ប្រទេសកម្ពុជា​​​ក្រោម​សម័យ​​អាណា​និគម​​បារាំង​​

ដោយ៖ Vayofm Teams 24-05-2015 3:29 pm 4310

​ប្រទេស​កម្ពុជា បាន​ស្ថិតនៅក្រោម​អាណានិគមនិយម​បារាំង​អស់​ជិត​មួយ​សតវត្ស​ដោយ​គិត​ចាប់ពី​ឆ្នាំ ១៨៦៣​រហូតដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៥៣​។​ស្ថិតនៅក្រោម​អាណានិគមនិយម​បារាំង បារាំង​បាន​ប្រើ​យុទ្ធិសាស្ត្រ​ចំនួន​៣​តំណាក់កាល​ក្នុង​គ្រប់​គ្រោង​ប្រទេស​កម្ពុជា​។ នៅក្នុង​នោះ​ក៏​មាន​ការ ជំរិត​ទារ​ពន្ធដារ​យ៉ាងធ្ងន់ធ្ង​រ ប្រជាពលរដ្ឋ​កម្ពុជា​យើង​ផង​ដែរ​។ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ដំណើ​​នៃ​អាណានិគមនិយម​របស់​ប្រទេស​បារាំង​កម្ពុជា​នេះ ជា​បន្ត​សូម​ស្តាប់​គួន សំបូ​ដូចតទៅ​៖

 

​នៅ​ឆ្នាំ ១៨៦២ បន្ទាបពី​ដំណើរ​របស់ លោក​ទេសាភិបាល​បារាំង​ប្រចាំ​ក្រុង​ព្រៃនគរ មកដល់​ប្រទេស​កម្ពុជា បារាំង​បាន​យល់​ថា​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​នេះ​អាច​ឱ្យ​បារាំង​បង្កើត​មូលដ្ឋាន ដើម្បី​បន្ត​ដំណើរ​​ទៅ​កាន់កាប់​ទិសឧត្ដរ និង​បស្ចិម​នៃ​ឥណ្ឌូចិន ព្រមទាំង​អាចបង្កើតរ​បាំង​ខណ្ឌ​ដែនដី​ដែល​កាន់កាប់​ដោយ​បារាំង និង​អង់គ្លេស​នៅ​ឥណ្ឌូចិន​បាន​ផង​ដែរ​។ នៅក្នុង​ឆ្នាំ​១៨៦០-១៩០៤​បារាំង​បាន​បញ្ជូន​លោក​ឡា​ក្រង់​ឌី​យែ មក​ចរចា​បញ្ចុះបញ្ចូល ព្រះបាទ​នរោត្ដម ឱ្យ​យល់ព្រម​ចុះ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ស្ដីពី​អាណា​ព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣​។ ប្រទេ​​ស​​សៀម​ប្រឆាំង​យ៉ាងខ្លាំង​នឹង​សន្ធិសញ្ញា​នេះ ហើយ​ធ្វើ​ការគំរាមកំហែង​ព្រះបាទ​នរោត្ដម ដោយ​មិន​ព្រម​ប្រគល់​មកុដរាជ្យ​និង​គ្រឿង​រាជកកុធភណ្ឌ​មក​ថ្វាយ​ព្រះអង្គ​វិញ​ទេ​។​ពួក​មន្ត្រី​ខ្មែរ​ដែល​មាន​និន្នា​ការ​​លំអៀង​ទៅខាង​សៀម​បាន​ទាក់ទាញ​ព្រះបាទ​នរោត្ដម ឱ្យ​វិល​មក​រក​សៀម​វិញ​។ ប៉ុន្តែ​បារាំង​បាន​ប្រឆាំង​តប​វិញ​ដោយ​បញ្ជូន​កប៉ាល់​ប្រាំ​គ្រឿង និង​ទាហានជើងទឹក ១០០​នាក់​ឡើង​មក​កាន់​រាជធានី​ឧត្ដុង្គ និង​ទីក្រុង​ភ្នំពេញ​។​បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្ត​បាត់ដំបង និង​សៀមរាប​ឱ្យទៅ​សៀម​និង​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ប្រទេស​សៀម​ស្ដី​ពី​ពិធី​រាជាភិសេក​ព្រះបាទ​នរោត្ដម​ជា​ព្រះមហាក្សត្រ​ពេញ​លក្ខណៈ​នៅ​រាជធានី​ឧត្ដុង្គ នា​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​១៨៦៤​។ មកដល់​ឆ្នាំ​១៨៦៧​ទើប​សៀម​ព្រម​ទទួលស្គាល់​សិទ្ធិ​របស់​ប្រទេស​បារាំង​ក្នុង​ការដាក់​របប​អាណាព្យាបាល​មក​លើ​កម្ពុជា​។​

