តើ​​លោក​​គីម ជុង​អ៊ុន​​គ្រោង​ទៅ​​រុស្ស៊ី​​គ្រាន់តែ​​ចូលរួម​​ពិធី​​រម្លឹក​​ខួប​​ឬ​​យ៉ាង​ណា​?

29-01-2015 2:43 pm 5063
មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​កិច្ចសន្ទនា​រវាង​លាង ធីតា​ជាមួយ​ពេញ ផេង ទាក់ទង​នឹង​ការប្រកាស​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ថា​លោក​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​នៅ​ខែ​ឧសភា​ខាងមុខ តប​តាម​ការអញ្ជើញ​របស់​រុស្ស៊ី ដើម្បី​ចូលរួម​ពិធី​រម្លឹក​ខួប​៧០​ឆ្នាំ​ដែល​សហភាពសូវៀត​យក​ឈ្នះ​លើ​អាល្លឺម៉ង់​ក្នុង​សង្គ្រាមលោកលើកទី​២​។ ដំណឹង​នេះ បាន​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​មេដឹកនាំ​រូបនេះ មិន​ធ្លាប់​ចេញ​ទៅ​ក្រៅប្រទេស​ទេ​កន្លង​មក​។ តើ​ការគ្រោង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​របស់​លោក​គីម ជុង​អ៊ុន ដើម្បី​តែ​ចូលរួម​ពិធី​រម្លឹក​ខួប​ជ័យជម្នះ ឬក៏​អាច​មាន​អ្វី​ផ្សេង​ទៀត​នៅ​ពីក្រោយ​រឿងនេះ​?


​ដើម្បី​ជ្រាប​ពី​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​កិច្ចសន្ទនា​រវាង លាង ធីតា ជាមួយ​ពេញ ផេង នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

សំឡេង៖


១ ឃើញ​ថា​ថ្មី​នេះៗ​គឺ​មាន​ការចុះផ្សាយ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​អន្ដរជាតិ​ជាច្រើន ទាក់ទង​នឹង​ការបញ្ជាក់​របស់លោក​គីម ជុង​អ៊ុន ដែល​លោក​ថា​នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី នៅ​ខែ​ឧសភា​ខាងមុខ​។ ទាក់ទង​នឹង​មូលហេតុ​នោះ​គឺថា រុស្ស៊ី​ចង់​អញ្ជើញ​លោក​គីម ជុង​អ៊ុន​ឱ្យទៅ​ចូលរួម​ក្នុង​ពី​ធី​រម្លឹក​ខួប​ជ័យជម្នះ ដែល​សហភាពសូវៀត​យ​ក​ឈ្នះ​លើ​របប​ណា​ហ្ស៊ី​អាល្លឺម៉ង់​។  តើ​អាច​បញ្ជាក់​បន្ថែម​បន្ដិច​បាន​ទេ​ចំពោះ​បញ្ហា​នេះ​?


​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​ដែល​លោក​គីម ជុង​អ៊ុន​បាន​បញ្ជាក់​នូវ​ចម្លើយ​វិជ្ជមាន​ថា នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​នេះ វា​គឺជា​រឿង​កម្រ​បំផុត​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​។ ត្បិត​តែ​ដំណឹង​នេះ នៅ​មិនទាន់​ច្បាស់​មួយ​រយ​ភាគរយ​ក៏​ដោយ ប៉ុន្ដែ​កូរ៉េ​ខាងជើង​បាន​ផ្ដល់​ចម្លើយ​វិជ្ជមាន​ជា​លើកទីមួយ​រួចទៅហើយ​។


​លោក​គីម ជុង​អ៊ុន​ចាប់តាំងពី​ឡើងកាន់តំណែង​ជា​មេដឹកនាំ​កូរ៉េ​ខាងជើង​កាលពី​ឆ្នាំ​២០១១ គឺ​បន្ទាប់ពី​ឪពុក​របស់​លោក​បាន​ស្លាប់ លោក​គីម ជុង​អ៊ុន​មិន​ដែល​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​ឡើយ​។ ដូចដែល​យើង​បានដឹងហើយថា កូរ៉េខាងជើង​ស្ទើរតែ​ក្លាយ​ជា​រដ្ឋ​ផ្ដាច់ខ្លួន​ទៅហើយ ហើយក៏​មាន​ប្រទេស​មួយចំនួន​បាន​ហៅ​រដ្ឋ​មួយ​នេះ​ថា​ជា​រដ្ឋ​ផ្ដាច់ខ្លួន​ទៅហើយ​ដែរ​។


​ការ​ដាក់​ឈ្មោះ​នេះ​ឱ្យ គឺ​ដោយសារតែ​កូរ៉េ​ខាងជើង​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​តិចតួច​ប៉ុណ្ណោះ​ទៅ​លើ​ពិភពលោក​។ ចំណែកឯ​ការធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​របស់​មេដឹកនាំ​កូរ៉េខាងជើង ក៏​មិនសូវ​ជា​ញឹកញាប់​ដែរ​។ ជាពិសេស​ចំពោះ​លោក​គីម ជុង​អ៊ុន​ទៀតសោត លោក​មិន​ធ្លាប់​ធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស​ទេ សូម្បី​តែ​ទៅ​ចិន​ជា​សម្ព័ន្ធមិត្ដដ៏​សំខាន់ក៏​លោក​មិន​ទាន់​បាន​ទៅ​ទស្សនកិច្ច​ម្ដង​ផង​។ ហេតុ​នេះ​ចំពោះ​ការប្រកាស​របស់​កំពូល​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​ថា នឹង​ទៅ​រុស្ស៊ី​នេះ បាន​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​សារព័ត៌មាន​អន្ដរជាតិ​ក៏​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដែរ​។


​បាទ​ចំពោះ​ការធ្វើដំណើរ​ទៅ​រុស្ស៊ី​ដែល​លោក​គីម ជុង​អ៊ុន​បានបញ្ជាក់ គឺ​ដើម្បី​តប​តាម​ការអញ្ជើញ​របស់​រុស្ស៊ី  ឱ្យទៅ​ចូលរួម​ក្នុង​ពី​ធី​រម្លឹក​ខួប​៧០​ឆ្នាំ ដែល​សហភាពសូវៀត​យ​ក​ឈ្នះ​លើ​របប​ណា​ហ្ស៊ី​របស់​អាល្លឺម៉ង់​ក្នុង​សង្គ្រាមលោកលើកទី​២​។ ពី​ធី​នេះ​តែងតែ​ធ្វើឡើង​នៅ​ថ្ងៃទី​០៩ ខែ​ឧសភា​។


២ តើ​ក្រៅពី​ការចូលរួម​ក្នុង​ពិធី​នេះ​ហើយ អាច​នឹង​មាន​អ្វី​ដែល​មេដឹកនាំ​រុស្ស៊ី​និង​កូរ៉េ​ខា​ជើង​ពិភាក្សា​គ្នា​ដែរ​ឬទេ​?


​មុន​នឹង​ឆ្លើយ​សំណួរ​នេះ ខ្ញុំ​សូម​បញ្ជាក់​បន្ដិច​ថា រស្ស៊ី​និង​កូរ៉េខាងជើង​មានទំនាក់​ទំនង​គ្នា​ជិតស្និទ្ធ​ខ្លាំងណាស់ គឺ​មិន​ខុស​ពី​កូរ៉េខាងជើង​និង​ចិន​ទេ​។ បើ​និយាយ​ពី​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ វា​កើត​ឡើង​តាំងពី​១២ ខែតុលា ឆ្នាំ​១៩៤៨ គឺជា​រយៈពេល​ខ្លី​មួយ​បន្ទាប់​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េ​ត្រូ​បានប្រកាស​។ កាលពី​សម័យ​សង្គ្រាមត្រជាក់​ប្រទេស​ទាំង​ពីរ​គឺជា​សម្ព័ន្ធមិត្ដដ៏​ជិតស្និទ្ធ​នឹង​គ្នា​។ បន្ថែម​លើ​នេះ ប្រទេស​ទាំង​ពីរ​ក៏​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ទំនាក់ទំនង​យោធា​ជាមួយ​គ្នា​ផងដែរ​។​


​យោង​ទៅលើ​បញ្ហា​ទាំងនេះ ច្បាស់​ណាស់​ថា​មេដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​បន្ថែមទៀត ក្រៅ​ពី​ការចូលរួម​ពិធី​រម្លឹក​ខួប​ជ័យជម្នះ​។ ម្យ៉ាងវិញទៀត​បើ​តាម​ការបញ្ជាក់​ពី​អនុ​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​លោក Igor Morgulov បានឱ្យដឹងថា ចំណុច​សំខាន់​មួយទៀត​នៃ​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ទៅកាន់​រុស្ស៊ី នឹង​បន្ដ​កិច្ចពិភាក្សា​ទៀត​។​កិច្ចពិភាក្សា​នេះ​អាច​ជា​បញ្ហា​នយោបាយ​រុស្ស៊ី​-​កូរ៉េខាងជើង ដែល​នឹង​រួមចំណែក​ដល់​ការ​អនុវត្ដ​កិច្ចព្រមព្រៀង តាមរយៈ​ភាគី​ក្នុង​វិស័យសេដ្ឋកិច្ច​។


​ដោយឡែក​បើ​តាម​ការ​សង្កត់ធ្ងន់រ​បស់​ទីក្រុង​មូ​ស្គូ​គឺថា រាល់​របាយការណ៍​ទំនាក់ទំនង​ដែល​រុស្ស៊ី​មាន​ជាមួយ​កូរ៉េ​ខាងជើង គឺ​ឈរ​នៅលើ​ហេតុផល​ជា​ប្រយោជន៍​ទាំង​ទីក្រុង​ព្យុង​យ៉ាង និង​ទីក្រុង​មូ​ស្គូ និង​បាន​រួមចំណែក​ដល់​សន្ដិ​ភាព​នៅលើ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​នៅ​តំបន់​អាស៊ី​ភាគ​ឦសាន​ផងដែរ​។


​ទាក់ទង​នឹង​ចំណុច​មួយទៀត​ដែល​អន្ដរជាតិ​គិតថា​នឹង​អាច​កើតឡើង​ដែរ​នោះ គឺ​កិច្ចពិភាក្សា​ស្វែងរក​អន្ដរាគមន៍​ពី​រុស្ស៊ី ពាក់ព័ន្ធ​នឹង​ការប្រកាស​របស់​អង្គការសហប្រជាជាតិ ទាមទារ​ឱ្យ​លោក​គីម ជុង​អ៊ុន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​(ICC)​។ ការ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ គឺ​ដោយសារ​កូរ៉េខាងជើង​ត្រូវ​ចោទថា​បាន​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​បញ្ហា​សិទ្ធិមនុស្ស ដែល​អាមេរិក​ជា​អ្នក​ដើមគំនិត​ក្នុង​ការចោទប្រកាន់​។


​កន្លង​មក​កូរ៉េខាងជើង​ធ្លាប់បាន​បញ្ជូន​មន្ដ្រីជាន់ខ្ពស់​របស់​ខ្លួន​ទៅ​រុស្ស៊ី​ម្ដង​រួចមកហើយ ដើម្បី​ស្វែងរក​អន្ដរាគមន៍​។ ដូច្នេះ​មេដឹកនាំ​ទាំងពីរ​អាច​នឹង​រម្លឹក​ម្ដង​ទៀត​លើ​បញ្ហា​នេះ ដើម្បី​រក​វិធីសាស្ដ្រ​ទប់ស្កាត់ ព្រោះថា​រុស្ស៊ី​គឺជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​១៥​ប្រទេស របស់​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ ជា​អ្នក​ពិភាក្សា​សម្រេច​ក្នុង​ការបញ្ជូន​មេដឹកនាំ​កូរ៉េខាងជើង​ទៅ​បំភ្លឹ​នៅ​តុលាការ​ឧក្រិដ្ឋកម្មអ​ន្ដ​រ​ជាតិ​។


៣ ចំពោះ​អន្ដរជាតិ​វិញ តើ​មាន​ប្រទេស​ណា​មាន​ប្រតិកម្ម​ដែរឬទេ​បើសិនណា​ជា​លោក​គីម ជុង​អ៊ុន​ធ្វើដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​ដូច​ការគ្រោងទុក​មែន​នោះ​?


​ចំពោះ​បញ្ហា​នេះ នៅ​មិនទាន់​មាន​ការបញ្ជាក់​ណា​មួយ​ពី​ប្រទេស​លើ​សាកលលោក​ទេ ជាពិសេស​ពី​ប្រទេស​ដែល​ប្រឆាំង​នឹង​កូរ៉េខាងជើង​។ ប៉ុន្ដែ​ទោះជា​មាន​ការលើកឡើង​ពី​ដំណើរ​ទស្សនកិច្ច​នេះ វា​ក៏​គ្មាន​អ្វី​ជា​ផលប៉ះពាល់​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​គីម ជុង​អ៊ុន​ដែរ​។ វា​គ្មាន​ផលប៉ះពាល់ ដោយសារតែ​លោក​គីម យល់ព្រម​តប​តាម​ការអញ្ជើញ​របស់​រុស្ស៊ី​ប៉ុណ្ណោះ ហើយ​វា​ក៏​ជា​សិទ្ធិ​របស់​កូរ៉េខាងជើង​ដែរ ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ជាមិ​ត្ដ​ក្នុងន័យអប​អរពី​ជ័យជម្នះ​របស់​រុស្ស៊ី និង​ដើម្បី​រឹតចំណង​មិត្ដភាព​។


​ផ្ទុយទៅវិញ​បើ​មាន​ការរិះគន់ គឺមាន​តែ​ចោទ​ទៅលើ​កូរ៉េខាងជើង​ថា ទៅ​ស្វែងរក​អន្ដរាគមន៍ ដូចដែល​បានបញ្ជាក់​រួចមកហើយ​។ អាចនិយាយបាន​ថា​ពិធី​រម្លឹក​ខួប​ជ័យជម្នះ​របស់​រុស្ស៊ី​លើ​របប​ណា​ហ្ស៊ី​អាល្លឺម៉ង់ ជា​ខែល​បាំង​កិច្ច​ជំនួប​សំខាន់​មួយ​ផ្សេង​ទៀត រវាង​លោក​គីម ជុង​អ៊ុន និង​លោក​វ្លា​ឌឺ​មៀ ពូ​ទីន ព្រោះ​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ ទើបតែ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​ជា​លើកដំបូង ហើយ​ទៅ​ប្រទេស​ជា​មិត្ដ​ដ៏​សំខាន់​ថែមទៀត​។ អញ្ចឹង​វា​ពិតជា​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​។ ប៉ុន្ដែ​ទាក់ទង​ថា ចំណុច​សំខាន់​អ្វី​ខ្លះ​ឱ្យ​ពិតប្រាកដ ហើយ​ប៉ុន្មាន​ចំណុច​នោះ យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ក្រៅពី​អ្វី​ដែល​បានបញ្ជាក់​មុននេះ​ដោយសារ​តែ​កូរ៉េ​ខាងជើង​មិន​បាន​បង្ហាញ ហើយ​វា​ក៏​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មួយ​នេះដែរ​។ មួយវិញទៀត​កូរ៉េខាងជើង មិន​ងាយ​នឹង​ម្លាយ​ព័ត៌មាន​របស់​ខ្លួន​ផ្ដេសផ្ដាស​ប្រាប់​ឱ្យ​គេ​ដឹង​ទេ​៕​​ដោយៈ​ពេញ ផេង​


ព័ត៌មានផ្សេងទៀត