ជា​មធ្យម​អ្នកធ្វើដំណើរ​តាម​រថយន្ដក្រុង​សាធារណៈ ក្នុង​១​ថ្ងៃ​ប្រមាណ​៧០០០​នាក់​

30-03-2015 4:09 pm 2168

​លោក​ឡុង ឌី​ម៉ង់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹង ថា ចាប់តាំងពី​ដើមឆ្នាំ​២០១៥ រហូតដល់​ខែ​មីនា​នេះ ជា​មធ្យម​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧០០០​នាក់ បាន​ធ្វើដំណើរ​លើ​រថយន្ដ​ក្រុង​សាធារណៈ នៅ​រាជធានី​ភ្នំពេញ ដោយ​នៅ​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ ដែល​មិន​បង់ប្រាក់​ចំនួន​ជាង​១០០០​នាក់​។ កាលពី​ថ្ងៃ​ម្សិលមិល មាន​ប្រជាពលរដ្ឋ​ជិះ​រថយន្ដក្រុង​សាធារណៈ ប្រមាណ​ជា​៦៥០០​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ ដែល​មិន​ត្រូវ​បង់​ប្រាក់​ចំនួន​១៧៦៦​នាក់ ដែល​ស្មើនឹង​៣០​ភាគរយ នៃ​ចំនួន​អ្នកជិះ​សរុប​។

 

​លោក​ឡុង ឌី​ម៉ង់ បាន​បញ្ជាក់​ទៀត ថា នៅក្នុង​ដំណើរការ​រថយន្ដក្រុង​សាធារណៈ​នេះ សាលា​រាជធានី​ភ្នំពេញ មិន​រំពឹង​ថា នឹង​ចំណេញ​នោះទេ ព្រោះថា ការបង់ថ្លៃ​រថយន្ដក្រុង​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ គឺ​ត្រឹមតែ​១៥០០​រៀល​ប៉ុណ្ណោះ ហើយ​ថា​រាជរដ្ឋាភិបាល មាន​គោលនយោបាយ មិន​យក​ប្រាក់​សម្រាប់​សិស្ស​-​និស្សិត មនុស្ស​ចាស់ និង​ព្រះសង្ឃ​ទៀត​នោះ នឹង​មិន​អាច​ចំណេញ​នោះទេ​។ តែ​យ៉ាង​ណាក៏ដោយ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឲ្យដឹង ថា បើទោះបីជា មិន​ចំណេញ​លុយ តែ​ការ​ដំណើរការ​រថយន្ដក្រុង​សាធារណៈ បាន​ជួយ​កាត់បន្ថយ ការកកស្ទះ​ចរាច​រណ៍​ច្រើន​គួរ​សម​។​

 

ពាក់ព័ន្ធ នឹង​ដំណើរការ​រថយន្ដក្រុង​សាធារណ​នេះ លោក​យ៉ង់ គីម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិ​វឌ្ឈន៍ និង​សន្តិភាព បាន​សម្ដែង​ការស្វាគមន៍ នឹងបានលើកឡើង ថា សេវា​រថ​យន្ដ​ក្រុង​សាធារណៈ​នេះ បាន​ជួយ​សម្រួល​កុំឲ្យ មានការកកស្ទះ​ចរាច​រណ៍ បាន​មួយចំណែក​ដែរ​។ ប៉ុន្ដែ​លោក​សំណូមពរ ឲ្យ​សាលា​រាជធានី​ភ្នំពេញ ពង្រីក​សេវា​ដឹក​អ្នកដំណើរ​នេះ ឲ្យបាន​គ្រប់​ផ្លូវ​ផងដែរ​។

 

​លោក​យ៉ង់ គីម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិ​វឌ្ឈន៍ និង​សន្តិភាព បាន​លើកឡើង​បន្ដ ថា កត្ដា​សំខាន់ៗ ដែល​នាំឲ្យ​មាន​កកស្ទះ​ចរាចរ​ណ៍​នោះ គឺ​រួម​មានៈ​កត្ដា​នៃ​កំណើន​យានយន្ដ កត្ដា​ដែល​មិន​គោរព​ច្បាប់ និង​កត្ដា​ដែល​ប្រជាពលរដ្ឋ យក​ចំណី​ផ្លូវ​ធ្វើជា​កន្លែង​ចត​រថយន្ដ និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​ជាដើម​។

 

លោក​ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ ថា ការដាក់​ដំណើរ​សេវា​រថយន្ដក្រុង​សាធារណៈ​នេះ ពិតជា​ទទួល​បាន​ការ​គាំទ្រ ពី​សំណាក់​ប្រជាពលរដ្ឋ​។ ប៉ុន្ដែ​ការផ្ដល់​សេវា​រថយន្ដក្រុង​សាធារណៈ ជូន​ប្រជាពលរដ្ឋ មិនទាន់​បាន​គ្រប់គ្រាន់ តាម​ការគ្រោងទុក​នោះ​ទេ​។ លោក​បាន​បញ្ជាក់ ថា សាលា​រាជធានី​ភ្នំពេញ នឹង​បន្ដ​កែលម្អ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​នេះ​៕

 

(ដោយៈឃួន សុភ័ក្រ)

ព័ត៌មានផ្សេងទៀត