លោកស្រី​មួរ សុខ​ហួរ​៖​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ បម្រើ​សាធារណៈជន​ជាង​បម្រើ​បក្ស

20-04-2015 3:51 pm 2838

ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​សម រង្ស៊ី ប្រកាសថា អាច​មាន​ឈ្មោះ​ទូរទស្សន៍​ព្រះអាទិត្យ​នោះ នឹង​បង្កើតឡើង​សម្រាប់​បម្រើ ដល់​សាធារណៈជន ច្រើន​ជាង​បម្រើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោកស្រី​មួរ សុខ​ហួរ មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ ថា គណបក្ស​របស់​លោកស្រី បាន​បើក​ឲ្យ​សាធារណៈជន អាច​ទិញ​ភាគហ៊ុន​ដើម្បី​បង្កើត​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទូរទស្សន៍​នេះ នឹង​រក្សា​គោលការណ៍​ឯករាជ្យ និង​អព្យាក្រឹត្យ នៅ​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​។

 

លោកស្រី​មួរ សុខ​ហួរ អះអាង ថា ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​នឹង​ដំណើរការ ក្នុង​ឆ្នាំ​២០១៥​នេះ មិនមែន​ផ្សាយ​តែ​សកម្មភាព ថ្នាក់ដឹកនាំ​គណបក្ស​ចុះ​មូលដ្ឋាន ឬ​ព័ត៌មាន​ដែល​ចេញមក​ពី​ប្រភព​គណបក្ស​ទាំង​ស្រុង​នោះឡើយ​។ ប៉ុន្ដែ​អាច​មាន​ម៉ោង​ខ្លះ ផ្សាយ​នូវ​គោល​នយោបាយ​គណបក្ស​ខ្លះ​ដែរ​។ លោកស្រី​មួរ សុខ​ហួរ បានបញ្ជាក់​ថា ព័ត៌មាន​ចេញផ្សាយ​ពី​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បម្រើ​ដល់​សាធារណៈជន ជាង​បម្រើ​ឲ្យ​គណបក្ស ហើយ​ទូរទស្សន៍​នឹង​ផ្សាយ​ព័ត៌មាន​ឯករាជ្យ និង​អព្យាក្រឹត្យ​។

 

​លោក​ព្រាប កុល នាយក​ប្រតិ​ប​ត្ដិ​អង្គការ​តម្លាភាព​កម្ពុជា និង​ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ បានលើកឡើង ថា ការណ៍​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​ទូរទស្សន៍ ហើយ​ផ្សព្វផ្សាយ​ព័ត៌មាន បម្រើ​ដល់​ប្រជាពលរដ្ឋ​នោះ គឺជា​ការ​វិវត្ដិ៍​ថ្មី​មួយ នៃ​គណបក្ស​នេះ​។ លោក​ព្រាប កុល សង្ឃឹម ថា ទូរទស្សន៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នឹង​ផ្សាយ​ព័ត៌មាន ដែល​គោរព​វិជ្ជាជីវៈ ដោយ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ អព្យាក្រឹត្យ និង​ឥត​លម្អៀង​។​

 

ចំណែក​លោក​កែម ឡី អ្នកវិភាគ​បញ្ហានយោបាយ បាន​លើកឡើង​ដែរ ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ប៉ុស្ដិ៍​ទូរទស្សន៍ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​លម្អៀង​ទៅ​រក​គណបក្ស​ណាមួយ ហើយ​គោរព​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​ឈរ​លើ​ភាព​ឯករាជ្យ បម្រើ​ដល់​ប្រជាពលរដ្ឋ​នោះ គឺជា​ការ​ប្រសើរ​។ លោក​កែម ឡី លើកឡើង​ទៀត ថា ការណ៍​ដែល​គណបក្សសង្រ្គោះជាតិ​មាន​ទូរទស្សន៍​នោះ មិន​ប្រាកដ​ថា អាច​ជួយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បង្កើន​ប្រជាប្រិយភាព សម្រាប់​ការបោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ទេ​។

 

​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស ថា មាន​ក្រុមហ៊ុន​ឯកជន​មួយ ដែល​មាន​សណ្តាន​ចិត្ត​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​បាន​ទទួល​អាជ្ញា​បណ្ណ ពី​ក្រសួង​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​ទូរទស្សន៍ កំពុង​ត្រៀម​លក្ខណៈ​ទាំង​ផ្នែក​បច្ចេកទេស ទាំង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ឆ្នាំ ២០១៥​នេះ​។ បើ​តាម​លោក​សម រង្ស៊ី ស្ថានីយ៍​ទូរទស្សន៍​គណ​បក្ស​សង្គ្រោះ​ជាតិ អាច​មានឈ្មោះ​ថា ទូរទស្សន៍​ព្រះអាទិត្យ​។

 

​កន្លងទៅ​មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បានបញ្ជាក់ ថា ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ផ្សព្វផ្សាយ នូវ​សកម្មភាព​ថ្នាក់ដឹកនាំ​របស់​រដ្ឋាភិបាល​ផងដែរ ប្រសិនបើ​ការដឹកនាំ​នោះ ត្រឹមត្រូវ​៕

 

(​ដោយៈ​ឃួន សុភ័​ក្រ​)

 

ព័ត៌មានផ្សេងទៀត