តើ​ចិន​​គំរាម​​ហុងកុង​​ឬ​ទើប​​ការតវ៉ា​​របស់​ប្រជាជន​​ហុងកុង​​មិន​អាច​​ដោះស្រាយបាន​?

18-10-2014 6:32 pm 2187

នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ថ្ងៃ​នេះ ពេញ ផេង​នឹង​បញ្ជាក់​ជូន​លោក​អ្នក​ឡើងវិញ ពី​ការតវ៉ា​ក្នុង​ក្រុង​ហុងកុង​។ កន្លង​មក​ចលនា​តវ៉ា​ក្នុង​ក្រុង​ហុងកុង ធ្វើឡើង​ដោយ​ធម្មតា​តែប៉ុណ្ណោះ ប៉ុន្ដែ​បន្ទាប់ពី​គ្មាន​ដំណោះស្រាយ ចលនា​តវ៉ា​ក៏​រីក​រាលដាល​កាន់តែខ្លាំង​ជាង​មុន ហើយ​បង្ក​ជា​ហិង្សា​កើតឡើង ធ្វើឱ្យ​មាន​អ្នករបួស​និង​ចាប់ខ្លួន​ជាច្រើន​នាក់​។ តើ​ស្ថិតក្នុង​ស្ថានភាព​បែប​ណា​ទើប​ធ្វើឱ្យ​ចលនា​តវ៉ា​រីក​កាន់តែ​ខ្លាំង​ជាង​មុន​? តើ​ហេតុអ្វី​បានជា​បញ្ហា​នៅ​មិន​ទាន់​ដោះស្រាយ​បាន ឬក៏​ចិន​ជា​អ្នក​គំរាម​ហុងកុង​ពីក្រោយ​ខ្នង​?


​ទាក់ទង​នឹង​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ដូច​តទៅ​៖

សំឡេង៖


​ចលនា​តវ៉ា​នៅ​ក្នុង​ក្រុង​ហុងកុង​បាន​កើត​ឡើង​ជិត​មួយ​ខែ​មក​ហើយ គឺ​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ថ្ងៃ​ទី​២២​ខែកញ្ញា​មក​ម្លេះ​។ ចលនា​តវ៉ា​នេះ ត្រូវបាន​គេ​ដាក់​ឈ្មោះ​ថា​ជា​ចលនា​ឆ័ត្រ ឬក៏​បដិវត្ដ​ឆ័ត្រ​។ ស្ដាប់លឺ​ឈ្មោះ​នេះ​ហើយ ប្រហែល​ជា​ឆ្ងល់​ព្រោះ​ថា​ឈ្មោះ​នេះ មិន​ធ្លាប់​លឺ​ឬក៏​មាន​ចលនា​តវ៉ា​ណាមួយ​យកឈ្មោះ​ឆ័ត្រ​ទៅ​ប្រើ​ឡើយ​។ ចលនាឆ័​ត្រឬក៏​បដិវត្ដឆ័​ត្រចង់​សដៅ​ថា ក្រុមបាតុករ​បាន​ប្រើប្រាស់​ឆ័ត្រ​ក្នុង​ការតវ៉ា ដើម្បី​ការពារ​ខ្លួន​ពី​ផ្សែង​បង្ហូរទឹកភ្នែក​ដែល​ប៉ូលិស​បាន​បាញ់​មក​លើ​ពួកគេ​។


