ហេតុ​អ្វី​​អា​រ៉ាប៊ី​សាអូឌីត​​សម្រេចចិត្ដ​​ដឹកនាំ​​ការវាយប្រហា​រ​តាមជើង​អា​កាស​ជួយ​​យេមែន​?

09-04-2015 4:30 pm 3144
យន្ដហោះដែលធ្វើប្រតិបត្ដិការនៅយេមែន

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង ទាក់ទង​នឹង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​យេមែន​។ មួយ​រយៈកាល​ចុងក្រោយ​នេះ យេមែន​កំពុងតែជួប​បញ្ហា​កាន់តែ​ខ្លាំងឡើងៗ បង្កឡើង​ដោយ​ក្រុម​ឧទ្ទាម​ហូ​ធី​។ ដើម្បី​បង្ក្រាប​ក្រុម​នេះ សម្ព័ន្ធ​អារ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត ក៏​បាន​បើក​យុទ្ធនាការ​វាយប្រហារ​តាម​ជើង​អាកាស​នៅក្នុង​ប្រទេស​យេមែន​។ ការវាយប្រហារ​នេះ បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់ ហើយ​ប្រជាជន រាប់​ម៉ឺន​នាក់​ផ្សេងទៀត​បាន​ជម្លៀស​ខ្លួន​ចេញពី​ប្រទេស​។ តើ​ស្ថានភាព​នៅយេ​មែននឹង​ទៅជា​យ៉ាងណា​ហើយនៅពេលនេះ​? តើ​ហេតុអ្វី​បាន​អា​រ៉ាប៊ីសាអូឌីត​សម្រេចចិត្ដ​ជួយ​យេមែន​កម្ទេច​ក្រុម​ឧទ្ទា​ម​?


​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖


​សំឡេង​៖


​ចាប់តាំងពី​ក្រុម​ឧទ្ទាម​ហូ​ធី​នៅក្នុង​ប្រទេស​យេមែន បាន​ក្ដាប់​អំណាច​ពី​រដ្ឋាភិបាល​យេមែន​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៥​នេះ យើង​ឃើញថា​ស្ថានភាព​នៅ​ក្នុង​ប្រទេស​យេមែន​កាន់តែ​ធ្ងន់ធ្ងរ​ពី​មួយ​កម្រិត​ទៅមួយ​កម្រិត វា​ហាក់ដូចជា​ធ្លាក់​ក្នុង​រណ្ដៅ​មរណៈ​ដូច្នេះ​ដែរ​។ ក្រុម​ឧទ្ទាម​ហូ​ធី​បានប្រកាស​ចង់​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​យេមែន ហើយក៏​បាន​ឃុំខ្លួន​មេដឹកនាំ​មួយចំនួន សូម្បី​តែ​ប្រធានាធិបតីយេមែ​នក៏​ត្រូវ​ពួកគេ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​ជាច្រើន​ថ្ងៃ​ដែរ មុនពេល​លោក​អាច​គេចខ្លួន​បាន​។ ក្រៅពី​នេះ​ក្រុម​ឧទ្ទាម​ហូ​ធី​បាន​រឹបអូស​ទីតាំង​ការងារ​រដ្ឋាភិបាល​ជាច្រើន​កន្លែង ហើយ​អ្វី​ដែល​សំខាន់ គឺ​ក្រុម​នេះ​បាន​កាន់កាប់​ទីក្រុង​សា​ណា​របស់​យេមែន​ថែមទៀត​ផង​។


​និយាយ​ពី​ប្រធានាធិបតីយេមែ​នក្រោ​យ​ពេល​រួច​ចេញពី​ការឃុំខ្លួន​នៅ​ក្នុងផ្ទះ លោក​បាន​ភៀសខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ចុងក្រោយ​បាន​ភៀសខ្លួន​ទៅ​ទីក្រុង​អេដែ​ន និង​បាន​ប្រកាស​យក​ទីក្រុង​មួយ​នេះ​ធ្វើ​ជា​រដ្ឋធានី​បណ្ដោះអាសន្ន​។ ប៉ុន្ដែ​នៅក្នុង​ទីក្រុង​អេដែ​នក៏មាន​ការប៉ះទង្គិច​ដែរ​។ ដើម្បី​បញ្ចប់​បញ្ហា​នេះ ប្រធានាធិបតីយេមែ​ន​ក៏បានអំពាវនាវ​ឱ្យ​អន្ដរជាតិ​ជួយ ជាពិសេស​គឺ​អង្គការសហប្រជាជាតិ ឱ្យ​អន្ដរាគមន៍​ជាបន្ទាន់ ហើយ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​ក៏​បាន​បើ​កិច្ចប្រជុំ​បន្ទាន់​ពិភាក្សា​លើ​បញ្ហា​នេះ​ដែរ​។


​ដោយឡែក​ចាប់អារម្មណ៍​ពី​សម្ព័ន្ធ​អារ៉ាប់​វិញ​ក៏​មិន​នៅ​ស្ងៀម​ដែរ ក្រោម​ការដឹកនាំ​របស់​អា​រ៉ាប៊ី សា​អូឌីត សម្ព័ន្ធ​អារ៉ាប់​បាន​បើក​យុទ្ធនាការ​វាយប្រហារ​តាម​ជើង​អាកាស ដើម្បី​កម្ទេច​ក្រុម​ឧទ្ទាម​ហូ​ធី​នៅក្នុង​ប្រទេស​យេមែន​។ ចំពោះ​ប្រទេស​ដែល​ចូលរួម​នៅក្នុង​យុទ្ធនាការ​ជើង​អាកាស​នេះ​មាន​ដូចជា ប្រទេស​អេ​ហ្ស៊ី​ប ម៉ារ៉ុក ហ្ស៊កដានី ស៊ូដង់ គុយ​វ៉ែត អារ៉ាប់​រួម ហ្កា​តា និង​ប្រទេស​បា​រ៉ែ​ន​ផងដែរ​។ ការវាយប្រហារ​បានធ្វើ​ឡើង​ជា​បន្ដបន្ទាប់​តាំង​ពី​ខែ​មុន​រហូត​មកដល់ពេលនេះ បណ្ដាលឱ្យ​មនុស្ស​ស្លាប់​និង​របួស​រាប់រយ​នាក់​មក​ហើយ ហើយ​ប្រជាជន​ដែល​ជម្លៀស​ខ្លួន​គឺ​មាន​ជាង​១​សែន​នាក់​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្ដរជាតិ​ចុះផ្សាយ​កន្លងមក​។ ប្រជាជន​បរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​យេមែន ក៏​បាន​ជម្លៀស​ខ្លួន​ចេញ​ដែរ មាន​ដូចជា​ចិន ឥណ្ឌា ប៉ា​គី​ស្ថាន​ជាដើម​។ បច្ចុប្បន្នយេ​មែន​មិន​ទាន់​រក​ច្រក​ចេញ​ឃើញ​ពី​សង្គ្រាម​នេះ​ទេ​។


​ទាក់ទង​នឹង​ការវាយប្រហារ​តាម​ជើង​អាកាស​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត តើ​អាច​នឹង​ទទួលបាន​ជោគជ័យ​ដែរឬទេ​?


​មកដល់ពេលនេះ នៅ​មិនទាន់​មាន​របាយការណ៍ ឬក៏​មាន​នរណា​ម្នាក់​បញ្ជាក់ថា សកម្មភាព​វាយប្រហារ​តាម​ជើង​អាកាស​របស់​សម្ព័ន្ធ​អារ៉ាប់ អាច​ម្ទេច​ក្រុម​ឧទ្ទាម​ហូ​ធី​បាន​ឬ​យ៉ាងណា​នោះទេ ហើយ​ក្រុម​ហូ​ធី​ក៏​នៅតែ​មាន​សកម្មភាព​ដដែល​។ កន្លង​មក​អា​រ៉ាប៊ីសាអូឌីត​បានស្នើឱ្យ​ប៉ាគី​ស្ថាន​ជួយ​ផ្ដល់​នូវ​កងទ័ព ដើម្បី​បើក​យុទ្ធនាការ​ជើងគោក​អម​នឹង​ជើង​អាកាស​។ ដូច្នេះ​ស​បញ្ជាក់ថា ការវាយប្រហារ​តាម​ជើង​អាកាស​មិន​អាច​ធ្វើឱ្យ​ក្រុម​ឧទ្ទាម​ហូ​ធី ចុះចាញ់​មួយរយ​ភាគរយ​បាន​ទេ គឺ​ទាមទារ​ទ័ព​ជំនួយ​ថ្មើរជើង​បន្ថែម​។​


​ហេតុអ្វី​បាន​ជា​សម្ព័ន្ធ​អារ៉ាប់​សម្រេចចិត្ដជួយ​យេមែន​ភ្លាមៗ​បែបនេះ​?


​ត្រង់​ចំណុច​នេះ យើង​អាច​សិក្សា​ទាំងអស់គ្នា​បាន​ទី​មួយ​អា​រ៉ាប៊ីសាអូឌីត​មានទំនាក់​ទំនង​ជា​មួយ​យេមែន​យ៉ាង​ជិតស្និទ្ធ ទាំង​ផ្នែក​យោធា សេដ្ឋកិច្ច វប្បធម៌ ដោយ​ទំនាក់ទំនង​បាន​ចាប់ផ្ដើម​នៅក្នុង​ឆ្នាំ​១៨០៣​។ អញ្ជឹង​ដោយ​យោង​លើ​មិត្ដ​ភាពរាប់​ឆ្នាំ​មកនេះ ទើប​ជម្រុញ​ឱ្យ​អា​រ៉ាប៊ីសាអូឌីត​មិន​នៅ​ស្ងៀម​ទេ គឺ​បាន​ចូលរួម​យ៉ាង​ពេញទំហឹង ដើម្បី​ជួយសង្គ្រោះ​យេមែន​ក្នុងនាម​ជា​ប្រទេស​ជិត​ខាង​គ្នា​។


​ចំណុច​ទី​ពីរ យើង​រម្លឹក​វិញ​បន្ដិច​ពី​ក្រុម​ឧទ្ទាម​ហូ​ធី ដែល​កំពុងតែ​វាយលុក​រដ្ឋាភិបាល​យេមែន​។ ក្រុម​នេះ​ត្រូវបាន​អន្ដរជាតិ​បញ្ជាក់ថា ស្ថិតនៅក្រោម​ការ​ជ្រោមជ្រែង​របស់​អ៊ីរ៉ង់ និយាយឱ្យចំ​ទៅ​គឺ​អី​រ៉ង់​ជា​អ្នក​នៅ​ពីក្រោយ​។ អ៊ីរ៉ង់​គឺជា​ប្រទេស​មួយ​ក្នុង​សម្ព័ន្ធ​អារ៉ាប់ ដែល​កាន់សាសនា​អ៊ីស្លាម​តាមបែប​និកាយ​ស៊ី​អ៊ី​ត ខុស​ពី​ប្រទេស​លើ​ទ្វីប​អារ៉ាប់​ផ្សេងទៀត ដែល​កាន់សាសនា​អ៊ីស្លាម​ដូចគ្នា ប៉ុន្ដែ​គោរព​តាម​បែប​និកាយ​ស៊ុន​នី​។ ភាព​ខុសប្លែក​គ្នា​រវាង​និកាយ​ស៊ី​អ៊ី​ត​និង​ស៊ុន​នី​នេះ បានធ្វើឱ្យ​អ៊ីរ៉ង់​មិនសូវ​ចុះសម្រុង​ជាមួយ​ប្រទេស​លើ​ទ្វីប​អារ៉ាប់​ផ្សេងទៀត ជាពិសេស​គឺ​អា​រ៉ាប៊ីសាអូឌីត​ផ្ទាល់​តែម្ដង ដែល​មើល​មុខ​គ្នា​មិន​ចំ​ជាមួយ​អ៊ីរ៉ង់​។ ដូច្នេះ​ការវាយប្រហារ​កម្ទេច​ក្រុម​ឧទ្ទាម​ហូ​ធី គឺ​អា​រ៉ាប៊ីសាអូឌីត​អាចធ្វើ​ក្នុង​ន័យមួយ​ព្រួញ​មួយបា​ញ់​បាន​សត្វ​ពីរ ទី​មួយ​អាច​ជួយសង្គ្រោះ​យេមែន​ពី​ក្នុង​ដៃ​ក្រុម​នេះ ទី​ពីរ​គឺ​អាច​បំបាក់កម្លាំង​ក្រុម​ឧទ្ទាម​ហូ​ធី​ដែល​ជា​អាវុធ​របស់​អ៊ីរ៉ង់​ប្រើប្រាស់​លើ​ឧ​ទ្វីប​អារ៉ាប់​ដោយ​ចង់​បញ្ចេញ​សាច់ដុំ​ដាក់​អ៊ីរ៉ង់​ក្រោយ​មាន​ភាពចម្រូងចម្រាស់​ជាមួយគ្នា​កន្លងមក​។​សកម្មភាព​របស់​អា​រ៉ាប៊ីសាអូឌីត​ធ្វើ​កន្លង​មកនេះ ក៏​មាន​អាមេរិក​ជា​អ្នកគាំទ្រ​ដល់​អា​រ៉ាប៊ីសាអូឌីត​ដែរ ក្រៅពី​ប្រទេស​ដែល​បាន​ចូលរួម ដូច​បាន​រៀបរាប់​ខាងលើ​។


​តើ​សង្គ្រាម​នៅក្នុង​ប្រទេស​យេមែន អាច​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ពិភពលោក​ដែរឬទេ​?


​ផលប៉ះពាល់​ប្រាកដជា​មាន ហើយ​បច្ចុប្បន្ន​នេះ​ក៏មាន​ដែរ គឺ​ប៉ះពាល់​ដល់​ប្រជាជន​ប្រទេស​ផ្សេងទៀត ដែល​រស់នៅ​ក្នុង​ប្រទេស​យេមែន​។ មួយវិញទៀត ក្នុង​ករណ៏ដែ​ល​សង្គ្រាម​រីក​រាលដា​ល់កា​ន់តែ​ខ្លាំង ការសម្លាប់​មនុស្ស​ក៏​មាន​កាន់តែច្រើន ហើយ​ប្រទេស​ផ្សេង​ទៀត​ក៏​នឹង​អាច​មាន​វត្ដ​មាន​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្នា​នៅក្នុង​សង្គ្រាម​មួយ​នេះ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ ពេលនេះ អ៊ីរ៉ង់​និង​ប៉ា​គី​ស្ថាន​បានប្រកាសថា​នឹង​ចូលរួម​ដោះស្រាយ​ជម្លោះ​នៅ​យេមែន ដើម្បី​ទប់ស្កាត់​ការសម្លាប់​ជីវិត​មនុស្ស​ស្លូតត្រង់​តទៅទៀត​។ ទោះជា​ពេលនេះ​មិនទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ក៏ដោយ ប៉ុន្ដែ​យើង​អាច​ជឿជាក់ថា បញ្ហា​នឹងត្រូវ​ដោះស្រាយបាន ព្រោះ​ក្រុម​ឧទ្ទាម​ក៏​បាន​បញ្ជាក់​ជំហ​រថា ពួកគេ​ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ការចរចា បើសិនជា​គ្មាន​ការវាយប្រហារ​តាម​ជើង​អាកាស​បន្ដទៀត​។ អញ្ជឹង​ក្នុងករណី​ដែល​អន្ដរ​ជាតិ ជាពិសេស​គឺ​អង្គការសហប្រជាជាតិ​រួម​គ្នា​អ​ពា​វនាវ​ឱ្យ​បញ្ឈប់​ការប្រើ​ហិង្សា និង​ងាក​មក​រក​ការចរចា បញ្ហា​ប្រាកដជា​អាច​ដោះស្រាយ​បាន​បន្ដិច​ម្ដងៗ ហើយ​យើង​ក៏​ជឿជាក់​ដែរ​ថា ពិភពលោក​នឹង​មិន​ឱបដៃ​មើលយេ​មែន​វិនា​សដែរ​៕​​​ដោយ​៖​ពេញ ផេង​


ព័ត៌មានផ្សេងទៀត