លោក​អាបេ​​ទៅ​អាមេរិក​​ទំនងជា​ផ្ទៀង​ត្រចៀ​ក​ស្ដាប់​​ការរិះគន់​​របស់លោក​​អូ​បា​ម៉ា​​ហើយ​

26-03-2015 4:44 pm

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន​ស៊ីន​ហ្ស៊ូ អាបេ ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ខែ​មេសា​ខាង​មុខ​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​អ្នកជំនាញ​នយោបាយ​មួយចំនួន​បាន​លើកឡើង​ថា លោក​អាបេ​ទៅ​អាមេរិក​ទំនង​ជា​ទៅ​ផ្ទៀ​ង​ត្រចៀក​ស្ដាប់​ការរិះគន់​ពី​បញ្ហា​ក្នុង​តំបន់​ពី​លោក​អូ​បា​ម៉ា​ហើយ​។ ដូច្នេះ​តើ​នៅពេល​ជួប​ជាមួយ​លោក​អូ​បា​ម៉ា មេដឹកនាំ​ទាំង​ពីរ​អាច​នឹង​ពិភាក្សា​ពី​បញ្ហា​អ្វី​? តើ​អាមេរិក​នឹង​ស្នើ​ឱ្យ​ជប៉ុន​ធ្វើ​អ្វីខ្លះ​បើ​សិន​ជា​កិច្ចពិភាក្សា​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុង​តំបន់​មែន​នោះ​?


​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

សំឡេង៖


១ លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន​ស៊ីន​ហ្ស៊ូ អាបេ​នឹង​បំពេញ​ទស្សនកិច្ច​ទៅកា​ន់​សហរដ្ឋអាមេរិក​ហើយ ដោយ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​រយៈពេល​យូរ​ទៀតផង​។ ដូច្នេះ​តើ​លោក​នឹង​ទៅ​ជួប​អ្នកណាខ្លះ ហើយ​លោក​នឹង​ទៅ​ទស្សនា​នៅ​តំបន់​ណា​ផ្សេង​ទៀត​ដែរ​ឬទេ​?


​សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក ដែល​មាន​រយៈពេល​ដល់​ទៅ​៨​ថ្ងៃនេះ លោក​ស៊ីន​ហ្ស៊ូ អាបេ​នឹង​ជួប​ជាមួយ​លោក​ប្រធានា​ធិបតី​អាមេរិក​នៅ​ថ្ងៃទី​២៨​មេសា​នៅ​សេត​វិមាន​។​លោក​អាបេ​ក៏​នឹង​ចូល​ថ្លែង​សុន្ទរកថា​ផង​ដែរ នៅក្នុង​សភា​អាមេរិក ដោយ​វា​ជា​លើកដំបូង​ហើយ ដែល​អ្នកនយោបាយ​ជប៉ុន​បាន​ថ្លែង​នៅក្នុង​សភា​អាមេរិក ប៉ុន្ដែ​នៅក្នុង​ការគ្រប់គ្រង​រប​ស់លោក​អាបេ​វិញ គឺ​លោក​អាចធ្វើ​បាន​បែប​នេះ វា​ពិតជា​រឿង​អស្ចារ្យ​មួយ​សម្រាប់​ជប៉ុន​។ ប៉ុន្ដែ​ក្នុងនោះ​ជប៉ុន​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ចោទសួរ ពី​សំណាក់​សមាជិក​សភា​អាមេរិក​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយចំនួន ហើយ​ក្នុងនោះ​ក៏​អាច​មាន​បញ្ហារ​ស៊ើប​ផងដែរ​។​


​ក្រៅពី​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ហើយ លោក​ស៊ីន​ហ្ស៊ូ អាបេ ក៏​នឹង​ទៅ​ទស្សនា​នៅ​បូ​ស្ដុន សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ និង​ឡូ​ស​អែន​ជេ​ឡេស​ផងដែរ ក្នុង​រយៈពេល​៨​ថ្ងៃនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន​។


២ នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​លោក​បា​រ៉ាក់ អូ​បា​ម៉ា តើ​មេដឹកនាំ​ទាំងពីរ​អាច​នឹង​ពិភាក្សា​ពី​បញ្ហា​អ្វីខ្លះ​?


​ប្រាកដ​ណាស់​ថា​លោក​បា​រ៉ាក់ អូ​បា​ម៉ា​នឹង​ទទួល​លោក​អាបេ​យ៉ាង​កក់ក្ដៅ​បំផុត ហើយ​លោក​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចពិភាក្សា ក៏​ដូច​ជា​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​ផងដែរ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រីជាន់ខ្ពស់​។ ប៉ុន្ដែ​សួរ​ថា​តើ​កិច្ច​ពិភាក្សា​រវាង​លោក​អាបេនិង​លោក​អូបា​ម៉ានឹង​ផ្ដោត​ទៅលើ​បញ្ហា​អ្វីខ្លះ​នោះ យើង​អាច​សិក្សា​ទាំងអស់គ្នា​បាន​។


​បើ​តាម​អ្នកជំនាញ​នយោបាយ​បានបញ្ជាក់​ថា សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​អាបេ​ទៅ​កាន់​សហរដ្ឋអាមេរិ​ក អ្នកជំនាញ​បានឱ្យដឹងថា​នឹង​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​។ ក្នុង​នោះ​ដោយសារតែ​វា​ជា​ពេលវេលា​មួយ​ជិត​ដល់​ការ​ប្រារព្ធ​ខួប​ទី​៧០​នៃ​ការបញ្ចប់​សង្គ្រាម​លោក​លើក​ទី​២​ផង​នោះ ហើយ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​គឺ​ជា​សត្រូវ​ដ៏​រឹងមាំ​ជាមួយ​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម ដូច្នេះ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ជំរុញ​ឱ្យ​លោក​អាបេ​នឹង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែល​កំពុងកាន់​អំណាច ត្រូវធ្វើ​យ៉ាងណា​ជួសជុល​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត ដែល​ជប៉ុន​បាន​បំផ្លាញ​ជាមួយ​ប្រទេស​ជិតខាង​។


​នៅក្នុង​នោះ​មានដូចជា​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​ជាដើម ដែល​ប្រទេស​ទាំង​ពីរ​រង​ការឈឺចាប់​យ៉ាងខ្លាំង ដោយសារ​ស្នាដៃ​ដ៏​សាហាវឃោឃៅ​នៃ​កងទ័ព​ជប៉ុន នៅមុន​និង​អំឡុង​ពេល​សង្គ្រាមលោក​លើកទី​២​តែម្ដង​។ រឿងរ៉ាវ​ទាំងអស់នេះ ជប៉ុន​នៅ​មិនទាន់​បាន​ប្រឈមមុខ​សុំ​ទោស​ជា​សាធារណៈ​នៅឡើយ​ទេ ហើយក៏​មិន​បាន​បង្ហាញ និង​បាន​សារភាព​ពី​កំហុស​នៅក្នុង​ពេល​នោះ​ដែរ​។ នេះ​ហើយ​ជា​ដើម​ហេតុ​ធ្វើឱ្យ​ចិន​និង​កូរ៉េខាងត្បូង​តែងតែ​ទទូច​ងោចៗ ឱ្យ​ជប៉ុន​ទទួលខុសត្រូវ​លើ​ទង្វើ​របស់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម​។


​អ្វីដែល​ធ្វើឱ្យ​ចិន និង​កូរ៉េខាងត្បូង​មិនអាច​បំភ្លេច​បាន​មួយទៀត​នោះ គឺ​ទាក់ទង​នឹង​ការចាប់​ស្ដ្រី​ជនជាតិ​ចិ​ន និង​កូរ៉េខាងត្បូង​ឱ្យធ្វើ​ជា​ស្ដ្រី​បម្រើ​ដល់​កងទ័ព​ជប៉ុន និយាយឱ្យចំ​ទៅ​គឺ​យក​ទៅ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​តែ​ម្ដង​នៅ​មុន​និង​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២​។ បើ​គិត​ពី​ស្ដ្រី​ដែល​ត្រូវបាន​ជប៉ុន​ចាប់​ទៅធ្វើជា​ទាសករ​ផ្លូវភេទ​មាន​ប្រមាណ​ពី​២​ម៉ឺន​នាក់​ដល់​៤១​ម៉ឺន​នាក់​ឯណោះ នេះ​បើ​តាម​ប្រភព​ពី​ប្រទេស​ចិន​។ ប៉ុន្ដែ​ស្ដ្រី​ទាំងអស់​នោះ​គឺ​មិនមែន​មក​តែ​ពី​ចិន​និង​កូរ៉េខាងត្បូង​ទេ គឺ​មាន​មកពី​ប្រទេស​ហ្វីលីពីន ភូមា ថៃ វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ឥណ្ឌូនេស៊ី​ជាដើម ។ ក្រៅពីនេះ​នៅ​មាន​ស្ដ្រី​មាន​ដើម​កំណើត​នៅ​អឺរ៉ុប​មួយចំនួន​តូច​ផង​ដែរ​។


​បញ្ហា​ក្ដៅ​នេះហើយ ដែល​វា​បាន​បន្ដ​ជា​វិបត្ដិ​មើល​មុខ​គ្នា​មិន​ចំ​រវាង​ប្រទេស​ខឹង​នឹង​ជប៉ុន​ជាពិសេស​គឺ​ចិន​និង​កូរ៉េខាងត្បូង​តែម្ដង​។ ហេតុនេះ​ហើយ​នៅក្នុង​ជំនួប​ជាមួយ​លោក​អូ​បា​ម៉ា លោក​ស៊ីន​ហ្ស៊ូ អាបេ​ត្រូវតែ​ផ្ទៀងត្រចៀ​កស្ដាប់​ឱ្យ​ហើយ និង​ត្រូវ​ឆ្លើយតប​ផងដែរ​ពី​យុទ្ធសាស្ដ្រ​ក្នុង​ការដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​មួយ​នេះ​។


​ក្រៅ​ពី​ភាព​តានតឹង​រវាង​ចិន​និង​កូរ៉េខាងត្បូង​ហើយ សហគមន៍​អន្ដរជាតិ​ប្រាកដ​ជា​រង់ចាំ​មើល​ពី​កិច្ច​ពិភាក្សា​រវាង​លោក​អាបេនិង​លោក​អូបា​ម៉ា ដោយ​គេ​សង្ឃឹមថា​លោក​អូ​បា​ម៉ា​នឹង​ជំរុញ​ឱ្យ​លោក​អាបេ​ប្រកាន់ខ្ជាប់​ពាក្យសម្ដី​លោក​នាយករដ្ឋមន្ដ្រី​ជប៉ុ​ន​ទី​៨១Tomiichi Murayama ដែល​ថ្លែង​នៅ​ក្នុង​ខួប​ទី​៥០​នៃ​ការបញ្ចប់​សង្គ្រាម​លោក​លើក​ទី​២​។ កាលណោះ​លោក​Tomiichi Murayama​បា​និយាយ​ឱ្យ​អន្ដរជាតិ​ទទួលយក សម្រាប់​ការសុំ​អភ័យទោស​ចំពោះ​អំពើ​ឃោ​ឃៅរ​បស់​ជប៉ុន នៅក្នុង​សម័យ​សង្គ្រាម​។


​រឿង​មួយ​ទៀត​សម្រាប់​ជំនួប​រវាង​លោក​អាបេ​ជាមួយ​លោក​អូបា​ម៉ា លោក​អូ​បា​ម៉ា​នឹង​លើកយក​បញ្ហា​ដែល​លោក​អាបេ​បាន​ធ្វើដំណើរ​ទៅ​វិហារ​Yasukuni​កាលពី​ឆ្នាំ​២០១៣ ដែល​ជា​កន្លែង​ផ្ទុក​អដ្ឋិធាតុ​វីរជន​សង្គ្រាម​ជប៉ុន ដែល​ចិន​និង​កូរ៉េខាងត្បូង​ចាត់ទុកថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម​នោះ​។ លោក​អូ​បា​ម៉ា​នឹង​ស្នើ​មិន​ឱ្យ​នាយក​រដ្ឋមន្ដ្រី​និង​រដ្ឋមន្ដ្រី​ផ្សេង​ទៀត​របស់​ជប៉ុន ធ្វើដំណើរ​ទៅ​ទីនោះ​ទៀត​ទេ​នៅ​ពេល​ខាងមុខ ព្រោះ​ថា​ទីនោះ​ក៏​ជា​ចំណុចក្ដៅ​មួយ​ដែរ ហើយ​ប្រសិនបើ​ជប៉ុន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទីនោះ ច្បាស់​ជា​មានប្រតិកម្ម​ពី​ប្រជាជន​ចិន​និង​កូរ៉េខាងត្បូង​មិន​ខាន​។ ប្រតិកម្ម ដោយសារ​វីរជន​សង្គ្រាម​របស់​ជ​ប៉ុន​ទាំងនោះ​ហើយ​ដែល​ជា​អ្នក​ធ្វើ​បាប​ជនជាតិ​ជប៉ុន​និង​កូរ៉េខាងត្បូង​។


​អញ្ជឹង​រឿងរ៉ាវ​ទាំងអស់នេះ​ហើយ ដែល​មន្ដ្រី​ជំនាញ​មួយចំនួន ក៏​ដូច​អ្នកជំនាញ​នយោបាយ​រពឹង​ថា លោក​អាបេ​មិន​អាច​គេចផុត​ពី​ការរិះគន់​ពី​របស់​អាមេរិក​បាន​ទេ ព្រោះ​វា​ជា​ចំណុចរ​ស៊ើប​របស់​ជប៉ុន​។​ជប៉ុន​ក៏​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ដែរ ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​ការទូត​បាន​ល្អប្រសើរ​ជាមួយ​ប្រទេស​ជិតខាង ក៏​ដូចជា​ប្រទេស​ដែល​ទទួលរង​សកម្មភាព​ឃោ​ឃៅ​ពី​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម​។​


៣ ចុះ​ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​សន្ដិសុខ​វិញ​នោះ តើ​មេដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​ដែល​ឬទេ​?


​ជប៉ុន​នឹង​អាមេរិក​ក៏​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ផង​ដែរ​ខាង​ផ្នែក​សេដ្ឋកិច្ច ដូច្នេះ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អាមេរិក​របស់​លោក​អាបេ ទំនង​ជា​បិទ​បញ្ចប់​ដោយ​ភាគី​ទាំងពីរ​នឹង​បញ្ជាក់​ជំហរ​ឡើងវិញ​លើ​បញ្ហា​សេដ្ឋកិច្ច​និង​សន្ដិសុខ រួម​ទាំង​ការប្ដេជ្ញាចិត្ដ​ដើម្បីស​ន្ដិ​ភាព​ស្ថេរភាព​និង​វិបុល​សុខ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​ប៉ុន្ដែ​ក្រុម​អ្នក​ស៊ើបអង្កេត​បានបញ្ជាក់​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ឃ្លាំមើល​យ៉ាង​ជិតដិត​បំផុត ទៅលើ​ការដោះស្រាយ​បញ្ហា​ក្នុង​តំបន់​របស់​ជប៉ុន ក្នុងនោះ​រាប់​បញ្ចូល​ជម្លោះ​ទឹកដី ភាព​មិន​ទទួលខុសត្រូវ និង​ការចង់​កែប្រែ​ប្រវត្ដិសាស្ដ្រ​របស់​ជប៉ុ​ន​ផងដែរ​។​


​ជារួម​ទៅ​សម្រាប់​ដំណើរ​ទស្សនកិច្ច របស់​លោក​អាបេ​ទៅ​អាមេរិក​នៅ​ពេល​ខាងមុ​ខ​នេះ លោក​អាបេ​ទំនង​ជា​បន្ទន់ខ្លួន​ផ្ទៀង​ត្រចៀក ស្ដាប់​នូវ​ការរិះគន់​របស់លោក​អូ​បា​ម៉ា​ទាក់ទង​នឹង​បញ្ហា​ក្នុង​តំបន់​ហើយ ត្បិត​ភាគី​ទាំង​ពីរ​ជា​សម្ព័ន្ធមិត្ដ​ជាមួយគ្នាក៏​ដោយ​៕​​ដោយ​៖​ពេញ ផេង​


ព័ត៌មានផ្សេងទៀត