លោក​​ហ៊ុន សែន​​ថា​​ឆ្នាំនេះ​​ជា​​ឆ្នាំ​​ដ៏​​ពិសេស​​សម្រាប់​​ព្រឹត្តិការណ៍​​អង្គរ​​សង្ក្រាន្ត​

16-04-2015 4:33 pm 4224

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន រួម​នឹង​លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួម​និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត បាន​ចូលរួម បើក​កម្មវិធី​អង្គរ​សង្ក្រាន្ត កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា​នៅ​ឯ​ខេត្តសៀមរាប​។​ថ្លែង​នៅក្នុង​ពិធី​នោះ លោក​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​ឆ្នាំនេះ​ជា​ឆ្នាំ​ដ៏​ពិសេស សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។​ពិសេស​ត្រង់​ថា កម្ពុជា បាន​ទទួល​កត្តិយ​ស​ជា​ច្រើន​នៅក្នុង​កម្មវិធី​នេះ​។​លោក​ហ៊ុន សែន​បាន​បន្តថា  វា​ជា​ឆ្នាំ​ពិសេស ហើយ​លោក​សុខចិត្ត​លុបចោល​កម្មវិធី​ទស្សនកិច្ច​ទៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​យក​ឱកាស​នេះ​រួម រស់​ជា​មួយ​ប្រជាពលរដ្ឋ​កម្ពុជា​របស់​យើង នៅក្នុង​ពិធី​បុណ្យចូលឆ្នាំ ជាពិសេស​គឺ​មក​ចូលរួម ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅក្នុង​ឆ្នាំ​ទី​០៣ ដែល​ជា​ឆ្នាំ​ពិសេស សម្រាប់​យើង ទាំង​ខាង នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​សង្គម​។​

 

​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា វា​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​មាន​មោទនភាព សម្រាប់​យើង​ទាំងអស់គ្នា​ដែល​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៣-២០១៤ បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ ដែល ជា​ការផ្តួចផ្តើម និង​អនុវត្តន៍​ដោយ​ផ្ទាល់​ពី​សំណាក់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដោយមាន ការគាំទ្រ​ពី​គ្រប់​ផ្នែក​ដែល​ចង់​ចូលរួម​នៅក្នុង​សកម្មភាព​គាំទ្រ​ដល់​វិស័យ​វប្បធម៌​នៅក្នុង​តំបន់ នេះ​ហើយ​គឺជា​ជំនួប​រវាង​វប្បធម៌​អ​រូបិយ ដែល​ត្រូវ​ជួប​ជាមួយ​វប្បធម៌​រូបិយ ។

 

​ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​មួយចំនួន ដែល​ក្នុងនោះ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥​យើង​បាន​ទៅក្នុង Guinness World Record ដោយបាន​បំបែក​ឯកទគ្គកម្ម ពិភពលោក​រួចស្រេច​ទៅ​ហើយ​ចំពោះ​នំអន្សម​យក្ស​របស់​យើង ។ នំអន្សម​យក្ស​នេះ​មាន​ទម្ងន់ ដល់​ទៅ​ប្រមាណ​ជាង​៤​តោន ក្រោយពី​បាន​ចម្អិន​អស់​រយៈពេល​៤៥​ម៉ោង ។ នំអន្សម​នេះ​ត្រូវបាន​វេច​ខ្ចប់​ដោយ​ស្លឹកចេក​ទម្ងន់​៣៣៣​គី​ឡូ ក្រាម និង​ខ្សែ​ចេក​ចំនួន​៣៧៥​គីឡូក្រាម ដោយ​មាន​គ្រឿងផ្សំ​អង្ករ​ដំណើប ១.០០០​គីឡូក្រាម ខ្ទិះ​ដូង​៣៩៩​គីឡូក្រាម អំបិល ១៥​គីឡូក្រាម សណ្ដែកបាយ​៤៩៩​គីឡូក្រាម សាច់ជ្រូក​បី​ជាន់​៥០៧​គីឡូក្រាម ស្ករ​៤​គីឡូក្រាម   ម្រេច​កំពត​៣ គីឡូក្រាម ខ្ទឹម​ចិញ្ច្រាំ ១៦​គីឡូក្រាម ។ នំអន្សម​នេះ​ត្រូវបាន​ចម្អិន​តាម​លក្ខណៈ បច្ចេកទេស​ត្រឹមត្រូវ និង​មាន​រសជាតិ​ទាក់ទាញ ជាពិសេស​នំអន្សម​នេះ​ត្រូវបាន​ចម្អិន​ឡើង ដោយ​ក្រុម​មេ​ចុងភៅ​ខ្មែរ និង​កូនកាំបិត​ចំនួន​១០០​នាក់​។​

 

​កម្មវិធី​អង្គរ​សង្ក្រាន្ត​មាន​ច្រើន​សន្ធឹកសន្ធាប់ ដូច​ជា​ការ​ដាក់​តាំង​មួក​ស្លឹកត្នោត អង្រុត កន្ត្រង​ប្រហុក ក្រឡា​អុក និង​មាន​ការចូលរួម​យុវជន​ស្ម័គ្រចិត្ត​ជាង ២.៩០០​នាក់​មកពី​គ្រប់​ទិស ទី ។ ព្រ័ត្រ​ដែល​មាន​ប្រវែង​២៥០​ម៉ែត្រ ដែល​អ្នកចូលរួម​ទាញ​មាន​ចំនួន​១.៥០០​នាក់ ការ​រាំ ចង្វាក់​ម៉ា​ឌី​ហ្សន​ជា​ក្រុម​ធំ​ដែល​មាន​អ្នក​ចូល​រាំ​ចំនួន​២០១៥​នាក់ និង​មាន​ច្រើន​ទម្រង់​សិល្បៈ ដូចជា​ល្ខោនបាសាក់ ទាំង​ល្បែង​ប្រជាប្រិយ​រហូតដល់​២៤​ល្បែង និង​របាំ​ប្រពៃណី​ចំនួន​២១​របាំ ។​

 

​លោក​ហ៊ុន សែន​បាន​មានប្រសាសន៍ ប្រាប់​ភ្ញៀវ​អន្តរជាតិ​ដែល​ចូលរួម​ថា ប្រទេស​កម្ពុជា បាន​ដើរ​ដល់ ដំណាក់កាល​មួយ​ថ្មី​នោះ គឺ​វត្តមាន​របស់​លោក សម រង្ស៊ី លោកជំទាវ ។ វប្បធម៌​សន្ទនា​មួយ​បាន​ចាប់ផ្តើម​នៅលើ​ទឹកដី​កម្ពុជា ជំនួស​ឱ្យ​វប្បធម៌​នៃ​ការ​ប្រទូស្ត រាយ និង​ការកាប់សម្លាប់​គ្នា ។

 

​លោក​ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំ​សូម​ធ្វើការ​កត់សម្គាល់ថា ព្រឹត្តិការណ៍​នេះ​គួរ រំ​លេចឡើង​នូវ​ចំណុច​លេចធ្លោ​មួយចំនួន គឺ​ទី​១-​ការជួបជុំ​មហា គ្រួសារ​ខ្មែរ​ដើម្បី​អបអរសាទរ ពិធីបុណ្យ​ឆ្នាំនេះ​គឺ មាន​អត្ថន័យ​ធំធេង​ទាំង​នយោបាយ ទាំង​វប្បធម៌ និង​បញ្ហា​ដទៃទៀត ក្នុង នោះ​មាន​ច​រឹត​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​របស់​យើង ។ ចំណុច​ទី​២ នៃ​ព្រឹត្តិការណ៍​នេះ គឺ​រំឭក និង​ធ្វើឱ្យ​រស់​រវើក​បេតិកភណ្ឌ​អរូបី​នៅលើ​ទីតាំង​វប្បធម៌​បេតិកភណ្ឌ​រូបិយ ។ ចំណុច​ទី​៣ ជា ព្រឹត្តិការណ៍​មួយ​ដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​ប្រជាជាតិ​ខ្មែរ និង​ប្រជាជាតិ​នៅលើ សកលលោក ។ ទី​៤​គឺ​ផ្តល់​ឱកាស​ឱ្យ​យុវជន ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ ស្វែងយល់​ពី​ភាព​រុង រឿង ភាពល្បីល្បាញ ភាព​សម្បូរ​បែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់​ប្រពៃណី សាសនា និង​បន្ត​ថែរក្សា​កេរ​មរតក​ទាំងនេះ​ឱ្យ​បាន​គង់ វង្ស ព្រមទាំង​ពង្រីក​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ ។ អង្គរ​សង្ក្រាន្ត​ជា​ឱកាស​មួយ ដើម្បី​ឱ្យ​កម្ពុជា​បង្ហាញខ្លួន​ថា​ជា ព្រះរាជាណាចក្រ​នៃ​វប្បធម៌ ។ ទី​៥​គឺ ប្រមូល​គំ និត​រួបរួម​កម្លាំង​សាមគ្គី​ភាពជា គ្រួសារ​ខ្មែរ​តែមួយ ក្នុង​មោទនភាព​ខ្មែរ​ជា​ធ្លុង មួយ និង​បណ្តុះ​ស្មារតី​អភិរក្ស អភិវឌ្ឍន៍​វប្បធម៌ បាវចនា​ជាតិ ព្រលឹង និង​អត្តសញ្ញាណ​ជាតិ ខ្មែរ ក្នុង​បរិបទ​នៃ​សមាហរណកម្ម​អាស៊ាន ដែល​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​ក្នុងសម័យ កាល​សកលភាវូបនីយកម្ម​ជំនាន់​ទំនើប ។ ទី​៦​គឺ ព្រឹត្តិការណ៍​នេះ​បង្ហាញ​នូវ​វប្បធម៌ និង​សិល្បៈ នៃ​ការចែករំលែក ការ​រាប់អាន​គ្នា ជួយ​យក​អាសា​គ្នា និង​ភាពទន់ភ្លន់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ។ ទី​៧​គឺ ផ្តល់ឱកាស ឱ្យ​ពាណិជ្ជករ អាជីវករ​ចូល រួម​ក្នុង​ការតាំង​បង្ហាញ​នូវ​ម្ហូបអាហារ និង ផលិតផល របស់ខ្លួន ជាពិសេស​ផលិតផល​សិប្បកម្ម និង​ឧបករណ៍​បរិក្ខារ ដែល​បង្ហាញ​ពី​អ​ត្ត សញ្ញាណ​វប្បធម៌​ក្នុង​តំបន់ ។ ទី​៨​គឺ បណ្តុះ​គំនិត​ច្នៃប្រឌិត​របស់​យុវជន និង​បង្កើន​នូវ​ភាព​នៃ ការដឹកនាំ​ប្រកបដោយ​ការទទួលខុសត្រូវ តាមរយៈ​ការត្រៀម រៀបចំ និង​ការអនុវត្ត​កម្មវិធី​នី មួយៗ និង​ទី​៩​ជំរុញ​ទេសចរ​ដែល​ជា​ប្រភព​ចំណូល របស់​ប្រជាជន​យើង​។

 

​ជា​ការកត់សម្គាល់​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៥​នេះ គឺ​ភាពស្និទ្ធស្នាល​រវាង​លោក​ហ៊ុន សែន  និង​លោក សម រង្ស៊ី នៅ​គ្រប់​ពិធី​នានា ដែល​រួមមាន​ទាំង​ពិធី​កាត់​ខ្សែបូរ និង ពិសា​នំអន្សម​យក្ស​ជាដើម​៕

ព័ត៌មានផ្សេងទៀត