“The Interview”​គ្រាន់តែ​​ជា​កំហឹង​​ភ្លើង​ចំបើង​​រវាង​​អាមេរិក​​និង​កូរ៉េ​ខាង​ជើង​​ប៉ុណ្ណោះ​

27-12-2014 4:34 pm 2255

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ ពេញ ផេង​នឹង​បញ្ជាក់​ជូន​លោក​អ្នក ពី​ជម្លោះ​រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក ទាក់ទង​នឹង​ការវាយប្រហារ​រឿង​“The Interview” របស់​ក្រុមហ៊ុន​សូ​នី​អាមេរិក​។ អាមេរិក​បាន​ចោទ​ទៅ​កូរ៉េខាងជើង​ថា បាន​វាយប្រហារ​រឿង​របស់​ខ្លួន ប៉ុន្ដែ​កូរ៉េ​ខាងជើង​បាន​ឆ្លើយតប​វិញ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ដទង្វើ​នេះទេ​។ ទោះជា​មាន​ការ​ដោះសា​រយ៉ា​ង​នេះ​ក្ដី កូរ៉េ​ខាងជើង​និង​អាមេរិក នៅតែ​វាយប្រហារ​ពាក្យសម្ដី​ដាក់​គ្នា​ទៅវិញ​វិញ​ទៅ​មក​។ តើ​សង្គ្រាមពាក្យសម្ដី​នេះ អាច​ធ្វើឱ្យ​ប្រទេស​ទាំង​ពីរ​ធ្លាក់​ក្នុង​ជម្លោះ​ធ្ងន់ធ្ងរ​ដែរ​ឬទេ​?  តើ​វា​គ្រាន់តែ​ជា​ការចោទប្រកាន់​គ្នា​រយៈពេល​ខ្លី​ឬ​យ៉ាងណា​?


​ដើម្បី​ជ្រាប​ពី​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង ដូចតទៅ​៖

សំឡេង៖


“The Interview”​គឺជា​ខ្សែភាពយន្ដ​ហូលីវូដ​របស់​ក្រុមហ៊ុន​សូ​នី​អាមេរិក និយាយ​ពី​សមាជិក​ក្រុម​CIA​អាមេរិក​ពីរ​នាក់ ប៉ុនប៉ង​ធ្វើឃាត​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។ ខ្សែភាពយន្ដ​នេះ គឺជា​ខ្សែភាពយន្ដ​បែប​កំប្លែង​ផង លាយ​ជាមួយ​ឈុត​ឆាកប្រយុទ្ធ​គ្នា​ផង​។ ភាពយន្ដ​“The Interview” ផលិត​ឡើង​ដើម្បី​ត្រៀម​ដាក់​បញ្ចាំង​អបអរ​ថ្ងៃបុណ្យ​ណូអែល ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៤​នេះ​។


​ប៉ុន្ដែ​នៅ​មុនពេល​ភាពយន្ដ​នេះ​ដាក់​បញ្ចាំង ភាពចម្រូងចម្រាស់​ជាច្រើន​បាន​កើតឡើង ។​ភាពចម្រូងចម្រាស់​នោះ គឺ​ភាពយន្ដ​មួយ​នេះ​ត្រូវបាន​ក្រុមហ៊ុន​សូ​នី​បញ្ជាក់ថា ត្រូវបាន​គេ​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​(Hack)​។ គ្រាន់តែ​លេចលឺ​ព័ត៌មាន​ថា ភាពយន្ដ​“The Interview” ត្រូវបាន​គេ Hack ហើយ​នោះ មុខសញ្ញា​ធំ​បំផុត​ដែល​អាមេរិក​បាញ់​ឆ្ពោះទៅ​រក​គឺ​កូរ៉េខាងជើង​។​


​ជា​ការពិត​ណាស់ ប្រទេស​ណា​ក៏​ដោយ​បើសិនណា​គេ​យក​មេដឹកនាំ​របស់​ខ្លួន​មក​លេងសើច​ហើយ​នោះ ប្រជាជន​ច្បាស់​ជា​ខឹងសម្បារ ជាពិសេស​គឺ​មេដឹកនាំ​ជា​ម្ចាស់ខ្លួន​ផ្ទាល់​តែម្ដង​។ នេះហើយ ជា​សញ្ញា​ដែល​អាមេរិក​ចោទ​ទៅ​កូរ៉េខាងជើង ថា​បាន​លួច​វាយប្រហារ​ភាពយន្ដ​“The Interview”  ដោយសារ​សាច់​រឿង​និយាយ​ពី​ការធ្វើឃាត​មេដឹកនាំ​របស់​ខ្លួន​។


​យ៉ាងណាក៏ដោយ កូរ៉េ​ខាងជើង​បាន​បដិសេធ​យ៉ាង​ដាច់អហង្កា ចំពោះ​ការចោទប្រកាន់​របស់​អា​មេរិក​។ កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ថា ទោះបី​រឿង The Interview និយាយ​ពី​សកម្មភាព​ធ្វើឃាត​មេដឹកនាំ​ខ្លួន ហើយ​វា​ហាក់​បង្អាប់​បន្ថោក​កិត្ដិយស​លោក​គីម ជុង​អ៊ុន​ក្ដី តែ​ខ្លួន​មិន​បាន​បញ្ជា​ឱ្យ​វាយប្រហារ​ខ្សែរ​ភាពយន្ដ​នេះ​ទេ​។


​ទោះបីជា​កូរ៉េខាងជើង​ប្រកែក​យ៉ាងនេះ​ក្ដី អាមេរិក​នៅ​តែ​មិន​ជឿជាក់ ហើយ​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​គំរាម​ដោយ​ប្រយោល​ថា បើ​ដឹង​ច្បាស់​ថា​ភាគី​ណាមួយ​ជា​អ្នក​ធ្វើ​នោះ អាមេរិក​នឹង​សងសឹក​ទៅ​គេ​វិញ​យ៉ាង​ចាស់ដៃ​។ ប៉ុន្ដែ​សម្ដី​របស់​លោក​អូ​បា​ម៉ា​ហាក់​បញ្ជាក់​ច្បាស់​ទៅហើយ​គឺ​ទៅ​រក​កូរ៉េខាងជើង​។


​គ្រាន់តែ​ការប្រកាស​របស់​លោក​អូ​បា​ម៉ា​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​របស់​កូរ៉េ​ខាងជើង​ក៏​ជួប​បញ្ហា ពោល​គឺ​មិន​អាច​ប្រើប្រាស់​បាន​។ សកម្មភាព​នេះ​ត្បិត​គ្មាន​ការបញ្ជាក់​ថា​អាមេរិក​ជា​អ្នក​ធ្វើ​មែន ប៉ុន្ដែ​កូរ៉េ​ខាងជើង​បាន​គិត​រួចជាស្រេច​ថា ជា​ស្នាដៃ​របស់​អាមេរិក គ្រាន់តែ​ភស្ដុតាង​ចោទប្រកាន់​។ នៅពេលនេះ ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​របស់​កូរ៉េ​ខាងជើង មិនទាន់​ដំណើរការបាន​ស្រួលបួល​វិញ​ផង​។​
​បន្ទាប់​ពី​ការបោះ​ពាក្យសម្ដី​ដាក់​គ្នា​ទៅវិញទៅមក​ហើយ ទៅ​ទីបំផុត​ភាពយន្ដ​“The Interview” ក៏​ត្រូវ​បា​ដាក់​បញ្ចាំង​នៅតាម​រោងភាពយន្ដ​មួយចំនួន​នៅ​អាមេរិក កាលពី​ថ្ងៃ​ទី​២៥​ធ្នូ ជា​ថ្ងៃ​បុណ្យ​ណូអែល​។ ក្នុង​តែ​រយៈពេល​មួយ​ថ្ងៃ​ភាពយន្ដ​នេះ អាច​រក​ប្រាក់ចំណូល​បាន​រាប់​លាន​ដុល្លា​ហើយ​ក៏​មាន​ការគាំទ្រ​ខ្លាំង​ណាស់​ដែរ​។ មុន​ពេល​បញ្ចាំង​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ក៏​បាន​បញ្ជាក់ថា លោក​ធានា​ខុស​ត្រូវ​ទាំងអស់​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង​។


​កើតទុក្ខ​មិន​សុខចិត្ដ ក្រោយ​ភាពយន្ដ​“The Interview” បាន​បញ្ចាំង​ហើយ កូរ៉េ​ខាងជើង​បាន​ថ្កោលទោស​អាមេរិក​វិញ ដោយហេតុ​ថា​ខ្លួន​មិន​បាន​វាយលុក​រឿង​មួយ​នេះ​ផង តែ​អាមេរិក​បែរជា​ចោទ​ចំៗ​មកលើ​ខ្លួន ដូច្នេះ បើ​អាមេរិក​ដាក់​បញ្ចាំង​រឿង​បង្អាប់​កិត្ដិយស​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ហើយ រឿង​អី​ដែល​កូរ៉េខាងជើង​មិន​អាច​ថ្កោលទោស​អាមេរិក​បាន​។


​យើង​ងាក​មក​ចាប់រ​ម្មណ៍​ពី​បញ្ហា​របស់​ប្រទេស​ទាំង​ពីរ​បន្ដិច​។ ដោយសារ​តែ​ភាពយន្ដ “The Interview”  វា​បាន​ធ្វើឱ្យ​ប្រទេស​ទាំង​ពីរ​មាន​សង្គ្រាមពាក្យសម្ដី​ដាក់គ្នា​ទៅវិញទៅមក ត្បិត​មិនទាន់​ខ្លាំងក្លា ប៉ុន្ដែ​វា​គឺជា​សញ្ញា​មួយ​បញ្ជាក់ថា កូរ៉េខាងជើង និង​អាមេរិក ពិតជា​ពិបាក​ត្រូវ​រូ​វ​គ្នា​ខ្លាំងណាស់​។​កន្លងមក ការចោទប្រកាន់​បាន​កើតឡើង​ជា​បន្ដបន្ទាប់ រួម​ទាំង​បញ្ហា​ធំ​មួយ​ដែល​អង្គការសហប្រជាជាតិ​កំពុង​ឈឺ​ក្បាល​ខ្លាំង​គឺ ការបញ្ជូន​កូរ៉េខាងជើង​ទៅ​បកស្រាយ​រឿង​រំលោភ​សិទ្ធិមនុស្ស នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​។ បញ្ហា​នេះ​គឺ​ដើម​ចេញ​មកពី​អាមេរិក ដោយ​បាន​បញ្ជាក់ថា កូរ៉េខាងជើង​ជា​ប្រទេស​ដែល​មាន​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ ដូច្នេះ​ទើប​ស្នើ​ឱ្យ​មាន​ការបញ្ជូន​ប្រទេស​មួយ​នេះ​ទៅ​បកស្រាយ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​។ នេះ​គឺជា​ការ​បញ្ឆេះ​ឱ្យ​កូរ៉េ​ខាងជើង​ខឹង​កាន់តែខ្លាំង ព្រោះ​បើ​អាមេរិក​ចូលទៅ​បំភ្លឺ​តាម​ការប្រកាស​របស់​អង្គការសហប្រជាជាតិ ដែល​ជា​ការផ្ដើមគំនិត​របស់​អាមេរិក កូរ៉េខាងជើង​ប្រាកដជា​ផុងខ្លួន​ក្នុង​រណ្ដៅ​យ៉ាងជ្រៅ​។​


​បញ្ហា​នេះ​មិនទាន់​ធ្វើ​ឱ្យ​កូរ៉េខាងជើង​បាត់​ក្ដៅស្លឹកត្រចៀក​ផង ឥលូវ​មាន​លេច​រឿង​វាយប្រហារ​ភាពយន្ដ​របស់​អាមេរិក​“The Interview” តទៅទៀត​។ ក្នុង​រឿង​នេះ កូរ៉េ​ខាងជើង​និង​អាមេរិក នៅតែ​ជា​តួអង្គ​យ៉ាងសកម្ម​បង្ក​សង្គ្រាមពាក្យសម្ដី​ដាក់​គ្នា​ទៅវិញទៅមក​។ យោង​ទៅលើ​ស្ថានការណ៍​នៅពេលនេះ ទំនាក់ទំនង​រវាង​អាមេរិក​និង​កូរ៉េខាងជើង រឹងរឹតតែ​ឃ្លាតឆ្ងាយ​ពី​គ្នា​ជាង​មុន​។


​ភាពយន្ដ​“The Interview” ជា​កម្លាំងចលករ​រុញឱ្យ​កូរ៉េ​ខាងជើង​និង​អាមេរិក បង្ក​បញ្ហា​ដាក់គ្នា​ទៅវិញទៅមក រហូត​កូរ៉េខាងជើង​ហ៊ាន​វាយប្រហារ​ដាក់​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ថា លោក​អូ​បា​ម៉ា​តែង​បន្ដធ្វើ​នេះ បន្ដ​ធ្វើ​នោះ​មិនចេះចប់​មិនចេះហើយ​នៅក្នុង​ពិភពលោក​។ កូរ៉េ​ខាងជើង​បាន​ចោល​ពាក្យ​ធ្ងន់​មួយ​ថា សកម្មភាព​របស់​លោក​អូ​បា​ម៉ា ប្រៀប​ដូច​ជា​សត្វ​ស្វា​នៅក្នុង​ព្រៃ​ត្រូពិច​ដូច្នេះ​ដែរ​។ តាមរយៈ​ពាក្យសម្ដី​នេះ ជាក់​ណាស់​ថា​អាមេរិក​នឹង​វាយបក​ទៅ​កូរ៉េខាងជើង​វិញ​ជាក់​ជាមិនខាន ហើយ​ស្ថានភាព​ប្រទេស​ទាំង​ពីរ​អាច​នឹង​ធ្លាក់​ក្នុង​ភាព​អាប់អួ​បន្ដិច​ម្ដងៗ​។


​យ៉ាងណាមិញ ការមើល​មុខ​គ្នា​មិន​ចំ​រវាង​អាមេរិក​និង​កូរ៉េខាងជើង អាចនិយាយបាន​ថា​ជា​ទម្លាប់​ទៅហើយ​។ ជា​ទម្លាប់​ព្រោះ​កន្លងមក រាប់សិប​បញ្ហា​ទៅ​ហើយ​ដែល​ភាគី​ទាំង​ពីរ​ប្រឈមមុខ​ដាក់គ្នា និង​ឌឺដង​ដាក់​គ្នា​មិន​ចេះ​អស់​មិនចេះហើយ​។ ប៉ុន្ដែ​ជម្លោះ​ទាំងអស់ មិនទាន់​អាច​ឱ្យ​កូរ៉េ​ខាងជើង​និង​អាមេរិក​ប្រើ​អាវុធ​ដាក់គ្នា​ទេ​។ ត្បិត​កូរ៉េខាងជើង​ជា​ប្រទេស​តូច​មែន ប៉ុន្ដែ​មិនមែន​ចិត្ដ​តូច​ទេ ហើយ​សមត្ថភាព​អាវុធ​ក៏​មិន​អន់​ដែរ ជាពិសេស​គឺ​អាវុធ​នុយក្លេអ៊ែរ​តែម្ដង​។ ដោយសារ​តែ​បញ្ហា​នុយក្លេអ៊ែរ​នេះហើយ​ទើប​អាមេរិក​ចេះ​តែ​តាមដាន​កូរ៉េខាងជើង​គ្រប់​ជំហាន និង​បាន​ចោទ​កូរ៉េខាងជើង​ម្ដង​អ​ញ្ចេះ ម្ដង​អ​ញ្ចុះ ក្នុងន័យ​មួយ​ហាម​កូរ៉េខាងជើង មិនឱ្យ​ធ្វើ​សកម្មភាព​នុយក្លេអ៊ែ​រ​។ ប៉ុន្ដែ​កូរ៉េខាងជើង​មិន​អើពើ​ឡើយ ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​ទេ​ថា កូរ៉េ​ខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ​ប៉ុន្មាន​នោះ​។


​ជា​រួម​មក ជម្លោះ​ជា​ថ្មី​រវាង​កូរ៉េ​ខាងជើង​និង​អាមេរិក​បង្កឡើង​ដោយសារ ភាពយន្ដ​“The Interview” ក៏​មិន​អាច​រុញច្រាន​ឱ្យ​តួអង្គ​ទាំងពីរ​ផ្ទុះអាវុធ​ដាក់គ្នា​ដែរ បានត្រឹមតែ​បោះពាក្យ​ដាក់​គ្នា​ទៅវិញទៅមក​ប៉ុណ្ណោះ​។ និយាយឱ្យចំ​ទៅ “The Interview” គ្រាន់តែ​ជា​កំហឹង​ភ្លើង​ចំ​បើក រវាង​អាមេរិក​និង​កូរ៉េខាងជើង​ប៉ុណ្ណោះ​៕ ​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត