ប្រជាពលរដ្ឋ​​សាទរ​​ការ​បើក​​ទី​លាន​​ប្រជា​ធិប​តេយ្យ​​​ឡើង​​វិញ​

06-08-2014 3:54 pm 1416
ទិដ្ឋភាពដោះលែងទីលានប្រជាធិបតេយ្យ

សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​បើក​ទីលាន​ប្រជាធិបតេយ្យ​វិញ កាលពី​ថ្ងៃ​ទី​០៥ ខែ​សីហា បន្ទាប់​ពី បិទ​អស់​រយះពេល​កន្លះ​ឆ្នាំ​។ ទន្ទឹម​នឹង​ការ បើក​ទីលាន​ប្រជាធិបតេយ្យ​ទាំងស្រុង​នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា នេះ មាន​ប្រជាពលរដ្ឋ​ភាគច្រើន​សាទរ​យ៉ាង​ខ្លាំង ពី​ការដោះលែង​ទីលាន​ប្រជាធិតេយ្យឱ្យ​មាន​ស៊េរីភាព​ឡើងវិញ​។ ចង់ដឹងថា តើ​ប្រជាពលរដ្ឋ​សម្ដែង​អារម្មណ៍​សប្បាយរីករាយ​យ៉ាងណា​នោះ ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​រៀបចំ ដោយ លាង​ធីតា ដូចតទៅ​៖


​ទីលាន​ប្រជាធិបតេយ្យ ជា​កន្លែង បញ្ចេញមតិ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត​ទៅលើ​គោលការណ៍ ណាមួយ ។ កន្លងមក​ការបញ្ចេញមតិ នៅ​ទីលាន​ប្រជាធិបតេយ្យ បាន​បង្ក​ឲ្យមាន​ការប៉ះទង្កិច​គ្នា​ជា​ញឹកញាប់ ។ ដោយសារ​ឃើញ​ទិដ្ឋភាព​អសន្តិសុខ​បែបនេះ ទើប​សាលា​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ទីលាន​ប្រជាធិបតេយ្យ​មួយរយៈ​។

 

ក្រោយ​ពី​បិទ​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​រួច​ហើយ​នោះ នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​បើក​ទីលាន​ប្រជាធិបតេយ្យ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។
​សម្រាប់​ការបើក​ឲ្យ​ដំណើរការ​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ​នេះ មាន​ប្រជាពលរដ្ឋ ភាគច្រើន​សម្តែង​ការ​សាទរ​។

 

​លោកពូ​ធឿន សម្បុរ ស្រ​អែម ស្ថិតក្នុង​វ័យ​ជាង​៤០​ឆ្នាំ បាន​បញ្ចេញ​មតិ​ថា  ការបើក​ទីលាន​ប្រជាធិបតេយ្យ​នេះ ពិតជា​សប្បាយ​រីកចិត្ត​ក្នុងការ រដ្ឋាភិបាល​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ​មក​វិញ​។ ព្រោះ​កន្លងមក​ទីលាន​ប្រជាធិបតេយ្យ​បិទ គឺ​ប្រៀប​ដូច​បិទ​សិទ្ធ​សេរីភាព​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹងនេះ​លោក​ពូ​ធឿន ក៏​បាន​អំពាវនាវ ដល់​រដ្ឋាភិបាល នូវ​ពាក្យពេជន៍​មួយចំនួន​ផង​ដែរ​។​


​សម្លេង៖


​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ យុវជន​មាស មិថុនា បាន​បញ្ជាក់​ក្នុង​ទឹកមុខ​ញញឹម​ថា ក្នុងនាម​មិថុនា​ផ្ទាល់ សាទរ​ចំពោះ​ការបើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ​។ យុវជន​រូប​នេះ ក៏​បាន​សំណូមពរ ដល់​រដ្ឋាភិបាល​ថា ទៅ​ថ្ងៃ​ខាង​មុខ​សូម​យក​ប្រជាពលរដ្ឋ​ជាធំ​។​

 

សម្លេង៖

 

ដោយឡែក លោក​អ៊ុំ សំអន បានបញ្ជាក់​ថា ការបើក​ទីលាន សប្បាយរីករាយ​យ៉ាង​ក្រៃលែង ព្រោះ​កន្លងមក​មាន​អារម្មណ៍​ថា ពិបាកចិត្ត​ខ្លាំងណាស់ ដែល​រដ្ឋាភិបាល​បិទ​ទីលាន ប្រជាធិបតេយ្យ​នេះ ។​


សម្លេង៖


​លោក​យឹម គន្ធា បានបញ្ជាក់​ស្រដៀង​គ្នា ថា ការបើក​ទីលាន​មកវិញ សប្បាយរីករាយ ព្រោះ​មាន​កន្លែង​សម្ដែង​បញ្ចេញមតិ និង​បញ្ចេញយោបល់ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រង​ការរំលោភបំពាន​សិទ្ធិ និង​ទទួល​ភាពអយុត្តិធម៌​ផ្សេងៗ​។

 

សម្លេង៖

 

ជា​កត់សម្គាល់ ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​អាជ្ញាធរ​បិទ​បណ្តោះអាសន្ន​តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០១៤​គឺ​ស្មើនឹង​ជាង​កន្លះ​ឆ្នាំ បន្ទាប់ពី​មាន​អំពើហិង្សា​កើតឡើង​នៅ​ផ្លូវវេង​ស្រេង បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​​ជា​ច្រើន​​នាក់​ អំឡុង​ពេល​​ធ្វើ​​បាតុកម្ម​​ទាមទារ​​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​។ ការបិទ​នេះ​ត្រូវបាន​អាជ្ញាធរ​បកស្រាយ​ថា ដើម្បី​បើ​ការស៊ើបអង្កេត​ករណី​ហិង្សា​នៅ​ផ្លូវវេង​ស្រេង ពីព្រោះ​មាន​មនុស្ស​មួយចំនួន​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​សួន​កាណាឌីយ៉ា​នៅ​ផ្លូវវេង​ស្រេង ។

 

គួរ​បញ្ជាក់​ឡើងវិញ​ថា ការប្រកាស​បើក​ទីលាន​ប្រជាធិបតេយ្យ​នេះ ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ខណៈ​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ចូលធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង កាលពី​ថ្ងៃ​ទី​០៥​ខែ​សីហា ដើម្បី​ទទួលបាន​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​ពេញលេញ​។ ការបើក​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​សាលា​រាជធានី​បានសម្រេច​បើក​ឲ្យ​ដំណើរការ​ទាំង​ស្រុង​នៅ​ថ្ងៃទី​០៦ សីហា​នេះ​៕ (​ដោយ​៖​លាង ធីតា )

 
 


ព័ត៌មានផ្សេងទៀត