លោក​​ហ៊ុន សែន​​​៖​កម្ពុជា​​នឹង​​កើត​​សង្គ្រាម​​ស៊ីវិល​​ជា​ថ្មី ​បើ​មាន​​ច្បាប់​​ការពារ​​​​នាយក​​រដ្ឋមន្ត្រី​​​

29-04-2015 4:56 pm 1215

​ប្រទេស​កម្ពុជា មិនទាន់មាន​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី នៅពេល​ធ្លាក់​ពី​អំណាច​នៅឡើយ​ទេ​។ កន្លងមក អ្នកវិភាគ​បាន​លើកឡើង​ថា មូល ហេតុ​ដែល​កម្ពុជា​មិនទាន់មាន​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី ដោយសារ​តែ​អ្នកដឹកនាំ​ប្រទេស​ក្រាញ​នឹង​តំណែង​របស់​ខ្លួន ដោយសារ​ខ្លាច​ពេល​ខ្លួន​ធ្លាក់​ពី​អំណាច​ទៅ ខ្លាច​អ្នក ដឹកនាំ​ថ្មី ឬ​នាយករដ្ឋមន្ត្រី​ថ្មី សើរើ​នូវ​កំហុស​របស់​ខ្លួន​។ ប៉ុន្តែ​ច្បាប់​ការពារ​នាយក​រដ្ឋ​មន្ត្រី​​​​នេះ មាន​គុណសម្បត្តិ​ជា​ច្រើន សម្រាប់​ធានា​ដល់​នាយករដ្ឋមន្ត្រី​ធ្លាប់​គ្រប់គ្រង​ប្រទេស មាន​ប្រាក់បៀវត្សរ៍ អាច​រស់នៅ​ក្នុង​សង្គម​បាន​សមរម្យ ទោះបីជា គ្មាន​តួនាទី​ក្ដី​។​
 

​តែ​យ៉ាងណាក៏ដោយ ផ្សារភ្ជាប់​ជាមួយនឹង​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ថ្លែង​លើកឡើង​នៅក្នុង ពិធី​បើក​សម្ភោ​ធ​រោងចក្រ​ចម្រាញ់​ដូងប្រេង​ទី​២ របស់​លោក​ម៉ុង ឫទ្ធី នា​ថ្ងៃ​ទី​២៩ មេសា​ថា លោក​នឹង​មិន​អនុម័ត​ច្បាប់​ស្តីពី​ការ ការពារ​នាយករដ្ឋមន្ត្រី​ជាដាច់ខាត ព្រោះ​មិន​ចាំបាច់​។ ទន្ទឹមនឹងនេះ​លោក​ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា នឹង​មាន​សង្គ្រាម​ស៊ីវិល​ជា​ថ្មី បើសិនជា​រឹងទទឹង​បង្កើត​ច្បាប់​មួយ​នេះ​។​

​សម្លេង​លោក​ហ៊ុន សែន​

 

​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ ធ្វើឡើង​ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ការភ័ន្តច្រឡំ​ពាក្យ​សំដី​របស់​លោក ដែល​បាន​ថ្លែង​នៅ​មុខ​បងប្អូន​ខ្មែរ រស់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ថា សូម​លោក​សម រង្ស៊ី កុំ​សងសឹក នៅពេល​ដែល​រូបលោក​ធ្លាក់​ពី​តំណែង​។ សម្រាប់​អត្ថន័យ ពិតប្រាកដ ដែល​លោក​ហ៊ុន សែន ចង់បង្ហាញ គឺ​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា នៅ​ថ្ងៃនេះ​លោក​ជា​នាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋ​សុខ​សប្បាយ ប៉ុន្តែ​ថ្ងៃក្រោយ លោក​សម រង្ស៊ី ធ្វើ​ជា​នាយករដ្ឋមន្ត្រី ហើយ​ធ្វើបាប​រូបលោក នោះ​កម្លាំង​វាយបក​នឹង​ធ្ងន់​។​

​សម្លេង​លោក​ហ៊ុន សែន​

 

​ថ្វី​ត្បិត​កម្ពុជា មានច្បាប់​ជា​ច្រើន រាប់រយ​ច្បាប់ ដែល​សភា​បាន​អនុម័ត​ដាក់ឲ្យ​ប្រើប្រាស់​ក្តី ប៉ុន្តែ កម្ពុជា​នៅតែ​ខ្វះ​ច្បាប់​នៅឡើយ គឺ​ច្បាប់​សម្រាប់​គាំពារ ឬ​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី នៅក្រោយពេល​ធ្លាក់​ពី​អំណាច ឬ​ច្បាប់​ដើម្បី​ការពារ​នាយករដ្ឋមន្ត្រី នៅ​ពេល​ខ្លួន​លាលែង​ពី​តួនាទី​នោះ​។

 

​សម្រាប់​ការបដិសេធ​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ក្នុង​ការបង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​នេះ នៅ​មិនទាន់​មាន​ការអត្ថាធិប្បាយ​ណាមួយ ពី​មូលហេតុ​នោះទេ​។​

 

​លោក កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា ធ្លាប់​បាន​បញ្ជាក់ថា មេដឹកនាំ​ប្រទេស ប្រសិន​បើ​ដឹង​ខ្លួន​ឯង​ថា បាន​ប្រព្រឹត្ត​ខុស ក្រោម​ការដឹកនាំ​របស់​ខ្លួន មេដឹកនាំ​នោះ នឹង​មិន​ងាយ​ចុះ​ពី​តំណែង​នោះ​ទេ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្ដី​ស្ថានភាព​បច្ចុប្បន្ន​នេះ​កម្ពុជា​មិនទាន់ ហួសពេល ក្នុង​ការបង្កើត​ច្បាប់​សម្រាប់​គាំពារ នាយក​រដ្ឋមន្ត្រី​នៅ​ពេល​ចុះ​ពី​តំណែង​នៅឡើយ​ទេ​។​

 

​ដោយឡែក លោក​សុខ ទូច អ្នកវិភាគ​មួយ​រូប ក៏​ធ្លាប់​មានប្រសាសន៍ថា មេដឹកនាំ​បច្ចុប្បន្ន​ភាគច្រើន ប្រើប្រាស់​ច្បាប់​ជា ឧបករណ៍​តម្រូវ​នយោបាយ​របស់ខ្លួន កម្ពុជា​មិន​ទាន់​ប្រើប្រាស់​ច្បាប់ ដើម្បី​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​នោះ​ឡើយ​។ លោក សង្កត់ធ្ងន់​ថា ប្រសិនបើ​កម្ពុជា​អនុវត្ត​ច្បាប់​ជាធំ ប្រជាពលរដ្ឋ​ក្ដី អ្នកនយោបាយ​ក្ដី​ដែល​រស់នៅ​ក្រោម​ច្បាប់​នោះ មិន​មាន​បញ្ហា​អ្វី​ទេ តែ​ការអនុវត្ត​ច្បាប់​នៅមាន​កម្រិត​​​នៅ​ឡើយ​នេះ នឹង​ធ្វើឲ្យ​អ្នកដឹកនាំ​ថ្មី​នោះ អាច​នឹង​សងសឹក​ទៅ​អ្នកដឹកនាំ​ចាស់​ក្រោយពេល​ធ្លាក់​ពី​តំណែង​។​
 

​ការលើកឡើង​របស់​ក្រុមអ្នកវិភាគ​ដូច្នេះ ដោយសារ​ប្រទេស​កម្ពុជា បាន​បន្សល់​ដាន​ប្រវត្តិសាស្ត្រ​មិន​ល្អ ជាច្រើន​ដល់​មនុស្ស​ជំនាន់ ក្រោយ ពិសេស​នៅក្នុង​សម័យ​អតីតកាល កា​ផ្លាស់ប្ដូរ​មេដឹកនាំ​ប្រទេស​ពី​របប​មួយ​ទៅ​របប​មួយ មិន​ធ្វើ​ឡើង​ដោយ​ការបោះឆ្នោត ដោយ​សន្តិវិធី​នោះទេ គឺ​ដោយ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​ជាដើម​៕ ដោយៈ​សៅ វិសាល​

     

ព័ត៌មានផ្សេងទៀត