លោក​ហ៊ុន សែន​៖​តំណែង​នាយករដ្ឋមន្ដ្រី មិនមែន​ជា​តំណែង​ស្រួល​ទេ​

28-03-2015 3:54 pm 1492

​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​កាលពី​ដើម​សប្ដាហ៍​នេះ បាន​ថ្លែង​បែប​រអ៊ូរទាំ ថា តំណែង​ជា​នាយករដ្ឋមន្ដ្រី មិនមែន​ជា​តំណែង​ស្រួល​នោះទេ​។ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ ប្រើប្រាស់​សមិទ្ធិផល​នានា នៅ​ជ្រោយចង្វា​ខាងកើត កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន មានប្រសាសន៍ ថា លោក​មិនមែន​ជា​មនុស្ស​មាន​សេរីភាព​នោះទេ​។ លោក​ថា ពេល​ខ្លះ​លោក​ត្រូវ​ធ្វើការ​រហ​តូ​ដល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ដែល​សឹងតែ​គ្មាន​ពេល​សម្រាក​សោះ​។ ដូច្នេះ​លោក​ចង់ឲ្យ កាត់ចេញ​ឯកសារ​មួយចំនួន ដែល​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដើម្បី​អាច​ឲ្យ​លោក​មាន​ពេលវេលា​សម្រាក​ខ្លះ​។

 

​លោក​ហ៊ុន សែន​បាន​លើកឡើង ថា តំណែង​ជា​នាយករដ្ឋមន្ដ្រី មិនមែន​ជា​តំណែង​ដែល​ងាយស្រួល​ទេ ហើយ​បើ​តំណែង​ជា​នាយករដ្ឋមន្ដ្រី ដឹកនាំ​ប្រទេស​មិន​ស្រួល នឹង​នាំឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​។ ជាក់ស្ដែង​ក្នុង​របប​លន់ នល់ និង​របប​ប៉ុល ពត ចាប់ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៩ គឺ​បាន​ដឹកនាំ​ប្រទេស ដោយ​បាន​បណ្ដាល​ឲ្យ ប្រជាពលរដ្ឋ​ស្លាប់។

 

លោក​សន ជ័យ មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួបរួម ដើម្បី​គណនេយ្យភាព​សង្គម ប្រចាំ​អាស៊ី​បូ​ព៌ា បាន​មានប្រសាសន៍ ថា លោក​ចង់​ឲ្យ​អ្នក​នយោបាយ ដែល​ជា​មេដឹកនាំ​ប្រទេស ប្រៀបធៀប​ការដឹកនាំ​របស់​ខ្លួន ទៅ​សម័យ​កាលដែល​រីកចំរើន​ណាមួយ​។ លោក​សន ជ័យ មានប្រសាសន៍​បន្ដ ថា បទពិសោធន៍ របស់​ប្រទេស​កម្ពុជា​នៅក្នុង​របប​ប៉ុល ពត គឺជា​បទពិសោធន៍​ដ៏​អាក្រក់​មួយ ហើយ​សម្រាប់​មេដឹកនាំ ដែល​បាន​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​របប​នេះ ត្រូវ​មើល​សម័យ​ណាមួយ ដែល​ដឹកនាំ​ប្រទេស​មាន​ការរីកចំរើន​។  

 

​លោក​សន ជ័យ បានលើកឡើង ថា មេដឹកនាំ​ប្រទេស​បច្ចុប្បន្ន​អាច​មើល គំរូ​ដឹកនាំ​នៅ​សម័យអង្គរ សម័យ​សង្គមរាស្ដ្រនិយម ដែល​ដឹកនាំ​ដោយ​សម្ដេច​តា ព្រះបាទ​នរោត្ដម​សីហនុ ដែល​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​ការរីកចំរើន​ខ្លាំងខ្លា នៅក្នុង​សម័យ​នោះ​។​

 

​សម្រាប់​ការដឹកនាំ​ប្រទេស​កម្ពុជា ពី​សំណាក់​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន កន្លងមកនេះ ត្រូវបាន​សង្គម​ស៊ីវិល កត់សម្គាល់ឃើញ ថា ភាព​វិជ្ជា​មាន​លេចធ្លោ​ជាងគេ ក្រោម​ការដឹកនាំ​របស់​លោក​ រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ គឺ​ការចាត់វិធានការ លើ​ករណី​អំពើពុករលួយ​មួយចំនួន ហើយ​បាន​រៀបចំ​យន្ដការ​ថ្មីៗ ដើម្បី​បង្ការ​កុំឲ្យ​មាន​ការប្រព្រឹត្ដិ​អំពើ​ពុករលួ​យ ដែល​ជា​ចំណុច​មួយ សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ ឲ្យមក​វិនិយោគ នៅ​កម្ពុជា​។​

 

​ចំពោះ​ចំណុច​វិជ្ជា​មាន​ផ្សេងទៀត ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ពី​មុន​នឹង​បន្ដ​នាពេល​បច្ចុប្បន្ន​នេះ គឺ​ធ្វើឲ្យ​មាន​ការរីកចំរើ​ន​ផ្នែក​អចលនទ្រព្យ និង​បាន​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ មាន​ភា​ពធូធា​រដោយ​អន្លើ​ផងដែរ​៕

 

(​ដោយៈ​ឃួន សុភ័​ក្រ​)


ព័ត៌មានផ្សេងទៀត