ប្រភព​​នៃ​ទ្រ​និង​​ចាប៉ី​​ខ្មែរ​​

19-04-2015 5:38 pm

​ទ្រ​និង​ចា​ប៉ី ជា​ឧបករណ៍​តន្ត្រី​ខ្មែរ​បុរាណ ដែល​ប្រើ​ជាមួយ​ក្រុម​ពិណ​ក្នុងសម័យ​បុរេ​អង្គរ និង ជា​ឧបករណ៍​ប្រពៃណី​ប្រើ​ដោយ​ខ្សែ  ដោយ​មាន​ប្រអប់​ស្នូក ឬ​ប្រអប់​សំលេង​ធ្វើ​អំពី​ឈើ ឬ​ត្រឡោក​ដូង​។​ថ្វី​បើ​ឧបករណ៍​ទ្រ​និង​ចា​ប៉ី ក្មេងៗ​សម័យ​បច្ចុប្បន្ន​នេះ  មិន​និយម​ចូលចិត្ត​ពិតមែន ក៏​ឧបករណ៍​ទ្រ​ទាំងពីរ​នេះ នៅតែ​ជា​ឧបករណ៍​តំណាង​នូវ​វ​ប្បធ​ម៏ និង​កា​ច្នៃប្រឌិត​របស់​បុព្វបុរស់​ខ្មែរ​យើង​ផង​ដែរ​។​ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ប្រភព​ឧបករណ៍​តន្ត្រី​ខ្មែរ​បុរាណ​ទាំងពីរ​នេះ ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ពណ៌នា ដូចតទៅ​៖

សម្លេង៖

 

​ទ្រ​ជា​ឧបករណ៍​តន្ត្រីបុរាណ ដែល​ជនជាតិខ្មែរ​ប្រើ​កូត ដែល​ធ្វើ​អំពី​ឈើ​គ្រញូង ខុស​ពី​ឧបករណ៍​ចាប៉ី​វិញ ដែល​គេ​កេះ​នឹង​ដៃ ។ ឧបករណ៍​ទាំងពីរ​ប្រភេទ​នេះ  ដែល​ប្រើ​ជាមួយ​ក្រុម​ពិណ​ក្នុងសម័យ​បុរេ​អង្គរ និង​អង្គរ ជា​ឧបករណ៍​ប្រពៃណី​ប្រើ​ដោយ​ខ្សែ  ដោយ​មាន​ប្រអប់​ស្នូក ឬ​ប្រអប់​សំលេង​ធ្វើ​អំពី​ឈើ ឬ​ត្រឡោក​ដូង ដូច​វត្តមាន​របស់​សិលាចារឹក និង​ចម្លាក់​ថ្ម​ជា​សក្ខីកម្ម​ស្រាប់ ។ ពេលដែល​គេ​កូត​ទ្រ ឬ​ដេញចាប៉ី​ម្ដងៗ គេ​ឮ​សម្លេង​ស្រាល ហើយ​ស្រទន់​គួរ​ឲ្យ​ជក់​ចិត្តជា​ពន់ពេក ជាពិសេស​នៅពេល​រាត្រី ។ ក៏ប៉ុន្ដែ​ឧបករណ៍​ចា​ប៉ី ក្មេងៗ​សម័យ​បច្ចុប្បន្ន​នេះ  មិន​និយម​ចូល​ចិត្ត​ទេ  បើ​ចាស់ៗ​នៅ​តាម​ស្រែ​ច​មា្ករ​នៅ​ចូលចិត្ត​ស្ដាប់​នៅឡើយ ។ រីឯ​ទ្រ​វិញ​មាន​ក្រុម​ភ្លេង​ខ្លះ  យក​ទៅ​ប្រគុំ​ចូល​ជាមួយ​ក្រុម​ភ្លេងសម័យ​ទំនើប  បង្កើតបាន​ជា​បទ​ភ្លេង​មួយ​បែប​ថ្មី ដែល​ពិរោះ​គួរ​ឲ្យ​ចង់​ស្ដាប់ ហើយ​ទ្រនេះ​នៅ​មាន​គេ​និយម​ច្រើន​ទាំង​នៅ​ទីក្រុង​ទាំង​នៅ​ជនបទ ។​

 

​តើ​ឧបករណ៍​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ប្រភព​ចេញពី​ណា ? បើ​តាម​ការស្រាវជ្រាវ​អំពី​ឧបករណ៍​ភ្លេង នៅ​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន​បានបញ្ជាក់​បង្ហាញ​នូវ​ប្រភព​ឥណ្ឌា  នៃ​ឧបករណ៍​ទាំងពីរ​ខាងលើ​នេះ ដែល​នាំ​ចូល​ក្នុងប្រទេស​ខ្មែរ​នា​សម័យ​នគរ​ភ្នំ តាមរយៈ​ឥណ្ឌូ​រូបនីយកម្ម ។​ថ្វី​ត្បិត​តែ​ឧបករណ៍​ទាំង​ពីរ​ប្រភេទ​នេះ មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា​ក៏​ពិតមែន ក៏​ប៉ុន្ដែ​រូបភាព​ឧបករណ៍​នេះ​បាន​ផ្លាស់ប្ដូរ​ទម្រង់ ដោយ​ខ្មែរ​បាន​យក​ត្រឡោក​ដូង​ធ្វើជា​ប្រអប់ ហើយ​មាន​ឆ្លាក់​ក្បូរ​ក្បាច់រចនា​ដ៏​ល្អ​ប្រណិត​ថែមទៀត​ផង ខុស​ពី​ឧបករណ៍​ភ្លេង​នៅ​ឥណ្ឌា​ដែល​គ្មាន​ក្បាច់រចនា​ឡើយ ព្រោះ​ប្រហែលជា​ស្ថិត​ក្រោម​សម្ពាធ​សាសនា​ដ៏​តឹងរឹង ។ បើ​និយាយ​ម្យ៉ាងទៀត ឧបករណ៍​ភ្លេង​ឥណ្ឌា នៅ​តែ​រក្សា​លក្ខណៈ​ដើម​របស់​វា​ដដែល ដោយ​គ្មាន​ការប្រែប្រួល​ធំដុំ​អ្វី​ឡើយ ។ ឧបករណ៍​ជាក់ស្ដែង ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​ហៅថា កិន្ន​រ ដែល​វត្តមាន​របស់​វា​ត្រូវ​បាន​គូសបញ្ជាក់​ដោយ​សិលាចារឹក នៅ​សម័យ​អង្គរ នៅ​ឥណ្ឌា​ឧបករណ៍​នេះ​មាន​ប្រអប់​សម្លេង​ទៅដល់​៣ ធ្វើ​អំពី​ឃ្លោក ។ រីឯ​នៅ​ប្រទេស​កម្ពុជា​វិញ គេ​ឃើញ​មាន​ប្រអប់​សម្លេង​តែ​ពីរ ឬ​មួយ​តែ​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ខុសពី​នៅ​ឥណ្ឌា ដែល​ផែ្ន​កខាង​លើ​នៃ​ឧបករណ៍​កិន្នរ​លំអ​ដោយ​រោមសត្វ​ស្លាប ឧបករណ៍​កិន្នរ​របស់​យើង​ហៅ​ថា​ពិណ ដែល​បាន​ឲ្យ​កំណើត​ទៅ​ឧបករណ៍​ចាប៉ី​ខ្សែ​មួយ​ខ្មែរ គ្មាន​រោមសត្វ​នៅ​ខាងចុង​ដង​ឡើយ ។ គឺ​ឧបករណ៍​ចាប៉ី​ខ្សែ​មួយ​នេះ​ហើយ ដែល​គេ​ហៅថា តុ​យ​លា ប្រើ​រហូត​ដល់​សព្វថ្ងៃ នៅក្នុង​ភូមិភាគ​អូរិ​ស្សា និង​ដែល​ត្រូវបាន​ឆ្លាក់​នៅលើ​ប្រាសាទ​នៅ​ស​.​វ​ទី​៨ នៅលើ​ប្រាសាទ​នៅ​ឥណ្ឌា​ខាងត្បូង ។​

 

​ថ្វីត្បិតតែ​វត្តមាន​របស់​ពាក្យ​ចា​ប៉ី មិន​ត្រូវ​បាន​ជួបប្រទះ​លើ​ផ្ទាំង​សិលាចារឹក​ខ្មែរ​ក្ដី ក៏ប៉ុន្ដែ​យើង​បាន​ជួប​ចម្លាក់​របស់​ឧបករណ៍​ចាប៉ី​ជាច្រើន​ប្រភេទ នៅលើ​ក្បាច់ចម្លាក់​បុរាណ​ជាពិសេស​ក្បាច់​ផ្ដែរ​ខ្មែរ នា​ដើម​ស​.​វ​ទី​៧ នៅ​ក្រុម​ប្រាសាទសម្បូរព្រៃគុក ។ មួយវិញទៀត​សហគមន៍​ខ្មែរ​សុរិន្ទ រហូត​ដល់​សព្វថ្ងៃ​នៅតែ​ប្រើពាក្យ ពិណ​-​ប៉ី សម្រាប់​ឧបករណ៍​ចាប៉ី​ខ្សែ​មួយ ដែល​ជា​ប្រភេទ​ពិណ ។ គឺ​ប្រការ​ទាំងនេះ​ហើយ ដែល​ធ្វើឲ្យ​យើង​និយាយបាន​ថា ជនជាតិ​ថៃ​បាន​ស្គាល់​ឈ្មោះ​ឧបករណ៍​ភ្លេង​ឥណ្ឌា តាមរយៈ​ខ្មែរ​ចាប់តាំងពី​ស​.​វ ទី​១៣ មក ។​

 

​តាម​ការស្រាវជ្រាវ​របស់​ខ្មែរ​យើង គឺ​ឧបករណ៍​ឥណ្ឌា​កិន្នរ ខាងលើ​នេះ​ពិតជា​បាន​ឲ្យ​កំណើត​ទៅ ពិណ ឬ ចា​ប៉ី នា​សម័យអង្គរ ដែល​មាន​ប្រអប់​បំពង​សម្លេង​ពីរ ឬ​មួយ​យ៉ាង​ប្រាកដ ។ សូម​ជម្រាប​ផងដែរ​ថា ចាប៉ី​ខ្សែ​មួយ​ក៏​ជា​ប្រភេទ​ពិណ​មាន​ខ្សែលួស​តែមួយ រីឯ​ប្រអប់​បំពង​សម្លេង​មាន​រាង​មូល ធ្វើ​អំពី​ផ្លែ​ឃ្លោក​មួយ​កំណាត់ ដែល​ទ្រ​ភ្ជាប់​ពី​ក្រោម​ផង ហើយ​មាន​ប៉ោល​សម្រាប់​រិត ឬ​បន្ធូ​ខ្សែ​នៅ​ពេល​ដេញ ។ គឺ​ដោយសារ​គុណសម្បត្តិ​នេះហើយ បាន​ជា​ខ្មែរ​យើង​ឲ្យឈ្មោះ​ថា ចា​ប៉ី ជា​ឯក​តន្ត្រី​ដែល​មាន​សូរសៀង​ពិរោះ កម្រិត​កំពូល នេះ​បើ​យោងតាម​វចនានុក្រម​របស់​ព្រះសង្ឃរាជ​សម្ដេច ជួន ណាត ។​

 

​ឧបករណ៍​ភ្លេង​ទាំង​ពីរ​ប្រភេទ​នេះ ដែល​បាន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​តាំងពី​សម័យ​នគរ​ភ្នំ តាមរយៈ​ពាណិជ្ជកម្ម​អន្តរជាតិ រវាង​ខ្មែរ និង​ឥណ្ឌា​នា​ដើម​ស​.​វ​ទី​១ ដែល​មាន​អាយុកាល​ប្រមាណ​ជាង ២០០០ ឆ្នាំ​មកហើយ ។ ជនជាតិ​ខ្មែរ​ក៏​បាន​ឆ្លាក់​រូប​វា នៅលើ​ប្រាង្គ​ប្រាសាទបុរាណ​ផងដែរ ។​

 

​គួរបញ្ជាក់​ថា សព្វថ្ងៃ​នេះ​ជនជាតិ​ឥណ្ឌា​នៅ​រដ្ឋ​រាជា​ស្ថាន នៅតែ​និយម​ទ្រ​ខ្សែ ៥ ជា​ប្រពៃណី​ប្រចាំ​ស្រុក​ភូមិ​របស់​គេ ។ រីឯ​ចាប៉ីដងវែង​របស់គេ​វិញ គេ​ឲ្យឈ្មោះ​ថា ច​ក្ខ​ប៉ី​វិញ គឺ​ឈ្មោះ​សំស្ក្រឹត​នេះហើយ​ដែល​បាន​ឲ្យ​កំណើត​ទៅ​ពាក្យ​ចាប៉ី​ខ្មែរ បច្ចុប្បន្ន ។ យ៉ាង​វិញទៀត​ឧបករណ៍​ភ្លេង​ទាំង​ពីរ​ប្រភេទ​នេះ ជនជាតិខ្មែរ​បាន​ឆា្ល​ក់ នៅលើ​ប្រាង្គ​ប្រាសាទ​ថ្ម​ដូចជា​ប្រាសាទ​បាយ័ន និង​ប្រាសាទបន្ទាយឆ្មារ មិន​គ្រាន់តែ​បញ្ជាក់​នូវ​ភាព​សម្បូរបែប ឬ​ចំណាស់​នៃ​ឧបករណ៍​ភ្លេង​ទាំងនោះ​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បញ្ជាក់ឲ្យ​យើង​ដឹង​នូវ​សារសំខាន់ នៃ​វិស័យ​តូរ្យតន្ត្រី​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ជនជាតិ​ខ្មែរ​ទៀតផង ៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត