អង្គរ​សង្ក្រាន្ត​​ឆ្នាំ​​​២០១៥​ ផ្តល់​​នូវ​​​​​​ស្នាម​​ញញឹមនិង​​​ស្ថេរភាព​​​នយោបាយ​​ជា​​​ប្រវត្តិ​សាស្ត្រ​​​​

14-04-2015 4:26 pm 1898

​ថ្លែង​នៅក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នា​ថ្ងៃ​ទី​១៤ មេសា ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី និង​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ កម្រ​បំផុត ដែល​កម្មវិធី​រៀបចំ​ដោយ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការចូលរួម​ពី​សំណាក់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ស្នាមញញឹម និង​ការរួម​គ្នា ធ្វើដំណើរ​ទស្សនា ការ​ដាក់​តាំង​ពិ​ព័​រណ៌ វត្ថុ​សិល្បៈ នៅ​ភូមិ​ខ្ញុំ ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត របស់​ថ្នាក់ដឹកនាំ​ទាំង​២ បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន ពេញចិត្ត និង​អបអរសាទរ ចំពោះ​កាយវិការ និង​ភាព​ជិតស្និត​នេះ បើទោះបីជា​ត្រូវ​ប្រឈមមុខ​ដាក់គ្នា សម្រាប់​ការបោះឆ្នោត​ជាតិ អាណត្តិ​ក្រោយ​ក៏ដោយ​។ ការឈាន​ដល់​ចំណុច​នេះ ដោយសារតែ ថ្នាក់ដឹកនាំ​ទាំង​២ បាន​ព្រមព្រៀង​គ្នា​ទទួលយក​នូវ វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​នានា​។​

 

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ថា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ដៃគូ​សន្ទនា ដ៏​អស្ចារ្យ​សម្រាប់​រូបលោក​។ លោក​បន្តថា ការស្វែងរក​ដំណោះស្រាយ តាមរយៈ នៃ​ការប្រើប្រាស់​វប្បធម៌​សន្ទនា គឺ​មាន​គោលដៅ​សំខាន់​២ គឺ​ការពង្រឹង​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ត​ទៅ​មុខ​។​

សម្លេង​លោក​ហ៊ុន សែន

 

​គួរ​រម្លឹក​បន្តិច​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ នៅក្នុង​អង្គប្រជុំ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​០៩ មេសា​ថា ស្មាតី​សន្ទនា​រវាង​រូប​លោក ជាមួយនឹង​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​វប្បធម៌​ដ៏​ល្អ​សម្រាប់​ការដោះស្រាយ​បញ្ហា មិន​ថា​នៅ​ថ្នាក់​ជាតិ​ប៉ុន​ណោះ​ទេ គឺ​នឹង​បន្ត​ទៅ​ដល់​ថ្នាក់ក្រោម​ជាតិ និង​គ្រប់​ទីកន្លែង​។ បន្ទាប់ពី​បាន​រៀបចំ​សមាជិក គជប​ថ្មី ដោយ​មាន​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា រួចរាល់ លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា នយោបាយ​”​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​” ត្រូវតែ​បញ្ចប់​ជា​ស្ថាពរ នៅថ្ងៃនេះ ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​។​

 

​ដោយឡែក សម្រាប់​លោក​សម រង្ស៊ី​វិញ បាន​សម្តែង​ការពេញចិត្ត និង​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី និង​ស្នើ​ឲ្យមាន​ការ កត់ត្រា​ទុកជា​ប្រវត្តិសាស្ត្រ ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​អនុវត្តន៍​។​

 

​ថ្លែង​ក្រោយ​បញ្ចប់​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត រៀបចំឡើង​ដើម្បី​មហា​គ្រួសារ​ខ្មែរ រួបរួមគ្នា មិន​គិត​ថា​បក្ស​ណា​នោះ​ទេ​។ ដោយឡែក​សម្រាប់​វត្តមាន​របស់​លោក​សម រង្ស៊ី ត្រូវបាន​លោក​ហ៊ុន ម៉ា​នី លើកឡើងថា ការចូលរួម​នេះ គឺជា​ការបង្ហាញអោយឃើញ​នូវ​ស្មារតី​រួបរួមគ្នា ដោយ​មិន​និយាយ​ពី​បញ្ហានយោបាយ ក៏ដូចជា​ការលើកឡើង​របស់​តំណាងរាស្ត្រ​សំឡេង​ភាគតិច ដែល​បាន​និយាយថា ការចូលរួម​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​។​

សម្លេង​លោក​ហ៊ុន ម៉ា​នី​

 

​គួរបញ្ជាក់​ថា បន្ទាប់​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល បាន​ចាប់ដៃ​គ្នា ប្រើប្រាស់​វប្បធម៌​សន្ទនា ជំនួស​ឲ្យ​ការដោះស្រាយ ដោយ​ប្រើ​កម្លាំងប្រដាប់អាវុធ ឃើញថា បញ្ហា​សង្គម​ជាតិ​មួយចំនួន​ត្រូវបាន​ដោះស្រាយ ប្រកបដោយ​ជោគជ័យ ពិសេស​លើ​ការកែទម្រង់​ការបោះឆ្នោត និង គជប​ថ្មី​។ ដោយឡែក សម្រាប់​បញ្ហា​ផ្សេងៗ​ទៀត ដែល​នៅ​សេសសល់ ថ្នាក់ដឹកនាំ​ទាំង​២ ជឿជាក់ថា នឹង​ត្រូវបាន​ដោះស្រាយ ដរាបណា វប្បធម៌​សន្ទនា ត្រូវបាន​លើកយក​មក​អនុវត្តន៍​៕ ដោយៈ​សៅ វិសាល​


     

ព័ត៌មានផ្សេងទៀត