​ដំបូង​ឡើយ​ការតវ៉ា​ធ្វើឡើង​ធម្មតា​ប៉ុណ្ណោះ គឺ​ក្រុមបាតុករ​បាន​ដង្ហែរ​គ្នា​តាម​ដងផ្លូវ ឆ្ពោះទៅ​ទីស្នាក់ការ​កណ្ដាល​រដ្ឋាភិបាល​ហុងកុង ដើម្បី​សុំ​អន្ដរាគមន៍​។ សុំ​អន្ដរាគមន៍ ទាក់ទង​នឹង​ការប្រកាស​របស់​គណៈកម្មាធិកា​រ​អចិន្ដ្រៃយ៍​សភា​ប្រជាជាតិ​ហុងកុង បានប្រកាសថា បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ដើម្បី​ជ្រើស​មេដឹកនាំ​ក្រុង​ហុងកុង​នៅ​ឆ្នាំ​២០១៧​ខាងមុខ នឹង​ត្រូវ​កំណត់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​
​គ្រាន់តែ​លឺ​ដូច្នេះហើយ ប្រជាជន​ហុងកុង​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញវន្ដ ក៏​ក្រោកឈរ​តវ៉ា​ប្រឆាំង ព្រោះ​ថា​ពួកគេ​មិន​ចង់ឱ្យ​មាន​ការកំណត់​សមាសភាព​មេដឹកនាំ​ទេ​។ ពួក​គេ​ចង់​បាន​ការបោះ​ឆ្នោត​មួយ​ដែល​ធ្វើឡើង​ដោយ​សេរី តាម​ការសម្រេចចិត្ដ​របស់​ប្រជាជន ពោល​គឺ​ឱ្យតែ​អ្នក​មាន​សមត្ថភាព​ហើយ​មាន​ការគាំទ្រ​ពី​ប្រជាជន​ភាគច្រើន អ្នក​នោះ​អាច​ធ្វើជា​អ្នក​គ្រប់គ្រង​បាន​ហើយ​។

 

ម្យ៉ាងវិញទៀត ប្រជាជន​ហុងកុង​ជា​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ស្អប់​របប​កុ​ម្មុយ​និ​ស្ដ ហើយ​ពួកគេ​មិន​សុខចិត្ដ​ឡើយ បើ​របប​កុ​ម្មុយ​និ​ស្ដ​មាន​វត្ដ​មាន​ក្នុង​ក្រុង​ហុងកុង​។ ទាក់ទង​នឹង​មូលហេតុ ត្រូវបាន​ប្រជាជន​ហុងកុង​លើកឡើងថា ស្ថិត​ក្រោម​ការគ្រប់គ្រង​បែប​កុ​ម្មុយ​និ​ស្ដ ចិន​នៅ​តែ​មាន​ការប្រព្រឹត្ដិ​អំពើ​ពុករលួ​យ មាន​ការរំលោភបំពាន់ និង​មាន​អំពើ​ភេរវកម្ម​កើតឡើង​ជា​បន្ដបន្ទាប់​។ ហេតុនេះហើយ​ទើប​ពួកគេ​ខ្លាច​បញ្ហា​ទាំងអស់ ជះឥទ្ធិពល​លើ​ពួកគេ ប្រសិនបើ​ទទួលយក​ការគ្រប់គ្រង​បែប​កុ​ម្មុយ​និ​ស្ដ​។


​ងាក​ចាប់អារម្មណ៍​ចំពោះ​ការតវ៉ា​វិញ គឺ​ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ហុងកុង​មិន​ព្រម​ដោះស្រាយ និង​សម្រេច​ឱ្យមាន​ការបោះឆ្នោត​ដោយ​សេរី បាន​ធ្វើឱ្យ​ប្រជាជន​ខឹងសម្បារ​យ៉ាងខ្លាំង ហើយ​ដឹកនាំ​ការតវ៉ា​កាន់តែ​ធំ​ជាង​មុន ដោយ​បាន​បិទផ្លូវ​មួយចំនួន​ក្នុង​ក្រុង ហើយ​បាន​រារាំង​មិន​មន្ដ្រីរាជការ​មិន​ឱ្យ​ចូល​ធ្វើការ​ទៀតផង ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​។ ប៉ុន្ដែ​ទង្វើ​នេះ​គ្មាន​ប្រសិទ្ធភាព​ឡើយ នៅ​ទីបំផុត​ក៏​មាន​អំពើ​ហិង្សា ដោយ​ប៉ូលីស​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ ធ្វើឱ្យ​ពួក​គេ​របួស​ជាច្រើន​នាក់ ក្រៅពី​នោះ​ក៏​មាន​អ្នក​ត្រូវ​ចាប់ខ្លួន​ជា​ច្រើន​ទៀត​។


​តាមពិត​ទៅ​មុន​ពេល​កើត​ហិង្សា អភិបាល​ក្រុង​ហុងកុង​ក៏​បាន​ប្រកាស​បើក​ការចរចា​ជាមួយ​ក្រុម​បាតុករ​ផងដែរ ហើយ​តំណាង​ក្រុមបាតុករ​ក៏បាន​យល់ព្រម​លើ​បញ្ហា​នេះ​។ ប៉ុន្ដែ​លទ្ធផល​មិន​បាន​លេចចេញ​ជា​រូបរាង​ទេ ហើយ​ភាគី​រដ្ឋាភិបាល​ទំនង​ជា​លុបចោល និង​មិន​ទទួលស្គាល់​លក្ខខណ្ឌ​របស់​ក្រុមបាតុករ​ឡើយ ជាហេតុ​ធ្វើឱ្យ​ក្រុមបាតុករ​ខឹង​កាន់តែខ្លាំង ព្រោះ​ការទាមទារ​របស់​ពួកគេ​មិន​បាន​ជោគជ័យ​។ បន្ទាប់ពី​នោះ​ទើប​លេចចេញ​ជា​ការតវ៉ា​កាន់តែ​ខ្លាំង​ជាង​មុន ហើយ​អំពើហិង្សា​ក៏​កើតឡើង​ខ្លាំងក្លា​ផង​ដែរ​។


​ក្រោយ​ប៉ះទង្គិច អភិបាល​ក្រុង​ហុងកុង​បាន​ចេញមុខ​អះអាង​ជាថ្មី និង​ប្រកាស​ថា ភាគី​រដ្ឋាភិបាល បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចរចា​ជាមួយ​ក្រុម​បាតុករ​ម្ដងទៀត​។ ប៉ុន្ដែ​ក្រុម​បាតុករ​នៅ​មិន​ទាន់​បង្ហាញ​ការយល់ព្រម​ឡើយ​។ វា​ពិតជា​លំបាក​ខ្លាំងណាស់​ដែល​ឱ្យ​ពួកគេ​ជួបចរចា មូលហេតុ​គឺ​ទីមួយ ប៉ូលិស​បាន​ប្រើ​ហិង្សា​លើ​ពួកគេ​យ៉ាងឃោ​ឃៅ ដោយ​ក្រុម​បាតុករ​មានតែឆ័​ត្រប៉ុណ្ណោះ ចំណែកឯ​ក្រុម​ប៉ូលីស​បាន​ប្រើ​ឧបករណ៍​បង្ក្រាប​កុប្បកម្ម អន្ដរាគមន៍​លើ​ក្រុមបាតុករ​។ ទង្វើ​នេះ បាន​បញ្ឆេះ​ឱ្យ​ពួកគេ​ខឹង​កាន់តែ​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល និង​បង្ក​ជា​ការតវ៉ា​កាន់​ខ្លាំង​ជាង​មុន​។ ទី​ពីរ​លក្ខខណ្ឌ​ដែល​ពួកគេ​ទាមទារ បាន​បរាជ័យ​ជាច្រើន​លើក​មក​ហើយ ហើយ​រដ្ឋាភិបាល​ក្រុង​ហុងកុង​ក៏​មិន​ទំនង​ជា​យល់ព្រម​ដែរ គ្រាន់តែ​ពន្យារពេល​ឱ្យ​កាន់តែ​យូរ​ជាង​មុន​ប៉ុណ្ណោះ​។ សំអាង​លើ​ហេតុផល​នេះ ការចរចា​មិន​ទំនង​ជា​លេច​រូបរាង​ឡើយ រវាង​រដ្ឋាភិបាល​ហុង​កុង ជាមួយ​ក្រុម​បា​តុ​ប្រជាធិបតេយ្យ បើសិនជា​មិន​មាន​ការយោគយល់​គ្នា​ទៅវិញ​ទៅមក​ទេ​នោះ​។


​មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​ថា ហេតុអ្វី​បាន​ហុងកុង​មិន​ព្រម​ធ្វើ​តាម​ការទាមទា​ររ​បស់​ក្រុមបាតុករ ហើយ​បង្ក​ឱ្យ​រឿង​តូច​ក្លាយជា​រឿង​ធំ​ទៅវិញ​?​យើង​ត្រូវ​យល់​ទាំងអស់គ្នា​ថា រដ្ឋាភិបាល​ហុងកុង​មាន​ក្រុង​ប៉េកាំង​នៅ​ពីក្រោយ ជាពិសេស​គឺ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​សភា​ប្រជាជាតិ​ហុងកុង ទទួលបន្ទុក​លើ​ការរៀបចំ​សមាសភាព​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត គឺ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុង​ប៉េកាំង​។ បើទោះបីជា​ទីក្រុង​ប៉េកាំង​មិន​បាន​ចេញ​មុខ​ដោយ​ផ្ទាល់​ក៏ដោយ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុងតែ​ចេញ​មុខ​ដោយ​ប្រយោល ហើយ​អាច​និយាយបាន​ថា កពុង​តែ​គំរាម​ដោយ​ប្រយោល​ទៅលើ​ក្រុង​ហុងកុង​។


​រឿង​មួយ​ទៀត​នោះ គ្រាន់តែ​អាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ហុង​កុង​រក​វិធីសាស្ដ្រ​ដោះស្រាយ កុំឱ្យ​កើតមាន​ហិង្សា ព្រោះ​វា​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស ចិន​បាន​ឆ្លើយតប​ជំនួស​ហុងកុង​ថា អាមេរិក​មិន​គួរ​លូក​ដៃ​ក្នុង​រឿង​នេះ​ទេ វា​ជា​រឿង​ផ្ទៃក្នុង​ហុងកុង​។ នេះ​សបញ្ជាក់​រឹតតែ​ច្បាស់​ថា ចិន​ពិតជា​មិន​ចង់ឱ្យ​អន្ដរជាតិ​ប្រឡាក់ប្រឡូស​ជាមួយ​ហុងកុង​ទេ​។ បើសិន​ជា​អន្ដរជាតិ​លូកដៃ ច្បាស់​ណាស់​ថា អន្ដរជាតិ​នឹង​ដាក់​សម្ពាធ​លើ​ចិន ឱ្យ​ចាន់​វិធានការ​ជាបន្ទាន់ នោះ​ចិន​នឹង​ខាតបង់​យ៉ាង​ធំ ដោយ​គោលដៅ​គឺ​ចង់​គ្រប់គ្រង​លើ​ហុងកុង​បន្ដទៀត​។


​ជារួម​ទៅ វា​ពិតជា​មិន​ងាយស្រួល​ឡើយ​សម្រាប់​ហុងកុង ដែល​ចង់​ងាក​ចេញពី​ចិន ហើយ​វា​ក៏​ជា​រនាំង​ដ៏​ក្រាស់​សម្រាប់​ប្រជាជន​ប្រជាធិបតេយ្យ​ហុងកុង ដែល​ចង់​ផ្លាស់ប្ដូរ​គោលនយោបាយ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ ព្រោះ​ចិន​បានដាក់រ​បាំង​យ៉ាង​រឹង ហើយ​កំពុង​អូសទាញ​រដ្ឋាភិបាល​និង​ប្រជាជន​ហុងកុង​ឱ្យ​ដើរ​លើ​ផ្លូវ​ជាមួយ​ខ្លួន​គឺ​ផ្លូវ​កុ​ម្មុយ​និ​ស្ដ​តែមួយ​គ្មាន​ទេ​លទ្ធិប្រជាធិបតេយ្យ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត