ថ្ងៃទី​០៨​​មីនា​​ដល់​​ខួប​​មួយ​ឆ្នាំ​​ហើយ​​​តែ​​យន្ដហោះ​​MH370​​នៅតែ​​បាត់​ស្រមោល​សូន្យឈឹង​

05-03-2015 8:18 pm 2819

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ លោកអ្នក​នាង​នឹង​បាន​ស្ដាប់​ការបរិយាយ​ពី​ពេញ ផេង ទាក់ទង​នឹង​ហេតុការណ៍​បាត់​​​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ីMH370 ដែល​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​។ យន្ដហោះ​មួយគ្រឿង​នេះ បាន​បាត់​កាលពី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៤ ក្រោយពេល​ហោះ​ចាក​ចេញពី​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ តើ​មកដល់ពេលនេះ យន្ដហោះ​មួយគ្រឿង​នេះ​ទៅ​ជា​យ៉ាងណា​? តើ​យុទ្ធនាការ​ស្វែងរក​កន្ល​ង​មក​បាន​ប្រព្រឹត្ដ​ទៅ​ដូចម្ដេចខ្លះ​?


​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ​ផេង  នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

សំឡេង៖


​នៅ​ថ្ងៃ​ទី​០៨​មីនា​ខាងមុខ​នេះ គឺជា​រយៈពេល​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការបាត់​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​ប៊ូ​អ៊ីង​777​ជើងហោះហើរ​MH370​ហើយ​។ យន្ដហោះ​MH370 បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​កាលពី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៤ ក្រោយពេល​ហោះ​ចាក​ចេញពី​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស ម៉ាឡេស៊ី ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ យន្ដហោះ​មួយគ្រឿង​នេះ​បាន​ផ្ដល់​នូវ​សំឡេង​ទាក់ទង​ចុង​ក្រោយ​ជា​មួយ​ប្រព័ន្ធ​រ៉ា​ដា​គ្រប់គ្រង​ចរាចរណ៍​ដែន​អាកាស នៅ​ម៉ោង​ប្រមាណ​ជាង​០១​រំលង​អាធ្រា​ត្រ នៅពេល​ហោះ​ពីលើ​សមុទ្រ​ចិន​ខាងត្បូង គឺ​មាន​រយៈពេល​តិចជាង​មួយ​ម៉ោង​បន្ទាប់​ពី​ចាកចេញ​ពី​អាកាសយានដ្ឋាន​។


​ក្រោយពេល​បាត់ដាន​ទាក់ទង​ពី​ប្រព័ន្ធ​រ៉ា​ដា​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស​ហើយ ប្រព័ន្ធ​រ៉ា​ដា​របស់​កងទ័ព​ម៉ាឡេស៊ី​ក៏​បន្ដ​តាមដាន​តទៅទៀត នៅពេល​សង្ស័យ​ថា​យន្ដហោះ​បាន​ហោះ​វាង​ទិសដៅ​ដែល​បាន​កំណត់ ដោយ​ឆ្លងកាត់​ឧបទ្វីប​ម៉ាឡេ​។ យន្ដហោះ​មួយគ្រឿង​នេះ បាន​ចាកចេញ​ពី​ប្រព័ន្ធ​រ៉ា​ដា​កងទ័ព​ម៉ាឡេស៊ី នៅ​ម៉ោង​ប្រមាណ​ជាង​០២​រំលង​អាធ្រា​ត្រ ខណៈ​ហោះហើរ​លើ​សមុទ្រ Andaman​។


​នៅលើ​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី MH370 មាន​ផ្ទុក​មនុស្ស​សរុប​២៣៩​នាក់ ក្នុងនោះ​មាន​១២​នាក់​ជា​អ្នកបើក​យន្ដហោះ​និង​បុគ្គលិក​បម្រើការ​។ អ្នកដំណើរ​មាន​ចំនួន​២២៧​នាក់ ១៥២​នាក់​ជា​អ្នកដំណើរ​ជនជាតិ​ចិន ៣៨​នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី​។ អ្នកដទៃ​ទៀត​គឺជា​អ្នកដំណើរ​មកពី​១៣​ប្រទេស​ផ្សេង​គ្នា​។


​ទាក់ទង​នឹង​ការស្វែងរក​វិញ​គឺ​បាន​ចាប់​ផ្ដើមភ្លាមៗ​ដែរ បន្ទាប់​ពី​យន្ដហោះ​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​។ ការស្វែងរក​ដោយមាន​ការចូលរួម​ចម្រុះ​ពី​អន្ដរជាតិ បាន​ចាប់ផ្ដើម​នៅក្នុង​ឈូង​សមុទ្រ​ថៃ និង​សមុទ្រ​ចិន​ខាងត្បូង ជា​កន្លែង​ដែល​យន្ដហោះ​បាន​បាត់​សញ្ញា​ទាក់ទង ហើយ​បន្ទាប់​មកទៀត​ក្រុម​អ្នក​រុករក​បាន​ពង្រីក​ទិសដៅ​ទៅ​ដល់​ច្រក​សមុទ្រ Malacca និង Andaman​។ តាម​ការវិភាគ​នៅក្នុង​ការធ្វើ​ទំនាក់ទំនង​រវាង​យន្ដហោះ ជាមួយនឹង​បណ្ដាញ​ផ្កាយរណប​Inmarsat បាន​សរុប​សេចក្ដី​ថា យន្ដហោះ​អាច​បន្ដ​ហោះ​រហូតដល់​ម៉ោង​ជាង​០៨​ព្រឹក ហើយ​បាន​ហោះ​ទៅ​ភាគខាងត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា ទោះបីជា​មិន​បាន​កំណត់​ពី​ទីតាំង​ច្បាស់លាស់​ក៏ដោយ​។​


​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤ ប្រទេស​អូស្ដ្រាលី​បាន​ទទួលខុសត្រូវ​ក្នុង​ការស្វែងរក​ជាមួយ​ក្រុម​រុករក​ដទៃទៀត នៅពេល​ការ​រុករក​បាន​បន្ដដំណើ​រ​ទៅ​ភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​។ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​កត់សម្គាល់​ថា ទីតាំង​ចុងក្រោយ​ដែល​បញ្ជាក់​ដោយ​ប្រព័ន្ធ​ផ្កាយរណប គឺ​យន្ដហោះ​MH370​បានបញ្ចប់​ការហោះហើរ​របស់​ខ្លួន​នៅ​ភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​។


​ការស្វែងរក​គឺ​ធ្វើ​ទាំង​នៅ​លើ​គោក​និង​នៅក្នុង​ទឹក ហើយក៏​មាន​ប្រើ​ឧបករណ៍​សម្រាប់​ចាប់​សញ្ញា​យន្ដហោះ​ដែរ ដែល​យុទ្ធនាការ​រុករក​នេះ គឺជា​យុទ្ធនាការ​មួយ​ធំ​បំផុត ហើយ​ក៏​ត្រូវ​ចំណាយ​ថវិកា​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ទេ​ពីមុនមក​។​ប៉ុន្ដែ​ទោះបីជា​មាន​ការស្វែងរក​យ៉ាងណាក៏ដោយ គឺ​មិន​បាន​រកឃើញ​ស្រមោល​យន្ដហោះ និង​បំណែក​យន្ដហោះ​សូម្បីតែ​បន្ដិច​។ ជា​កិច្ចខិតខំ​បន្ថែម ម៉ាឡេស៊ី​បាន​បង្កើត​ក្រុម​អ្នក​ស៊ើបអង្កេត​រួម​គ្នា​ទៅលើ​គ្រោះថ្នាក់​នេះ ដោយ​ធ្វើការ​ជាមួយ​អាជ្ញាធរ​អាកាសចរណ៍ និង​អ្នកជំនាញ​បរទេស​ផង​ដែរ​។​


​ចំណែកឯ​មូលហេតុ​នៃ​ការ​បាត់​យន្ដហោះ​មួយ​គ្រឿង​នេះ​វិញ បុគ្គលិក​បម្រើការ​លើ​យន្ដហោះ មិន​បាន​ទាក់ទង​មក​បញ្ជាក់​មុន​កើតហេតុ​ថា យន្ដហោះ​ជួប​បញ្ហា​អាកាសធាតុ ឬក៏​មាន​បញ្ហា​ផ្នែក​បច្ចេកទេស​ទេ​។ រីឯ​ក្រុម​អ្នកវិភាគ​បានត្រឹមតែ​សន្និដ្ឋាន​លើ​ហេតុផល​រៀងៗ​ខ្លួន​ថា យន្ដហោះ​អាច​ធ្លាក់​ក្នុង​ទឹកសមុទ្រ ហើយ​ខ្លះ​ទៀត​ថា​យន្ដហោះ​អាច​ត្រូវ​គេ​បាញ់​ទម្លាក់​។ រហូតមកដល់​ពេលនេះ យន្ដហោះ​ដឹក​អ្នកដំណើរ​MH370​នៅតែ​បាត់​ស្រមោល​សូន្យឈឹង​ដូច​គេ​ចុក មិនដឹង​ថា​ទៅ​ដល់​ទីណា​នោះទេ​។


​ថ្មីៗ​នេះ​អាជ្ញាធរ​ម៉ាឡេស៊ី​បានប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា យន្ដហោះ MH370​បាន​ជួប​គ្រោះថ្នាក់​យ៉ាង​ពិតប្រាកដ​ហើយ ហើយ​មនុស្ស​ទាំង​២៣៩​នាក់​នៅ​លើ​យន្ដហោះ​ក៏​ត្រូវបាន​ស្លាប់​ទាំងអស់​ដែរ​។ ការប្រកាស​របស់​អាជ្ញា​ធរ​ម៉ាឡេស៊ី​បែបនេះ បាន​ធ្វើ​ឱ្យ​សាច់ញាតិ​អ្នកដំណើរ​មួយចំនួន​មិន​សប្បាយ​ចិត្ដ​ទេ និង​បាន​ទាមទារ​ឱ្យ​ធ្វើ​យ៉ាងណា​បញ្ជាក់ប្រាប់​ពួកគេ​ឱ្យ​បាន​ច្បាស់​ពី​ឧប្បត្ដិហេតុ​នេះ​។


​និយាយ​ពី​សាច់ញាតិ​អ្នកដំណើរ​នៅ​លើ​យន្ដហោះ MH370 គ្រាន់តែ​ទទួល​ព័ត៌មាន​ថា​យន្ដហោះ​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​ភ្លាម ពួកគេ​តក់ស្លុត​យ៉ាងខ្លាំង ព្រោះ​មិន​ដឹង​ថា​ជោគវាសនា​អ្នកដំណើរ​នៅលើ​យន្ដហោះ​នឹង​ទៅជា​យ៉ាងណា​។ សាច់ញាតិ​អ្នកដំណើរ​នៅលើ​យន្ដហោះ​MH370 បាន​ត្រឹម​តែ​បង្ហាញ​ក្ដី​ក្ដុកក្ដួល រំជួលចិត្ដ ព្រោះ​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ទើប​ជួយ​អ្នកដំណើរ​បាន បានត្រឹមតែ​ចាំ​ទទួល​ព័ត៌មាន​។ អ្នក​ខ្លះ​ដោយសារ​តែ​ខឹង​ខ្លាំង​ពេក ក៏​នាំគ្នា​តវ៉ា​ឱ្យ​ដោះស្រាយ ជាពិសេស​គឺ​ប្រជាជន​ចិន ដែល​មាន​សាច់ញាតិ​នៅលើ​យន្ដហោះ​ច្រើនជាងគេ បាន​នាំគ្នា​មក​តវ៉ា​នៅមុខ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​ចិន ហើយ​អ្នកខ្លះ​បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​ម៉ាឡេស៊ី​ផ្ទាល់​ដើម្បី​រង់ចាំ​ព័ត៌មាន​។ នៅ​ទីបំផុត ពួកគេ​នៅតែ​មិន​បាន​ដំណឹង​អ្វី​សូម្បី​បន្ដិច និង​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​ទឹកភ្នែក​និង​ភាព​អស់សង្ឃឹម​។ ដោយឡែក​ចំពោះ​ប្រជាជន​ដទៃទៀត​នៅលើ​ពិភពលោក បាន​ត្រឹម​តែ​ដុត​ធូប ទៀន បួងសួង​ឱ្យ​យន្ដហោះ​ដែល​បាត់​ត្រឡប់មកវិញ​ដោយ​សុវត្ថិភាព​។


​ការបាត់​ដំណឹង​ពី​យន្ដហោះ​MH370​គេ​មិន​នឹកស្មានថា មាន​រយៈពេល​យូរ​បែបនេះ​ទេ ប៉ុន្ដែ​រឿងហេតុ​កើតឡើង​ខុសពី​ការរំពឹង​ទុក​។​មហា​សោកនាដកម្ម​នេះ បាន​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាជន​នៅ​ទូទាំង​សាកលលោក ព្រោះ​ថា​វា​ជា​ហេតុការណ៍​ធ្លាប់តែ​ឃើញ​នៅក្នុង​ខ្សែភាពយន្ដ ប៉ុន្ដែ​ពេល​នេះ​វា​បាន​កើតឡើង​ពិតប្រាកដ គឺ​ទៅ​លើ​យន្ដហោះ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​។​


​គួរបញ្ជាក់​ថា ម៉ាឡេស៊ី​មិនមែន​ជួប​តែ​ឧប្បត្ដិហេតុ​មួយ​នេះ​ទេ យន្ដហោះ​ដឹក​អ្នកដំណើរ​MH17​របស់​ម៉ាឡេស៊ី​មួយគ្រឿង​ទៀត ក៏​ត្រូវ​បាន​ធ្លាក់​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន និង​បាន​សម្លាប់​មនុស្ស​សរុប​២៩៨​នាក់​នាក់​ផង​ដែរ​។ យន្ដហោះ​មួយគ្រឿង​នេះ បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ ក្រោយ​ចាកចេញ​ពី​ទីក្រុង​អាម​ស្ទែ​ដាម​ប្រទេស​ហូ​ឡង់ ឆ្ពោះ​ទៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។​ ដូច្នេះគ្រាន់តែរយៈពេលមួយឆ្នាំ យន្ដហោះដឹក​អ្នកដំណើរ​ក្រុមហ៊ុនអាកាសចរណ៍​ម៉ាឡេស៊ី បានជួប​គ្រោះថ្នាក់​ដល់ទៅ​ពីរគ្រឿង​គឺយន្ដហោះ​MH370​និងMH17៕​​ដោយៈ​ពេញ ផេង​


ព័ត៌មានផ្សេងទៀត