តើ​អ្នកទោស​ប្រភេទ​ណា ដែល​អាច​លើកលែង និង​បន្ធូរបន្ថយ​ទោស​បាន​?

28-10-2014 3:57 pm 2843

​ប្រទេស​កម្ពុជា​តែងតែ​រៀបចំ កម្មវិធី​លើកលែង និង​បន្ធូរបន្ថយ​ទោស ដល់​ទណ្ឌិត​ចំនួន​០៣​ដង ក្នុង​មួយ​ឆ្នាំៗ​។ ការលើកលែង និង​បន្ធូរបន្ថយ​នេះ ធ្វើឡើង​លើកទីមួយ គឺ​នៅ​ថ្ងៃបុណ្យ​វិសាខបូជា  ទី​ពីរ​បុណ្យចូលឆ្នាំ​ខ្មែរ និង​ពី​បីរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​។​

សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដែល​ឈាន​មកដល់ ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ក្រសួង​យុត្ដិធម៌ បាន​ស្នើសុំ​ឲ្យ​ព្រះមហាក្សត្រ​ព្រះរាជទាន​ លើកលែង និង​បន្ធួរបន្ថយ​ទោស ដល់អ្នកទោស​ចំនួន​៨២០​នាក់​។

 

​អ្នកទោស ឬ​ហៅ​ថា ទណ្ឌិត​ដែល​អាច​មានឱកាស ដាក់ចូល​ក្នុង​បញ្ជី បន្ធូរបន្ថយ​ទោស​នោះ គឺ​ស្ថិត​នៅ​ត្រឹម​ទោស​បទ​មជ្ឈឹម ហើយ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ចំនួន​១​ភាគ​៣ នៃ​ទោស  ហើយ​អ្នក​ដែល​ត្រូវ​លើកលែងទោស លុះត្រាតែ​ទណ្ឌិត​នោះ អនុវត្ត​ទោស​របស់​ខ្លួន​បាន​២​ភាគ​៣​។ នេះ​បើ​តាម ការ​ឲ្យដឹង​ពី​លោក សុច សុផាន់​ណា​រ៉ា ប្រធាន​នាយកដ្ឋាន កិច្ចការ​ព្រហ្មទណ្ឌ​នៃ​ក្រសួង​យុត្តិធម៌​។​


​លោក​មេធាវី សុក សំអឿន បានឲ្យ​ដឹង​មិន​ខុស​ពី​លោក​សុច សុផាន់​ណា​រ៉ា ប៉ុន្មាន​ទេ​។ លោក​មេធាវី សុក សំអឿន បានឲ្យដឹង ថា អ្នកទោស​ដែល​អាច​លើកលែង​បាន លុះត្រាតែ​ទទួល​អនុវត្ដ​ទោស​ចំនួន​២​ភាគ​៣ នៃ​ទោស និង​បាន​កែ​ចរិត ឬ​ក​ពារ​បានល្អ​វិញ​។

បន្ទាប់​មក​គណៈកម្មកា​រ ដែល​មាន​សមាសភាព មក​ពី​ពន្ធនាគារ ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្ដិធម៌ និង​ពិនិត្យ​ឲ្យយោបល់ ថា ទណ្ឌិត​ណា​អាច​លើកលែង​ទោស​បាន និង​បន្ធូរបន្ថយ​ទោស​បាន​។​


​លោក​មេធាវី​សុក សំអឿន បានឲ្យ​ដឹងប​ន្ដ ថា ប្រសិនបើ​អ្នកទោស ដែល​ត្រូវបាន​លើកលែង​ទោស​ហើយ បន្ដ​ប្រព្រឹត្ដិ​បទល្មើស​ទៀត អាច​ប្រឈម​នឹង​ការដាក់ទោស​ធ្ងន់ធ្ងរ​។

លោក​មេធាវី​សុក សំអឿន បានលើកឡើង ថា ការលើកលែងទោស និង​បន្ធូរបន្ថយ​ទោស គឺ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ឲ្យតែ​មាន​ពិធីបុណ្យ​ជាតិ​សំខាន់ៗ​៕


ព័ត៌មានផ្សេងទៀត