ប្រ​វត្តិ​​នៃ​​ល្ខោន​បា​សាក់​​

ដោយ៖ Vayofm Teams 09-03-2015 12:03 am 3213

​បើ​យោ​តាម​ក្រសួង​វ​ប្បធ​ម៏ និង​វិចិត្តសិល្បៈ បានឲ្យដឹងថា ល្ខោនបាសាក់​សព្វថ្ងៃនេះ​មាន​ប្រភព​មក​ពី​ល្ខោន​ទ្រើងឃ្លោក​ហើយ​បាន​រីកចម្រើន​ឡើង​ដោយ​ស្នាដៃ​បញ្ញវន្ត​មួយក្រុម​ដែល​មាន​ចំណេះ​ជ្រៅជ្រះ​ខាង​អក្សរសិល្ប៍ និង​សាសនា ខេត្ត​បាសាក់​ព្រះ​ត្រពាំង​” កម្ពុជា​ក្រោម ដែល​មាន​ការដឹកនាំ​ដោយ អតីត​ចៅអធិការ​វត្ត​ខ្សាច់កណ្ដាល​មានឈ្មោះ​ថា លោកគ្រូ​សួរ ដែល​ខំតស៊ូរ​ដើម្បី​បង្កើត​ល្ខោនបាសាក​នេះ​។ ដើម្បី​យល់​កាន់តែ​ច្បាស់​ពី ប្រវត្តិ​នៃ​ល្ខោនបាសាក់​នេះ ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ពណ៌នា ដូចតទៅ​៖

 

​ក្រោយ​ពេល​សឹក​មក​គោលបំណង​ថែរក្សា​ជំរុញ​លើក​តម្លៃ​វប្បធម៌​ជាតិ​របស់​ខ្លួន​លោកគ្រូ “​សួរ​” ក៏​បាន​ប្រមែប្រមូល​អ្នក​សឹក​ពី​បួស ដូចគ្នា​ព្រម​ដោយ កូនសិស្ស​ពុទ្ធបរិស័ទ​ផ្សេងៗ​ទៀត បង្កើត​ជា​ល្ខោន​មួយ​វង់ ។​ប៉ុន្តែ​ដោយ​កាល​ណោះ​នៅ​មាន​កង្វះខាត​ខាង​ផ្នែក​សម្ភារៈ​និង​ឆាកល្ខោន​នេះ​ត្រូវ​គេ​នាំគ្នា​សម្ដែង​ដោយ​ផ្ទាល់​ដី​ក្នុង​រោង​ដែល​សង់​ឡើង​ដោយ​ប្រក់ ឫ​កាប់​មែកឈើ​យកមក​ធ្វើ​ជា​ឆាក គ្រប​ប្រហាក់​ប្រហែល​គ្នា​នឹង​ទ្រើង​ដែល​គេ​ដាំ​ឃ្លោក​ទើប​អ្នកស្រុក​គេ​និយម​នាំ​គ្នា​ហៅ​ល្ខោន​នេះ​ថា ជា​ល្ខោន​ទ្រើង​ឃ្លោក ។​ល្ខោន​ទ្រើងឃ្លោក​នេះ មាន​វត្តមាន​រហូតដល់​អំឡុង​ឆ្នាំ ១៩៥៣​។​
 

 

អ្នកខ្លះ​និយម​ហៅ ល្ខោន​ទ្រើងឃ្លោក​នេះ​ថា​ជា “​យូ​កេរ្តិ៍​” វិញ​។​ពាក្យ​យូរ​កេរ្តិ៍​នេះ​ជា​ពាក្យ​ដ៏​មាន​តម្លៃ​សម្រាប់​បញ្ជាក់​ថា​ទម្រង់​សិល្បៈ​នេះ​គឺជា​មរតក​តាំងពី​យូរលង់​មក​ហើយ​របស់​ជនជាតិ​ខ្មែរ​។​ឈ្មោះ​នេះ​ត្រូវ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃ​សម្រាប់​សំគាល់​ទម្រង់​ល្ខោន​មួយ​ដែល​ខ្មែរ​នៅ​កម្ពុជា​យើង​សព្វថ្ងៃ​និយម​ហៅថា ល្ខោនបាសាក់​នេះឯង ។​
 

 

ល្ខោន​ទ្រើងឃ្លោក​បាន​ពង្រឹង​ប្រជាប្រិយភាព​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស​ព្រោះ​អ្នក​សម្ដែង​សុទ្ធតែជា​អ្នក​ពូកែ​ខាង​អក្សរសិល្ប៍​ពូកែ​ប្រើ​ពាក្យសម្ដី​ជា​កំណាព្យកាព្យឃ្លោង​ពូកែ​ការសម្ដែង​ដោយ​ឥត​ព្រាងទុក​ជាហេតុ​នាំឲ្យ​ទស្សនិកជន​មាន​ការកោតសរសើរ និង​ចូលចិត្ត​ក្រៃលែង ។​មិនតែប៉ុណ្ណោះ​ល្ខោន​នេះ​បាន​ទៅ​ជា​កម្មវត្ថុ​នៃ​ការប្រឡងប្រជែង​ជាមួយនឹង​ល្ខោន “​កៃ​លឿង​វៀតណាម​” ហើយក៏​បាន​ជះឥទ្ធិពល​លើ​គ្នា​ទៅវិញទៅមក​។​ក្រោយមក​ក្នុង​ការ​ដែល​ជនជាតិ​ចិន​មួយចំនួនធំ​ជា​អ្នក​ភៀសខ្លួន​អំពី​សង្គ្រាម​នៅ​ស្រុក​ចិន​ពិសេស​ក្នុង​រយៈពេល​នៃ​ការបះបោរ​របស់​ពួក​ម៉ាន់​ជូ (Manchu) បាន​ហូរ​ច្រាល​មក​តាម​សមុទ្រ​ហើយ​បាន​ចូល​មក​បោះ​ទីតាំង​នៅ​តំបន់​កូសាំងស៊ីន​នេះ​រស់នៅ​លាយឡំ​ជាមួយ​ប្រជាជន​ខ្មែរ និង​ប្រជាជន វៀតណាម ។​

 

​ក្នុងពេល​ដែល​ហូរ​ចុះ​មក​ជនជាតិ​ចិន​ទាំងនោះ​បាន​នាំយក​នូវ​ទំនៀមទម្លាប់​ប្រពៃណី និង​សិល្បៈ​ផ្សេងៗ​ដូចជា “​ល្ខោន​ហ៊ី​” ជា​ដើម​មក​ជាមួយ​ផង ។ ទាំង​ល្ខោន​ទ្រើងឃ្លោក​ខ្មែរ​ទាំង​ល្ខោន​កៃ​លឿង​វៀត​ណាម​​ទាំង​ល្ខោន​ហ៊ី​ចិន​បាន​ប្រលងប្រជែង​ខំប្រឹង​បញ្ចេញ​ឥទ្ធិពល​រៀងៗ​ខ្លួន​ដណ្ដើមយក​ប្រជាប្រិយភាព​ស្រូបយក​ចំណង់​និង​ចំណូលចិត្ត​ទស្សនិកជន​ក្នុង​តំបន់​នោះ ។​ទីបំផុត​ល្ខោន​ហ៊ី​ចិន​បាន​ទទួល​ជោគជ័យ​ដ៏​ធំធេង ។ ឃើញ​ហេតុផល​យ៉ាង​នេះ​ដើម្បី​ទាមទារ​ប្រជាប្រិយភាព​ក្នុងចំណោម​ទស្សនិកជន​ចម្រុះ​ជាតិ​សាសន៍​នោះ​អ្នកដឹកនាំ​ល្ខោន​ទ្រើង​ឃ្លោក បាន​ចម្លង​យក​ចំណុច​សំខាន់ៗ​ខ្លះ​ពី​ល្ខោន​ហ៊ី​ចិន​ដែល​ខ្លួន​យល់ថា​មាន​សារសំខាន់​សម្រាប់​ល្ខោន​ខ្លួន​។ ចាប់ពីពេលនោះ​មក​ល្ខោន​ទ្រើងឃ្លោក​បាន​ទទួល​ប្រជាប្រិយ​ដ៏​ធំធេង​ក្នុង​តំបន់​កូសាំងស៊ីន​នេះ​ព្រោះ​ពេលនោះ​ទាំង​អ្នកដឹកនាំ​វង់​ល្ខោន ទាំង​សិល្បករ​អ្នក​សម្ដែង​មានការ​ឆ្លាត​វាងវៃ​ណាស់​នៅ​ទីណា​កន្លែង​ណា​ដែល​មាន​ប្រជាជន​ខ្មែរ​ជា​អ្នកមើល​ភាគច្រើន​គេ​តែង​នាំគ្នា​សម្ដែង​ជា​ភាសា​ខ្មែរ​សុទ្ធ​កន្លែង​ណា​ដែល​មាន​ប្រជាជន​វៀតណាម​មើល​ច្រើន​ការសម្ដែង​តែង​ឆ្លូក​គ្នា​ជា​ពីរ​ភាសា គឺ​ខ្មែរ​ផង វៀតណាម​ផង​កន្លែង​ណា​ដែល​មាន​ប្រជាជន​ចិន​មើល​ច្រើន គេ​តែង​និយាយ​និង​ច្រៀង​ភាសា​ខ្មែរ​ផង និង​ភាសា​ចិន​ផង​សម្របសម្រួល​ខ្លួន​ទៅតាម​លក្ខណៈ​ភូមិសាស្ត្រ​ទឹកដី​និង​ប្រជាជន​នៅតាម​តំបន់​។​

 

 ចំពោះ​ប្រវត្តិ​ដែល​ល្ខោន​ទ្រើង​ឃ្លោក ឫ​យូរ​កេរ្តិ៍​ជា​មរតក​ដែល​បាន​ចាប់កំណើត​នៅ​កម្ពុជា​ក្រោម​ហើយ​បាន​ត្រូវ​គេ​ប្ដូរ​ឈ្មោះ​មក​ជា​ល្ខោនបាសាក់​នៅ​កម្ពុជា​យើង​សព្វថ្ងៃនេះ​គឺ​ដោយសារតែ​មាន​ដំណើររឿង​ដូច​ខាងក្រោយ​នេះ​៖

 

​នៅក្នុង​អំឡុង​ឆ្នាំ ១៩២០ មាន​បងប្អូន​ពីរ​នាក់ បង​ឈ្មោះ លី កា​ញ់ និង​ប្អូន​ឈ្មោះ លី សួន និង​មាន​ដើមកំណើត​កើត​ជា​នៅ​ស្រុក​បាសាក់​ដែនដី​កម្ពុជា​ក្រោម ។ លី កាញ់​ជា​បង​បាន​ចាកចេញ​ពី​ស្រុក​កំណើត​​របស់​ខ្លួន ដើម្បី​ទៅ​រស់នៅ​ប្រទេស​បារាំង ។ ក្រោយមក​ដោយ​ការ​ខំ​ប្រឹងប្រែង​រក​ទទួលទាន​មានបាន លី​កាញ់ ក៏​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ធនធាន​បង្គួរ​នៅ​ប្រទេស​បារាំង​។​ថ្ងៃមួយ លី​សួន ជា​ប្អូន​ផ្ញើ​សំបុត្រ​ទៅសួរសុខទុក្ខ លី កា​ញ់ ជា​បង​ហើយ​ក៏​បាន​សុំ​ប្រាក់​មួយ​ចំនួន​ពី​បង​ដើម្បី​ប្រកប​របរជំនួញ​ជួញដូរ​នៅឯ​ស្រុកកំណើត របស់ខ្លួន ។​លី កាញ់​ក្នុង​ទឹកចិត្ត​អាណិត​ប្អូន​ក្នុង​ទឹកចិត្ត​ស្រណោះ​ស្រណោក​ស្រុកកំណើត​ជា​ទីរលឹក​របស់​ខ្លួន​និង​ក្នុង​ស្មារតី​ចង់​ថែរក្សា​វប្បធម៌​ពណ៌​សម្បុរ​ជាតិ​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​មជ្ឈដ្ឋាន​ចម្រុះ​ជាតិ​សាសន៍​ឲ្យ​គង់វង្សក៏​បាន​ផ្ញើ​ប្រាក់​មកឲ្យ លី សួន ជា​ប្អូន​ហើយ​បាន​សរសេរ​សំបុត្រ​ប្រាប់ថា​សូម​ប្អូន​កុំ​ធ្វើ​ជំនួញ​ដូរ​អ្វី​ក្រៅ​ឲ្យសោះ លុយ​ដែល​បង ផ្ញើ​ឲ្យ​នេះ​សូម​ប្អូន​គិត​យ៉ាង​ណា​ជួយ​ពង្រីក​និង​ថែរក្សា​សិល្បៈ យូរ​កេរ្តិ៍ ដែល​មាន​កំណើត​នៅ​ឃ្លាំង​នៅ​ព្រះ​ត្រពាំង​ហើយ​ដែល​យើង​បាន​មើល​ទាំងអស់​គ្នា​ជា​ញឹកញាប់​កាល​នៅ​ពី​តូចៗ នោះ​ឲ្យ​គង់វង្ស​ផង ។​ដោយសារ​បណ្ដាំ និង​ជំនួយ​ពី លី កា​ញ់ ជា​បង លី សួន ក៏​ក្លាយទៅជា​ថៅកែ​ល្ខោនបាសាក់​ដ៏​ល្បីល្បាញ​ដំបូង​គេ​បង្អស់​ដែល​ទស្សនិកជន​និយម​ហៅ​ឈ្មោះ គាត់​ថា ថៅកែ “​ឆា​គ្រួ​ន​” ។​

 

​ក្នុង​ឆ្នាំ​១៩៣០ ក្នុងពេល​ដែល​ទម្រង់​នេះ​រីក​ចម្រើន​នៅ​កម្ពុជា​ក្រោម “​វៀតណាម​ខាងត្បូង​”​ថៅកែ​ក្រុម​ល្ខោន​ឈ្មោះ​លោក ឆា​គ្រួ​ន​នេះ​បាន​នាំ​ក្រុម​សិល្បៈ​ល្ខោន​របស់ខ្លួន​មក​សម្ដែង​ធ្វើ​អាជីវកម្ម​នៅ​ភ្នំពេញ​និង​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ។ ដំណើរ​បេសកកម្ម​ទី​១​របស់​ក្រុម​ល្ខោន​លោក ឆា​គ្រួ​ន​ដែល​បាន​មក​សម្ដែង​នៅ ប្រទេស​កម្ពុជា​មិន​សូវ​ទទួលបាន​ជោគជ័យ​ទេ​មូលហេតុ​មក​ពី​ទម្រង់​ល្ខោន​នេះ​ត្រូវ​ប្រឡង​ប្រជែង​ជាមួយ​ទម្រង់​ដទៃទៀត​ដែល​មាន​យ៉ាង​សំបូរបែប​នៅ​កម្ពុជា​ភាគ​កណ្ដាល ដូច​​ជា​​ល្ខោន​​​មោជ​ទ័យ​ “១៩២០-១៩៤០” និង​ល្ខោន​មហោរី​ដែល​កើតមាន​ជា​យូរលង់​មកហើយ ។​ពិតមែន​តែ​លើក​ទី​១​នេះ ល្ខោនបាសាក់​បានទទួល​បរាជ័យ​ប៉ុន្តែ​ពេល​នោះ​សិល្បករ​ល្ខោនបាសាក់​បាន​ហាត់រៀន​និង​ស្រូប​យក​នូវ​ចំណេះ​ថ្មីៗ មួយចំនួន​ពី​ទម្រង់​ល្ខោន​នៅ​ភ្នំពេញ​ដូចជា​ភ្លេង​មហោរី ឫ​ចម្រៀង​មហោរី​ជាដើម មុន​ពេល​ត្រឡប់​ទៅ​ស្រុក​វិញ ។​

 

​ក្រោយពី​ពេល​ហាត់រៀន​និង​បាន​សម្ដែង​ច្រើនលើកច្រើនសារ​ដោយ​បញ្ចូល​បច្ចេកទេស​ថ្មីៗ​មួយចំនួន​ផង ល្ខោន​នេះ បាន​ទទួល​ជោគជ័យ​កាន់តែ​ធំធេង នៅ​តំបន់​កូសាំងស៊ីន ។​បន្ទាប់ពីនោះ​មក​លោក ឆា​គ្រួ​ន ក៏​នាំ​ក្រុម​របស់​គាត់​តាម​ទូក ប៉ុកចាយ​ដែលមាន​គ្រឿង​ប្រដាប់​ដំឡើង​ឆាក និង​សម្ភារៈ​តុបតែង​លំអ​ផ្សេងៗ​គឺ​ឆាក​ចល័ត ដែល​ដំឡើង​លើគោក​ក៏បាន ឫ​ដំឡើង​លើ​ទូក​ក៏បាន​ហើយ​នាំ​ក្រុម​សិល្បៈ​នេះ​មក​សម្ដែង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ឯ ទៀត​ជា​លើក​ទី​២ ។ លើក​នេះ​ល្ខោន លោក ឆា​គ្រួ​ន បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការប្រកួតប្រជែង​ជាមួយ​ល្ខោន ប្រាមោ​ជ្ជទ័យ​និង​ល្ខោន​មហោរី​នៅ​ភ្នំពេញ និង​តំបន់​ដទៃ​ទៀត​នៅ​ប្រទេស​កម្ពុជា​ពិសេស​គឺ​ខេត្ត​តាម​មាត់​ទន្លេ ។ ល្ខោន​លោក ឆា​គ្រួ​ន​នេះ​ស្រូប​យក​ទស្សនិកជន​យ៉ាងច្រើន​គគ្រឹកគគ្រេង​ហើយ​បាន​ធ្វើឲ្យ​ល្ខោន​ប្រាមោជទ័យ​និង​ល្ខោន​មហោរី​ធ្លាក់​ក្នុង​វិបត្តិដ៏​ធ្ងន់ធ្ងរ​បាត់បង់​ប្រជាប្រិយភាព​ហើយ​ចំនួន​ទស្សនិកជន​ចេះតែ​ថយចុះ​ជា​លំដាប់ ។​ដោយសារ​មធ្យោបាយ​សម្ដែង​ថ្មី​រហ័សរហួន ស្វាហាប់​ការតុបតែង​លំអ​ឆាក​សំលៀក​បំពាក់​ការ​លាបមុខ ឫ​គូរ​មុខ​ដ៏​ល្អ​ទាំង​ល្បិច​ហោះហើរ​ក៏​ប៉ិនប្រសប់​ពិសេស​សំនៀង​រដឺន ទាំង​សម្ដី​និយាយ ទាំង​ចម្រៀង​របស់​ខ្មែរ​បាសាក់​ស្រទន់​ពីរោះ ហើយ​ពាក្យសម្ដី ប្រកប​ដោយ​អត្ថន័យ ខ្លឹមសារ​ល្អ​ព្រោះ​អ្នក​សម្ដែង​ភាគច្រើន​ច្រើន​ជា​អ្នក​មាន​ចំណេះ​ជ្រៅជ្រះ​ខាង​អក្សរសិល្ប៍ និង​សាសនា​ផង​ធ្វើឲ្យ​ទស្សនិកជន​នៅ​កម្ពុជា​កណ្ដាល​នេះ​ជក់ចិត្ត​ដិតអារម្មណ៍​យ៉ាងខ្លាំង រហូត​ដល់​គេ​នាំ​គ្នា​ហៅ ឫ​ឲ្យឈ្មោះ​ទម្រង់​ល្ខោន​នេះថា ជា “​ល្ខោនបាសាក់​” ដោយ​យក​ទី​កន្លែង​នៃ​ទម្រង់​សិល្បៈ​នេះ​រីក​ចម្រើន​? មក​ដាក់​ឈ្មោះ​ឲ្យ​ទម្រង់​ល្ខោន​នេះ​តែម្ដង ។ គឺ​ចាប់ពីពេលនោះ​មក​ហើយ​ដែល​ល្ខោន​ទ្រើង​ឃ្លោក ឫ យូរ​កេរ្តិ៍​ប្រែ​ឈ្មោះ​ជា​ល្ខោនបាសាក់​ដែល​យើង​ស្គាល់ និង​បាន​ឃើញ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។​
 

 

ដោយ​មូលហេតុ​សេដ្ឋកិច្ច​ក្នុង​បំណង​យក​ទម្រង់​សិល្បៈ​ធ្វើ​ជំនួញ​ពួក​ថៅកែ​ជា​ច្រើន​នាក់​នៃ​វង់​ល្ខោន​នៅ​ភ្នំពេញ បាន​រក​វិធី​ធ្វើឲ្យ​វង់​ល្ខោន​លោក ឆា​គ្រួ​ន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​រលាយ​ក្រុម​ហើយ​ការសម្ដែង​ចុះ​ខ្សោយ​​ដោយ​ប្រើ​ទឹក​លុយ​ទិញ​ដោយ​លួចលាក់​នូវ​សិល្បករ​ពូកែៗ គ្រូ​ល្ខោន​ពូកែៗ​ដើម្បី​ឲ្យ​បែក​ខ្ចាយ​ចេញពី​វង់​ល្ខោន លោក​ថៅកែ ឆា​គ្រួ​ន​ដើម្បី​ចូល​មក​ផ្ដល់​ចំណេះ និង​បម្រើ​នៅក្នុង​ក្រុម​សិល្បៈ​របស់​ខ្លួន​វិញ​។ វង់​សិល្បៈ​ល្ខោនបាសាក់​របស់លោក ឆា​គ្រួ​ន​បាន​ជួបប្រទះ​នឹង​វិបត្តិ​យ៉ាង​ធំ​មែន ព្រោះ​គ្រូធំៗ​ដូចជា​លោកគ្រូ​ខ្មៅ​លោកគ្រូ​ខ្លា និង​មិត្ត​ភ័ក្ដិ​ដទៃ​ទៀត​មួយចំនួន​បាន​ចាកចេញ​ពី​ក្រុម​លោក ឆា​គ្រួ​ន ហើយ​ចូល​ទៅ​បង្ហាត់​ចំណេះ​ល្ខោនបាសាក់​ទាំង​ផ្នែក​តន្ត្រី ទាំង​ហួន ទាំង​ចម្រៀង ទាំង​ការសម្ដែង​ដោយ​ឥត​ព្រាងទុក​ដល់​ក្រុម​ដទៃទៀត ។

 

គឺ​ចាប់ពីពេលនោះ​មក​ហើយ​ដែល​ល្ខោនបាសាក់​ចាប់​សាយ​ភាពខ្លាំង​មែនទែន​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​ការធ្វើសកម្មភាព​ទៅ​មក​សម្ដែង​ចុះឡើងៗ គ្រប់​ទីកន្លែង​ហើយ​មាន​ក្រុមខ្លះ​បាន​ទៅ​បោះ​ទីតាំង​នៅ​ខេត្ត និង​ស្រុក​នានា​បាន​ទៅ​បង្រៀន និង​កសាង​ក្រុម​ជាច្រើន​តាម​មូលដ្ឋាន​ផ្សេងៗ​គ្នា​៕
(​ដោយ​៖​គួន សំបូរ​)
 

ព័ត៌មានផ្សេងទៀត