លោក​នី ចរិយា​៖​សង្គម​ស៊ីវិល​មិន​ត្រូវការ​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ឡើយ

15-04-2015 9:15 am 1863

​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល នៅតែ​មាន​គំនិត​ខ្វែងគ្នា​ដដែល ទាក់ទង​នឹង​ការចង់ឲ្យ​មានច្បាប់ គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​។ អង្គការ​សង្គម​ស៊ីវិល​បាន​ប្រកាស​ហើយ ថា ខ្លួន​មិន​ចង់ឲ្យ​មាន​ច្បាប់​នេះ​ទេ ព្រោះ​នឹង​អាច​រឹតត្បិត​សេរីភាព​របស់​ពួកគេ​។ ចំណែក​រដ្ឋាភិបាល​វិញ បានប្រកាសថា នឹង​អនុម័ត​ច្បាប់​នេះ នៅក្នុង​អំឡុង​ខែ​ឧសភា​ខាងមុខនេះ​។

លោក​នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ជំនួយ​ច្បាប់ របស់​សមាគម អាដហុក បាន​មានប្រសាសន៍ ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​ខិតខំ​ធ្វើយ៉ាងណា ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ ឲ្យ​យល់​ថា អង្គការ​សង្គម​ស៊ីវិល មិន​ត្រូវការ​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​នោះ​ទេ ហើយ​សង្គម​កម្ពុជា ក៏​មិន​ត្រូវការ​ច្បាប់​នេះ​ដែរ​។ លោក​នី ចរិយា បានបញ្ជាក់ ថា បច្ចុប្បន្ន​នេះ​នៅក្នុង​ប្រទេស​កម្ពុជា មានច្បាប់​ស្ដីពី​ការចុះឈ្មោះ អង្គការក្រៅរដ្ឋាភិបាល​រួចហើយ​។ ដូច្នេះ​សង្គម​ស៊ីវិល មិន​ត្រូវការ​ច្បាប់​នេះ​ទៀត​ឡើយ​។​-​សំឡេង​​។

លោក​នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ជំនួយ​ច្បាប់​អង្គការ​អាដហុក ហាក់​សម្ដែង​ក្ដីបារម្ភ ថា នៅពេល​មាន​ច្បាប់​នេះ ប្រសិនបើ​មន្ដ្រី​សង្គម​ស៊ីវិល ធ្វើ​ខុសច្បាប់​នឹង​ត្រូវផ្ដ​ន្ទទោស ព្រោះ​សង្គម​ស៊ីវិល មិន​មាន​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ដ្រ​នោះឡើយ​។ កាលពី​ពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បានបញ្ជាក់ ថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល នឹង​ត្រូវ​ឆ្លង​គណៈរដ្ឋមន្ដ្រី នៅក្នុង​អំឡុង​ខែ​ឧសភា​ខាងមុខនេះ​។ លោកនាយក​រដ្ឋមន្ដ្រី ក៏​បាន​អំពាវនាវ ឲ្យមាន​ការផ្តល់​យោបល់​ជា​ជាង​ការរារាំង​កុំឲ្យ​មាន ការអនុម័ត​ច្បាប់​នេះដែរ​។​

 

​លោក​ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ធ្លាប់​បាន​បញ្ជាក់​ឲ្យដឹង ថា ការបង្កើត​ច្បាប់​គ្រប់គ្រង​អង្គការ​នេះ គឺ​ដើម្បី​ការពារ​អង្គការ និង​រៀបចំ​ឲ្យ​អង្គកា​រដើរ​ចំ​ទិសដៅ ភាព​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​


​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​លោក​ផៃ ស៊ីផា​ន ក៏​បាន​ឆ្លើយតប ទៅ​នឹង​ការព្រួយបារម្ភ របស់​អង្គការ​សង្គម​ស៊ីវិល ថា ច្បាប់​គ្រប់គ្រង​អង្គការ​នេះ បង្កើតឡើង​មិន​មែន​រឹតត្បិត​សេរីភាព របស់​សង្គម​ស៊ីវិល​នោះទេ​។

 

​កាលពី​ពេល​ថ្មីៗ​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក​William E. Todd ក៏​បាន​សម្ដែង​ក្ដីបារម្ភ ចំពោះ​ច្បាប់​ស្តីពី​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបា​ល ដោយ​ខ្លាច​ថា ច្បាប់​នេះ​នឹង​រឹតត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការចូលរួមចំណែក​ការអភិវឌ្ឍ​នៅ​កម្ពុជា​៕

 

(​ដោយៈ​ឃួន សុភ័​ក្រ​)


ព័ត៌មានផ្សេងទៀត