វិស័យ​​ស្ថា​បត្យ​កម្ម​​ខ្មែរ​​ដ៏​​អស្ចារ្យ​​នា​​សម័យ​​បុរេ​ប្រ​វត្តិ​សា​ស្ត្រ

01-02-2015 3:27 pm

​​ស្ថាបត្យកម្ម​ថ្ម មានដូចជា ថ្ម​ធម្មជាតិ ដែល​គេ​បញ្ឈរ សម្រាប់​​សម្គាល់​ថា​ ជា​​ទី​​សក្ការៈ​បូជា ​ដ៏​​ស័ក្តិ​សិទ្ធិ​ ព្រមទាំង​ថ្ម​ដែក​ផង​នោះ គឺជា​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​អស្ចារ្យ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​តាំង​ពី​យូ​យារ​ណាស់​មកហើយ​។​ទន្ទឹមនឹងនេះ យើង​ក៏​បាន​ឃើញ​ដែរ​នូវ​រណ្តៅ​កប់​សព​ដែល​គេ​បាន​ចោះ​ក្នុង​ថ្ម និង​វត្តមាន​នៃ​ក្តា​មឈូស​ថ្ម និង​ឈើ​ជាដើម​។​ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ភាព​អស្ចារ្យ​នេះ ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ពណ៌នា ដូចតទៅ​៖

 

​តាមរយៈ​របកគំហើញ​ខាង​បុរាណវិទ្យា​បុរេប្រវត្តិសាស្ត្រ​គួបផ្សំ​ទៅ​នឹង​ការវិភាគ​នៃ​កំណត់ហេតុ​ចិន​នា​សម័យ​ប្រវត្តិសាស្ត្រ​យើង​បានដឹង​អំពី​វិសាលភាព​នៃ​ទឹកដី​ខ្មែរ​នា​ដើម​ស​.​វ​ទី​១ នៃ​គ​.​ស​និង​កម្រិតវប្បធម៌​ដ៏​រុងរឿង​របស់​ជនជាតិ​ខ្មែរ​នៅ​លើ​ជ្រោយ​ឥណ្ឌូ​-​ចិន យើង​នេះ​។​ហើយ​ដោយសារ​យោងតាម​ទិន្នន័យ​វិទ្យាសាស្ត្រ​ទាំងនោះ ដែល​បុព្វការី​ជន​ខ្មែរ​បាន​បន្សល់​ទុក​ពាស​ពេញ​ទូទាំង​ភូមិភាគ​នេះ ជាពិសេស​នៅ​ប្រទេស​លាវ​/​ឡាវ វៀតណាម​កណ្តាល​និង​ត្បូង និង​ប្រទេស​ថៃ​បច្ចុប្បន្ន យើង​អាច​បញ្ជាក់បាន​ថា​ស្ថិត​ក្នុង​អម្បូរ​មន​-​ខ្មែរ ដូច​តា​ខ្មែរ​នា​សម័យមុន​ការបង្កើត​រដ្ឋ​ហ្វូ​-​ណន (​នគរ​ភ្នំ​) បាន​ស្គាល់​វិស័យ​ស្ថាបត្យកម្ម​ប្រចាំ​ជាតិ​របស់​ខ្លួន​រួច​ទៅ​ហើយ​។​

 

​ជា​រួម​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ក៏​ដូច​នៅលើ​ទឹកដី​កំណើត​របស់​ពូជសាសន៍​ខ្មែរ​ដែរ​មុន​ការ​លេចធ្លោ​ឡើង​នូវ​ប្រាង្គ​ប្រាសាទ និង​ទីក្រុង​បែប​ឥណ្ឌា ឬ​អ៊ឺ​រុប​វិស័យ​ស្ថាបត្យកម្ម​នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ ត្រូវ​ចែក​ចេញជា​ពីរ​ប្រភេទ​ធំៗ​គឺ​ថ្ម និង ឈើ​។​ស្ថាបត្យកម្ម​ថ្ម មានដូចជា ថ្ម​ធម្មជាតិ ដែល​គេ​បញ្ឈរ សម្រាប់​សម្គាល់ថា ជា​ទី​សក្ការៈបូជា ដែល​មាន​លក្ខណៈ​ស័ក្តិសិទ្ធិ ព្រមទាំង​ថ្ម​ដេក​ដូចជា​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​លាវ​បច្ចុប្បន្ន​ដែល​តាមពិត​ទៅ​គឺ​គេ​ដាក់​គងលើគ្នា (​មួយ​ផ្ទាំង​នៅ​ពី​លើ និង​ពីរ​ទៀត​នៅ​​ខាង​ក្រោម​​ជា​​ទម្រង់​​)​​ដើម្បី​​បញ្ចុះ​សព​​។​ទន្ទឹមនឹងនេះ យើង​ក៏​បាន​ឃើញ​ដែរ​នូវ​រណ្តៅ​កប់​សព​ដែល​គេ​បាន​ចោះ​ក្នុង​ថ្ម និង​វត្តមាន​នៃ​ក្តា​មឈូស​ថ្ម និង​ឈើ​ដូច​ករណី​ក្តារ​មឈូស​នៅ​ស៊ុនឡុក (​កម្ពុជា​ក្រោម​) និង​ក្តារ​មឈូស​នៅ​ខេត្ត​កញ្ជនៈ​បុរី (​ប្រទេស​សៀម​)​។​

 

​ប្រភេទ​ស្ថាបត្យកម្ម​ទី​២ គឺ​ផ្ទះសម្បែង និង​ភូមិ​រាង​មូល ឬ​ដែល​មាន​រាង​ជា​ពងក្រពើ​ដែល​ជា​ទីប្រជុំជន ឬ​ទីក្រុង​បុរាណ ធ្វើ​អំពី​ដី​លើក ហើយ​មាន​គូរ​ទឹក​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ដែល​លោក​ភី​លិប ហ្គ្រោ​លី​យេ បាន​ឲ្យ​ឈ្មោះ​ថា វប្បធម៌​ភូមិ​មូល​នៅ​មេមត់​។​ដូចនេះ យើង​អាច​យល់​បាន​ថា ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រ​យ៉ាងហោចណាស់​ក៏​ចាប់តាំងពី ១៥០០​ឆ្នាំ មុន​គ​.​ស​ពោលគឺ​ក្នុងដំណាក់កាល​បុព្វបុរស​ខ្មែរ បាន​ចេះ​ប្រើ​ផ្ទាំង​ថ្ម​ធម្មជាតិ​ធំៗ​ដើម្បី​ធ្វើ​ជា​និមិត្តសញ្ញា​ផ្សេងៗ និង​ដើម្បី​មូលហេតុ​ជំនឿ​សាសនា​។​ហើយ​​ទន្ទឹម​នឹង​នេះ ​ពួក​គេ​​ក៏​​ចេះ​​យក​​ថ្ម​​ធម្ម​ជាតិ​​ទាំង​នោះ​​មក​កែ​ច្នៃប្រឌិត​នូវ​សំណង់​ស្ថាបត្យកម្ម​ដំបូងបង្អស់​ដែរ​។ នៅទីនេះ​យើង​ចង់​និយាយ​ដល់​ថ្ម​បញ្ឈរ និង​ដេក ដែល​មាន​លក្ខណៈ​ជា​សកល​ហើយ​ដែល​ជា​សម្មិទ្ធផល​ឲ្យក្លាយ​ទៅ​ជា​របស់​មនុស្ស​សុទ្ធសាធ ខុស​ពី​ថ្ម​ធម្មជាតិ​ធំៗ​និង​ពើង ឬ​ពយ ដែល​ជា​ថ្ម​ធម្មជាតិ តែ​ផ្នែក​ខាងលើ​លយ​ចន្លោះ​មួយ​ល្មម​សមរម្យ​ធ្វើ​ជា​ជំរក​។​

 

​ទោះ​នៅ​ទី​ណាក៏ដោយ ក្នុង​ឧបទ្វីប​ឥ​ណ្ឌូ​-​ចិន​យើង​នេះ សម្មិទ្ធផល​ទាំង​នោះ​គឺជា​សញ្ញាណ​សំណង់​ស្ថាបត្យកម្ម​ដំបូងបង្អស់​របស់ ជាតិ​ខ្មែរ​ដែល​បាន​រីកដុះដាល​កាល​មុន​ការសាងសង់​នូវ​ប្រាង្គ​ប្រាសាទ​តាម​លំនាំ​ស្ថាបត្យកម្ម​ឥណ្ឌា​ដើម្បី​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្ម​ញ្ញ​សាស​នា​​មក​​ពី​​ឥណ្ឌា​​នា​​ដើម​​សម័យ​ ប្រវត្តិ​សា​ស្ត្រ​​។​​
​ខាងលើនេះ ស​ឲ្យឃើញ​ថា​សមត្ថភា​ពសា​ង​សង់​របស់​បុព្វការី​ជន​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​មាន​កម្រិត​ខ្ពស់​រួចទៅហើយ ហើយ​នា​សម័យ​នោះ​ពួកគេ​ក៏​ពិតជា​មាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌​ជាមួយ​នឹង​តំបន់​ផ្សេងៗ​ឯ​ទៀត​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​។ បើ​យើង​ពិនិត្យមើល​សំណង់​ស្ថាបត្យកម្ម​ទាំងនោះ​ដែល​មាន​លក្ខណៈ​ស​ក​ល យើង​នឹង​ដឹងថា នៅ​ប្រទេស​អ៊ឺ​រុប គេ​ឲ្យឈ្មោះ​ថា វប្បធម៌​ថ្ម​។​

 

​សូម​រំលឹក​ថា មុន​ឆ្នាំ ១៩៨១ គ្មាន​ការសិក្សា​ស្រាវជ្រាវ​អំពី​វប្បធម៌​ថ្ម​ស៊ីជម្រៅ​ណាមួយ​នៅ​ប្រទេស​កម្ពុជា​នៅឡើយ ទោះ​ជា​គេ​ដឹង​ថា​មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​គំនិត​ខ្មែរ គឺ​ស្ថិត​លើ​ជំនឿ​បែប​ជី​វច​ល​និយម ជា​ពិ​សេស​ជំនឿ​លើ​ថ្ម​ធម្មធម្ម​ជាតិ ដូច​ជា​ការគោរព​បូជា​ថ្ម អ្នកតា ឬ​ភ្នំ​ជាដើម​ដែល​ដំណាង​ឲ្យ​បុព្វការី​ជន​។​​បើ​​​និយាយឲ្យចំ​ទៅ មិន​មែន​គេ​មិន​ទទួលស្គាល់​តួនាទី​យ៉ាង​សំខាន់​នៃ​ជំនឿ​លើ​ថ្ម​របស់​ជនជាតិ​ខ្មែរ ដែល​ជា​ជនជាតិ​ចាស់​នោះ​ទេ​។​កង្វះខាត​ផ្នែក​ទិន្នន័យ​បុរាណវិទ្យា​ចំពោះ​យើង​ប្រហែលជា​គេ​មិន​បាន​យក​ចិត្តទុកដាក់​លើ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​របស់​ជនជាតិ​ខ្មែរ ដែល​​បាន​​ផ្តល់​កំ​ណើត​​ឲ្យ​​ជន​ជាតិ​​នេះ​​។​​ត្បិត​​ទឹកដី​ទាំងនោះ​ត្រូវបាន​ផ្តាច់​បន្តិច​ម្តងៗ​ចេញពី​មាតុភូមិ​ខ្មែរ​ចាប់តាំងពី​ស​.​វ​ទី ១៣-១៤ ដោយ​ការកកើតឡើង​នូវ​រដ្ឋ​លាវ​និង​ថៃ​នៅលើ​សាកសព​នៃ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​ចក្រភព​កម្ពុជទេស​។​បើ​ពិនិត្យ​ពី​សម័យមុន​ការ​លេចធ្លោ​រឿង​នៃ​រដ្ឋ​ទាំងពីរ​នេះ គេ​ពិតជា​យល់​ឃើញ​ថា​ការមកដល់​នៃ​ជនជាតិ​អម្បូរ​ថៃ​-​លា​វ ដែល​មាន​ប្រភព​ចេញពី​ភូមិ​ភាគខាងត្បូង​នៃ​ប្រ​ទេស​​ចិន​គឺ​ជា​បញ្ហា​ថ្មីថ្មោង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង នេះ​។​គឺ​ប្រការ​នេះ​ហើយ ដែល​ជម្រុញ​ឲ្យ​យើង​យល់​ឃើញ​ថា​គេ​ត្រូវតែ​បញ្ចូល​រាល់​ទិន្នន័យ​បុរាណវិទ្យា​ពាក់ព័ន្ធ​នឹង​វប្បធម៌​ថ្ម​ដែល​គេ​បាន​រកឃើញ​ក្នុង​ប្រទេស​ទាំង​ពីរ​ខាងលើ​នេះ ក្នុង​ខឿនវប្បធម៌​ខ្មែរ​បុរាណ​មុន​ការបង្កើត​រដ្ឋ​ហ្វូ​-​ណន ឬ​រដ្ឋ​ខ្មែរ​ដំបូងបង្អស់​។​

 

​អ្វី​ដែល​យើង​ទើប​លើកយក​មក​ជម្រាប​ខាងលើនេះ គឺ​នៅ​ធ្វើឡើង​ក្នុង​គំនិត​តែមួយ​គឺ​ការជៀសវាង​ការបកស្រាយ​ទិន្នន័យ បុរាណវិទ្យា​ខុស​។ ការបកស្រាយ​របៀបនេះ​ច្បាស់​ជា​នៅ​មាន​តាម​អត្ថបទ​មួយចំនួន ដែល​គេ​ចាត់ទុកថា សម្មិទ្ធផល​សង្គម​ទាំង​នោះ​គឺជា​សម្មិទ្ធផល​របស់​ម​នុស្ស​ចំណូល​ថ្មី​ក្នុង​តំបន់ ទោះបីជា​មាន​ការបំភ្លឺ​ឬ​ហាមប្រាម​របស់លោក ហ្ស​ក ស៊ឺ​ដេស ក៏ដោយ ។​

​ម្យ៉ាងវិញទៀត បើ​តាម​ការសង្កេត​របស់​យើង ការគោរព​បូជា​ថ្ម​បាន​បង្ហាញ​នូវ​និមិត្តរូប​ស៊ីជម្រៅ​របស់​ថ្ម​ធម្មជាតិ​ទាំងនោះ​ដែល​មាន​លក្ខណៈ​មិន​ខុស​គ្នា​អំពី​ជំនឿ​នៅ​អ៊ឺរ៉ុប​ប៉ុន្មាន​ដែរ​មុន​ការមកដល់​នៃ​គ្រិស្តសាសនា ដែល​មាន​ប្រភព​ចេញពី​ប្រទេស​អ៊ី​ស្រា​អែល​​តាម​រយៈ​​ប្រ​ទេស​​អ៊ី​តា​លី​​។ ​តែ​​ទោះ​ជា​​យ៉ាងណាក៏ដោយ​ក៏​យើង​បានឃើញ​វប្បធម៌​លើ​ថ្ម​នៅ​ឥ​ណ្ឌូ​-​ចិន​របស់​អម្បូរ​ខ្មែរ​មាន​លក្ខណៈ​ផ្ទាល់​របស់​វា​ដែរ​។​

 

​ដូចនេះ គេ​មិន​អាច​សរសេរ​អំពី​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​របស់​ខ្មែរ​ក្នុង​ដំណាក់កាល​ដំបូង ដោយ​មិន​ផ្អែក​លើ​ទិន្នន័យ​បុរាណវិទ្យា​ដែលជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ឡើយ​។ ត្រូវ​ជ្រាប​ថា សិល្បៈ​ស្ថាបត្យកម្ម​គឺ​អ្វីៗ​ដែល​បាន​បង្កបង្កើត​ស្ថាបនា​ឡើង ដោយ​ការកែ​ច្នៃប្រឌិត​របស់​ម​នុស្ស​ដែល​ប្រកប​ដោយ​គតិ និង​បញ្ញាញ្ញាណ ហើយ​តាម​ការ​តម្រូវការ​ប្រើប្រាស់​របស់​សង្គម​ទោះបីជា​វត្ថុ​ធាតុ​ដើម​​បាន​​ពី​​ធម្ម​ជាតិ​​ក្តី​​។


​យើង​សូម​ស្លេះ​តែប៉ុណេះ សប្តាហ៍​ក្រោយ​យើងខ្ញុំ​នឹង​លើកយក​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ ម្តង់ទៀត ដោយ​លើកយក​ការផ្លាស់ប្តូរ​ទម្រង់ ឬ​ទំហំ​នៃ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​ឬ​ប្រព័ន្ធ​ជំនឿ​សាសនា របស់​អតីត​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សារសំខាន់​នៃ​ស្ថាបត្យកម្ម​ខ្មែរ នេះ​ផង​ដែរ​៕

(​ដោយ​៖​គួន សំបូរ​)

ព័ត៌មានផ្សេងទៀត