 

​ការត្រួតត្រា​របស់​បារាំង​
​ដំណាក់​ទី​១
​បារាំង​បាន​ប្រកាន់​យក​វី​ធី​ត្រជាក់ ក្នុង​ការត្រួតត្រា​កម្ពុជា​អស់​ពេល​ដ៏​យូរ​។ ចាប់តាំងពី​ឆ្នាំ ១៨៦៣​មក ព្រះមហាក្សត្រ​ខ្មែរ​បាន​ចុះ​ព្រះហស្តលេខា​លើ​លើ​ក្រឹត្យ ឬ​សេចក្ដីប្រកាស​ជាច្រើន​ដែល​សុទ្ធតែ​ផ្ដល់​ចំណេញ​ដល់​បារាំង​ទាំង​អស់​។ ឃើញ​យ៉ាង​នេះ​ព្រះមហាក្សត្រ​ខ្មែរ បាន​ឱ្យ​មនុស្ស​ជំនិត​របស់​ព្រះអង្គ​បង្ក​ការបះបោរ​ដើម្បី​ការពារ​ព្រះមហាក្សត្រ​។​

​ដំណាក់​ទី​២
​នៅ​យប់​ថ្ងៃទី ១៧ មិថុនា ១៨៨៤ ទេសាភិបាល​បារាំង​ម្នាក់​ឈ្មោះ​តុម សុន​បាន​បញ្ជា​ទាហាន​មួយក្រុម និង​កប៉ាល់ចម្បាំង​ឈ្មោះ "​អា​ឡូ​អែ​ត​"​ឡោម​ព័ទ្ធ​ព្រះរាជវាំង​ហើយ​គំរាមកំហែង​ព្រះបាទ​នរោត្ដម​ឱ្យ​ចុះ​ព្រះហស្តលេខា​លើ​កិច្ចព្រមព្រៀ​ង​មួយ​ដែល​មាន​មាត្រា​ខ្លះៗ ដូចជា​៖

* ចៅហ្វាយខេត្ត​ទាំងអស់​ត្រូវ​នៅក្រោម​ការត្រួតត្រា​របស់​ទេសាភិបាល​បារាំង​។​
* ខេត្ត​ដែល​ពីមុនមក​មាន​ចំនួន ៥៧ ត្រូវ​បង្រួម​មក​ត្រឹម ៥០ ហើយ​មាន​ចែក​ជា​ស្រុក និង​ឃុំ​។​
* មហាក្សត្រ និង​រាជវង្ស ទទួល​ប្រាក់ខែ អំពី​រដ្ឋបាល​បារាំង​។​
* ពន្ធ​ទាំង​អស់ ត្រូវ​ធ្លាក់​ក្នុង​អំណាច​បារាំង​។​
* រាជធានី​ភ្នំពេញ​ត្រូវ​ស្ថិត​នៅក្រោម​ការត្រួតត្រារ​បស់​ទេសាភិបាល​ជាន់ខ្ពស់​របស់​បារាំង​។​ទេសាភិបាល​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ដែល​មាន​សមាសភាព ១២​រូប​ក្នុងនោះ​ជនជាតិ​បារាំង ៦​រូប ខ្មែរ ៣​រូប និង​យួន ៣​រូប​។​

​មកដល់​ឆ្នាំ ១៨៨៧​បារាំង​ទាមទារ​ឱ្យ​ព្រះមហាក្សត្រ​ខ្មែរ ចុះ​ព្រះហស្តលេខា​លើ​រាជក្រឹត្យ​មួយ​មានន័យថា ព្រះមហាក្សត្រ​សោយរាជ្យ ប៉ុន្តែ​មិន​ត្រួតត្រា​ទេ​។​

​ដំណាក់​ទី​៣
​នៅ​ខែ តុលា ឆ្នាំ ១៨៨៧​បារាំង​បាន​បញ្ចូល​ប្រទេស​កម្ពុជា​ទៅក្នុង​សហភាព​ឥណ្ឌូចិន​បារាំង​មាន​ន័យ​ថា​កម្ពុជា ជា​ដែនដី​មួយ​ចំណែក​របស់​បារាំង​គឺជា​ប្រទេស​មួយ​ដែល​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​និង​វត្ថុធាតុដើម​សម្រាប់​ប្រទេស​បារាំង ។ សន្ធិសញ្ញា​បារាំង​-​សៀម​នា​ឆ្នាំ​១៩០៤ បាន​ធ្វើឱ្យ​កម្ពុជា​បាត់បង់​ដែនដី​ម្លូ​ព្រៃ ទន្លេរ​ពៅ និង​ព្រះវិហារ​។ ប៉ុន្តែ​សន្ធិសញ្ញា​ឆ្នាំ ១៩០៧​គឺ​ក្នុង​រាជ្យ​ព្រះបាទ​ស៊ីសុវត្ថិ (១៩០៤-១៩២៧)​ប្រទេស​កម្ពុជា​បាន​ទទួល​ខេត្ត​បាត់ដំបង និង​សៀមរាប​មកវិញ​។​

​ស្ថានភាព​ប្រជាករ​កម្ពុជា ក្នុង​សម័យ​អាណានិគម​បារាំង​បាន​ជំរិត​ទារ​ពន្ធដារ​យ៉ាងធ្ងន់ធ្ង​រ​។ មាន​តាំងពី​ពន្ធ​មនុស្ស​ពន្ធ​ដី​ពន្ធ​លំនៅ ពន្ធ​សត្វ​ព​ហនៈ ពន្ធ​យានជំនិះ ពន្ធ​របរ​អាជីវកម្ម -​ល​-​។​ដើម្បី​បង់ពន្ធ​ជា​ប្រាក់​កាស​ឱ្យ​បារាំង​កសិករ​បាន​ខិតខំ​ពង្រីក​ដំណាំ​ឧស្សាហកម្ម​មាន​កៅស៊ូ​ជាដើម​ព្រមទាំង​ពង្រីក​ដំណាំ​ដទៃទៀត​មាន​ស្រូវ ពោត សណ្ដែក -​ល​-​។​ប៉ុន្តែ​ទិន្នផល​ដំណាំ​មិន​សូវ​ល្អ​ទេ​។​ផល​ស្រូវ​ក្នុង​មួយ​ហិច​តា​បាន​ត្រឹមតែ​ពី ១​តោន ដល់ ១.២​តោន​ប៉ុណ្ណោះ​។​ដូចនេះ​ហើយ​កសិករ​ក្រី​ក្រ ក៏​ក្លាយទៅជា​អ្នក​ជាប់បំណុល​ពួក​ឈ្មួញកណ្ដាល​និង​ឈ្មួញ​បរទេស​។​ចំណែក​ការប្រាក់​វិញ​មាន​កម្រិត​ខ្ពស់​ណាស់​គឺ ពី ១០០%​ដល់ ១៥០% ជួនកាល ២០០% ក្នុង​មួយ​ឆ្នាំ​។​

 

​ដើម្បី​ឱ្យ​ងាយ​ក្នុង​ការកសាង​មនុស្ស​សម្រាប់​បម្រើការ​ឱ្យ​រដ្ឋការ​អាណាព្យាបាល​បារាំង​បាន​បង្កើត​ឱ្យមាន​គ្រឹះស្ថាន​សិក្សា​ខ្លះៗ​ដូចជា​៖
* សាលាបឋមសិក្សា​៖ ឆ្នាំ ១៩១១ មាន​សាលា ៣០ នៅ​ឆ្នាំ ១៩៣៧ មាន ៨១៣ ។​
* សាលា​មធ្យមសិក្សា​៖ នៅ​ឆ្នាំ ១៩១១​មាន​អនុវិទ្យាល័យ​ស៊ីសុវត្ថិ​មួយ​។ នៅ​ឆ្នាំ ១៩៣៥​អនុវិទ្យាល័យ​នេះ​ត្រូវបាន​បង្កើត​ឱ្យទៅជា​វិទ្យាល័យ​ស៊ីសុវត្ថិ​។​
* សាលា​បច្ចេកទេស​៖ ឆ្នាំ ១៩១៧ មាន​សាលា​អប់រំ​បច្ចេកទេស ខាង​សិល្បៈ និង​សិប្បកម្ម​មួយ គឺ​សាលា​រចនា​។​

 

​សូម​ស្លេះ​តែត្រឹម​នេះ​សិន​សប្តាហ៍ក្រោយ​ខ្ញុំ​និង​លើកយក ចលនា​បះបោរ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ការដឹកនាំ​ដោយ ពោធិ​កំបោរ​ប្រឆាំង​ទៅ​និង​ការ​រដ្ឋការ​អាណាព្យាបាល​បារាំង​ពី​សំណាក់​ប្រជារាស្ត្រ​ខ្មែរ​ជា​បន្តទៀត​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត