ពិធី​​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​​

ដោយ៖ Vayofm Teams 29-03-2015 4:47 pm 5139

​មនុស្ស​គ្រប់ ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ ខ្លួន​។ គ្រាន់តែ​គេ​និយម​កំណត់​ពេលវេលា​នៃ ការរៀបចំ​បុណ្យ​នេះ​បែ្លកៗ​គ្នា​ស្របទៅតាម ជំនឿ​ទំនៀមទម្លាប់ និង​ប្រពៃណី​របស់គេ​ប៉ុណ្ណោះ​។ ជនជាតិ​ខ្មែរ​យើង ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​តាំងពី​បុរាណកាល​ជា​រៀងរាល់​ឆ្នាំ​រហូត​មក ។ យើង​បាន​ប្រទះ ឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទាន​រឿង​របស់​ចា​ស់ទុំ​ជាច្រើន​។​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​អំពី​ប្រវត្តិ​នៃ​ពិធី​បុណ្បចូលឆ្នាំង​ខ្មែ​នេះ ជា​បន្ត​សូម​ស្តាប់​ដូចតទៅ​៖

 

​មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប​មាន សេដ្ឋី​ម្នាក់ មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​ចំណេះវិជ្ជា​ដ៏​វិសេស បាន​រៀន​ចេះ​ចប់​គម្ពីរ​ត្រី​វេទ​តាំងពី​អាយុ​បាន ៧ ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាង​ប្រាសាទឲ្យ​ធម្មបាល​កុមា​រ នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរទន្លេ ដែល​ជា​ទីស្នាក់អាស្រ័យ នៃ​បក្សី​ទាំងឡាយ ។ ធម្មបាល​កុមារ ចេះ​ទាំង​ភាសា​បក្សី ទាំងពួង​ផង ព្រមទាំង​អាច​ធ្វើជា​អាចារ្យ​សម្ដែង​មង្គល​ផ្សេងៗ ដល់​មនុស្ស​ទាំងពួង​ផង​។ គ្រា​នោះ មនុស្សលោក​រមែង​រាប់អាន​មហាព្រហ្ម និង កបិល​មហាព្រហ្ម ១ អង្គ​ទៀត​ដែលជា​អ្នក​សម្ដែង​មង្គល​ដល់​មនុស្ស​ទាំងពួង ។ ពេលនោះ កបិល​មហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មានក៏​ចុះ​មក​សួរ​បញ្ហា នឹង​ធម្មបាល​កុមារ ចំនួន ៣ ប្រស្នា ដោយ​សន្យាថា ប្រសិនបើ ធម្មបាល​កុមារ អាច​ដោះប្រស្នា​បាន កបិល​មហាព្រហ្ម នឹង​កាត់​ព្រះ​សិរសា​ទ្រង់​ដើម្បី បូជា​ចំពោះ​ធម្មបាល​កុមារ ប៉ុន្តែ​ប្រសិនបើ ធម្មបាល​កុមារ​មិន​អាច​ដោះស្រាយ​ប្រស្នា​នោះ​រួច កបិល​មហាព្រហ្ម​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លងទៅ ៦ ថ្ងៃ​ហើយ​ក៏​ធម្មបាល​កុមារ​នៅ​តែ​គិត​មិនឃើញ និង​ដឹងខ្លួន​ថា​ព្រឹក​នេះ​នឹង​ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា ប្រាកដ ។ ដូច្នេះ គួរតែ​រត់ ទៅ​លាក់ខ្លួន ពួន​អាត្មា​ឲ្យស្លាប់​ដោយ​ខ្លួនឯង​ប្រសើរជាង ។ ទើប​ធម្មបាល​កុមារ​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ​ក្រោម​ដើមត្នោត​មួយគូ ។ នៅ​លើ​ដើមត្នោត​នោះ មាន​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ ។ វេលាយប់ សត្វ​ឥន្ទ្រី​ញី​សួរ​សត្វ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹក​នេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី​? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិល​មហាព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះប្រស្នា​មិន​រួច ។ ឥន្ទ្រី​ញី​សួរថា ប្រស្នា​នោះ​ដូចម្ដេច ? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិតនៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ផ្ទៃមុខ ។ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់មុខ ។ ប្រស្នា​ទី ២ ចោទថា ថ្ងៃត្រង់​សិរី​ស្ថិតនៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅលើ​ទ្រូង ។ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ។ ប្រស្នា​ទី ៣ ចោទថា វេលា​ល្ងាច​សិរី​ស្ថិតនៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង ។ ហេតុ​នោះ ទើប​មនុស្ស​ទាំងឡាយ​ត្រូវ​យក​ទឹក​លាង​ជើង ។ ធម្ម​បាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។ លុះ​ព្រឹក​ឡើង កបិល​មហាព្រហ្ម ក៏​មក​សួរ​ប្រស្នា ធម្មបាល​កុមារ ។ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បានឮ​មក ។ កបិល​មហាព្រហ្ម ក៏​ទទួល​ថា​ពិតជា​ត្រឹមត្រូវ​, ព្រម​ចុះចាញ់ និង សុខចិត្ត​ធ្វើ​តាម​ពាក្យសន្យា​របស់​ខ្លួន ។ កបិល​មហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧ អង្គ ដែលជា បាទ​បរិ​ចា​វិកា ព្រះ​ឥន្ទ្រ មក​ប្រាប់ថា ឥឡូវ​បិតា​ត្រូវ​កាត់​ព្រះ​សិរសា​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែបើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅលើ​អាកាស នឹង​នាំ​ឲ្យ​រាំងភ្លៀង បើ​ចោល​ក្នុង​មហាសមុទ្រ​នោះ​ទឹកនឹង​រីងស្ងួត​ហួត​អស់ ។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧ អង្គ យកពាន​មក​ទទួល​ព្រះ​សិរសា​បិតា ។ ពោល​រួច ព្រះអង្គ​ក៏​កាត់​ព្រះ​សិរសា​ហុច​ទៅឲ្យ​ព្រះនាង ទុង្ស ជា​កូនច្បង ។ ព្រះ​នាង ទុង្ស ក៏​បាន​យកពាន​មក​ទទួល​ព្រះ​សិរសា​បិតា រួច​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០ នាទី​ទើប​យាង​ទៅ​ប្រតិស្ឋាន​ទុក ក្នុង​មណ្ឌលេះ​នៅ​ក្នុង​គុហា​គន្ធ​មា​លី នា​ភ្នំ​កៃ​លាស និង​បូជា​គ្រឿង​ទិព្វ​ផ្សេងៗ ។ ព្រះ​វិស្សកម្ម​ទេវ​បុត្រ ក៏​និមិត្ត​រោង​ទិព្វ​ធ្វើ​ពី​កែវ ៧ ប្រការ ឈ្មោះថា "​ភគវតី​សភា​សាលា​" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា ។ លុះ​ដល់​គម្រប់ ១​ឆ្នាំ​ជា សង្ក្រាន្ត​ត នាង​ទេពធីតា​ទាំង ៧ អង្គ ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ ព្រះ​សិរសា​កបិល​មហាព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​ជា​រៀងរាល់ៗ​ឆ្នាំ រួច​ហើយ​យាង​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​ដើម្បី​តម្កល់​វិញ​។​នេះ គឺជា​ដំណើ​រឿង​នៃ​ពី​ធី​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ជា​រៀល​រាល់​ឆ្នាំ​។​

 

​ចំណែក​អត្ដ​ន័យ​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​វិញ ដែល​ជា​រាល់​ឆ្នាំ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ពិធី បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា (​យូរៗ​ម្ដង ថ្ងៃទី ១៤ ខែ មេសា​) ត្រូវ​នឹង​ខែ ចេត្រ នៃ​ចន្ទគតិ ។ ដោយសារ​ប្រទេស​ខ្មែរ​បាន​ទទួល​ឥទ្ធិពល​សាសនាព្រាហ្មណ៍ (​លទ្ធិ​ហ៊ី​ន​ឌូ​) ទើប​ជនជាតិខ្មែរ​នៅតែ​បន្ត​ប្រើប្រាស់​ក្បួន​គម្ពីរ សាស្ត្រា​បុរាណ​របស់​លទ្ធិព្រាហ្មណ៍​ក្នុង​ការគិតគូរ​រៀបចំ​ធ្វើ​កិច្ច នានា​ខាង​សាសនា ។ តាម​ក្បួន​តារាសាស្ត្រ ឬ​ហោរាសាស្ត្រ​បុរាណ​នៃ​លទ្ធិ​ព្រាហ្មណ៍ គេ​យល់​ថា​ផ្ទៃមេឃ​មាន​រាង​ដូច​ជា​រង្វង់​មូល និង នៅ​ស្ងៀម​មួយ​កន្លែង​ដូចជា​ផែនដី​ដែរ ។ គេ​យល់​ថា​ព្រះអាទិត្យ​ដើរ​ជុំវិញ​ផែនដី​តាម​គន្លង​គោចរ​ដែល​មាន​រូប សណ្ឋាន​ដូចជា​រង្វង់ ទើប​ពួកគេ​ហៅថា រាសី​ចក្រ ឬ ចក្រ​រាសី (​រង្វង់​រាសី​) ដែល​ត្រូវ​នឹង​មួយឆ្នាំ ។ ដោយសារតែ​ពួកគេ​មើលឃើញ​នៅលើ​លំហ​មេឃ​មាន​ផ្កាយ (​តារា​) ជាច្រើន​នៅក្បែរៗ​គ្នា​ហើយ​មាន​សណ្ឋាន​ដូចជា​រូប​ផ្សេងៗ ដូចជា​រូប​ចៀម​ឬ​ពពែ​ឈ្មោល​, គោ​ឈ្មោល​, រូប​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​, ក្តាម​, សិ​ង្ហ​, ស្រី​ក្រមុំ​, ជញ្ជីង​, ខ្ទួយ​, ធ្នូ​, ក្អម​, និង ត្រី ដូច្នេះហើយ​ទើប​ពួក​គេ​ដាក់​ឈ្មោះ​បណ្តុំ​ផ្កាយ (​នក្ខត្ត​ឫក្ស ឬ ន​ក្សត្រ​) ទាំង​នោះ​តាម​រូប​ភាពស្រដៀងគ្នា​។ ពួកគេ​ចែក​ផ្ទៃមេឃ​ជា ១២ ចំណែក ឬ ល្វែង​(​រាសី​) ដោយ​ដាក់​ឈ្មោះ​ចំណែក​នីមួយៗ​ស្រប​តាម​រូបរាង​នៃ​បណ្តុំ​ផ្កាយ ។ ដោយសារតែ​ពួកគេ​កំណត់​យក​មេសរាសី (​ខែ មេសា​) ជា​រាសី​ទីមួយ ទើប​ជនជាតិខ្មែរ​ចាប់​គិតថា​ខែ ចេត្រ ជា​ខែ​ទី​មួយ​នៃ​ឆ្នាំ​ថ្មី ហើយ​ក៏​ប្រារព្ធ​ធ្វើ​កិច្ច​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ ចេត្រ តាម​លំ​អាន​រៀងមក ។ នេះ​គឺ​ដោយសារ​ខ្មែរ​ប្រើ​ក្បួន​គិត​ថ្ងៃ​តាម​សុរិយគតិ ។

 

​តាម​ទម្លាប់ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ចូល​ឆ្នាំ​ចំនួន ៣ ថ្ងៃ​គឺ ៖ ថ្ងៃទី​១ ជា​ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី ២ ជា​ថ្ងៃ (​វា​រៈ​) វន​បត​, ថ្ងៃទី ៣ ជា​ថ្ងៃ​ឡើង​ស័ក ។ ជនជាតិ​ណា​ក៏​ប្រារព្ឋ​ធ្វើបុណ្យ ចូល​ឆ្នាំ​ថ្មី​របស់​គេ​ដែរ ។ ចំពោះ​ខ្មែរ​យើង នាំ​គ្នា​រៀបចំ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជា​រៀងរាល់ឆ្នាំ ព្រោះ​យើង​យល់​ថា​បុណ្យចូលឆ្នាំថ្មី មាន​អត្ថន័យ​ជ្រាលជ្រៅ ។ ខ្មែរ​មាន​ជំនឿ​ថា ក្នុង​មួយ​ឆ្នាំ​នៃ​ការរស់នៅ គេ​តែង​ជួបប្រទះ​អពមង្គល ឧបទ្រព្យ​ចង្រៃ​ផ្សេងៗ ជូន​កាល​មាន​ទុក្ខសោក ជួនកាល​មាន​គ្រោះអាសន្ន ជួនកាល​មាន​ជំងឺ​រូប​រឹត​រាងកាយ ជូន​កាល​ទៀត បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង មិន​គប្បី ។ លុះ​ផុត​ឆ្នាំ​ចាស់​ទៅ គេ​នាំគ្នា​ធ្វើបុណ្យ គេ​ស្លៀកពាក់​ថ្មីៗ គេ​នាំគ្នា​ដើរលេង​កំសាន្ដ ដើម្បីឲ្យអ​ស់​កង្វល់ ហើយ​ឲ្យមាន​សិរី​សួស្ដី មាន​សិរី​សូ​ស្ដី​មាន​សុភមង្គល​នៅក្នុង​ឆ្នាំ​ថ្មី ។​

 

ម្យ៉ាងទៀត រយៈពេល​មួយ​ឆ្នាំ ពួកគេ​បាន​បែក​ចេញពី គ្រួសារ និង ញាតិមិត្ដ ទៅ​ប្រករ​បរ​ចិញ្ចឹម​ជិវិត​នៅ​ទី​ឆ្ងាយ ៗ ។ លុះ​ដល់​ឆ្នាំ​ថ្មី គេ​បាន​វិល​មក​ជូ​ប​ជុំគ្នា សូរ​សុខទុក្ខ​គ្នា ដើម្បី​បន្ឋូរ​ការ​នឹករឭក និង​បំបាត់​ការនឿយហត់​ពី​ការងារ​ផង ។ រួច​ទើប​បន្ដ​ជីវភាព​ថ្មី​នៅក្នុង​ឆ្នាំ​ថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង អាយុ​យឺនយូរ ។ ម្យ៉ាងទៀត ពិធី​បុណ្យចូលឆ្នាំ​ថ្មី​គឺ​ជា​ប្រពៃណី​អាច​បណ្ដុះ​ស្មារតី​ស្រឡាញ់​រាប់អាន គ្នា​រវាង​អ្នក​ភូមិ​ស្រុក​ជិតខាង​គ្នា ជា​កត្ដា​បង្កើត​សាមគ្គីភាព​ជាតិ ។ ហេតុនេះហើយ ទើប​នៅ​ពេល​នោះ គេ​មិន​ត្រឹមតែ​ជួបជុំគ្នា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​គេ​នាំគ្នា​ទៅ​ធ្វើបុណ្យ​នៅ​វត្ដ​អារាម ដែល​ជា​មជ្ឈមណ្ឌល​អប់​រំ​ឲ្យមាន​ការ​មនុស្សធម៌ និង សាមគ្គីភាព ។ ដោយសារ​ពី​ធី​បុណ្យចួលឆ្នាំថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាងនេះ ទើប​ខែ្មរ​យើង​និយម​រាប់អាន​ទុកជា ប្រពៃណីជាតិ​តាំងពី​ដើម​រហូត​មក ។​សប្តាហ៍ក្រោយ​ខ្ញុំ​នឹង​លើកយក​ប្រពៃណី​នៃ​ការ​ពូន​ភ្នំ​ខ្សាច់ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​តែងតែ​ប្រារព្ធ​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​៕

(​ដោយ​៖​គួន សំបូរ​)


ព័ត៌មានផ្សេងទៀត