ប្រធាន​គ​.​ជ​.​ប​ថ្មី​ប្ដេជ្ញាចិត្ត​អនុវត្ដ​តួនាទី​ភារកិច្ច ប្រកប​ដោយ​ឯករាជ្យ​

13-04-2015 2:30 pm 3815

​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា​នេះ មាន​ការរៀបចំ​ពិធី​ផ្ទេរតំណែង សមាជិក​គ​.​ជ​.​ប​ចាស់ ផ្លាស់​សមាជិក​គ​.​ជ​.​ប ដែល​សមាសភាព​៩​រូប​។ ពិធី​ផ្ទេរ​តំណែង​នោះ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព ព្រះ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ លោក​ឧបនាយករដ្ឋមន្ដ្រី​គង់ សំអុល រដ្ឋមន្ដ្រីក្រសួង​បរម​រាជវាំង និង​លោក​ឯក​សំអុល ប្រធាន​ក្រុមប្រក្សាធម្មនុញ្ញ​។

 

​ជា​កិច្ច​ចាប់ផ្ដើម​ពិធី​ផ្ទេរ​តំណែង​នោះ លោក​ឧបនាយករដ្ឋមន្ដ្រី​គង់ សំអុល បាន​ឡើង​អាន​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ ដែល​តែងតាំង​សមាសភាព​គ​.​ជ​.​ប​ថ្មី​ទាំង​៩​រូប ដែល​រួមមានៈ​លោក​ស៊ិក ប៊ុន​ហុក ប្រធាន លោកគួ​យ ប៊ុន​រឿន អនុប្រធាន លោក​ឯម សុផាត​សមាជិក លោក​មាន សទិស​មាជិក លោក​ឌុ​ច សុន​សមាជិក លោក​រ៉ុង ឈុន​សមាជិក លោក​ហ៊ីង ធី​ឬ​ទ្ធិ​សមាជិក លោកស្រី​តែ ម៉ា​នី​រ៉ុង​សមាជិក និង​លោក​ហង្ស ពុទ្ធា​សមាជិក​។

លោក​អ៊ឹម សួស្ដី ប្រធាន​គ​.​ជ​.​ប​ចាស់ បាន​ថ្លែង​ក្នុង​ពិធី​ផ្ទេរ​តំណែង​នោះ ថា ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​កន្លងមក​នេះ ដោយ​អនុវត្ដ​តាម​ច្បាប់​បោះឆ្នោត​ចំនួន​៤ ដែល​មាន​នៅ​ជា​ធរមាន​ក្នុង​ព្រះរាជា ណាចក្រ​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​រៀបចំ​យ៉ាង​ទៀងទាត់ និង​ប្រកបដោយ​ជោគជ័យ នូវ​ការបោះឆ្នោត​ទាំង​សកល និង​អសកល​។

 

​លោក​បាន​ថ្លែង​បន្ដ ថា តាមរយៈ​ការរៀបចំ​ការបោះឆ្នោត ជាច្រើន​លើក​មក​នេះ បាន​បង្ហាញ​ពី​សមត្ថភាព​គ្រប់គ្រង និង​រៀបចំ​ចាត់ចែង​ការបោះឆ្នោត របស់​គ​.​ជ​.​ប កាន់តែ​រឹងមាំ​រហូត​ដល់​អា្ញជ្ញាធរ​ជាតិ​រៀបចំ​ការបោះឆ្នោត នៃ​ប្រទេស​មួយចំនួន​បាន​មក​ស្វែងយល់ និង​ដកស្រង់​ពិសោធន៍ ពី​ប្រទេស​កម្ពុជា​។ តែ​យ៉ាងណាក៏ដោយ​លោក​អ៊ឹម សួស្ដី បានលើកឡើង ថា បើទោះបីជា គ​.​ជ​.​ប បាន​រៀបចំ​ការបោះឆ្នោត​ជោគជ័យ ច្រើនលើក​ច្រើនសារ​ក៏ដោយ ក៏​ស្ថាប័ន​នេះ នៅតែ​ទទួលរង​ការចោទប្រកាន់ ថា មិន​ឯករាជ្យ មិន​អព្យាក្រឹត្យ និង​មិន​តម្លាភាព​ជា​ដើម​។

 

​ចំណែក​លោក​ស៊ិក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​ថ្មី បាន​ថ្លែង​នៅក្នុង​ឱកាស​នោះ​ដែរ ថា លោក​សូម​កោតសរសើរ ដល់​ថ្នាក់ដឹកនាំ​គ​.​ជ​.​ប​អាណ្ណ​ត្ដិ​មុន ដែល​បាន​ដឹកនាំ​គ្រប់គ្រង និង​ចាត់ចែង​រៀបចំ​ការបោះ ឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ​៤​នីតិកាល​កន្លងមក ដែល​ជា​ការបោះឆ្នោត​សកល និង​អសកល ទទួលបាន​លទ្ធផល​ល្អប្រសើរ ដែល​អាច​ទទួលយកបាន ហើយ​ជា​ទូទៅ​បាន​រង​ការ​វាយ​តំលៃ​ខ្ពស់ ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ​។

 

លោក​ស៊ិក ប៊ុន​ហុក បាន​ថ្លែង​បន្ដ ថា ការរៀបចំ​ការបោះឆ្នោត គឺជា​ការងារ​លំបាក​មួ​យ ដែល​ត្រូវ​មាន​ការចូលរួម សហការ​ពី​ប្រជាពលរដ្ឋ និង​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​លោក​ថា នៅ​ក្នុង​ការ​អនុវត្ដ​ជាក់ស្ដែង​ពុំមាន ការងារ​បោះឆ្នោត​ណាមួយ ដែល​ត្រូវ​រៀបចំឡើង​ដោយ​ល្អឥតខ្ចោះ មួយ​ភាគរយ​នោះទេ​។​

 

​ប្រធាន​គ​.​ជ​.​ប​ថ្មី លោក​ស៊ិក ប៊ុន​ហុក បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​យក​អស់ ពី​កម្លាំងកាយ​ចិត្ត អនុវត្ដ​តួនាទី ភារកិច្ច ប្រកប​ដោយ​ឯករាជ្យ អព្យាក្រឹត្យ សុចរិត​ភាព និង​តម្លាភាព សំដៅ​ធានា ឲ្យ​ការបោះឆ្នោតបាន​ប្រព្រឹត្ដិទៅ ដោយ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌​។ ដោយឡែក​លោក​អ៊ឹម សួស្ដី ប្រធាន​គ​.​ជ​.​ប​ចាស់ បាន​សម្ដែង​ក្ដីសង្ឃឹម ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី នឹង​មាន​គំនិត​ថ្មី ជាមួយ​នឹង​ច្បាប់​ថ្មី​ទាំង​ពីរ គួបផ្សំ​នឹង​បទពិសោធន៍ ពី​ការបោះឆ្នោត​ជាច្រើនលើក កន្លងមក អាច​ជា​មូលដ្ឋាន ដ៏​រឹងមាំ​ក្នុង​ការកែច្នៃ​ការបោះឆ្នោត នាពេលខាងមុខ ឲ្យ​កាន់តែ​មាន​លក្ខណៈ​ទំនើប និង​ល្អប្រសើរ​ជាង​ការបោះឆ្នោត​អាណ្ណ​ត្ដិ​មុនៗ​៕

 

(​ដោយៈ​ឃួន សុភ័​ក្រ​)

ព័ត៌មានផ្សេងទៀត