ប្រជាពលរដ្ឋ​ថា​យុត្តិធម៌​លើ​សំណុំរឿង​០០២​ពិតជា​មាន​ប៉ុន្តែ​ហាក់ដូចជា​យូរពេក​ហើយ​

31-07-2014 5:47 pm 1578

​របប​ប្រល័យ​ពូជសាសន៍ ដែល​បាន​ដឹកនាំ​ដោយ​ពួក​ពល ពត ខ្មែរក្រហម​បាន​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​មាន​កា​រ​ឈឺចាប់​យ៉ាងខ្លាំង ដោយ​ការឈឺចាប់​ទាំងនោះ​បាន​បន្សល់ទុក​នៅ​ស្នាមដំបៅ​ដិតដាម​ជាប់​ក្នុង​ចិត្ត មិនអាច​បំភ្លេច​បាន​។ ការឈឺចាប់​មិនអាច​បំភ្លេច​បាន​នេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដង្ហើយ​ចង់បាន​យុត្តិធ​ម៌ និង​ទាមទារ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​តាមច្បាប់ ដោយ​មិន​អាច​លើកលែង​បាន​។​តើ​ប្រជាពលរដ្ឋ​ទាំងនោះ ទាមទារ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ ដូចម្ដេចខ្លះ​?​ជា​បន្ដ​សូម​លោក​អ្នកនាង​ស្ដាប់​បទ​យកការណ៍​នេះ​ដែល​រៀបចំឡើង​ដោយ​៖​រំដួល ចិ​ត្រា ដូចតទៅ​៖


​បើទោះបីជា​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ដឹកនាំ​ដោយ​ពល ពត បាន​រលត់​ទៅ​អស់​រយៈពេល​៣៥​ឆ្នាំ​ក៍ដោយ ក៍​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា នៅតែ​ចងចាំ​មិន​ភ្លេច​ចំពោះ​របប ដ៍​សាហាវឃោឃៅ​មួយនេះ​។​ការឈឺចាប់​មិនអាច​បំភ្លេចបាន ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ រហូតមកដល់​ពេលនេះ នៅតែ​ចង់​បាន​យុត្តិធម៌ និង​ទាមទារ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​តាម​ច្បាប់ ដោយ​មិន​អាច​លើកលែង​បាន ប៉ុន្តែ​ពេលខ្លះ​ប្រជាពលរដ្ឋ​ទាំងនោះ ហាក់ដូចជា អស់សង្ឃឹម​មិនតិច​ទៀត​ពីព្រោះ​ការបើក​សវនាការ របស់​សាលាក្តី​ខ្មែរក្រហម​ហាក់ដូចជា​យូរពេក​។​យូរ​រហូត​ពេលខ្លះ ពួក​គាត់​គិតថា មិន​អាច​ទទួលបាន​យុត្តិធម៌​។​


​ជា​និសិត្ស​នៃ​សាកលវិទ្យាល័យ​បៀល​ប្រា​យ យុវជន​អឿន មុន្នី​រ័ត្ន បាន​និយាយថា ប្អូនប្រុស​សង្ឃឹមថា សាលាក្ដី​ខ្មែរក្រហម​នឹង​អាច​ផ្ដល់​នូវ​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​១០០​ភាគរយ នូវ​អំពើ​ដែល​មេដឹកនាំ​ខ្មែរក្រហម​បាន​ប្រព្រឹត្តិ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​។​យុវជន​អឿន មុន្នី​រ័ត្ន បាន​បន្ដថា ប្អូន​មិន​ចង់​ទាមទារ​អ្វី​ពី​អតីត​មេដឹកនាំ​ខ្មែរក្រហម​នោះ​ទេ ប៉ុន្ដែ​ប្អូន​គ្រាន់តែ​ចង់​ពួកគាត់​ទទួលស្គាល់​ការពិត និង​សុំ​ទោស​ប្រជាជន​ខ្មែរ​ជា​សាធារណៈ​។​បើ​នៅ​តែ​អូសបន្លាយ ពេលវេលា​ទៀត ជនរងគ្រោះ​អាច​នឹង​គ្មាន​ឪ​កាស​ទទួលបាន​យុត្តិម​ធ៌​។​


​សម្លេង​យុវជន​អឿន មុន្នី​រ័ត្ន​៖


​ដោយឡែក​លោក​តា​សុំ សល់ មាន​អាយុប្រមាណ​ជាង​៧០​ឆ្នាំ បាន​មានប្រសាសន៍ថា លោកតា​គ្រាន់តែ​ចង់​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​លោក​នួន ជា និង​លោក​ខៀវ សំផន សារភាព​ទទួល​រាល់​ទោសកំហុស ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នា​សម័យ​ពល ពត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ស្ងប់ចិត្ត​តែប៉ុណ្ណោះ​។​


សម្លេង​លោកតា​សុំ សល់​៖


​ជា​អ្នក​មក​ពី ខេត្ត​កំពង់ឆ្នាំង​អ្នក​មីង រី ធិន​មានប្រសាសន៍ថា យុត្តិធម៌​គឺ​នឹង​មាន​សម្រាប់​ប្រជាជន​ខ្មែរ​ទាំងអស់​ហើយ​អ្នក​មីង​ចង់​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​រក​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​និង​ក្រុមគ្រួសារ​អ្នក​មីង​ឲ្យបាន​ឆាប់ៗ​នៅពេល​ខាងមុខ ។​


​សម្លេង​អ្នក​មីង​រី ធី​ន​៖


​សូមបញ្ជាក់​ថា របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម បានសម្លាប់​ប្រជាជន​ខ្មែរ​ប្រមាណ​ជា​២​លាន​នាក់ ហើយ​អ្នក​រស់រានមានជីវិត​ពួកគេ​ម្នាក់​រង​ការប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ ដោយ​ការឈឺចាប់​ទាំងនោះ បាន​បន្សល់ទុក​នៅ​ស្នាមដំបៅ​ដិតដាម​ក្នុង​ចិត្ត មិនអាច​បំភ្លេច​បាន​។​


​សំណុំរឿង​០០២ វគ្គ​ពីរ គឺជា​ការជំនុំជម្រះ​ក្តី​ដំណាក់កាល​ទី​២ ដែល​បំបែក​ចេញមក​ពី​ដីការ ដំណោះស្រាយ​ក្នុង​សំណុំរឿង​០០២​។ អង្គជំនុំជម្រះ​សាលាដំបូង​បានសម្រេច​បំបែក​បទ​ចោទ​នៅក្នុង​សំណុំរឿង​០០២ ឲ្យទៅ​ជា​ការជំនុំជម្រះ​ក្តី​ពីរ ឬ​ច្រើន ជាមួយ​ការជំនុំជម្រះ​ក្តី​ដំណាក់កាល​ទី​១ ដែល​បាន​ផ្តល់​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​ការជំនុំជម្រះ​ក្តី​បន្តប​ន្ទា​ប់​ហើយ នឹង​ចេញ​សាលក្រម​លើ​បទ​ចោទ​ដែល​ពាក់ព័ន្ធ​តាម​ដំណាក់កាល​នីមួយៗ​។​


​គួរបញ្ជាក់​ថា បទ​ចោទ​នៅ​ក្នុង​សំណុំរឿង​០០២​វគ្គ​២​រួម​មាន​បទឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍ ចំពោះ​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម ដោយ​រាប់​បញ្ជូ​លទាំង​អំពើ​មនុស្សឃាត ការសម្លាប់​រង្គាល ការធ្វើ​ឲ្យទៅ​ជា​ទាសករ ការ​និរទេស ការ​ដាក់​ក្នុង​មន្ទីរឃុំឃាំង ការធ្វើ​ទារុណកម្ម ការធ្វើ​ទុក​បុក​ម្នេញ​ដោយ​មូលហេតុ​នយោបាយ មូលហេតុ​សាសនា មូលហេតុ​ពូជសាសន៍ និង​សកម្មភាព​អមនុស្សធម៌​ផ្សេងទៀត​ដូចជា ការ​រៀបការ​ដោយ​បង្ខំ និង​បទ​រំលោភ​សេពសន្ថវៈ ការ​បាត់​ខ្លួន​ដោយ​បង្ខំ និង​ការ​រំលោក​បំពាន​លើ​សន្និសញ្ញា​ទីក្រុ​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩​ជាដើម​៕(ដោយ៖រំដួល ចិត្រា)

ព័ត៌មានផ្សេងទៀត