អាមេរិក​​​និង​​ក្រុម​​អ៊ីស្លាម​​​ជី​ហាដ​​​កំពុង​​ស្ថិត​​ក្នុង​​​ភ្លើង​កំហឹង​​​កាន់​តែខ្លាំង​​

13-09-2014 6:16 pm 2534

ក្នុង​ពេល​ថ្មីៗ​នេះ ក្រុម​អ៊ីស្លាម​ជី​ហាដ​បានបង្ហាញ​អានុភាព​យ៉ាង​ខ្លាំងក្លា ទាំង​នៅក្នុង​ប្រទេស​ស៊ី​រី និង​ប្រទេស​អ៊ីរ៉ាក់​ដែល​មាន​ព្រំដែន​ជាប់​គ្នា​។ ពួកគេ​បាន​ចាប់ផ្ដើម​ងើប​បះបោរ​ឡើងវិញ ដើម្បី​ចង់​បង្កើត​រដ្ឋ​ឯករាជ្យ​របស់​ខ្លួន មាន​ប្រជាជន​មាន​សាសនា សម្រាប់​ខ្លួនឯង​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អ្នកណាម្នាក់ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​មិន​ចង់​រស់នៅ​ក្នុង​របៀប​លាក់​ខ្លួន​ឬ​ក៏​ជា​ក្រុម​ឧទ្ទាម​នោះទេ​។


​បើ​តាម​ពិត​ទៅ ផ្នែក​មួយ​នៃ​ការ​ងើប​ឡើង​វិញ​របស់​ក្រុម​អ៊ីស្លាម​ជី​ហាដ​នេះ បណ្ដាលមកពី​ជម្លោះ​ផ្ទៃក្នុង​របស់​ប្រទេស​ស៊ី​រី និង​ប្រទេស​អ៊ីរ៉ាក់​។ នៅក្នុង​ប្រទេស​ស៊ី​រី​ក្រុម​ប្រជាជន​ភាគច្រើន​ជា​អ្នក​គោរព​និកាយ​ស៊ុន​នី​ត​បាន​នាំគ្នា​បះបោរ​ប្រឆាំង​លោក បា​ស្ហា អាល់​អាសាដ ដែល​ជឿ​លើ​និកាយ​ស្ហ៊ី​អ៊ីត​។ ដោយ​ក្រុម​ឧទ្ទាម​ស៊ី​រី​គឺ​ពួក​ជី​ហាដ​ក៏​ប្រឆាំង​ជាមួយ​លោក អា​សាដ ហើយ​ពួក​នេះ​ក៏​គោរព​លើ​និកាយ​ស៊ុន​នី​ត​ដូច​ប្រជាជន​ស៊ី​រី​ដែរនោះ ដូច្នេះ​ក្រុម​ប្រជាជន​ក៏​ចូល​ដៃ​ជាមួយ​ក្រុម​ជី​ហាដ​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី ហើយ​វាយលុក​កាន់កាប់​បាន​ទីតាំង​មួយ​ភាគ​ធំ ធ្វើជា​ទីតាំង​ធំ​របស់​ខ្លួន​។​


​ដោយឡែក​ក្នុង​ប្រទេស​អ៊ីរ៉ាក់​វិញ ក៏​មាន​ជម្លោះ​ផ្ទៃក្នុង​កើតឡើង​ដែរ គឺ​ដោយសារ​កន្លងមក​លោក​នួរី អាល់​ម៉ាលី​គី​នាយករដ្ឋមន្ដ្រី​អ៊ីរ៉ាក់ មាន​ជម្លោះ​ផ្ទៃក្នុង ក្នុង​ជួរ​រដ្ឋាភិបាល​ធ្វើឱ្យ​ខ្វែងគំនិត​គ្នា​ក្នុង​សហគមន៍​​របស់​ខ្លួន​។ លោក​ក៏​ជឿ​លើ​និកាយ​ស្ហ៊ី​អ៊ីត​ដែរ ខុស​ពី​ក្រុម​ជី​ហាដ ដូច្នេះ​ភាគី​ទាំង​ពីរ​តែងតែ​ប្រកាន់​បក្សពួក រើសអើង​គ្នា​ទៅវិញទៅមក​។ ជាការ​ឆ្លៀតឱកាស ស្របពេល​ដែល​អ៊ីរ៉ាក់​កំពុង​មាន​ទំនាស់​ផ្ទៃក្នុង​មិន​បាន​ត្រៀម​ខ្លួន ក្រុម​ជី​ហាដ​ក៏​វាយឆ្មក់​ចូល​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​។

 

សួរ​ថា​មាន​អ្វី​ទាក់ទង​គ្នា​ពី​ការបះបោរ​ក្នុងប្រទេស​ស៊ី​រី និង​ប្រទេស​អ៊ីរ៉ាក់​? សូមបញ្ជាក់​ថា ក្រុម​ជី​ហាដ​ក្នុងប្រទេស​ស៊ី​រី​និង​ប្រទេស​អ៊ីរ៉ាក់​ជា​បក្សពួក​តែមួយ​។ ពួកនេះ​ចង់បាន​ទឹក​ដី​ក្នុង​ប្រទេស​ស៊ី​រី​មួយផ្នែក និង​ប្រទេស​អ៊ីរ៉ាក់​មួយផ្នែក បង្រួម​គ្នា​បង្កើត​ជា​រដ្ឋ​អ៊ីស្លាម​ឯករាជ្យ​របស់​ខ្លួន​។ ហេតុនេះហើយ​បានជា​ពួកគេ​ខំ​ស្វះស្វែង​ពង្រីក​ការឈ្លានពាន ដើម្បី​ចង់​សម្រេច​គោលដៅ​បង្កើត​រដ្ឋ​អ៊ីស្លាម​ឱ្យ​កាន់តែ​ធំ​ជាង​មុន​។​


​តែ​ការ​វាយ​ទន្ទ្រាន​យក​ទឹកដី​នេះ មិន​បាន​ប្រព្រឹត្ដទៅ​ដោយ​រលូន​ទេ ព្រោះ​មាន​អាមេរិក​ជា​ឆ្អឹង​ទទឹង​ក​របស់​ពួកគេ​។ ចាប់តាំងពី​ក្រុម​អ៊ីស្លាម​ជី​ហាដ​ធ្វើ​សកម្មភាព​វាយ​ចូល​តំបន់​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ អា​មេរិក៏​ចាប់ផ្ដើម​ជួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ វាយ​បង្ក្រាប​សកម្មភាព​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​នេះ ដោយ​ធ្វើឱ្យ​កងទ័ព​របស់​ពួកគេ​ជាច្រើន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​


​ដោយឡែក​សម្រាប់​ក្រុម​អ៊ីស្លាម​ជី​ហាដ​វិញ នៅតែ​បន្ដ​សកម្មភាព​ដោយ​បាន​ចាប់ខ្លួន​និង​បណ្ដេញ​ប្រជាជន​ម្ចាស់​ស្រុក​នៅ​ភាគ​ខាងជើង​ប្រទេស​រាប់សិប​នាក់ ចេញ​តំបន់​ដែល​ពួកគេ​រស់នៅ​។ មិនតែ​ប៉ុណ្ណោះ​​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន ត្រូវបាន​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ថែម​ទៀត​។


​សកម្មភាព​កាត់ទោស​និង​សម្លាប់​ដែល​ធ្វើឱ្យ​ល្បី​រន្ទឺ​ពេញ​ពិភពលោក និង​ធ្វើឱ្យ​អាមេរិក​មិន​អាច​ទប់​កំហឹង​បាន​នោះ គឺ​ការ​ដែល​ពួកគេ​បាន​បង្ហាញ​វីដេអូ​កាត់​ក​អ្នកកា​សែក​អាមេរិក​ម្នាក់​ឈ្មោះ James Foley កាលពី​ថ្ងៃ​ទី​១៩​សីហា​។ គ្រាន់តែ​បង្ហាញ​វីដេអូ​ខ្លី​នេះ​ភ្លាម ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាពិសេស​គឺ​អាមេរិក​តែម្ដង ដោយ​មិន​នឹកស្មានថា ក្រុម​អ៊ីស្លាម​ជី​ហាដ​អាច​ធ្វើ​សកម្មភាព​សាហាវ​ឃោឃៅ​នេះបាន​។

 

អាមេរិក​បាន​ប្រតិកម្ម​យ៉ាងខ្លាំង និង​បាន​ប្ដេជ្ញា​ថា​នឹង​មិន​លើកលែង​ឱ្យ​ក្រុម​អ៊ីស្លាម​ជី​ហាដ​ជាដាច់ខាត​។ រីឯ​ក្រុម​អ៊ីស្លាម​ជី​ហាដ​វិញ បានបញ្ជាក់​ថា​ការសម្លាប់​អ្នកកាសែត​ខាងលើ គឺជា​ការ​គំរាម​មួយ​ដល់​លោក​អូ​បា​ម៉ា ដែល​តែងតែ​ជ្រៀតជ្រែក​កិច្ចការ​របស់​គេ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​។ ដូច្នេះ​បើ​អាមេរិក​មិន​បញ្ឈប់​សកម្មភាព​ទេ អ្នកកាសែត​អាមេរិក​ដែល​ពួកគេ​ចាប់ខ្លួន​បាន​នឹង​ស្លាប់​បន្ដទៀត​។


​ហេតុការណ៍​កើតឡើង​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង គឺ​នៅ​ថ្ងៃទី​០២​ខែកញ្ញា​នេះ ក្រុម​អ៊ីស្លាម​ជី​ហាដ​ក៏​បាន​បង្ហោះ​វីដេអូ​កាត់​ក​អ្នកកាសែត​ទី​ពីរ​គឺ​លោក Steven Sotloff បន្ដទៀត​។ រូបភាព​នេះ បាន​ធ្វើឱ្យ​អាមេរិក​ខឹង​កាន់តែខ្លាំង ហើយ​នៅ​ទីបំផុត​លោក​បា​រ៉ាក់​អូបា​ម៉ា ក៏​ប្រកាស​ថា​នឹង​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ក្រុម​អ៊ីស្លាម​ដែល​កំពុងតែ​រីក​រាលដាល​យ៉ាង​រហ័ស​នេះ​។​


​ជារួម​ទៅ​សកម្មភាព​ទាំងអស់​នេះ បាន​បញ្ឆេះ​ភ្លើងកំហឹង​អាមេរិក​ឱ្យ​ឆេះ​កាន់តែខ្លាំង និង​បាន​ប្រកាស​ជា​គូសត្រូវ​នឹង​ក្រុម​អ៊ីស្លាម​ជី​ហាដ​ថែមទៀត​។ ក្រុម​អ៊ីស្លាម​ជី​ហាដ​ចោទ​អាមេរិក​ថា​បាន​បង្អាក់​សកម្មភាព​បង្កើត​រដ្ឋ​របស់​គេ រីឯ​អាមេរិក​វិញ​បាន​ចោទ​ទៅ​វិញ​ថា ក្រុម​អ៊ីស្លាម​ជី​ហាដ​កំពុង​ប្រព្រឹត្ដិ​អំពើ​មនុស្សឃាត សម្លាប់​មនុស្ស​ដូច​សម្លាប់សត្វ នេះ​ជា​ទង្វើ​មួយ​រំលោភ​សិទ្ធិមនុស្ស​អន្ដរជាតិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។


​ដូច្នេះ ភាគី​ទាំងពី​នេះ​មិន​ទំនង​ជា​បញ្ចប់សង្គ្រាម​ជាមួយគ្នា​ដោយ​ងាយៗ​ឡើយ បើ​អាមេរិក​ប្រកាស​ថា​នឹង​បន្ដ​បើក​ការវាយប្រហារ​កាន់តែ​ធំ​ជាង​មុន ខណៈ​ដែល​អន្ដរជាតិ​ក៏​គាំទ្រ​សកម្មភាព​អាមេរិក​។ រីឯ​ក្រុម​អ៊ីស្លាម​ជី​ហាដ ក៏​ប្រកាស​ដូច​គ្នា​ពី​គោលដៅ​ចង់​បង្កើត​រដ្ឋ​ឯករាជ្យ ដោយ​បាន​បញ្ជាក់ថា ពួកគេ​មិន​បោះបង់​ដោយ​ងាយៗ​ទេ​។

 

ដូច្នេះ តើ​អាមេរិក​និង​ក្រុម​អ៊ីស្លាម​ជី​ហាដ​នេះ អាច​បញ្ចប់​សង្គ្រាម​នឹង​គ្នា​បាន​ឬទេ​? បើ​បាន​តើ​ភាគី​ណាមួយ​ជា​អ្នកឈ្នះ​? បើ​មិន​បាន​ទេ តើ​នឹង​មាន​វិធីសាស្ដ្រ​អ្វី​ដើម្បី​ដោះស្រាយ​?​(​ដោយ​៖​ពេញ ផេង​)

 


ព័ត៌មានផ្សេងទៀត