មន្រ្តី​ស្រុកខ្មែរ​​​ភាគច្រើន​​​​ចូលចិត្ត​​​ធ្វើការ​​​តាម​​អនុសាសន៍​​​​រឺ​​​​ការព្រមាន​​របស់​​នាយករដ្ឋមន្រ្តី

ដោយ៖ យ៉ាន់​ លីណា​ 18-08-2014 5:42 pm 3259

បញ្ហាដីធ្លី​​ដែល​​តែងតែ​​កើតឡើង ​មិនឈប់​​មិនឈរ​ បានធ្វើអោយ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្តីបន្ទោស​​មន្ត្រី​ថ្នាក់​​ក្រោមថា បណ្តែតបណ្តោយ ​មិនដោះស្រាយ​​បញ្ហា​ ដីធ្លី​របស់​​ប្រជាពលរដ្ឋ​។ការស្តី​បន្ទោស​នេះ​ បានធ្វើឡើង​​នៅក្នុងពិធី ផ្សព្វផ្សាយ យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​សន្តិសុខ​​ស្បៀង និង អាហារូបត្ថម្ភ ២០១៤ -២០១៨ ដែលប្រព្រឹត្ត ធ្វើនាវិមាន​សន្តិភាព នៅថ្ងៃចន្ទនេះ។

 

មិនមែន​ជារឿងថ្មីទេ​ដែលលោក​នាយករដ្ឋមន្រ្តី​ព្រមាន​មន្រ្តីក្រោមឳវាទ ប៉ុន្តែរឿង​​ដែល​គួរ​ពិចារណានោះ ទាល់តែ​មានការ​ព្រមាន​ ទើបមន្រ្តីទាំងនោះ កម្រើកសរសៃ ខ្វែងដៃខ្វែងជើង ចេញមុខ​ដោះស្រាយ បង្ហាញថ្វីដៃ។ បរិបទនេះ​សឹងក្លាយ​ជាទម្លាប់ សម្រាប់​ប្រទេស​កម្ពុជា មន្រ្តីភាគច្រើន​មិនធ្វើការតាមតួនាទី រឺតាមច្បាប់នោះទេ បែជាធ្វើការ​តាមអនុសាសន៍ រឺធ្វើការ​ព្រោះការព្រមាន។ ដល់យូរ​​ទៅបញ្ហា​ដីធ្លីលំនៅដ្ឋាន ទំនាស់រវាង​ថៅកែ​រោងចក្រ និងកម្មករ បញ្ហាចំណាកស្រុក ជនអន្តោរប្រវេសន៍​​ជាដើម កើតឡើងស្ទើរ​ពេញផ្ទៃប្រទេស តែមន្រ្តី​រឺអាជ្ញារធរ​ពាក់ពន្ធ័​​ មិនដែលខ្វល់ខ្វាយ​នោះទេ ទាល់តែលោក​នាយករដ្ឋមន្រ្តី​ព្រមាន ទើបដោះស្រាយ។ ជាក់ស្តែងកាលពីមុន គ្មាននរណាយកចិត្តទុកដាក់ នឹងសារទាក់ទងនឹងគ្រោះថ្នាក់ ចរាចរណ៍ រឺគ្រឿងញៀននោះទេ ទាល់តែនាយករដ្ឋមន្រ្តី លើកឡើង​ទើបមាន​ស្ថាប័នរដ្ឋ មួយចំនួនចាប់អារម្មណ៍ និង នាំគ្នាធ្វើចេញមុខចេញមាត់។

 

ជាការពិតណាស់​ បើសិនជាចង់បន្ទោស ​ដល់នាយករដ្ឋមន្រ្តី​ ដែលជាថ្នាក់​ដឹកនាំប្រទេស ត្រូវស្តីបន្ទោសដល់មន្រ្តី ដែលស្ថិត​​នៅលើ​ការងារនោះជាមុនសិន។ បញ្ហាកើតឡើងម្តងៗ តើមន្រ្តីទាំងនោះ ដែល អើពើ​ដោះស្រាយទេ? តើដែល​យកញត្តិ​ប្រជាពលរដ្ឋ​ទៅពិភាក្សា​ហើយ​ដោះស្រាយទេ? ជាទូទៅច្រើន​តែនិយាយថា បណ្តោយតាមចិត្តចុះ។

 

 

យ៉ាងណាក៏​ដោយ​គណបក្សប្រជាជន នៅអាណត្តិទី៥នេះ ក្រោយការបោះឆ្នោត ដែលធ្លាក់​សំឡេងច្រើនគួរសម បានប្តេជ្ញាធ្វើកំណែទម្រង់ស៊ីជម្រៅ។ តបតាមការសន្យានេះ រយៈពេល​ជាងមួយឆ្នាំ ក្រសួង​មួយចំនួន និង មន្រ្តីមួយចំនួន ពិតជាបានខំប្រឹង​ កែលម្អនូវភាពអសកម្ម​ នាពេលកន្លងមក គួរអោយកោតសរសើរមែន ប៉ុន្តែក្នុងនោះក៏នៅមានមន្រ្តី មួយចំនួននៅតែ ស្ពឹកស្រពន់ និងព្រងើយ​កន្តើយ​ដដែល។ ចំណុចនេះដល់ពេល ដែលរដ្ឋាភិបាល គួរពិចារណា ដកមន្រ្តីដែលមិនបានការ ដើម្បីអាចធ្វើតាមការសន្យា កំណែទម្រង់ស៊ីជម្រៅ បើមិនដូច្នោះទេ ​គណបក្សមួយនេះ នឹងបន្តបាត់​សំឡេង​តទៅទៀត

ព័ត៌មានផ្សេងទៀត