របាំ​​រាំ​វង់​ ជា​​កេ​ត​ន​ភណ្ឌ​​របស់បុព្វ​បុរស​ខ្មែរ

ដោយ៖ Vayofm Teams 23-02-2015 12:20 am 2533

​របាំ​រាំវង់​នៅ​ប្រទេស​កម្ពុជា មាន​ដើមកំណើត​តាំងពី​យូរយារ​ណាស់​មក ហើយ​ជា​របាំ​ដែល​ជាប់​នឹង​ពិធី​ប្រពៃណី​របស់​ខ្មែរ​យើង​ផងដែ​។ តែ​លុះ​មកដល់​ពេល​ចុង​ក្រោយ​នេះ ទើប​បាន​ក្លាយជា​របាំ​ប្រជាប្រិយ​ដែល​មាន​ការនិយម​ចូល​ចិត្ត​ពី​គ្រប់ មជ្ឈដ្ឋាន​ក្នុង​សង្គម​ជាតិ​កម្ពុជា​ទាំងមូល ។ ហើយ​ក្រោយមក​ទៀត​ក្នុងពេល​ដែល​ប្រទេស​ជិតខាង​មាន សៀម និង​ឡាវ បានចាប់កំណើត​ឡើង របាំ​រាំវង់​នេះ ក៏​ដូច​ទម្រង់​សិល្បៈ​ឯទៀត​ដែរ ដោយសារ​តែ​ឥទ្ធិពល​ឆ្លង​គ្នា​ទៅ វិញ​ទៅ​មក​រវាង ខ្មែរ និង​លាវ ខ្មែរ និង​សៀម ពិសេស​គ្រប់​តំបន់​ជាយដែន និង​តំបន់​ដែល​មាន​ប្រជាជន​ខ្មែរ​លាវ ឫ​ខ្មែរ​សៀម​រស់ នៅ​លាយឡំ​គ្នា​ច្រើន​នោះ​។​ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​របាំ​រាំវង់​ប្រពៃណី​របស់​ខ្មែរ​យើង​មួយ​នេះ ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ពណ៌នា ដូចតទៅ​៖

 

​មិន​ខុស​អ្វី​ពី​ល្បែង​ប្រជាប្រិយ​ចោល​ឈូង លាក់​កន្សែង ចាប់​កូនខ្លែង បោះ​អង្គញ់ ស្ដេច​ចង់ ឫ​ល្បែង​ឯ​ទៀត​ដែល​ខ្មែរ​និយម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​នានា ពិសេស​គឺ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នោះ​ឡើយ​។ របាំ​ប្រជាប្រិយ រាំវង់ រាំ​ក្បាច់ គឺជា​ប្រភេទ​របាំ​ដែល​មាន​ការនិយម​ជាទូទៅ​នៅ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ទោះ​នៅ​ទីក្រុង ក៏ដូចជា​ជនបទ នៅ​តំបន់​ភ្នំ នៅ​វាលទំនាប ឫ​ក៏​តំបន់​មាត់សមុទ្រ ។ របាំ​ប្រជាប្រិយ ខ្មែរ​នេះ​ជា​ប្រភេទ​របាំ​ដែល​ងាយ​ចាំ​ងាយ​ចេះ ហើយ​ងាយ​ក្នុង​ការរៀបចំ​សម្ដែង​ទៀតផង ។

 

អាស្រ័យ​ហេតុនេះ​ទើប​គេ​សង្កេតឃើញ​ប្រជាជន​ខ្មែរ តាំង​ពី​ព្រះរាជា​នាម៉ឺន​សព្វ​មន្ត្រី​រហូត​ដល់​ប្រជារាស្ត្រ ទាំង​ក្មេង ទាំង​ចាស់​ប្រុស​ស្រី​ចេះ​រាំ​របាំ​នេះ​គ្រប់ៗ​គ្នា​។​ឯ​ពាក្យ​ថា “​រាំវង់​” គឺជា​លក្ខណៈ​ពិសេស​សម្រាប់​សំគាល់​រូបភាព​នៃ​របាំ​នេះ ពោល​គឺ​ពេល​រាំ​គេ​នាំគ្នា​រាំ​បន្ត​គ្នា​ជា​រង្វង់​មូល ។ ហើយ​ជា​របាំ​សម្រាប់​រាំ​លេង​កម្សាន្ត ឫ​ក៏​រាំ​ដើម្បី​បំបាត់​ការនឿយហត់ ក្រោយ​ពី​ការបំពេញ​ពលកម្ម​នានា​រួច ។​

 

​ចំពោះ​ប្រវត្តិ​កំណើត​នៃ​របាំ រាំវង់​នេះ​វិញ បើ​យើង​ពឹងផ្អែក លើ​ឯកសារ​សរសេរ​ដែលមាន​បន្តិចបន្តួច និង​ផ្អែកលើ​ភាពជាក់ស្ដែង​ក្នុង​ជីវិត​ដែល​បាន​ប្រព្រឹត្ត​ដល់​យើង សព្វថ្ងៃនេះ​យើង​ជឿថា​៖ សិល្បៈ​រាំវង់​នេះ​មាន​អាយុ​ច្រើន​សតវត្សរ៍​ណាស់​មកហើយ នៅលើ​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា​នេះ​។ ព្រោះ​តាំងពី​បុព្វេ​ដ៏​យូរលង់ ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​ឯទៀត ដែល​ស្ថិត​ក្នុង​អំបូរ​ជាមួយគ្នា​ដូចជា​ព្នង គ្រឹង ទំ​ពួន ព្រៅ មានការ​ទាក់ទង​និង​ការ រាំវង់ ឫ ជា​រង្វង់​មូល​នេះ​ជា​ច្រើន ។​
​បងប្អូន ជនជាតិ​ខ្មែរលើ ភូមិភាគ​ឦសាន​នៃ​ប្រទេស ឫ​តំបន់​ព្រៃភ្នំ នៃ​ភូមិភាគ​ដទៃ​ទៀត​និយម​រាំ​លេង​កម្សាន្ត​នៅ​ជុំវិញ​ភ្នក់ភ្លើង​នា​ពេល​រាត្រី ។ ទម្លាប់​រាំវង់​ជុំវិញ​ភ្នក់ភ្លើង​នេះ​មាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មកហើយ ហើយ​ក៏​នៅ​មាន​សេសសល់​រហូត​ដល់​សព្វ​ថ្ងៃនេះ ។​

 

​ក្នុង​ពិធី​លៀង អារ​ក្ខ ឫ​ឡើងអ្នកតា (​ជំនឿ​ខ្មែរ​ដើម​មាន​តាំងពី​យូរលង់ មុន​សម័យ​ដែល​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ហូរ​ចូល​មក​ក្នុង​តំបន់​ជ្រោយ​សុវណ្ណ​ភូមិ ពោល​គឺ​តាង​ពីមុន​៣០៩​ឆ្នាំមុន គ​.​ស ជនជាតិ​ខ្មែរ​តែងតែ​នាំគ្នា​សង់រោង​តូច​មួយ​ដោយ​ធ្វើ​រាជ​វត្តិ​ព័ទ្ធ ជុំវិញ ហើយ​អ្នក​ចូល​រូប​តែងតែ​រាំ ជា​រង្វង់​មូល​ជុំវិញ​រោង​នោះ ក្នុង​ពេល​ប្រារព្ធ​ពិធី​លៀង​អារក្ខ​នេះ​។​
​ពិធី​កាប់​ក្របី​ថ្វាយ​អ្នកតា​របស់​បងប្អូន​ជនជាតិ ព្នង គ្រឹង ទំ​ពូន ដែល​មាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មកហើយ​នោះ ដែល​គេ​ឃើញ​មាន​រូបចម្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​បាយ័ន ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧(១១៨១-១២១៨) ហើយ​ដែល​បងប្អូន​យើង​ថែរក្សា​ឲ្យ​គង់វង្ស​រហូតមកដល់​សព្វថ្ងៃនេះ ក៏​មាន​ទម្លាប់​រាំ​ជា​វង់ ឫ​ជា​រង្វង់​មូល​ផងដែរ​។​

 

​លើសពីនេះទៅទៀត បងប្អូន​ជនជាតិ ព្រៅ ព្នង គ្រឹង ទំ​ពូន នៅ​ប្រកាន់​ភ្ជាប់​ទំនៀម “​រាំវង់​ភូមិ​ថ្មី​” ដែល​ភាសា​ជន​ជាតិនិយម​ថា ៖”​រាំវង់​ស្រ៊ុក ហាន់​ទើម​” ។ របាំ​រាំវង់​ភូមិ​ថ្មី គេ​មាន​ទម្លាប់​ធ្វើ​នៅក្នុង​ពេល​ប្ដូរ​ភូមិ ពី​ភូមិ​ចាស់​ទៅ​រស់នៅ​ក្នុងភូមិ​ថ្មី ។ តាម​ធម្មតា​ក្នុង​រយៈពេល​ពី​បី​ទៅ​ប្រាំពីរ​ឆ្នាំ​មុន​នឹង​ប្ដូរ​ភូមិ ឫ​ចាកចេញ​ពី​ភូមិ​ចាស់ មេ​កន្ទ្រាញ និង​ចាស់ទុំ ក្នុងភូមិ​តែង​នាំគ្នា​ធ្វើ​ពិធី​ផ្សង​ទៅ​តាម​ជំនឿ​របស់​ខ្លួន ដើម្បី​រក​កន្លែង​ដី​ថ្មី​ដែល​មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អ​មាន​ទឹក គ្រប់គ្រាន់ និង​ជា​កន្លែង​ដែល​អាច​ការពារ​សន្តិសុខ​ជូន​ញាតិ​មិត្ត​ក្នុង​ស្រុក​ភូមិ​បាន​ល្អ ។ ពេល​ផ្សង​រើស​រក​ដី​ថ្មី​បាន​ហើយ ទើប​គេ​នាំគ្នា​ធ្វើ​ពិធី​កំណត់​ឆ្នាំ​សម្រាប់​រស់នៅ គឺ​ឲ្យដឹងថា តើ​ពួកគេ​អាច​រស់នៅ​បាន​ប៉ុន្មាន​ឆ្នាំ នៅ​នឹង​ភូមិ​ថ្មី​នោះ ? ពិធី​កំណត់​ឆ្នាំ​សម្រាប់​រស់នៅ​នេះ ប្រព្រឹត្តទៅ​ដោយ​មក​កន្ទ្រាញ និង​ចាស់ទុំ ភូមិ​ធ្វើ​ពិធី​ផ្សង​ដោយ​យក​ប្រទាល​មក​ចិត​ទម្លាក់​មក​លើ​ដី​ចំនួន​ប្រាំពីរ ចំណិត ។ បើ​ប្រទាល​នោះ​ក្រឡាប់​ប៉ុន្មាន ចំណិត​នោះគេ​ជឿថា គេ​អាច​រស់នៅ​ក្នុងភូមិ​ថ្មី​នោះ​បាន​ប៉ុណ្ណឹង​ឆ្នាំ​ដែរ​ពោល​គឺ​តាម ចំនួន​ចំណិត ប្រទាល​ដែល​ក្រឡាប់​នោះ ។ ដូចជា​បើ​ប្រទាល​ក្រឡាប់​បី ឫ​ប្រាំ​ចំណិត​នោះ គេ​អាច​រស់នៅ​ទីនោះ​បាន​បី ឫ​ប្រាំ​ឆ្នាំ​ដែរ ។ ហើយ​ជំនឿ​នេះ​មាន​រៀង​រហូត​តាំង​ពី​បុព្វេ​យូរលង់​ណាស់​មក​ហើយ​រហូត​ដល់ សព្វថ្ងៃនេះ ។ ពេល​ធ្វើ​ពិធី​ផ្សង​រក​ដី​ថ្មី​បាន ហើយ​មេកន្ទ្រាញ​ក៏​ប្រកាស​ឲ្យ​អ្នកស្រុក​អ្នកភូមិ​រុះរើ​ពី​ភូមិ​ថ្មី នេះ​មុនគេ​បង្អស់ ។ អ្នកស្រុក​អ្នកភូមិ​មាន​ស្រី មាន​ប្រុស​នាំគ្នា​រាំ​ជា​គូ (​តាម​ប្រពៃណី​ដូនតា តៗ​គ្នា​រហូត​ដល់​បច្ចុប្បន្ន​នេះ​) ដែល​មាន​ជំនឿ​ថា​៖ នឹង​នាំឲ្យ​គេ​គ្រប់ៗ​គ្នា​បាន​សេចក្ដីសុខ​ចម្រើន ។​

 

​ការរៀបរាប់ ខាងលើ​នេះ​បញ្ជាក់ថា របាំ​រាំវង់​នៅ​ប្រទេស​កម្ពុជា មាន​តាំងពី​យូរយារ​ណាស់​មកហើយ​ជា​របាំ​ដែល​ជាប់​នឹង​ពិធី​ប្រពៃណី តែ​លុះ​មកដល់​ពេល​ចុង​ក្រោយ​នេះ ទើប​បាន​ក្លាយជា​របាំ​ប្រជាប្រិយ​ដែល​មាន​ការនិយម​ចូល​ចិត្ត​ពី​គ្រប់ មជ្ឈដ្ឋាន​ក្នុង​សង្គម​ជាតិ​កម្ពុជា​ទាំងមូល ។ ហើយ​ក្រោយមក​ទៀត​ក្នុងពេល​ដែល​ប្រទេស​ជិតខាង​មាន សៀម និង​ឡាវ បានចាប់កំណើត​ឡើង របាំ​រាំវង់​នេះ ក៏​ដូច​ទម្រង់​សិល្បៈ​ឯទៀត​ដែរ បាន​ហូរ​ចុះ​ហូរ​ឡើង ឫ​ក៏​ជះ​ឥទ្ធិពល​ឆ្លង​គ្នា​ទៅ វិញ​ទៅ​មក​រវាង ខ្មែរ និង​លាវ ខ្មែរ និង​សៀម ពិសេស​គ្រប់​តំបន់​ជាយដែន និង​តំបន់​ដែល​មាន​ប្រជាជន​ខ្មែរ​លាវ ឫ​ខ្មែរ​សៀម​រស់ នៅ​លាយឡំ​គ្នា​ច្រើន​នោះ ។​

 

បើ​តាម​ឯកសារ​ខ្លះៗ​ដែល​នៅសល់ និង​តាម​ព័ត៌មាន ដែល​យើង​ទទួលបាន​ពី​ចាស់ទុំ​ជាច្រើន​បានបញ្ជាក់​ថា​៖ នៅ​ប្រទេស​កម្ពុជា​របាំ​ប្រជាប្រិយ​រាំវង់​រាំក្បាច់​នេះ បាន​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​សតវត្សរ៍​ទី​២០​នេះ ។ ពិសេស​គឺ​តាំងពី​ពេល​ដែល​ចលនា ខ្មែរ​ឥស្សរៈ​​ដែល​​កើត​មាន​​នៅ​​គ្រប់​​តំបន់​​ក្នុងប្រទេស និង​ជីវពល​នារីក្លាហាន​ក្រោក​ឡើង​បណ្ដេញ​អាណានិគម​បារាំង ដើម្បី​ទាមទារ​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ​នោះមក ហើយ​ដែល​គេ​អាច​ឃើញ​មាន​សល់​នូវ​បទ​ចម្រៀង​រាំវង់​មួយចំនួន​ដែល​អាច ជាតិ​ក​តាង ឫ​ជា​អនុស្សាវរីយ៍ នៃ​សម័យកាល​នោះ​ផង ។ ហើយ​ក៏​ប្រហែល​នៅក្នុង​ពេល​នោះ​ដែរ ដែល​ឥទ្ធិពល​នៃ​ពាក្យ​បរទេស​ដូចជា​ពាក្យ​ថា​៖ រាំ​”​ឡាំ​ថូន​” ឫ​ឡក​”​ឡាំ​ថូន​” (​ថូន​គឺ​ស្គរ​) ត្រូវ​ខ្មែរ​យកមកប្រើ​ព្រោះ​ពេលនោះ​កងទ័ព​ខ្មែរឥស្សរៈ​ដែល​បោះទីតាំង ក្នុង​ព្រៃ​ជ្រៅៗ​តំបន់​ភ្នំ​ដងរែក តំបន់​ជ្រាវ​ឱ​រ៉ា​ល់ ភ្នំក្រវាញ តំបន់​ភាគ​ឦសាន​នៃ​ប្រទេស ឫ​តំបន់​មាត់សមុទ្រ​ក្ដី ច្រើន​នាំគ្នា​លេង​រាំវង់ ដោយ​ប្រើ​ស្គរ​ដៃ​មួយ​ប៉ុណ្ណោះ និង​ចម្រៀង​ដែល​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការកម្សាន្ត​ទៅតាម​កាលៈទេសៈ នៃ​ការតស៊ូ និង​ការ​រស់​ដោយ​យក​ព្រៃ​ជ្រៅ​ជា​មូលដ្ឋាន​បង្អែក ។

 

​សូមបញ្ជាក់​ថា​៖ ស្គរ​ដៃ​នេះ​ជា​ស្គរ​នៃ​វង់​ភ្លេងអារក្ស ឫ​វង់ភ្លេង​ប្រពៃណី​ភ្លេង​ការ​របស់​ជនជាតិ​ខ្មែរ​ដែល​មាន​កំណើត​រាប់ពាន់ ឆ្នាំ​មកហើយ ។​គឺ​តាំងពី​ពេល​ស្រុក​ខ្មែរ​បាន​ឯករាជ្យ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ នៃ​ព្រះករុណា ព្រះបាទ​នរោត្ដម​សីហនុ​វរ្ម័ន នៅ​ថ្ងៃ​ទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ មក ប្រទេសជាតិ និង​ប្រជារាស្ត្រ មាន​សេរីភាព​គ្រប់គ្រាន់ ។ របាំ​ប្រជាប្រិយ រាំវង់ រាំ​ក្បាច់ ក៏​បាន​រីកចម្រើន​យ៉ាង​ខ្លាំងក្លា ពោល​គឺ​នៅ​កន្លែង​ខ្លះ គេ​រាំ​ជាមួយ​ស្គរ​ដៃ​ពេល​ខ្លះ គេ​រាំ​ជាមួយ​វង់​ភ្លេងខ្មែរ ដែល​មាន​ឧបករណ៍​ស្គរ ទ្រ រនា​ត និង​ឧបករណ៍​ច្រើន​ផ្សេងៗ​ទៀត​រហូត​ដល់​វង់​តន្ត្រីសម័យ​យ៉ាង​ទំនើប ដែល​យើង​ឃើញ​រហូត​ដល់​សព្វថ្ងៃនេះ​ផង ។​

 

​សូមជម្រាបថា​៖ នៅ​ក្នុង​ប្រភេទ​សិល្បៈ​របាំ​ប្រជាប្រិយ​នៅ​ប្រទេស​កម្ពុជា​យើង​នេះ ក្រៅពី​រាំវង់ និង​រាំក្បាច់ ដែល​ជា​របាំ​មូលដ្ឋាន​របស់​ជនជាតិ​ខ្មែរ មាន​ចម្រៀង និង​របាំ​ប្រឺន និង​កន្ទ្រឹ​ម ដែល​មាន​ប្រជា ប្រិយភាព​ដ៏​ធំធេង​នៅ​តំបន់​ចំនៀរ​ភ្នំ​ដងរែក​នោះ និង​នៅ​មាន​របាំ “​ឡាំ​លាវ​” និង “​សា​រ៉ា​វ៉ាន់​” ថែមទៀត​ដែល​មាន​ប្រជាប្រិយភាព​ធំធេង ហើយ​មាន​ការនិយម​រាំ​ឆ្លាក់​គ្នា​ជាមួយ​រាំវង់ និង​រាំក្បាច់​ជានិច្ច​នោះ​ផង ។ ចំពោះ​របាំ​ឡាំ​លា​វ ដែល​មាន​ចង្វាក់​ញាប់​រន្ថើន និង​របាំ​ក្បាច់​សា​រ៉ា​វ៉ាន់​នេះ យើង​ត្រូវតែ​ទទួលស្គាល់​ថា​៖ នេះ​គឺ​ពិតជា​ឥទ្ធិពល​របស់​សិល្បៈ​លា​វ ដែល​បាន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា ក្នុងឋានៈ​ជា​មិត្ត​ភ័ក្ដិ និង​ជា​បងប្អូន និង​ជា​អ្នកភូមិផង​របង​ជាមួយ ហើយ​ត្រូវបាន​ជនជាតិ កម្ពុជា​និយម​រាប់អាន​យ៉ាង​ក្រៃលែង ។ ដូច្នេះ​គូរ​ជ្រាបថា​៖ ខ្មែរ​រាំ​ឡាំ​លាវ​នោះ គឺ​មាន​សេចក្ដី​ថា​៖ ខ្មែរ​រាំ​បែប​លាវ ឫ​ចំលង​របៀប​រាំ​តាម​ជនជាតិ​លា​វ ថ្វី​ត្បិត​តែ​មិន​បាន​ចំលង​ឲ្យ​ដូចគ្នា​បេះបិទ ឬ​ក៏​ដូច​លាវ​សុទ្ធសាធ​ក្ដី ។ ចំណែក​រាំ សា​រ៉ា​វ៉ាន់​វិញ​គឺជា​ឈ្មោះ​ខេត្ត​មួយ របស់​ប្រទេស​លាវ​ជាប់​និង​ខេត្ត​អាត់តៈ​ពើ ហើយ​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្ត​ស្ទឹងត្រែង​របស់​ប្រទេស​កម្ពុជា​យើង​នេះឡើយ ។ ហើយ​ក្បាច់​សា​រ៉ា​វ៉ាន់ នោះ​ក៏​ជា​ភស្តុតាង​គូសបញ្ជាក់ថា​៖ មាន​ប្រភព​ដើម​ចេញមក​ពី​ខេត្ត​សា​រ៉ា​វ៉ាន់​នេះឯង​ពិតប្រាកដ ។​

 

​ចំណែក​ខាង ពេលវេលា ឫ ពិធី​ដែល​របាំ​ប្រជាប្រិយ​សម្ដែង​វិញ គឺ​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់​ជា​ទូទៅ​គេ​ច្រើន​រាំ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ទូទាំង​ប្រទេស ហើយ​មាន​កន្លែង​ខ្លះ ឫ​ស្រុក​ខ្លះ​រាំលេង​សប្បាយ​រាប់​ខែ​មុន​ពេល​ចូលឆ្នាំ និង​រាំលេង​រាប់​ខែ ក្រោយពេល​ចូលឆ្នាំ​ទៀតផង ដូចជា​នៅ​ភូមិ​អន្លង់​រមៀត​ក្នុង ខេត្ត​កណ្ដាល ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​នេះ​ជាដើម ។ គេ​រាំ​លេង​កម្សាន្ត ក្នុង​អាពាហ៍ពិពាហ៍ ឫ​រាំ​ដើម្បី​បំបាត់​ការនឿយហត់ ក្រោយពេល​បំពេញ​ពលកម្ម​នានា​ថែមទៀត​ផង ។ រហូតមកដល់​សព្វថ្ងៃ​នេះ​គេ​សង្កេត ឃើញ​របាំ​ប្រជាប្រិយ រាំវង់ រាំ​ក្បាច់ ឡាំ​លាវ សា​រ៉ា​វ៉ាន់ ត្រូវបាន​គេ​និយម​រាំលេង​នៅតាម​ស្រុក​ទេស​នានា លាយ​ចម្រុះ​និង​ក្បាច់​របាំ​បរទេស​នានា​ជា​រាល់​រាត្រី​ផង ។​

 

រីឯទស្សនៈ​យល់ដឹង​អំពី​សិល្បៈ​របាំ​ប្រជាប្រិយ​ខ្មែរ ដែល​រាំ​ជា​រង្វង់​មូល ហើយ​ប្រើ​កាយវិការ និង​ក្បាច់​ដៃ​”​ជើង​” ពីក្រោម ហើយ​លើក​ឡើង “​លា​” នោះ​វិញ មាន​មតិ​ភាគច្រើន​យល់ថា​៖ នោះ​ជា​ការបង្កើត​សាមគ្គី ភាព​រវាង​គ្នា​និង​គ្នា​ផង ការបង្ហាញ​ពី​សុ​ភ​មង្គល​​ក្នុង​​ជីវិត​​ខ្មែរ​​ផង ​និង​ជា​និម្មិត​រង្វង់​នៃ​ជីវិត​ដែល​ត្រូវតែ​មាន​ពលកម្ម​ដាំ​ដុះ​ផលដំណាំ សារ​ចុះ​សារ​ឡើង បន្ត​ជា​និរន្ត មិន​ចេះ​ចប់ ​ដើម្បី​​ទ្រ​ទ្រង់​​ជីវិត​ និង​ ការ​ចាំបាច់​នៃ​ការបន្ត​ពូជពង្សវង្សត្រកូល​នៃ​ធម្មជាតិ និង​មនុស្ស​ពិសេស គឺ​ពូជពង្សវង្សត្រកូល​ខ្មែរ​នេះ​តែម្ដង​៕

(​ដោយ​៖​គួន សំបូរ​)

ព័ត៌មានផ្សេងទៀត