការជួសជុល​ជា​ថ្មី​ដោយ​ក្រុម​អ្នកបច្ចេកទេស​ស្ម័គ្រចិត្ត​បារាំង​១​ក្រុម​នៅក្នុង​ឆ្នាំ ១៩៩២​។​បច្ចុប្បន្ន ប្រាសាទ​នេះ​ត្រូវបាន​គេ​រៀបចំ ដាក់តាំង​នូវ​ផ្ទាំងគំនូរ វត្ថុ​សិល្បៈ​និង​ព្រះ​ឆាយា​លក្ខណ៍ អតីត​។​

 

ព្រះវិហារ​ព្រះ​កែវ​មរកត​ មាន​ដំកល់​ព្រះ​ពុទ្ឋបដិមា​១​អង្គ​ធ្វើ​អំពី​ត្បូង​កែវ​ដ៏​មាន​តំលៃ ដែល​មាន​ព៌ណ​ដូច​មរកត​។ រូប​ព្រះ​កែវ​មរកត​ពិត​នោះ​ត្រូវបាន​សៀម​ប្រមូល​យក​ទៅ​ជាមួយ​នឹង​រូប​ព្រះ​គោ នៅពេល​វាយលុក​បាន​ក្រុង​អង្គរ​ក្នុង​ឆ្នាំ ១៤២០​។ ភ្ញៀវ​បរទេស​និយម​ហៅ​ថា វត្ត​ប្រាក់​ព្រោះ​បាត​ក្រោម​នៃ​ព្រះវិហារ​មាន​ក្រាល​ការ៉ូ​អំពី​ប្រាក់​សុទ្ឋ ។​ព្រះវិហារ​ព្រះ​កែវ​មរកត​ត្រូវបាន​កសាងឡើង​អំពី​ឈើ ដោយ​ព្រះបាទ​នរោត្តម​ក្នុង​ឆ្នាំ​១៨៩២ រួច​សាងសង់​ជាថ្មី ឡើងវិញ​អំពី​ថ្ម ដោយ​ព្រះបាទ​នរោត្តម​សីហនុ​ក្នុង​ឆ្នាំ ១៩៦២​។ វត្ត​នេះ​មានឈ្មោះ​ថា​វត្ត តែ​ពុំ​មាន​ព្រះសង្ឃ​គង់​នៅ​ដូច​វត្ត​ដ៏​ទៅ​ឡើយ​។​កាលពី​ឆ្នាំ ១៩៤៧ ទីនេះ​មាន​តែ​ព្រះបាទ​នរោត្តម​សីហនុ​ទេ​ដែល​គង់នៅ​ទីនោះ ព្រោះ​ព្រះអង្គ​បាន​សាង​ព្រះ​ផ្នួស​អស់​រយៈពេល​១​ព្រះវស្សា​គឺ​នៅ​ថ្ងៃ​ទី ១​កក្កដា ឆ្នាំ ១៩៤៧​។​

 

​សារមន្ទីរ​រោងដំរី កសាង​ក្នុង​ឆ្នាំ​១៨៩២ ស្ថិតនៅ​ខាងត្បូង​វត្ត​ព្រះវិហារ​ព្រះ​កែវ​មរកត ជាប់​របង​ព្រះបរមរាជវាំង ដែល​ពី​ដើម គេ​ហៅថា រោងដំរី​ជា​កន្លែង​រក្សាទុក​ប្រដាប់ប្រដា និង​ចិញ្ចឹមសត្វ​ដំរី ត្រៀម​ទុក​ហែ​ក្បួន​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ផ្សេងៗ ។ នៅ​ឆ្នាំ ១៩៩៦ ក្រោយ​ព្រះរាជ​តំរិះ​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ព្រះរាជ​អង្គ​មហេសី នរោត្ដម មុនីនាថ​សីហនុ រោងដំរី​នេះ​ត្រូវបាន​រៀបចំ​ជួសជុល កែលំអ​ទៅជា​សារមន្ទីរ​រោងដំរី ដើម្បី​ដាក់​តាំង​បង្ហាញ​នូវ​គ្រឿង​ប្រដាប់ប្រដា​ហែ​ក្បួន​ដំរី ហើយ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ដែល​រួម​មាន​សាល​ពិព័រណ៍ រូបថត លំនៅស្ថាន​ខ្មែរ និង​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​ផ្ទះ​បុរាណ​​ខ្មែរ ចំនួន​២ រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សាល​តាំង​និង​លក់​វត្ថុ​អនុស្សាវរីយ៍ បន្ទប់​តាំង​គ្រឿង​ហែ​ក្បួន​ដំរី​បន្ទប់​តាំង​ព្រះ​ឆាយា​លក្ខណ៍ ស្ដី​ពី​ព្រះរាជ​សកម្មភាព ព្រះករុណា​ព្រះបាទ​នរោត្ដម​សីហនុ និង​ចុងក្រោយ បន្ទប់​តាំង​គ្រឿង​ហែ​ក្បួន​ព្រះរាជ​ពិធី​ទ្វារទសមាស​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត