លោក​ហ៊ុន សែន​៖​កម្ពុជា​ជា​ឋានសួគ៌​លោកីយ៍ នៃ​កន្លែង​បញ្ឆេះបាតុកម្ម​

23-03-2015 3:48 pm 3968

លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ថ្លែងថា មាន​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ មាន​ជំលោះ​រឿង​ដីធ្លី​ចេញមុខ​តវ៉ា​ធ្វើបាតុកម្ម ដោយ​ផ្ដល់​លក្ខណៈ​ងាយស្រួល ដូចជាៈ ផ្ដល់​បាយ​ម្ហូប និង​ចេញថ្លៃ​ធ្វើ​ដំណើរ​ជាដើម​។ ប្រមុខ​រដ្ឋាភិបាល បានលើកឡើង ថា នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នេះ ជា​ឋានសួគ៌​លោកីយ៍​នៃ​កន្លែង​បញ្ឆេះ​បាតុកម្ម ហើយ​អ្នក​ធ្វើ​បាតុកម្ម​មុខ​ដដែលៗ នៅ​កន្លែង​ណា​ក៏​ឃើញ​មុខ​ហ្នឹង​ដែរ​។ ដូច្នេះ​អ្នក​ធ្វើ​បាតុកម្ម​ទាំងនោះ លែង​មាន​តំលៃ​ទៀតហើយ​។

 

​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ សមិទ្ធផល​នានា នៅ​ត្រើយ​ខាងកើត​ទន្លេ និង​សណ្ឋាគារ​រ៉េស៊ីដង់ សុខា ក្នុងខ័ណ្ឌ​ជ្រោ​ចង្វា​រ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ថា មាន​ប្រជាពលរដ្ឋ​ខ្លះ ពីមុន​លក់​ដី​ឲ្យគេ​១​ម៉ែត្រការ៉េ​១០០​ដុល្លារ ប៉ុន្ដែ​ដល់​ពេល​ដី​ឡើងថ្លៃ​១​ម៉ែត្រការ៉េ​៥០០​ដុល្លារ បែរជា​នាំគ្នា​ធ្វើ​បាតុកម្ម​ទាមទារ​លុយ បន្ថែម​។ លោក​ថា អង្គការ​សង្គម​ស៊ីវិល​ខូចៗ មួយចំនួន នៅ​ពីក្រោយ​នៃ​ការ​ចេញ​មក​ធ្វើបាតុកម្ម របស់​អ្នក​តវ៉ា​រឿង​ដីធ្លី​ទាំងនោះ​។

 

​ជាមួយគ្នា​នេះ​ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ក៏​បាន​ព្រមាន អ្នកជួញដូ​រលើ​ការធ្វើ​បាតុកម្ម ថា ធ្វើ​ល្មមៗ​បាន​ហើយ ព្រោះ​គេ​ស្គាល់​មុខ​អស់​ហើយ​។​ ចំពោះ​ការលើកឡើង របស់​លោក​ហ៊ុន សែន ពាក់ព័ន្ធ​ថា មាន​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ មាន​ជំលោះ​រឿង​ដីធ្លី​ចេញមុខ​តវ៉ា​ធ្វើបាតុកម្ម ដោយ​ផ្ដល់​បាយ​ម្ហូប និង​ចេញថ្លៃ​ធ្វើ​ដំណើរ​ជា​នោះ លោក​អំ សំអាត ប្រធាន​បច្ចេកទេស ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ ចាត់ទុកថា​ជា​វប្បធម៌​លាប​ពណ៌​។

 

​លោក​អំ សំអាត មានប្រសាសន៍ ថា វប្បធម៌​លាប​ពណ៌​នេះ នឹង​មិន​ធ្វើឲ្យ​មាន​ការរីកចំរើ​ន​នោះទេ នៅ​សង្គម​កម្ពុជា ដែល​នាំឲ្យមាន​បញ្ហា​កើតឡើង ធ្វើឲ្យ​មនុស្ស​មាន​ការរើសអើង ស្អប់​គ្នា​ទៅវិញទៅមក​។ លោក​អំ សំអាត បានបញ្ជាក់ ថា មូលហេតុ​ដែល​នាំឲ្យ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ផ្ដល់​ម្ហូប​បាយ ទឹក និង​ការធ្វើដំណើរ​ដល់​អ្នក​ធ្វើ​បាតុកម្ម​នោះ ដោយាសារតែ​មិន​ចង់ឲ្យ​អ្នកទាំងនោះ ដាច់​ពោះ​ស្លាប់​ប៉ុណ្ណោះ​។ លោក​បាន​ហៅ ការងារ​ទាំងអស់​នេះ ថា ជា​ការងារ​មនុស្សធម៌​។​

 

មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល​រូបនេះ បានលើកឡើង ថា ប្រសិនបើ​រដ្ឋាភិបាល​ធ្វើ​អភិវឌ្ឍន៍ ហើយ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ ដោយ​មិន​ចង់ឲ្យ​មាន​ការតវ៉ា​ធ្វើបាតុកម្ម​នោះ រដ្ឋាភិបាល​គ្រាន់តែ​ផ្ដល់​សំណង់​សមរម្យ និង​យុត្ដិធម៌​ជូន​ពួកគេ​ទៅ​បាន​ហើយ​។ លោក​អំ សំអាត បាន​លើកឡើង​ទៀត ថា ការផ្ទុះ​បាតុកម្ម​ពាក់ព័ន្ធ នឹង​បញ្ហា​ដីធ្លី កើតឡើង​ដោយសារតែ មានការ​ឈូស​បំផ្លាញ ឬ​ធ្វើឲ្យ​បាត់បង់​ដីធ្លី របស់​ប្រជាពលរដ្ឋ​។ ដូច្នេះហើយ​ទើប​មាន​ការធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​តវ៉ា រក​សំណង​របស់​ពួកគាត់ ឲ្យបាន​សមរម្យ​នេះ​៕

 

(​ដោយៈ​ឃួន សុភ័​ក្រ​)

 

ព័ត៌មានផ្សេងទៀត