ភាព​ទន់​ភ្លន់​​នៃ​​របាំ​​ព្រះ​​រាជ​ទ្រព្យ​ បង្ហាញ​​ពី​​អត្ត​សញ្ញា​ណ​​របស់​​ខ្មែរ​​

02-03-2015 2:06 am

​របាំ​ព្រះ​រាជទ្រព្យ ជា​របាំ​ក្បាច់បុរាណ​ខ្មែរ ដែល​ជា​ទម្រង់​សិល្បៈ​សក្ការៈ មួយ​ដែល​មាន​វ័យ ចំណាស់ ដ៏​យូរលង់ ណាស់​មក​ហើយ​នៅក្នុង​ចំណោម​ទម្រង់​សិល្បៈ​សក្ការៈ​។ ហើយក៏​ជា​ទម្រង់​សិល្បៈ ដែល​មាន​តម្លៃពិត​ខាង​ស្មារតី និង​ខាង​បច្ចេកទេស​កំរិត​ខ្ពស់​ក្នុងចំណោម​ទម្រង់​សិល្បៈ ទស្សនីយភាព នៅ​កម្ពុជា​។​របាំ​ព្រះ​រាជទ្រព្យ​មួយ​នេះ ស្ទើរតែ​បាត់បង់​អស់​ទៅវិញ នៅ​ក្រោម​របប​ខ្មែរក្រហម ដែល​បាន​គាស់​រំលើង​ចោល​ស្ទើរតែ​ទាំងស្រុង នូវ​គ្រូ​អ្នក​របាំ និង​គ្រូ​ដូរ្យតន្ត្រី​។​ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​របាំ ប្រពៃណី​របស់​ខ្មែរ​យើង​មួយ​នេះ ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ពណ៌នា ដូចតទៅ​៖

 

​របាំ​ព្រះរាជ​ទ្រព្យ​របស់​កម្ពុជា គឺជា​អ្នកថែរក្សា​ប្រពៃណី​នាដកម្ម​បុរាណ​ខ្មែរ ជា​ចំណែក​មួយ​យ៉ាង​ជិតស្និទ្ធ នៃ​មហាក្សត្រ​អស់​រយៈពេល ជាង​មួយ​ពាន់​ឆ្នាំ​កន្លងមកហើយ​។ របាំ​ក្បាច់​ខ្មែរ​បុរាណ​នៃ មួយ​នេះ មាន​ភាពល្បីល្បាញ ខាង​មាន​កាយវិការ​ទន់ភ្លន់ គួរ​ឱ្យ​ចង់​គយគន់ និង​មាន​ទ្រង់គ្រឿង​ចាំង​ភ្លឺ​ផ្លេកៗ​។

 

​របាំ​ព្រះ​រាជទ្រព្យ​មានការ​ដើរតួ​បួន​ប្រភេទ​ដូចជា​៖ តួ​នាង (​ស្រី​) តួ​នាយរង (​ប្រុស​) តួ​យក្ស (​សភាវៈ​អាក្រក់​) តួ​ស្វា (​សត្វ​) តួ​និមួយៗ​មាន​លក្ខណៈ​និង​មាន​ពណ៌​ដោយឡែកៗ​ពីគ្នា មានការ​ស្លៀកពាក់ ការ​លាបម្សៅ ការ​តុបតែង​ខ្លួន ទាំង​ក្បាំងមុខ និង​កាយវិការ​ផ្ទាល់​ខ្លួន​ផង​ដែរ​។ កាយវិការ និង​ក្បាច់​រាំ​ទាំងនេះ​អ្នករបាំ​ត្រូវ​ហាត់រៀន​យ៉ាងសកម្ម និង​មមាញឹក អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទើប​ចេះ​ចាំ មាន​អត្ថន័យ​ដូច​ជា​ការ​រំជួលចិត្ត​នានា ការ​ភ័យភិត ស្នេហា ការសប្បាយ​រីករាយ ឬ​ការ​ខឹងសម្បា​ជាដើម​។​

 

​ការសម្ដែង​ប្រព្រឹត្តទៅ​តាម​ចង្វាក់ភ្លេង​នៃ​ក្រុម​តន្ត្រី​គោរព ដោយ​ពួក​អ្នក​របាំ កាច់ក្បាច់​រាំ​តម្រូវ​តាម​សំឡេង​បកស្រាយ​សាច់រឿង និង​មនោសញ្ចេតនា​ដោយ​នារី​អ្នក​ច្រៀង​មួយ​ក្រុម​តូច​។ របាំ​ព្រះ​រាជទ្រព្យ​ស្ទើរតែ​បាត់បង់​អស់​នៅ​ក្រោម​របប​ខ្មែរក្រហម ដែល​បាន​គាស់​រំលើង​ចោល​ស្ទើរតែ​ទាំងស្រុង នូវ​គ្រូ​អ្នក​របាំ និង​គ្រូ​ដូរ្យតន្ត្រី​។ តាំង​ពី​ការដួលរលំ​នៃ​របប​ប៉ុល ពត នៅ​ឆ្នាំ​១៩៧៩ មក ក្រុម​របាំ​ព្រះ​រាជទ្រព្យ​ត្រូវបាន​គេ​បណ្ដុះបណ្ដាល​ឡើងវិញ និង​បាន​ដំឡើង​កម្រង​អ្នករបាំ ពី​ដើមៗ​ឡើងវិញ​។ របាំ​​បុ​រាណ​​ដែល​​ជា​​ផ្លូវ​ការ ​ត្រូវ​​បាន​​ផ្សារ​ភ្ជាប់​​ជា​​ថ្មី​​ជា​មួយ​​មហាក្សត្រ និង​សាសនា ចាប់ពីពេលនោះ​មក​បាន​ក្លាយ​ទៅជា​ធាតុ​ស្នូល​មួយ​សម្រាប់​កសាង​ប្រទេសជាតិ និង​កសាង​អត្តសញ្ញាណ​ខ្មែរ​ជា​ថ្មី​។ សព្វថ្ងៃនេះ របាំ​ព្រះ​រាជទ្រព្យ​បាន​រកឃើញ​ឡើងវិញ​ហើយ នូវរ​ស្មី​ត្រចះត្រចង់​របស់ខ្លួន​។ ប៉ុន្តែ​មាន​នៅ​ជួប​ឧបសគ្គ​ជាច្រើន ដូចជា កង្វះខាត​ថវិកា និង​រោង​សម្ដែង ការប្រកួតប្រជែង​ពី​សំណាក់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន ឬ​ហានិភ័យ​នៃ​ប្រជាប្រិយ​នីយកម្ម​សិល្បៈ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​។ នៅ​មាន​ត្រឹមតែ​គ្រូ​អ្នករបាំ បី​បួន​នាក់​ប៉ុណ្ណោះ ជា​អ្នក​ដែល​បាន​រួចខ្លួន​និង​រស់រានមានជីវិត ហើយ​ចេះដឹង​ពិតប្រាកដ​អំពី​ក្បាច់​សិល្បៈ​ទាំងអស់ រហូត​ធ្វើ​ឱ្យ​របាំ​នេះ​មាន​លក្ខណៈ​ដ៏​សំបូរបែប​ទៀតផង​។​

 

​របាំ​ព្រះ​រាជទ្រព្យ ជា​របាំ​ក្បាច់បុរាណ​ខ្មែរ ដែល​ជា​ទម្រង់​សិល្បៈ​សក្ការៈ មួយ​ដែល​មាន​វ័យ ចំណាស់ ដ៏​យូរលង់​ណាស់​មក​ហើយ​នៅក្នុង​ចំណោម​ទម្រង់​សិល្បៈ​សក្ការៈ​។ ហើយក៏​ជា​ទម្រង់​សិល្បៈ ដែល​មាន​តម្លៃពិត​ខាង​ស្មារតី និង​ខាង​បច្ចេកទេស​កំរិត​ខ្ពស់​ក្នុងចំណោម​ទម្រង់​សិល្បៈ ទស្សនីយភាព នៅ​កម្ពុជា​។ កាលដើមឡើយ នា​សម័យ​មហានគរ អ្នករាំ​របាំង​ទាំងប្រុស​ទាំងស្រី ប្រចាំ​ប្រាសាទ​មាន​តួនាទី សម្រាប់ រាំ ឧទ្ទិស​ដល់​អទិ​ទេព ឬ​រាំ​ថ្វាយ​ទេវៈ​រាជា គឺ​រក្សា​សន្តិភាព ពី​ស្ថាន​មនុស្សលោក ទៅ​ស្ថាន​ទេវតា និង​ជា​សិល្បការិនី​សន្តិភាព ឬ​ជា​សន្តិ​ភាវ​ការិនី​ខាង​ផ្លូវ​ដួងចិត្ត គំនិត ដែល​ធ្លាប់បាន​រាំ​ផ្សព្វផ្សាយ សីលធម៌ និង​គុណធម៌ ដើម្បី​សេចក្តីសុខ សន្តិភាព​ខ្មែរ​រាប់ពាន់​ឆ្នាំ​មកហើយ​។


​យើង​អាច​សាកល្បង សន្និដ្ឋានបានថា ទម្រង់​ក្បាច់បុរាណ​ខ្មែរ របាំ​ព្រះ​រាជទ្រព្យ គឺជា​ទម្រង់​របាំ​ស្ត្រី ព្រោះ​កាលពីដើម​ឡើយ អ្នក​សម្តែង​តួអង្គ​មាន​បួន ៖ តួ​នាង (​ស្ត្រី​) តួ​នាយ​រោង (​បុរស​) តួ​យក្ស និង​តួ​ស្វា ព្រមទាំង​តួ​បន្ទាប់បន្សំ មាន​តួស​ត្វ​សុទ្ធតែ​ស្រីៗ ជា​អ្នក​សម្តែង​តួអង្គ​ទាំងនោះ លើកលែង​តែ​តួ​តា​ឥសី និង​តួ​ត្លុក​ប៉ុណ្ណោះ ដែល​បាន​សម្តែង​ដោយ​ប្រុសៗ​។​ក្រោយមក​ដោយ​មាន​ការ​វិវត្តន៍​របស់​ទម្រង់​សិល្បៈ​នេះ តួអង្គ​ស្វា​ត្រូវ​បាន​សម្តែង ដោយ​ប្រុសៗ​រហូតមកដល់​សព្វថ្ងៃ​។​

 

​របាំ​ព្រះ​រាជទ្រព្យ របាំ​ក្បាច់បុរាណ​ខ្មែរ ជា​ប្រភេទ​របាំ ដែល​នាដករ ប្រើ​ចលនា​កាយវិការ​ក្បាច់ និង​មនោ​សញ្ចោ​ត​នាយ៉ាង​ប៉ិនប្រសប់​ទៅ​តាម​ការវិវត្តន៍​នៃ​សាច់​រឿង​រៀបរាប់ បញ្ជាក់​ដោយ​ទំនុកច្រៀង នៃ​ក្រុម​ចម្រៀង ជា​ពួក​ដែល​មាន​តួនាទី​ច្រៀង​ជូន​របាំ​នេះ ជាមួយនឹង​វង់​ភ្លេងពិណពាទ្យ ដែល​មាន​តួនាទី​ប្រគំ​ជូន​របាំ​នេះ​ផង​ដែរ​។​

 

​សូមបញ្ជាក់​ថា របាំ​ព្រះ​រាជទ្រព្យ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃ​ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣​។​ហើយរ​បាំង​មួយ​នេះ​នៅតែ​តំណាង​ឲ្យ​ភាពរុងរឿង នៃ​វ​ប្បធ​ម៏​ប្រពៃណី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពី​ព្រះរាជា​មួយ​ជំនាន់​ទៅមួយ​ជំនាន់​។

 

​បន្ថែម​លើ​ពីនេះ កម្ពុជា​ក៏​សម្បូណ៌​ទៅដោយ​សម្បត្តិ​ធម្មជាតិ​ផង និង​ស្នាដៃ​ច្នៃប្រឌិត​មិនចេះ​រីងស្ងួត​របស់​ប្រជាជាតិ​នេះ​។ ជាពិ​សេស​ សម្បត្តិ​​បេតិ​កភណ្ឌ​​វប្ប​ធម៌​ ពី​បុរាណ​ទាំង​រូបី និង​អរូបី ដែល​ជា​ស្នាដៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​បុព្វបុរស​យើង​បាន​បន្សល់​ទុក​មក​។​បណ្តា បេតិកភណ្ឌ​វប្បធម៌​ទាំងនោះ​រួមមាន ផ្នែក​រូបី ជា​អាថ៌​គឺ បណ្តា​ប្រាសាទ រមណីយដ្ឋាន​វត្ត​អារាម ផ្ទះ​បុរាណ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ទួល​អង្គ​...​រួម​មាន​រាប់រយ​រាប់ពាន់ ប្រមាណ​ជិត ៤,០០០ កន្លែង រាយ​ដេរដាស​ទូទាំងប្រទេស (​នេះ​មិន​ទាន់​គិត​ដល់​ប្រាសាទ​រាប់សិប ឬ​រាប់​រយ​ផ្សេង​ទៀត​ដែល​ជា​អតីត​ប្រាសាទបុរាណ​ខ្មែរ ស្ថិត​នៅក្នុង​ដែន​ដី​ប្រទេសជិតខាង​ទៀតផង​)​។​ហើយ​មក​ដល់​ពេល​ប​ច្ច​ប្បន្ន​នេះ ឯ​ផ្នែក​អរូបី រួម​មាន​ល្ខោន​ជាង​ម្ភៃ​ទម្រង់ របាំ​បុរាណ​មាន​អាយុ​រាប់ពាន់​ឆ្នាំ ពិសេស​របាំ ក្បាច់បុរាណ​ខ្មែរ ឬ​ហៅ​ថា​របាំ​អប្សរា ដែល​ជា​បេតិ​ក​ភណ្ឌ​អរូបី​ដ៏​ប្រណិត​គ្មាន​ពីរ​ត្រូវបាន​ពិភពលោក​ទទួល ស្គាល់ និង​បាន​ចុះបញ្ជី​ជា​“​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​” នា​ឆ្នាំ​២០០៣ មាន​តន្ត្រី និង​ចម្រៀង​ខ្មែរ​បុរាណ​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មកហើយ ដូចជា​តន្ត្រី​អារក្ស ភ្លេង​ការ​...​មាន​របៀប​សរសេរ​កំណាព្យ​ជាង​៥០​បែប និង​បែបបទ​ស្មូត្រ​កំណាព្យ​ជាង​៦០​ប្រភេទ​, មាន​អក្សរសាស្ត្រ​ខ្មែរ​បច្ចុប្បន្ន ដែល​មាន​ដើមកំណើត​ពី​បុរាណ​ជាង​ពាន់​ឆ្នាំ​អាច​រក្សាទុក​តាមរយៈ​ការ សម្រិត​សំរាំង​កែលម្អ​បន្តិច​ម្តងៗ ប្រើប្រាស់​ជា​ផ្លូវការ​រហូតមក​។ ក្រៅពីនោះ​នៅ​មាន​ល្បែង​របាំ​ប្រជាប្រិយ​ប្រពៃណី ការ​និទានរឿង​...​។​ល​។ ជាច្រើន​ទៀត​។ បើ​ប្រៀប​ទៅ​នឹង​ប្រទេស​មួយ​ដ៏​តូច​ប្រជាជន​តិច​ដូច​កម្ពុជា បច្ចុប្បន្ន បេតិកភណ្ឌ​ទាំងអស់​ដូចដែល​បាន​រៀបរាប់​ត្រួសៗ​មក​ខាងលើនេះ​ពិតជា​រតន សម្បត្តិ​ដ៏​មហាសាល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​កូន​ខ្មែរ​គ្រប់​រួប​៕

(​ដោយ​៖​គួន​សំបូរ​)

ព័ត៌មានផ្សេងទៀត