ស្ថិតក្រោម​​ការ​តៀម​ខ្លួន​​បែប​ណា​​ទើប​ក្រុម​​អ៊ីស្លាម​ISIS​​មិន​ព្រឺ​​នឹង​ការព្រមាន​​របស់​អន្ដរជាតិ​?

11-10-2014 4:09 pm 2704
កងទ័ពរបស់ក្រុមអ៊ីស្លាមISIS

​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ថ្ងៃ​នេះ ពេញ ផេង​នឹង​បញ្ជាក់​ជូន​លោក​អ្នក ពាក់ព័ន្ធ​នឹង​សកម្មភាព​វាយលុក​របស់​ក្រុម​អ៊ីស្លាម​ISIS ក្នុង​ពេល​ថ្មីៗ​។ ទោះបីជា​មាន​ការបង្ក្រាប​ដោយ​ប្រើ​យន្ដហោះ​ទម្លាក់​គ្រាប់​លើ​ពួកគេ​ក៏ដោយ ប៉ុន្ដែ​មិន​បាន​ធ្វើឱ្យ​ក្រុម​អ៊ីស្លាម​ខាងលើ​ផ្អាក​សកម្មភាព​នោះ​ទេ​។ ផ្ទុយទៅវិញ ពួកគេ​ថែមទាំង​បាន​វាយ​ចូល​កាន់កាប់​បាន​ក្រុង​មួយ​ក្នុង​ប្រទេស​ស៊ី​រី​ថែមទៀត​ផង​។ នេះ ក៏​ដោយសារ​ពួកគេ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​។

 

ដោយឡែក​ដើម្បី​រក​វិធីសាស្ដ្រ​ថ្មី​ក្នុង​ការចុះ​ប្រតិ​បត្ដិការប​ន្ដ​ទៀត នៅ​សប្ដាហ៍​ក្រោយនេះ មេបញ្ជាការ​កងទ័ព​២១​ប្រទេស​ផ្សេង​ទៀត​គ្នា​នឹង​ជួប​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​។ តើ​កិច្ចប្រជុំ​កំពូល​នេះ​ផ្ដោត​លើ​របៀបវារៈ​អ្វីខ្លះ​? តើ​ក្រុម​អ៊ីស្លាម​ISIS បាន​ត្រៀម​ខ្លួន​បែប​ណាខ្លះ​ទើប​មិន​ព្រម​ចុះ​ញ៉ម​នឹង​ការ​គំរាម​របស់​អន្ដរជាតិ​?


​ដើម្បី​ស្វែងយល់​ពី​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍ អន្ដ​រ​ជាតិ​ដូច​តទៅ​៖

សំឡេង៖


​បើ​និយាយ​ថា​អាមេរិក​និង​សម្ព័ន្ធមិត្ដ​អន្ដរជាតិ​អសមត្ថភាព​ក្នុង​ការបង្ក្រាប​ក្រុម​អ៊ីស្លាម​ISIS គឺ​វា​ពិតជា​មិន​សម​នោះទេ​។ មតិ​ជាច្រើន​នាំគ្នា​ចោទសួរ​ថា ហេតុអ្វី​បាន​ជា​ការដឹកនាំ​សកម្មភាព​វាយប្រហារ​តាម​ជើង​អាកាស​របស់​អាមេរិក ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​ខាងលើ មិន​អាច​ទទួលបាន​ជោគជ័យ​? ថា​តែ​អាមេរិក​ទៅ​មិន​អី​ទេ ប៉ុន្ដែ​សម្ព័ន្ធមិត្ដ​អន្ដរជាតិ​ជាច្រើន​ប្រទេស​ទៀត ក៏​បាន​ប្រកាស​និង​សហការ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ក្រុម​អ៊ីស្លាម​ISIS​ដែរ ប៉ុន្ដែ​នៅតែ​គ្មាន​ប្រសិទ្ធភាព​។​


​បើ​តាម​ការមើល​ឃើញជាក់ស្ដែង ប្រជាជន​នៅ​ទូទាំង​សាកលលោក បាន​ទាញយក​អាមេរិក​មក​ធ្វើជា​ប្រទេស​គំរូ ព្រោះ​ថា​អាមេរិក​ជា​ប្រទេស​ដែល​មាន​ការ​ជឿនលឿន​ខ្លាំង មិន​ថា​ផ្នែក​សេដ្ឋកិច្ច​រួម​ទាំង​បច្ចេកវិទ្យា​ផងដែរ​។ ដូច្នេះ បើ​គិត​ពី​ការប្រើ​បច្ចេកវិទ្យា​សម្រាប់​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​មក​ពី​រដ្ឋ​អ៊ីស្លាម អាចនិយាយបាន​ថា​មិន​សូវ​ជា​លំបាក​នោះទេ ព្រោះ​អាមេរិក​មាន​ទាំង​យន្ដហោះ​គ្មាន​មនុស្ស​បើក មាន​ទាំង​អាវុធ​ទំនើបៗ ដែល​អាច​ធ្វើ​ប្រតិ​បត្ដិកា​រយ៉ាង​ពិសេស​។  ប៉ុន្ដែ​ផ្ទុយទៅវិញ អស់​រយៈពេល​យូរ​គួរសម​ហើយ ដែល អាមេរិក​បាន​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ក្រុម​អ៊ីស្លាម​ISIS ដោយ​ប្រើ​យន្ដហោះ​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ក្រុម​នេះ​ជា​បន្ដបន្ទាប់​។ រីឯ​លទ្ធផល​ដែល​ទទួលបាន​ហាក់​មិន​តាម​អ្វី​ដែល​ចង់បាន​នោះ​ទេ​។


​យើង​ត្រូវ​ដឹង​ចំណុច​មួយ​ថា បើសិនណា​ជា​យើង​ដឹង​ថា​យើង​ធ្វើ​អ្វីមួយ​ដែល​អ្នក​ដទៃ​ស្អប់ នោះ​គេ​នឹង​ព្យាយាម​រក​គ្រប់​មធ្យោបាយ ដើម្បី​បំផ្លាញ​យើង ប៉ុន្ដែ​យើង​ក៏​បានដឹង​ដែរ​ថា តើ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ការពារ​ខ្លួនឯង ឱ្យ​រួចផុត​ពី​គ្រោះថ្នាក់​។ យើង​អាច​ផ្សារ​ភ្ជាប់​បញ្ហា​នេះ ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​មក​ពី​រដ្ឋ​អ៊ីស្លាម ឬ​ក៏​ក្រុម​អ៊ីស្លាម​ISIS​បាន​ថា ក្រុម​នេះ បានធ្វើ​សកម្មភាព​ដែល​ធ្វើឱ្យ​ប្រទេស​មួយចំនួន​នៅ​លើ​ពិភពលោក កំពុងតែ​ស្អប់ខ្ពើម និង​ខឹង​យ៉ាងខ្លាំង​។ បើ​និយាយ​ពី​អាមេរិក​វិញ ខឹង​ស្ទើរតែ​ចង់​និយាយ​លែងចេញ​ទៅហើយ​។


​ទាក់ទង​នឹង​មូលហេតុ ដោយ​ក្រុម​នេះ​បាន​សម្លាប់​ជនជាតិ​អាមេរិក​ពីរ​នាក់ ដោយ​កាត់​ក​ទាំង​រស់ ដូចជា​សម្លាប់សត្វ ធ្វើឱ្យ​កក្រើក​ពេញ​ពិភពលោក​។ ដូច្នេះ បើ​ក្រុម​អ៊ីស្លាម​ហ៊ាន​លេង​ដៃ​ធ្ងន់​ដល់​ថ្នាក់​នេះ​ហើយ ពួកគេ​ពិតជា​មាន​យុទ្ធសាស្ដ្រ​ការពារ​ខ្លួន​យ៉ាង​មាំ បើ​មិន​ដូច្នេះ​ទេ ពួកគេ​មិន​មែន​ហាន​គំរាម​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ឡើយ​។


​កន្លងមក​ក្រុម​អ៊ីស្លាម​ខាងលើ​ធ្លាប់បាន​ប្រកាសថា ពួកគេ​មិន​ខ្លាច​នរណា​ឡើយ ហើយ​ប្រសិនបើ​ជា​មាន​អ្នក​រារាំង​ធ្វើជា​ឆ្អឹង​ទទឹង​ក​ពួកគេ​មិន​ឱ្យធ្វើ​សកម្មភាព ពួកគេ​នឹង​កម្ចាត់​អ្នក​នោះ​ចោល​។ បន្ថែម​លើ​នេះ ក្រុម​សកម្មប្រយុទ្ធ​មក​ពី​រដ្ឋ​អ៊ីស្លាម​នេះ បានបញ្ជាក់​ទៀ​ថា ពួកគេ​ដឹងថា​អាមេរិក​ប្រា​ដក​ជា​វាយប្រហារ​ពួក​គេ ហើយ​អាមេរិក​ប្រាកដ​ជា​គៀងគរ​អន្ដរជាតិ ឱ្យ​រួម​ដៃ​ជាមួយ​ខ្លួន​។ ដូច្នេះ ពួកគេ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច បើ​អាមេរិក​ទម្លាក់​គ្រាប់​លើ​មូលដ្ឋាន​ពួកគេ​មួយកន្លែង ពួកគេ​មាន​ទីតាំង​ថ្មី​ច្រើន​កន្លែង​ទៀត ដើម្បី​បន្ដ​យុទ្ធនាការ​បង្កើត​រដ្ឋ​អ៊ីស្លាម​។​


​ពួកគេ​បាន​ដឹង​មុន​ជា​ស្រេច​នូវ​សកម្មភាព​របស់​ខ្លួន ថា​នឹង​មាន​អ្វី​កើតឡើង ហើយ​នឹង​ត្រូវ​ដោះស្រាយ​បែបណា​។ បើ​និយាយ​ពី​កងទ័ព​របស់​ក្រុម​អ៊ីស្លាម​នេះ ក៏​មិនមែន​ជា​មនុស្ស​ធម្មតា​ដែរ ពួកគេ​ក៏​សុទ្ធតែ​ជា​អ្នក​មាន​ជំនាញ​ក្នុង​ការធ្វើ​សង្គ្រាម​។ មិនត្រូវ​ភ្លេច​ទេ​ថា ដំបូង​ឡើយ​ពួកគេ​ក៏​ជា​ក្រុម​អាល់​កៃ​ដា​ដែរ ប៉ុន្ដែ​ដោយ​ចង់​ពង្រីក​អំណាច​គ្រប់គ្រង​ដោយ​ខ្លួនឯង ពួកគេ​ក៏​បាន​ប្រកាស​ផ្ដាច់ខ្លួន ហើយ​ប្រមូល​អ្នក​ដែល​ចង់​បះបោរ​រួមគ្នា​ជា​កម្លាំង​។


​នៅក្នុង​ប្រទេស​ស៊ី​រី ពួកគេ​បាន​បញ្ចុះបញ្ចូល​ប្រជាជន​ដែល​ប្រឆាំង​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ ឱ្យ​ចូល​ដៃ​ជា​គ្នា​ងើប​បះបោរ​ប្រឆាំង ដើម្បី​ដណ្ដើម​សិទ្ធិអំណាច​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ កម្លាំង​នៃ​ក្រុម​អ៊ីស្លាម​ISIS បាន​កើនឡើង​ជា​បន្ដបន្ទាប់ ហើយ​បាន​អូសទាញ​អ្នក​ប្រយុទ្ធ​ស្ម័គ្រចិត្ដ​បរទេស​ជាច្រើន​នាក់​ផ្សេង​ទៀត​។ បច្ចុប្បន្ន ពិភពលោក​ក៏​កំពុងតែ​ព្រួយ​បា​ម្ភ ព្រោះ​ខ្លាច​អ្នក​កាន់​សាសនា​អ៊ីស្លាម នាំគ្នា​ទៅ​ចូល​ដៃ​ជាមួយ​ក្រុម​ISIS នេះ​បន្ថែម​ទៀត ធ្វើ​ឱ្យ​កម្លាំង​ពួកគេ​កាន់តែ​ធំ​ជាង​។ បើ​ដូច្នេះ​មែន វិនាស​សកម្ម​ពិតជា​កើត​ឡើង បើ​សូម្បីតែ​បច្ចុប្បន្ន នៅ​មិនទាន់​មាន​នរណា​ម្នាក់ អាច​ធ្វើ​អី​ពួកគេ​បាន​ផង​នោះ​។


​អន្ដរជាតិ បាន​ទទូច​ម្ដង​ហើយ​ម្ដងទៀត ឱ្យ​ប្រទេស​មហាអំណាច​រួម​គ្នា​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​អ៊ីស្លាម​ខាងលើ ប៉ុន្ដែ​ការ​ទប់ស្កាត់​តាមរយៈ​ការវាយប្រហារ​ជើង​អាកាស នៅ​មិនទាន់មាន​ប្រសិទ្ធភាព​ឡើយ​។ យន្ដហោះ​សម្រុក​ទម្លាក់​គ្រាប់​កាន់តែច្រើន ក្រុម​អ៊ីស្លាម​ISIS ធ្វើ​សកម្មភាព​កាន់តែ​ខ្លាំង​ជាង​មុន​។ ជាក់ស្ដែង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​រហូត​មកដល់​ថ្ងៃនេះ យន្ដហោះ​ទម្លាក់​គ្រាប់​បាន​ធ្វើ​ប្រតិ​ប​ត្ដិ​ការជាបន្ដ​បន្ទាប់ ប៉ុន្ដែ​វា​មិន​បាន​បង្អាក់​ឬក៏​ទប់ស្កាត់​សកម្មភាព​ក្រុម​អ៊ីស្លាម​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​វាយលុក​ចូល​ក្រុងកូបា​នីនៃប្រទេស​ស៊ីរី ហើយ​បាន​កាន់កាប់​ទីស្នាក់ការ​ធំ​ក្នុង​ក្រុង​នេះ​ថែម​ទៀត​។ ដូច្នេះ វា​គូសបញ្ជាក់​យ៉ាងច្បាស់​ថា ក្រុម​អ៊ីស្លាម​នេះ ពិតជា​មិន​រា​ថយ​ឬក៏​ចុះ​ញ៉ម​ឡើយ ទៅនឹង​ការប្រើ​ធម៌​ក្ដៅ​របស់​អន្ដរជាតិ​ជាពិសេស​គឺ​អាមេរិក​ដែល​ជា​មេដឹកនាំ​។


​ការកាន់កាប់​ក្រុងកូបា​នី ដែល​ជា​ក្រុង​នៅ​ជាយ​ប្រទេស​ស៊ី​រី​ជាប់​ប្រទេស​ទួរគី គឺជា​សមិទ្ធផល​ថ្មី​មួយទៀត បន្ទាប់ពី​វាយ​ដណ្ដើម​បាន​ពី​ប្រជាជន​ភាគតិច​ស៊ី​រី គឺ​ក្រុមឃឺ​ដដែល​រស់នៅ​ក្នុង​ក្រុង​មួយ​នេះ​។ ម្យ៉ាងវិញទៀត ក្រុង​នេះ​ក៏​ជា​ទីតាំង​ល្អ​សម្រាប់​ពួកគេ​ដែរ ដើម្បី​បង្រួបបង្រួម​តំបន់​ដែល​វាយ​បាន​ក្នុង​ប្រទេស​ស៊ី​រី និង​ប្រទេស​អ៊ីរ៉ាក់​។ សម្រាប់​ទួរគី​ដែល​ជា​ប្រទេស​ជិតខាង ក៏​កំពុងតែ​ព្រួយបារម្ភ ព្រោះថា​បើ​សិន​ជា​ក្រុម​បះបោរ​ក្នុងប្រទេស​ទួរគី មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អ៊ីស្លាម​នេះ​ទៀត ច្បាស់​ថា​ក្រុម​អ៊ីស្លាម​ISIS​គឺជា​បង្អែក​សម្រាប់​ពួកគេ​ងើប​បះបោរ​ក្នុង​ប្រទេស​ទួរគី​ដែល​ជាប់​នឹង​ប្រទេស​ស៊ី​រី​បន្ដទៀត ។


​ជោគជ័យ​ទទួលបាន​ផ្ទួនៗ​គ្នា​ក្រោយ​ពី​កាន់កាប់​បាន​តំបន់​មួយ​ភាគ​ក្នុងប្រទេស​ស៊ី​រី និង​ប្រទេស​អ៊ីរ៉ាក់ បាន​បង្ក​ការភ័យខ្លាច​កាន់តែខ្លាំង ហើយ​បើសិនជា​ក្រុម​អ៊ីស្លាម​ISIS​បាន​ទទួល​ជោគជ័យ​លើ​គោលដៅ​បង្កើត​រដ្ឋ​ឯករាជ្យ​របស់​ខ្លួន ពួកគេ​ប្រៀបដូចជា​ខ្លា​ដុះស្លាប មិន​ងាយ​បង្ក្រាប​ឡើយ​។


​ជាមួយ​ការព្រួយបារម្ភ​បែបនេះ នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ មេបញ្ជាការ​កងទ័ព​២១​ប្រទេស​ផ្សេង​គ្នា នឹង​ជួប​ពិភាក្សា​រក​យុទ្ធសាស្ដ្រ​បន្ដ​ការប្រយុទ្ធ​ជាមួយ​ក្រុម​អ៊ីស្លាម​ISIS​បន្ដទៀត​។ កិច្ច​ជំនួប​កំពូល​នេះ ធ្វើឡើង​នៅ​សហរដ្ឋអាមេរិក ក្រោម​របៀបវារៈ​ស្ដីពី​ការពង្រឹង ការហ្វឹកហាត់​បន្ថែម រួម​ទាំង​ការផ្គត់ផ្គង់​ផ្នែក​សព្វាវុធ​ដល់​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​ស៊ី​រី និង​ប្រទេស​អ៊ីរ៉ាក់ ដែល​ជា​កងទ័ព​ដ្ឋា​ភិបាល​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ មូលហេតុ​គឺ​មានតែ​ក្រុម​នេះ​ទេ ជា​ជំនួយ​ផ្នែក​កងទ័ព​ថ្មើរជើង អាច​ប្រយុទ្ធ​ជាមួយ​ក្រុម​អ៊ីស្លាម​ISIS​បាន​។ បន្ថែម​លើ​នេះ កិច្ច​ជំនួប​កំពូល​ខាងលើ នឹង​និយាយ​ពី​ការស្វែងរក​ការសហការ​បន្ថែម ខាង​ផ្នែក​ជើង​អាកាស​ផងដែរ​។


​គួរ​បញ្ជាក់​បន្ដិច​ថា មន្ដ្រី​យោធា​បាន​អះអាង​កាលពីដើម​សប្ដាហ៍​នេះ​ថា បាន​ចុះ​ធ្វើ​ប្រតិ​បត្ដិកា​រវាយ​ប្រហារតា​ម​ជើង​អាកាស ប្រមាណ​ជិត​៥​ពាន់​លើក​មក​ហើយ មាន​ទាំង​ការទម្លាក់​គ្រាប់ ការ​វាយឆ្មក់ ការវាយលុក​ទីតាំង​ប្រេង និង​ការហោះហើរ​ឃ្លាំង​មើល​ទីតាំង​ធំៗ​របស់​ក្រុម​អ៊ីស្លាម​ISIS​ជាដើម​។ ប៉ុន្ដែ​សកម្មភាព​នេះ នៅតែ​មិន​អាច​ធ្វើ​អ្វី​ក្រុម​អ៊ីស្លាម​បាន​។​


​ដូច្នេះ តើ​ការជួប​គ្នា​របស់​មេ​បញ្ជាកា​រ​កងទ័ព​កំពូលៗ​នេះ អាច​រកឃើញ​យុទ្ធសាស្ដ្រ​សង្គ្រាម​ថ្មី ទប់ទល់​ក្រុម​អ៊ី​ស្លាម​ដែរ​ឬទេ​? តើ​ក្រុម​សកម្មប្រយុទ្ធ​មក​ពី​រដ្ឋ​អ៊ីស្លាម​នឹង​វាយ​ចូល​ទីតាំង​ណា​បន្ដទៀត​? តើ​អន្ដរជាតិ​អាច​ទប់ស្កាត់​សកម្មភាព​របស់​គេ​បាន​ដែរឬទេ​?​(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត