ប្រ​វត្តិ​នៃ​​ការកសាង​​រាជធានី​​ចតុមុខ​​

10-05-2015 3:44 pm 10791

​នៅ​ឆ្នាំ ១៤៣១ ព្រះបាទ​ពញាយ៉ាត ទ្រង់​បាន​លើក​រាជធានី​ពី​អង្គរ ទៅ​តាំងនៅ ទួល​បា​សាន ក្នុង ខេត្ត​ស្រី​ស​ឈរ (​កំពង់ចាម​) វិញ​។ តែ​ដោយ​តំបន់​នោះ​រងគ្រោះ​ដោយ​ទឹកជំនន់ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​លើក​រាជធានី​ពី ទួល​បា​សាន ទៅ​តាំងនៅ​ចតុមុខ​វិញ​។ ក្រោយ​ពី​ការកសាង​រាជធានី​រួចរាល់ ព្រះរាជា​ទ្រង់​តាំង​ប្រទាន​នាម​ឲ្យ​ព្រះ​នគ​រថា ក្រុង​ចតុមុខ​មង្គល សកល​កម្ពុជា​ធិបតី សិរី​ធរ បវរ​ឥន្ទបត្ត​បុរី​រដ្ឋ​រាជ​សីមា មហា​នគរ​។​ដើម្បី​យល់​កាន់តែ​ច្បាស់​ប្រ​វត្តនៃ​ការ​ការកសាង​រាជធានី​ចតុមុខ​នេះ ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ពណ៌នា ដូចតទៅ​៖

​ព្រះបាទ​បរម​រាជា​ចៅ​ពញាយ៉ាត ទ្រង់​បាន​លើក​រាជធានី​ទៅ​តាំង​នៅ​ទួល​បា​សាន​ក្នុង​ខេត្ត ស្រី​ស​ឈរ​(​កំពង់ចាម​) វិញ​តែ​គង់នៅ​ទីនោះ​បាន​តែ ១​ឆ្នាំ (​ក្បួន​ខ្លះ​ថា​ដល់​៩​ឆ្នាំ​)​ដោយ​មាន​ទឹកជំនន់​ធំ​ខុស​ធម្មតា​​ព្រះអង្គ​ក៏​បញ្ជា​អោយ​លើក​រាជធានី​ពី​ទួល​បា​សាន​ទៅ​តាំងនៅ​ក្រុង​ភ្នំពេញ​វិញ​នៅលើ​ត្រើយ​ខាងលិច​នៃ​ទន្លេ​ច្រាប​ឈាម​។ ព្រះអង្គ​ទ្រង់​ត្រាស់​បង្គាប់​អោយ សម្ដេចចៅពញា​កែ និង ឧកញ៉ា​ហោរា​ធិបតី​ខៀវ ព្រម​ដោយ​មន្ត្រី​ឯទៀត​ខ្លះ​ផង​អោយ​ទៅ​ពិនិត្យមើល​ទី​ដី​ដែល​ស្ថិតនៅ​ជិតៗ​ភ្នំ​ដូនពេញ​។​លុះ​ទៅ​ធ្វើការ​ពិនិត្យ​ក្បួនតម្រា​សព្វគ្រប់​ហើយ​មន្ត្រី​ទាំងនោះ​ក៏​ថ្វាយ​ដំណឹង​ទៅ​ព្រះរាជា​វិញ​ថា​តំបន់​ដែល​ស្ថិត​នៅ​ទិសអាគ្នេយ៍​នៃ​ភ្នំ​ដូនពេញ មានជ័យ​ភូមិ​ល្អ​ល្មម​ស្ថាប​នា​រាជធានី​បាន​។ ព្រះអង្គ​ក៏​ទ្រង់​ត្រាស់​អោយអស់​ចៅហ្វាយស្រុក​កែន​រាស្ត្រ​មក​ជួយ​កសាង​ព្រះ​រាជធានី លើក​ដី​ធ្វើ​កំពែង សង់​ប្រា​សាទ​​និង​តំណាក់​តូច​ធំ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ។​លុះ​កិច្ចការ​បាន​បំពេញ​ចប់សព្វគ្រប់​ហើយ ព្រះអង្គ​ក៏​បាន​យាង​មក​គង់នៅ​រាជវាំង​ភ្នំ​ដូនពេញ​តាម​ផ្លូវទឹក​ដោយមាន​នាម៉ឺន​សព្វ​មុខមន្ត្រី​ដង្ហែ​មក​ផង ។ លុះ​យាង​មក​ដល់​ហើយ ព្រះអង្គ​ក៏​ទ្រង់​ត្រាស់បង្គាប់ ចៅពញា​តេជោ ចៅហ្វាយស្រុក​ខេត្ត​សំរោង​ទង អោយ​កែន​រាស្ត្រ​លើកដី​ចាក់​បំពេញ​តំបន់​នៅ​ជុំវិញ​វត្តភ្នំ និង​ក្នុង​រាជ​វាំង​។​ដូច្នេះ​តំបន់​នោះ​ក៏​បាន​រាបស្មើ​ល្អ រហូត​ដល់​មាត់​ទន្លេ​ដែល​អ្នកផង​និយម​ហៅ​កំពង់​រាប​ចាប់តាំងពី​ពេលនោះ​មក​។ ឯ​ទី​ដែល​ចៅពញា​តេជោ​អោយ​រាស្ត្រ​ជីក​យក​អាចម៍ដី​នោះ​ក៏​ក្លាយទៅជា​បឹង​មួយ​ធំ​ជ្រៅ​ទូលាយ​ទើបបាន​គេ​អោយឈ្មោះ​ហៅ​បឹង​តេជោ តរៀងមក គឺ​ទី​ដី​ត្រង់​ផ្សារ​ថ្មី​សព្វថ្ងៃ​។​

 

​ត​មក​ទៀត​ព្រះរាជា​ទ្រង់​ត្រាស់បង្គាប់ ឧកញ៉ា​វង្សា​អនុ​ជិតផ្លុង ចៅហ្វាយស្រុក​ខេត្ត​បាទី​អោយ​ជីក​ព្រែក​បង្ហូរ​ទឹកទន្លេ​ចូលទៅ​ក្នុង​បារាយណ៍​មួយ នៅក្នុង​រាជធានី​សម្រាប់​យក​ទឹក​ប្រើប្រាស់​ដល់​ប្រជារា​ស្ត្រ​​ទាំងអស់គ្នា ព្រែក​នោះ​គេ​ហៅថា ព្រែក​ឧកញ៉ា​ផ្លុង​។ បើ​តាម​ស្រាវជ្រាវ​ទៅ​ឃើញ​ថា​ពី​ដើម​ព្រែក​នេះ​ស្ថិតនៅតាម​បណ្ដោយ​សួនច្បារ​នៅមុខ​ស្ថានីយ​កណ្ដាល​នៃ​អយស្ម័យយាន គឺ​ស្រប​នឹង​វិថី​ឧកញ៉ា​​ផ្លុង​សព្វថ្ងៃ​នេះ​ឯង​។ ដើម្បី​ជា​កិច្ចការពារ ព្រះរាជា​ទ្រង់​បញ្ជា​អោយ​ជីក​គូ និង​លើកដី​កំពែង  ជា​បន្ទាយ​ព័ទ្ធជុំវិញ​រាជធានី​។ ដូច្នេះ នៅ​ទិស​ខាងត្បូង​គឺ ព្រែក​តាកែវ ខាងលិច ព្រែក​អូគរ ខាងជើង ព្រែក​ពោងពាយ ឬ ព្រែក​ចិន​ដំ​ដែក ព្រោះ​នៅ​កន្លែង​នោះ​មាន​ជនជាតិ​ចិន​រកស៊ី​រប​រ​ដំ​ដែក​។​

 

ក្រៅ​ពី​មុខងារ​ការពារ​ក្រុង​ព្រែក​ទាំងនោះ​នៅ​មាន​មុខងារ​សំខាន់​ម្យ៉ាង​ទៀត​គឺ​យក​ទឹក​សម្រាប់​អោយ​រាស្ត្រ​ធ្វើស្រែ​នៅ​ទិស​ខាងលិច ។ ពួក​នាម៉ឺន​សព្វ​មុខមន្ត្រី​និង​ពួក​ប្រជារាស្ត្រ​បាន​សង់​គេហដ្ឋាន​រៀង​​ៗ​ខ្លួន​ក្នុង​បរិវេណ​នៃ​រាជធានី ។​លុះ​សម្រេច​ការកសាង​ហើយ ព្រះរាជា​ទ្រង់​តាំង​ប្រទាន​នាម​ព្រះ​នគ​រថា ក្រុង​ចតុមុខ​មង្គល សកល​កម្ពុជា​ធិបតី សិរី​ធរ បវរ ឥន្ទបត្ត​បុរី រដ្ឋ​រាជ សីមា មហា​នគរ ។ ចំណែក​ឯ​ទន្លេ​ច្រាប​ឈាម ក៏​ត្រូវ​បាន​ប្រសិទ្ធិ​នាម​ថ្មី​ថា ទន្លេ​ចតុមុខ វិញ​ដែរ​។ ក្រោយ​បន្តិច​មក ព្រះរាជបុត្រ​ច្បង​ព្រះនាម នរាយណ៍​រាជា ទ្រង់​បាន​តែងតាំង​ជា​ឧបរាជ ហើយ​យាង​ទៅ​គង់​ក្នុង​ព្រះ​តំណាក់​នៅ​ជ្រោយ​​រលួស​។ ឯ​ព្រះរាជបុត្រ​ទី​ពីរ​ព្រះនាម ស្រី​រាជា យាង​ទៅ​គង់​នៅ​ខាងលិច ត្រង់​ដី​ទួល​មួយកន្លែង​ដែល​ត​មក​គេ​ហៅថា ទួល​ព្រះ​ស្រី (​ម្ដុំ​វត្ត​ព្រះពុទ្ធ​មានបុណ្យ​សព្វថ្ងៃ​)​។ នៅ​គ្រានោះ ព្រះវិហារ​កសាង​ឡើង​ដោយ​ដូនពេញ​ក៏​បាន​ទ្រុឌទ្រោម​ខ្លះ​ទៅ​តាម​កាល​វេលា​។ ព្រះបាទ​បរម​រាជា​ចៅ​ពញាយ៉ាត​ទ្រង់​បាន​កសាង​វិហារ​នោះ​ជា​ថ្មី​ឡើងវិញ​ដោយ​ពង្រីក និង​ពូន​ភ្នំ​ដី​អោយ​កាន់តែ​ខ្ពស់​ជាង​ដើម​ហើយ​​ទ្រង់​ចាត់​អោយ​ក្រាល​ថ្ម​នៅ​កំពូល​ខាងលើ​និង​កសាង​ចេតិយ​មួយ​យ៉ាង​ធំ​ពី​ខាងក្រោយ​ព្រះវិហារ​។​រួច​ព្រះអង្គ​ទ្រង់​បញ្ជា​អោយ​ទៅ​យក​ព្រះ​ពុទ្ធបដិមា​លង្ហិន​ដែល​សេសសល់​នៅ​នគរ​វត្ត ព្រម​ទាំង​រូប​​សិង្ហ​តោ មក​តំកល់​និង​តាំង​នៅ​លើ​ភ្នំ​នោះ​។​ពិធី​ត្រូវធ្វើ​អស់​រយៈពេល​បី​ថ្ងៃ​គេ​យក​ព្រះ​ពុទ្ធបដិមា​ដែល​ដូនពេញ​បាន​រកឃើញ​ពី​ក្នុង​ដើម​គគីរ​ពីមុន​នោះ​ទៅ​តម្កល់​ក្នុង​ជាន់​ខាងលើ​នៃ​ចេតិយ​ធំ ឯ​ព្រះ​ពុទ្ធបដិមា​ដែល​យក​ពី​នគរវត្ត​ត្រូវបាន​តម្កល់​នៅ​ក្នុង​ជាន់​ក្រោម​។ វត្តភ្នំ​ដូនពេញ​ត្រូវ​ប្រសិទ្ធិ​នាម​ថ្មី​ថា វត្ត​ព្រះ​ចេតិយ​ប​ព៌ត វិញ​។ ក្រៅពីនេះ ព្រះរាជា​ទ្រង់​បាន​ចាត់​អោយ​កសាង​វត្ត​អារាម នៅ​ច្រើន​កន្លែង​ក្នុង​រាជធានី : វត្ត​ពីរ​នៅ​ខាងកើត​វត្តភ្នំ​គឺ វត្ត​ធម្ម​លង្កា និង វត្ត​កោះ វត្ត​មួយ​នៅ​ខាងត្បូង​អូរ​ចិន​ដំ​ដែក​គឺ វត្ត​ព្រះ​ពុទ្ធឃោសា (​សព្វថ្ងៃ​ហៅ វត្ត​ព្រះពុទ្ធ​ឃោសា​រាម ឬ​វត្ត​ចិន​ដំ​ដែក នៅជាប់​នឹង​វត្ត ពិ​ភ​ទ្ទ​រង្សី​មាន​វិថី​ឧកញ៉ា​អ៊ុំ​ខណ្ឌ​កណ្ដាល​។​នៅខាងមុខ​ព្រះវិហារ​វត្ត​នេះ​សព្វ​ថ្ងៃ​គេ​ឃើញ​មាន​រូប​ទ្វារបាល​ពីរ​នាក់​ជា​រូប​ចិន​ដែល​គេ​អាច​មើល​ស្គាល់​យ៉ាង​ងាយ​ដោយសារ​លក្ខណៈ មុខមាត់ សម្លៀក​បំពាក់​និង​គ្រឿង​អាវុធ​)​វត្ត​មួយ​នៅ​ត្រង់​មាត់​ទន្លេ​ក្បែរ​ពាក​ព្រែក​ឧកញ៉ា​ផ្លុង​គឺ វត្ត​ពាម​ផ្លុង វត្ត​មួយ​នៅត្រង់​ចេតិយ​ធំ វត្ត​ឧណ្ណាលោម​ហើយ​វត្ត​មួយទៀត​ហៅ​វត្ត​ខ្ពប​តា​យ៉ង​។​

 

​ជា​ការកត់សំគាល់​ថា​វត្ត​ចុងក្រោយ​នេះ សព្វថ្ងៃ​ស្ថិតនៅត្រង់​វត្ត​បទុម​វ​តី​។ បើ​តាម​អក្សរ​ចារឹក​តំកល់​នៅ​ទីនោះ ព្រះបាទ​បរម​រាជា​ចៅ​ពញាយ៉ាត​បាន​សាង​វត្ត​នេះ​នៅ គ​.​ស​. ១៤៤២ លើ​ទី​មួយ​មាន​ទំហំ ២០២​ម X ២៦០​ម​។ វត្ត​នេះ​គេ​ហៅថា វត្ត​ខ្ពប​តា​យ៉ង ព្រោះ​នៅ​ខាងត្បូង​មាន ខ្ពប​របស់​តា​យ៉ង​។ ព្រះវិហារ​វត្ត​នេះ​ត្រូវបាន​កសាង​ថ្មី​ពីរ​លើក​ទៀត​៖​លើក​ទី​១ នៅ​គ​.​ស​. ១៨៦៥ ក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេច​​​នរោត្តម លើក​ទី​២ នៅ​គ​.​ស​.១៩៣៧ ក្នុង​រជ្ជកាល​របស់​ព្រះស៊ីសុវត្ថិ​មុនី​វង្ស​។ គួរ​គប្បី​ជ្រាប​ម្យ៉ាងទៀត​ថា វត្ត​ឧណ្ណាលោម​នៅ​រក្សា​ឈ្មោះ​ដដែល​តាំងពី​ពេល​កសាង​រហូតមកដល់​សព្វថ្ងៃ​ហើយ​ឈ្មោះ​​នេះ​ត្រូវ​បាន​ប្រសិទ្ធ​ឡើង​ដោយ​យក​តាម​ឈ្មោះ​ចេតិយ​ដែល​គេ​បញ្ចុះ​ព្រះ​ឧណ្ណាលោម​គឺ​រៀម​ប្រជុំ​ចិញ្ចើម​នៃ​ព្រះ អស្ស​ជិត​ត្ថេ​រ​។ នៅ​ខាង​មុខ​វត្ត​នេះ គឺ​នៅ​ជិត​មាត់​ទន្លេ ព្រះរាជា​ទ្រង់​អោយ​សាង​ឃ្លាំង​មឿង​មួយ (​អ្នកតា​ចាំ​ស្រុក​)​ឈ្មោះ អ្នកតា​ប្រាជ្ញ​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត