លោក​​កឹម សុខា​៖​​​​ចំណាយ​​ពេល​​​៧​ម៉ោង​​ តុលាការ​​​សួរ​​​ដដែលៗ​​ គ្មាន​​​ខ្លឹម​សារ​​!​​

08-04-2015 5:47 pm 2272

​នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា បាន​ចំណាយ​រយៈពេល​៧​ម៉ោង ដើម្បី​ឆ្លើយបំភ្លឺ​នៅ​តុលាការ​សាលាដំបូង ទាក់ទង​នឹង បទ​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឫ​ប្រព្រឹត្ត​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម កាលពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤​។

 

​ក្រោយពី​បញ្ចប់​ការឆ្លើយបំភ្លឺ​ដែល​បាន​ធ្វើ​ឡើង​តាំងពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង​ជិត​៤​រសៀល ថ្ងៃទី​០៨ មេសា​លោក​កឹម សុខា បាន​មានប្រសាសន៍​យ៉ាងខ្លី ប្រាប់​ដល់​អ្នក​សារ​ព័ត៌មាន នៅ​ខាង​មុខ​តុលាការ​សាលាដំបូង​ថា តុលាការ​បាន​ព្យាយាម​ចំណាយ​ពេលវេលា លើ​ការ​ចោទសួរ​។ ប៉ុន្តែ​ការ​ចោទសួរ​នេះ ធ្វើឡើង​ដដែលៗ គ្រប់​ពាក្យ​ដែល​លោក​និយាយ​។ សួរ​តាំងពី​និយម​ន័យ ដូចម្តេច​ដែល​ហៅថា​”​បដិវត្តន៍​” និង​សួរ​អំពី​មូលហេតុ​អ្វី​បានជា​លោក​វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ទៅ​ទទួល​លោក នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈពេលដែល​លោក​ត្រឡប់​ពី​អាមេរិក​។​

សម្លេង​លោក​កឹម សុខា

 

​យ៉ាងណាក៏ដោយ ការឆ្លើយបំភ្លឺ​រយៈពេល​៧​ម៉ោង​នេះ លោក​កឹម សុខា បាន​អះអាង​ថា បាន​ចប់សព្វគ្រប់​អស់ហើយ​។ ដោយឡែក​សម្រាប់​សំនួរ​ដែល​បាន​ចោទសួរ​ថា តើ​តុលាការ​នឹង​កោះហៅ​រូបលោក ចូលមក​បំភ្លឺ​ម្តងទៀត​ដែរឬទេ​? ឆ្លើយ​នឹង​សំនួរ​នេះ លោក​កឹម សុខា គ្រាន់តែ​បញ្ជាក់ថា មិនមាន​អ្វី​ទេ​! ហើយ​ការ​មក​តុលាការ​នា​ថ្ងៃនេះ ជា​ការបំភ្លឺ​តែប៉ុណ្ណោះ​។​

សម្លេង​លោក​កឹម សុខា​

 

​ការ​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​ពី​សំណាក់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ត្រូវបាន​លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា មើលឃើញថា ប្រសិន​បើ​តុលាការ​ស្ថិតក្នុង​ជំហរ​ឯករាជ្យ​ពិតប្រាកដ ប្រហែលជា​មិន​មាន​ការកោះហៅ​លោក​កឹម សុខា មក​ចូល​ឆ្លើយបំភ្លឺ​ទេ​។ ហើយ​ប្រសិន ចោទ​សួររក​អ្នកទទួលខុសត្រូវ ក្នុង​គណបក្ស​នយោបាយ គួរ​ណាស់​តែ​សួរ​ទៅ​កាន់​ប្រធាន​គណបក្ស​។ ម្យ៉ាងវិញទៀត ដើម្បី​ចោទប្រកាន់​ដល់​អ្នក​ទទួលខុសត្រូវ លើ​ព្រឹត្តិការណ៍​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០១៤ តុលាការ​គួរ​ណាស់​តែ​បើក​ការស្រាវជ្រាវ និង​ចោទសួរ​លើ​ភាគី​ទាំងសងខាង រួម​មាន​កងកម្លាំង​សន្តិសុខ និង​ក្រុមបាតុករ​។​

​សម្លេង​លោក​កែម ឡី​

 

​គួររម្លឹកថា លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​នៅ​ចំពោះមុខ អ្នកគាំទ្រ របស់ខ្លួន នៅ​ទីក្រុង​ឡុង​ប៊ិក​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូចជា​រូប​លោក បាន​បរាជ័យ ក្នុង​ការផ្លាស់ប្តូរ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យបាន​ឆាប់រហ័ស​តាម​បំណង​របស់​ពលរដ្ឋ​ខ្មែរ ។​លោក​កឹម សុខា​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ដល់​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ចំពោះ​ការបរាជ័យ​នេះ​ផង​ដែរ​។

 

​ពាក្យសំដី​ទាំងនេះ របស់​លោក​កឹម សុខា ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​អះអាងថា ជា​ការសារភាព​មួយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កន្លងមក​មាន​បំណង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុន្តែ​មិនបាន​សម្រេច ដូច្នេះ វា​ជា​ភស្តុតាង​មួយ​ដែល​គួរ​ចាត់វិធានការ​ផ្នែក​ច្បាប់​ចំពោះ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​។​ យ៉ាង​​ណា​ក៏​​​​ដោយ បញ្ហា​​នេះ ត្រូវ​បាន​លោក​កឹម​ សុខា ​អះអាង​ថា​ ​បាន​​ដោះ​​ស្រាយ​រួចរាល់​ហើយ ​បន្ទាប់ពី​រូបលោក​បានចូលឆ្លើយ​បំភ្លឺ​តាមការកោះ​​ហៅ​របស់​តុលាការ៕ ​​ដោយៈ​សៅ​ វិសាល​​​

 

     

ព័ត៌មានផ្សេងទៀត