​​ប្រើ​​ទឹក​ខ្ពុរ​មាត់​​ច្រើន​​ដង​​ក្នុង​​១​​ថ្ងៃ​​ប្រឈម​​នឹង​​ជម្ងឺ​មហា​រីក​​មាត់​​​

20-11-2014 3:59 pm 2343

​កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ព្រមាន ពី​ការប្រើប្រាស់​ទឹក​ខ្ពុរមាត់​ញឹកញាប់​ក្នុង​មួយថ្ងៃ អាច​បង្ក​ឲ្យ​កើត​រោគមហារីក​មាត់ និង​អាច​ធ្វើឲ្យ កើន​ហានិភ័យ នៃ​ជំងឺ​បេះដូង និង​ស្ត្រូក​។​​ក្នុង​ការ​ពិសោធន៍​ថ្មី​មួយ របស់​សកល​វិទ្យាល័យ​ឃ្វីន​ម៉ាគ (Queen Marg) នៅ​ទីក្រុង​ឡុង​ដ៍ (London)​នៃ​ចក្រភព​អង់គ្លេស ក្រុម​អ្នកស្ម័គ្រចិត្ត ដែល​មាន​សុខភាព​ល្អ បាន​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​មួយ​ប្រភេទ ដែល​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​បាក់តេរី​ខ្លាំង ចំនួន​២​ដង ក្នុង​១​ថ្ងៃ​។​

 

​លទ្ធផល បានបង្ហាញ​ថា សម្ពាធ​ឈាម​របស់​ពួក​អ្នកស្ម័គ្រចិត្ត មាន​ការកើនឡើង ខុស​ប្រក្រតី​។ ក្នុងពេលនោះ ក៏​មាន​ការស្រាវជ្រាវ ដោយឡែក​មួយ​ផ្សេង​ទៀត បានបង្ហាញ​ថា សម្ពាធ​ឈាម​កើន ២ ឯ​កតា មានន័យ​ដូច​គ្នា​នឹង​ហានិភ័យ​ស្លាប់ ដោយសារ​ជំងឺ​បេះដូង កើនឡើង ៧% និង​ហានិភ័យ​បាត់បង់​ជីវិត ដោយសារ​ជំងឺស្ត្រូក​កើន ១០% ។​

 

​ក៏​មាន​ការសិក្សា​ផ្សេង​ទៀត​ផង​ដែរ ដោយ​បាន​បញ្ជាក់ថា អាល់​កុល ដែល​មាន​នៅក្នុង​ទឹក​ថ្នាំ​ខ្ពុរមាត់ អាច​បង្កើន​សារធាតុ​បង្ក​ជា​រោគ​មហារីក ដូចជា​សារធាតុ​នីកូទីន រួច​ជ្រាប​ចូលទៅក្នុង​ស្រទាប់​មាត់​ខាងក្នុង​។ ទឹក​ថ្នាំ​ខ្ពុរមាត់ ក៏​អាច​ផលិត​នូវ​សារធាតុ​មួយចំនួន​ទៀត​ដែល​មាន​ផលប៉ះពាល់​ចំពោះ​សុខភាព មាត់​ធ្មេញ និង​អាច​មាន​ការកើនឡើង​ខ្លាំង​នៅពេល​ប្រើ​វា​ខ្ពុរ​ក្នុង​មាត់​។​

 

​វេជ្ជបណ្ឌិត David Conway  អ្នកដឹកនាំ​ការស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Glasgow បានបញ្ជាក់​ថា “​យើង​បាន​រកឃើញថា ការប្រើ​ទឹក​ថ្នាំ​ខ្ពុរមាត់​ជាប្រចាំ ៣​ដង ឬ​ច្រើន​ជាង​នេះ ក្នុង​មួយ​ថ្ងៃ អាច​បង្កើន​ហានិភ័យ​ចំពោះ​រោគ​មហារីក​មាត់​”​។ ជាទូទៅ​មនុស្ស​ដែល​ជក់បារី និង​ទទួលទាន​ស្រា​តែង​ប្រើ​ទឹក​ថ្នាំ​ខ្ពុរមាត់ ដើម្បី​បំបាត់​ក្លិន​មាត់ ដូច្នេះហើយ​ទើប​លោក​ផ្ដល់​ដំបូន្មាន​ថា មិន​គួរប្រើ​វា​ជា​ប្រចាំ​ទៀត​ទេ​។ ជំនួស​មកវិញ គួរតែ​ដុសធ្មេញ​ទៀងទាត់ និង​ប្រើ​ខ្សែ​សម្អាត​ធ្មេញ ហើយ​លើសពីនេះ​គួរ​ពិនិត្យ​ជា​ប្រចាំ​ជា​មួយ​ពេទ្យ​ធ្មេញ​។

 

​នេះ​គឺជា​ការស្រាវជ្រាវ​ថ្មី​មួយ ដែល​បង្ហាញ​កាន់តែច្បាស់​ទៅលើ​ផល​ប៉ះពាល់​ចំពោះ​ការប្រើប្រាស់​ទឹក ថ្នាំ​ខ្ពុរមាត់​។ ចំណែកឯ​ការស្រាវជ្រាវ​ដាច់ដោយឡែក​មួយ ដែល​ចុះផ្សាយ​តាំងពី​ឆ្នាំ ២០០៩​នៅ​ប្រទេស​អូស្ត្រាលី បាន​រកឃើញថា​ការប្រើប្រាស់​ទឹក​ថ្នាំ​ខ្ពុរមាត់ អាច​បង្កើន​ហានិភ័យ​នៃ​ការវិវឌ្ឍ​ទៅរក​មហារីក​មាត់ ៩​ដង ច្រើន​ជាង​អ្នក​ជក់បារី​។​
 

​គួរបញ្ជាក់​ថា យ៉ាងណាក៏ដោយ ទាក់ទង​នឹង​ការស្រាវជ្រាវ​ថ្មី​នេះ ក៏​មាន​ការអះអាង​ថា ពុំមែន​ផលិតផល​ទឹក​ខ្ពុរមាត់​ទាំងអស់ សុទ្ធតែ​ផ្ទុក Chlorhexidine ដែល​ជា​សារ​ធារ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​នោះទេ​។ ក៏មាន ទឹក​ខ្ពុរមាត់​មួយចំនួន អាច​បំផ្លាញ​បាក់តេរី យ៉ាង​មាន​ប្រយោជន៍ សម្រាប់​សុខភាព​ផងដែរ​។ ដូច្នេះ គួរ​មាន​ប្រយ័ត្នប្រយែង ពេល​ធ្វើការ​សន្និដ្ឋាន​ដូច​ខាងលើ​នេះ​។ នេះ​ជា​សំដី​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន​ផលិត​ទឹក​ខ្ពុរមាត់ Corsodyl ដែល​ជា​ផលិតផល​របស់​ប្រទេស​អង់គ្លេស​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត