Samsung​​កំពុង​​ប្រញាប់​​​​​បញ្ចេញ​​​Galaxy ​​Note​4​​​ ពេល​​​Iphone​ ​6plus​​​​​​​​រង​​​ការ​​រិះ​គន់​​​​

02-10-2014 3:22 pm 2675

ជា​រៀងរាល់ឆ្នាំ ស្ថិត​ក្នុង​ត្រីមាស​ទី​៤ ដែល​ត្រីមាស​ចុងបញ្ចប់​នៃ​ឆ្នាំ គឺជា​ពេលវេលា​ដ៏​ក្ដៅគគុក​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ទូទាំង​ពិភពលោក ប្រញាប់​បញ្ចេញ​ផលិតផល​កំពូល​របស់​ខ្លួន​។ ជាក់ស្ដែង​ក្រុមហ៊ុន Apple ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទ​ដ៏​ល្បីល្បាញ​របស់​អាមេរិក​បាន បញ្ចេញ​លក់ iPhone 6/ 6 Plus កាលពី​ពាក់កណ្តាល​ខែ​កញ្ញា​កន្លង​ទៅនេះ​។ ប៉ុន្តែ​សម្រាប់​ការបញ្ចេញ​ផលិតផល​កំពូល​របស់​ខ្លួន​នេះ បាន​ទទួល​ការពេញនិយម និង​រិះគន់​ពី​សំណាក់​អតិថិជន ពិសេស​ចំពោះ Iphone 6 plus បាន​រង​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​គុណភាព​នៃ ភាពរឹងមាំ​របស់​វា​។​

 

​ក្នុង​កាលៈទេសៈ​បែបនេះ ដោយ​មិន​បង្អង់​យូរ​ឡើយ ក្រុមហ៊ុន​ល្បីឈ្មោះ​មួយទៀត​ដែល​កំពុងតែ​មាន​ទីផ្សារ​ប្រកួតប្រជែង​ផង​ដែរ​នោះ Samsung បានប្រកាស​នឹង​បញ្ចេញ​ស្មា​ត​ហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន​គឺ Sumsung Galaxy Note 4​។​

 

​បើ​តាម​ការបញ្ជាក់​ពី​ប្រធាន​ផ្នែក​ទីផ្សារ​របស់ Samsung ឲ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េ​ខាងត្បូង​នេះ​បាន​កំណត់​ថ្ងៃ​ទី ១០ តុលា​ខាង​មុខ ជា​ពេលវេលា​បញ្ចេញ​លក់ Galaxy Note 4 ជា​ផ្លូវការ​នៅក្នុង​ប្រទេស​អង់គ្លេស ខណៈ​ពេល​នេះ​ហាង​លក់​បន្ត​ធំៗ​កំពុង​ទទួល​ការ​កុម្ម៉ង់​ទិញ​ពី​អតិថិជន​យ៉ាង​ច្រើន​ផង​ដែរ​។​

 

​រាល់​ដង Samsung តែង​ទទួល​ការរិះគន់​ចំពោះ​ការបញ្ចេញ​លក់ Smartphone របស់​ខ្លួន​យឺត​ក្រោយ​ពេល​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​។ តែ​ការបញ្ជាក់​កាលបរិច្ឆេទ​លក់​នៅ​ថ្ងៃ​ទី ១០ តុលា​ខាង​មុខ​នេះ​បាន​បង្ហាញ​ឲ្យ​គ្រប់គ្នា​ដឹង​ច្បាស់​ថា Samsung បាន​ពន្លឿន​ការបញ្ចេញលក់​លឿនជាង​រាល់​ឆ្នាំ ហើយ​នេះ​ប្រហែល​អាច​មក​ពី​មូលហេតុ​ពីរ​ទី ១​គឺ​មកពី​ការលក់ Galaxy S5 របស់​ខ្លួន​មិន​សូវ​បាន​កាក់កប​ដូច​ការរំពឹង​ទុក និង​មួយទៀត​គឺ​ចេញ​ឲ្យ​លឿន​ដើម្បី​ប្រជែង​នឹង iPhone 6/ 6 Plus របស់ Apple ក៏ដូចជា​បញ្ចេញ​ឲ្យបាន​មុន​ក្រុមហ៊ុនល្បីៗ​ដទៃ​ទៀត​បញ្ចេញ Smartphone កំពូល​ពួកគេ​ផងដែរ​។​

 

​គួរបញ្ជាក់​ថា កាលពីដើម​ខែ​សីហា​កន្ល​ង​ទៅនេះ ក្រុមហ៊ុន Samsung Electronics Co., Ltd នៅ ទីក្រុង ប៊ែក​ឡាំង ប្រទេស អាល្លឺម៉ង់ បានបង្ហាញ​សមាជិក​ថ្មី​នៃ​ត្រកូល Galaxy Note គឺ Galaxy Note 4 និង Galaxy Note Edge​។​

 

​លោក JK Shin នាយក​ប្រតិបត្តិ និង​ប្រធាន​ផ្នែក​ព័ត៌មាន​វិជ្ជា និង​ទំនាក់ទំនង​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន Samsung Electronics បានបញ្ជាក់​ថា ត្រកូល Galaxy Note បាន​អភិវឌ្ឍ​ទៅ​រក​ភាព​ច្នៃប្រឌិត​ថ្មី​កាន់តែ​ទំនើប​នៅ​ក្នុង​ពិភព​បច្ចេកវិទ្យា ជាមួយនឹង ទំហំ​អេក្រង់​ដ៏​ធំ និង​បច្ចេកវិជ្ជា​នៃ S Pen បង្កើតឡើង​នូវ​ស្តង់ដា​ថ្មី​មួយ​របស់​ទូរស័ព្ទ​។ ការបង្ហាញ Galaxy Note 4 នេះ​ដើម្បី​ផ្តល់​របៀប​កត់ត្រា​ថ្មី​ជា​លក្ខណៈ​ឌីជីថល ដោយ​ដាក់បញ្ចូល​គ្នា​នៃ​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត ។​

 

Galaxy Note 4​ មាន​សមត្ថភាព​ដូច​ជា​៖​អេក្រង់​ធំ 5.7 អ៊ី​ញ  អាច​ដំណើរការ​កម្មវិធី​បាន​ច្រើន​ក្នុងពេល​តែមួយ ,​ទំហំ​កាមេរ៉ា 16 មេហ្គា​ភិ​ច​សែ​ល ,​កាមេរ៉ា​មុខ 3.7 មេហ្គា​ភិ​ច​សែ​ល មានភ្ជាប់​ប្រព័ន្ធ​កាត់​ផ្តាច់​​សម្លេង​​​រំខាន​ពី​ខាងក្រៅ​ក្នុងពេល​សន្ទនា និង​ការបំពាក់​នូវ​ប្រព័ន្ធ​សុ​វត្ថ​ភាព​ស្កេន​ក្រយៅដៃ​ជា​ដើម​។​ ​ចំណែក​ប៊ិច S Pen និង S Note គឺ​ផ្តល់​ភាពងាយស្រួល ក្នុង​ការកត់ត្រា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត រាល់​ការងារ​របស់​អ្នក​ពិតជា​លឿន និង​ងាយស្រួល​បំផុត​។ តែ​យ៉ាងណាក៏ដោយ គេ​នៅ​រង់ចាំ​មើល​ថា តើ​គុណសម្បត្តិ​របស់​Galaxy Note 4 អាច​ផ្តល់​នូវ​ការពេញនិយម​កម្រិតណា ប្រើ​ប្រៀប​ធៀប​នឹង Iphone 6/ 6 plus? ដូច្នេះ​មាន​តែ​រង់ចាំ​អ៊ុត​មើល​ទាំងអស់គ្នា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត