ចលនា​​បះបោរ​​សំណាក់​​ពួក​បញ្ញ​វន្ត​ខ្មែរ ក្នុង​សម័យ​​អាណា​និគម​​បារាំង​​

ដោយ៖ Vayofm Teams 01-06-2015 8:20 am 2541

​ចលនា​បះបោរ ក្នុង​សម័យ​អាណានិគម​ដោយសារតែ​ការ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋការ​អាណាព្យាបាល​បារាំង​ពី​សំណាក់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ និង​ជា​ពិសេស​ពី​សំណាក់​ពួក​បញ្ញវន្ត​ខ្មែរ​ខ្លះ​ទើប​បណ្ដាលឱ្យ​មាន​ផ្ទុះឡើង​នូវ​ចលនា​បះបោរ​ប្រឆាំង​បារាំង​កើតមាន​ជា​បន្តបន្ទាប់​ដូចខាងក្រោម​នេះ​។ ជា​បន្ត​សូម​ស្តាប់​ការពណ៌នា​របស់​គួន សំបូរ​ដែល​ភាគ​បន្ត​ដូចតទៅ​៖

សម្លេង៖

 

​ក្នុង​សម័យ​អាណានិគម​បារាំង បារាំង​បាន​ជំរិត​ទារ​ពន្ធដារ​យ៉ាងធ្ងន់ធ្ង​រ ទៅលើ​ប្រជាជន​កម្ពុជា ។ មាន​តាំងពី​ពន្ធ​មនុស្ស​ពន្ធ​ដី​ពន្ធ​លំនៅ ពន្ធ​សត្វ​ព​ហនៈ ពន្ធ​យានជំនិះ ពន្ធរ​បើរ​អាជីវកម្ម​ជាដើម​។​ដើម្បី​បង់ពន្ធ​ជា​ប្រាក់​កាស​ឱ្យ​បារាំង​កសិករ​ខ្មែរ​បាន​ខិតខំ​ពង្រីក​ដំណាំ​ឧស្សាហកម្ម​មាន​កៅស៊ូ​ជា​ដើម​ព្រមទាំង​ពង្រីក​ដំណាំ​ដទៃ​ទៀត​មាន​ស្រូវ ពោត សណ្ដែក​។ ​ប៉ុន្តែ​ទិន្នផល​ដំណាំ​មិន​សូវ​ល្អ​ទេ​។​ផល​ស្រូវ​ក្នុង​មួយ​ហិច​តា​បាន​ត្រឹមតែ​ពី ១​តោន ដល់ ១.២​តោន​ប៉ុណ្ណោះ​។​ដូចនេះ​ហើយ​កសិករ​ក្រី​ក្រ ក៏​ក្លាយទៅជា​អ្នក​ជាប់បំណុល​ពួក​ឈ្មួញកណ្ដាល​និង​ឈ្មួញ​បរទេស​។ ចំណែក​ការប្រាក់​វិញ​មាន​កម្រិត​ខ្ពស់​ណាស់ ហើយ ការប្រាក់​នេះ​បាន​ក្លាយ​ជា​បន្ទុក​ដ៏​ធំ​សម្រាប​ប្រជាជន​កម្ពុជា​។

 

​ដោយហេតុ​មានការ​ជំរិត​ទារ​ពន្ធដារ​យ៉ាងធ្ងន់ធ្ង​រ ពី​សំណាក់ អាណានិគម​បារាំង​នេះហើយ បានជា​ធ្វើឲ្យ ចលនា​បះបោរ​សំណាក់​ពួក​បញ្ញវន្ត​ខ្មែរ បាន​ងើបឡើង​តវ៉ា​អាណានិគម​បារាំង​ជា​បន្តបន្ទាប់​ក្នុង​មានដូចជា​៖
​ចលនា​បះបោរ​របស់​អាចារ្យ​ស្វា​(១៨៦៤-១៨៦៦)​។​
​ចលនា​បះបោរ​របស់​ពោធិ​កំបោរ (១៨៦៥-១៨៩១)​។​
​ចលនា​បះបោរ​របស់​ស៊ី​វត្ថា (១៨៦១-១៨៩១)​។​
​ចលនា​តស៊ូ​របស់​ក្រឡាហោម​គង់ (១៨៨៥-១៨៨៦)​។​
​ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក (១៨៨៥-១៨៨៦)​។​

 

 

​ចលនា​បះបោរ​របស់​អាចារ្យ​ស្វា (១៨៦៤-១៨៦៦) ៖ កងទ័ព​អាចារ្យ​ស្វា​បាន​ធ្វើ​ការវាយលុក​ចូល​កាន់កាប់​ខេត្ត​ទ្រាំង (​កំពត តាកែវ​)​រួច​បន្ត​ដំណើរ​មក​កាន់​ក្រុងភ្នំពេញ​។ កងទ័ព​ព្រះបាទ​នរោត្ដម​ដោយ​មាន​ជំនួយ​ពីកង​ទ័ពបារាំង​បាន​វាយកម្ទេច​ចលនា​របស់​អាចារ្យ​ស្វា​ហើយ​ចាប់​អាចារ្យ​បញ្ជូនទៅ​ឃុំ​នៅ​លើ​កោះ​អង់​ទី​កណ្ដាល​មហាសមុទ្រ​។​

 

​ចលនា​បះបោរ​របស់​ពោធិ​កំបោរ (១៨៦៥-១៨៩១) ៖​កងកម្លាំង​ពោធិ​កំបោរ​មាន​អ្នកចូលរួម​ប្រហែល​មួយ​ម៉ឺន​នាក់​។​ចលនា​នេះ​ធ្វើ​សកម្មភាព​នៅ​ព្រំដែន​ឡាវ តាម​តំបន់​សងខាង​ទន្លេមេគង្គ​និង​នៅ​តំបន់​ចន្លោះ​ទីក្រុង​ឧត្ដុង្គ និង​ភ្នំពេញ​។ នៅ​ខែ មករា ១៨៦៧​កងទ័ព​ពោធិ​កំបោរ បាន​បរាជ័យ​នៅ​ជាយក្រុង​ភ្នំពេញ​។​ពោធិ​កំបោរ​បាន​ទៅ​ពួន​នៅ​កំពង់​ស្វាយ រួច​ត្រូវ​កងទ័ព​បារាំង​ចាប់​ហើយ​សម្លាប់​យក​ក្បាល​មក​ដោត​នៅ​ក្រុង​ឧត្ដុង្គ នៅ​ខែ ធ្នូ ឆ្នាំ ១៨៦៧​។​

 

​ចលនា​បះបោរ​របស់​ស៊ី​វត្ថា (១៨៦១-១៨៩១) ៖ ស៊ី​វត្ថា​ជា​បុត្រ​ទី​បី​របស់​ព្រះបាទ​អង្គឌួង ។ ចលនា​ស៊ី​វត្ថា​បាន​បង្ក​ការលំបាក​យ៉ាងច្រើន​ដល់​ព្រះមហាក្សត្រ​និង​ពួក​អាណាព្យាបាល​បារាំង​។ ពី​ឆ្នាំ ១៨៦១ ដល់ ១៨៦២​កងកម្លាំង​ស៊ី​វត្ថា​ចូល​កាន់កាប់​រាជធានី​ឧត្ដុង្គ​។ ព្រះបាទ​នរោត្ដម​ភៀសខ្លួន​ទៅ​ប្រទេ​សសៀម ហើយ​យាង​ត្រឡប់​មក​វិញ​បន្ទាប់ពី​ចលនា​បះបោរ​ត្រូវ​បាន​វាយ​បង្ក្រាប​វិញ​នៅ​ឆ្នាំ ១៨៦២​។​ស៊ី​វត្ថា​រត់​រួច ហើយ​ទៅ​ក​ទ័ព​ធ្វើ​ការបះបោរ​បន្តទៀត​។ នៅ​ឆ្នាំ ១៨៨៥​ព្រះមហាក្សត្រ និង​រាជការ​អាណានិគម សាកល្បង​ធ្វើ​ការចរចា​ជាមួយ​ស៊ី​វត្ថា​តែ​ស៊ី​វត្ថា​មិន​ព្រម​ទទួល​លក្ខខណ្ឌ​ហើយ​បន្ត​ធ្វើ​កា​រ​បះ​បោរ​​ទៀត​។ នៅ​ឆ្នាំ​១៨៩១ ស៊ី​វត្ថា​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​។ ចលនា​របស់​ស៊ី​វត្ថា​ក៏​រលំរលាយ​ត្រឹមនេះ​។​

 

​ចលនា​តស៊ូ​របស់​ក្រឡាហោម​គង់ (១៨៨៥-១៨៨៦) ៖​កងទ័ព​របស់​ក្រឡាហោមគង់​ប្រយុទ្ធ​រំដោះ​ខ្លួន​ពី​អំពើ​ជិះជាន់​របស់​ពួក​អាណាព្យាបាល​។ ចលនា​នេះ​មាន​ការគាំទ្រ​អំពី​កសិករ ជនជាតិ​ចិន​មួយចំនួន​និង​ព្រះសង្ឃ​។ នៅ​ឆ្នាំ ១៨៨៦ បារាំង​បាន​ធ្វើ​ល្បិច​អញ្ជើញ​ក្រឡាហោមគង់​មក​ធ្វើការ​ចរចា រួច​ចាប់​លោក​ចង​ផ្អោប​បំពង់ផ្សែង​កប៉ាល់​រហូត​ទទួលមរណភាព​។​

 

​ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក (១៨៨៥-១៨៨៦) ៖ ក្រុម​របស់​ពិស្ណុលោក​ឈូក​បាន​រួបរួម​ជាមួយ​ក្រុម​របស់​ក្រឡាហោមគង់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អាណាព្យាបាល​ធ្វើឱ្យ​កងទ័ព​បារាំង​មានការ​ខូច​ខាត​​ជា​ដំណំ​។​នៅពេល​ធ្វើដំណើរ​មក​ចូលរួម​កិច្ចចរចា​តាម​សំណើ​ពួក​បារាំង​លោក​បាន​ត្រូវ​គេ​លួច​ធ្វើ​ឃាត​។​

 

​កម្ពុជា​ចុង​សម័យ​អាណានិគម​

​ព្រះបាទ​នរោត្ដម សីហនុ បាន​ឡើង​សោយរាជ្យ នៅ​ឆ្នាំ ១៩៤១​គឺ​ចំ​ពេល​ដែល​ភ្លើង​សង្គ្រាមលោកលើកទី​២ កំពុង​ឆាបឆេះ​។ នៅពេល​ដែល​ពួក​យោធានិយម​ជប៉ុន​កំពុង​មាន​ជ័យជម្នះ​នៅ​ចុង​បូ​ព៌ា និង​អាស៊ី​អាគ្នេយ៍​។​បារាំង​ចុះចាញ់​សង្គ្រាម​ហើយ​បាន​ព្រមព្រៀង​ស្ដីពី​កិច្ចការពារ​រួម​លើ​ដែនដី​ឥណ្ឌូចិន​។​ម្ដងនេះ​ប្រទេស​កម្ពុជា បាន​ធ្លាក់ទៅ​នៅ​ក្រោម​របប​ត្រួតត្រា​ពីរ​ត្រួត​គឺ​អាណានិគម​បារាំង និង​របប​យោធា​ជប៉ុន​។​ជប៉ុន​បាន​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​មូលដ្ឋានទ័ព និង​គា​បយក​វត្ថុធាតុដើម​ខាង​កសិកម្ម​ដោយ​តម្លៃថោក​បំផុត​។ តាម​ការទាមទារ របស់​ជប៉ុន​រដ្ឋាភិបាល​បារាំង​បង្ខំ​ឱ្យ​កសិករ​ខ្មែរ​លក់​ផលដំណាំ​បំពេញ​តម្រូវការ​សេដ្ឋកិច្ច​ជប៉ុន​។ នៅ​ឆ្នាំ ១៩៤១ ដល់ ១៩៤៨​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​បាន​ថយចុះ​។​

​ចលនា​តស៊ូ​នៅ​ចុង​សម័យ​អាណានិគម​
​ក្រុម​ដែល​លំអៀង​ទៅខាង​ជប៉ុន​
​មេដឹកនាំ​ក្រុម​នេះ​គឺ​លោក សឹង ង៉ុក​ថាញ់​។ នៅ​ឆ្នាំ ១៩៤៥​ជប៉ុន​បាន​បណ្ដេញ​បារាំង​ចេញពី​ប្រទេស​កម្ពុជា ហើយ​ប្រកាស​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ដោយ​លើក សឹង ង៉ុក​ថាញ់ ឱ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដែល​តាម​​ការពិត​រដ្ឋាភិបាល​របស់ សឹង ង៉ុក​ថាញ់​គ្រាន់តែ​ជា​រដ្ឋាភិបាល​ទីងមោង​ប៉ុណ្ណោះ​នៃ​ឯករាជ្យ​ក្លែងក្លាយ​ដែល​ផ្ដល់​ដោយ​ពួក​យោធានិយម​ជប៉ុន​។​ក្រោយពេល​ជប៉ុន​ចាញ់​សង្គ្រាមលោកលើកទី​២​បារាំង​​បាន​វិល​មក​កាន់​កម្ពុជា​ជា​ថ្មី កងទ័ព​របស់ សឹង ង៉ុក​ថា​ញ់​បាន​ប្រឹង​ទប់ទល់​នឹង​បារាំង​ដែរ តែ​ពុំ​អាច​តស៊ូ​នឹង​បារាំង​បាន​ឡើយ​ហើយ​សឹង ង៉ុក​ថាញ់ ត្រូវបាន​ចាប់ខ្លួន​យក​ទៅ​ឃុំ​នៅ​ប្រទេស​បារាំង​។​នៅ​​ឆ្នាំ ១៩៥១ បារាំង​បាន​ដោះលែង សឹង ង៉ុក​ថាញ់​តាម​សំណើ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។ នៅ​ដើមឆ្នាំ ១៩៥២ សឹង ង៉ុក​ថាញ់​បាន​រត់​ទៅ​ប្រទេ​សថៃប​ង្កើ​ត​ចលនា​ខ្មែរ​សេរី​។​

 

* ក្រុម​ដែល​មាន​និន្នាការ​ខាងកុ​ម្មុយ​និ​ស្ត​
​នៅ​ឆ្នាំ ១៩៣០​ចលនា​ប្រជារាស្ត្រ​បាន​រួបរួម​ជាមួយ​ក្រុម​ដែល​មាន​និន្នាការ​ខាងកុ​ម្មុយ​និ​ស្ត​។ បន្ទាប់​ពី​ការមកដល់​នៃ​របប​យោធានិយម​ជប៉ុន​ក្រុម​នេះ​បាន​ក្លាយទៅជា​រណសិរ្ស​អ្នក​ស្នេហា​មាតុភូមិ​ខ្មែរ​ឬ​ហៅ​ខ្មែរ​ឥស្សរៈ​។ ស្ថានភាព​រង្គោះរង្គើ​ខាង​សេដ្ឋកិច្ច​និង​សង្គម​នៃ​ប្រទេស​ផ្ដល់​ឱ្យ​រណសិរ្ស​ខ្មែរ​ឥស្សរៈ ពង្រីក​មូលដ្ឋាន​នយោបាយ​និង​ពង្រីក​ចម្បាំង​ឈ្លប​ទៅលើ​ពួក​អាណានិគម​។​ទោះបី​មាន​ប្រតិ​បត្តិ​ការ​​ការបង្ក្រាប​ដ៏​សាហាវ​អំពី​កងទ័ព​បារាំង​ក៏​ដោយ​ក៏​កងកម្លាំង​ខ្មែរឥស្សរៈ​បាន​វាយប្រហារ​តប​វិញ​ធ្វើឱ្យ​បារាំង​មាន​ការខូចខាត​ដែរ​។​

 

​ព្រះ​មហាក្សត្រ​សោយរាជ្យ​ក្នុង​សម័យ​អាណានិគម​
​ក្នុង​សម័យ​អាណានិគម​បារាំង មាន​ព្រះមហាក្សត្រ ៤ ព្រះអង្គ ដែល​បាន​ឡើង​គ្រងរាជ្យ​បន្តបន្ទាប់​គ្នា​គឺ​៖
* ព្រះបាទ​នរោត្ដម (១៨៥៩-១៩០៤)
* ព្រះបាទ​ស៊ី​សុវត្ថិ (១៩០៤-១៩២៧)
* ព្រះបាទ​ស៊ី​សុ​វតិ្ថ​មុនី​វង្ស (១៩២៧-១៩៤១)
* ព្រះបាទ​នរោត្ដម សីហនុ (១៩៤១-១៩៥៥)៕

(ដោយ៖គួន សំបូរ)

 


ព័ត៌មានផ្សេងទៀត