លោក​កឹម សុខា​សុំ​ពន្យា​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​

06-04-2015 3:39 pm 6288

​ក្រុម​មេធាវី​របស់​លោក​កឹម សុខា នឹង​ស្នើ​សុំ​តុលាការ​ពន្យា​ពេល​ឲ្យ​លោក​កឹម សុខា​អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​បំភ្លឺ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​វិញ​។ លោកស្រី​ម៉េង សុភា​រី មេធាវី​របស់​លោក​កឹម សុខា មានប្រសាសន៍ ថា ដោយសារតែ​លោក​កឹម សុខា មាន​កិច្ច​ការងារ​រវល់​ច្រើនពេក ទើប​លោក​សុំ​ពន្យា​ពេល​រហូត ក្រោយ​ចូលឆ្នាំ​ខ្មែរ​ហើយ​។

 

​សូមជម្រាបថា តំណាង​អយ្យការ​អម​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដី​កោះហៅ​លោក កឹម សុខា អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៥​ខាងមុខនេះ​។ ដីកា​នោះ​ត្រូវបាន​បញ្ជូន ទៅ​ដល់​ដៃ​មន្ដ្រី​ខុទ្ទកាល័យ​លោក​កឹម​សុខា កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា តាមរយៈ​ក្រសួង​យុត្ដិធម៌​។ អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​លោក​គឹម សន្ដិភាព បាន​ធ្លាប់​បាន​បញ្ជាក់​ឲ្យដឹង ថា តុលាការ​ចេញ​ដីកា​កោះហៅ​លោក​កឹម សុខា​នេះ គឺ​ដើម្បី​ឲ្យ​លោក​មក​បំភ្លឺ​បន្ថែម ពាក់ព័ន្ធ​ទៅនឹង​ករណី​កាលពី​ឆ្នាំ​២០១៤​កន្លងទៅនេះ​។

 

​ទោះជា​បែបណា​ក៏​ដោយ​លោកស្រី​ម៉េង សុភា​រី មេធាវី​របស់​លោក​កឹម សុខា បានបញ្ជាក់ ថា លោក​កឹម សុខា ជា​តំណាងរាស្ដ្រ​មាន​អភ័យឯកសិទ្ធិ​។ ដូច្នេះ​តុលាការ​មិន​ត្រូវ​កោះហៅ​លោក ឲ្យចូល​បំភ្លឺ​នោះ​ឡើយ​។ លោកស្រី​បាន​បន្ថែម ថា នៅក្នុង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ក៏​បាន​ចែង ដែរ​ថា​តំណាងរាស្ដ្រ គឺ​មាន​អភ័យឯកសិទ្ធិ​ហើយ​មាន​ឋានៈ និង​បុព្វសិទ្ធិ​ជា​ឧត្ដមមន្ដ្រី​ផុត​លេខ ហើយ​រដ្ឋ​ត្រូវ​ធានា​រ៉ាប់​សង្គម ចំពោះ​តំណាងរាស្ដ្រ​ទៀតផង​។

 

​ចំពោះ​លិខិត​ស្នើ​សុំ​ពន្យា​ពេល បំភ្លឺ​នៅ​តុលាការ​មេធាវី​លោក​កឹម សុខា អាច​នឹង​ត្រូវ​ដាក់​នៅ​ថ្ងៃនេះ ឬ​នៅ​ថ្ងៃស្អែក ដោយសារ​រង់ចាំ​មេធាវី​របស់​លោក​កឹម សុខា ផ្សេង​ទៀត​មក​ចុះហត្ថលេខា​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោកស្រី​មេធាវី​ម៉េង សុភា​រី​។

 

ជា​ការកត់សម្គាល់ ដីកា​កោះហៅ​លោក​កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើឡើង​ក្រោយ​ពី​មាន​ការព្រមាន ពី​សំណាក់​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា​កន្លងទៅនេះ ដោយ​លោក​បាន​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ពី​អំណាចច្បាប់ ដើម្បី​ចាត់វិធានការ​ចំពោះ លោក​កឹម សុខា ដែល​លោក ហ៊ុន សែន អះអាងថា​លោក កឹម សុខា បាន​ប្រាប់​អ្នកគាំទ្រ​នៅ​អាមេរិក​ថា បាន​បរាជ័យ​ក្នុងការ​រៀប​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​៕

 

(​ដោយៈ​ឃួន សុភ័​ក្រ​)

ព័ត៌មានផ្សេងទៀត